លោកសក់ សេដ្ឋា ចែកអំណោយជូនពលរដ្ឋ រងគ្រោះដោយទឹកជំនន់២០០គ្រូសារ នៅឃុំបវេល

លោកសក់ សេដ្ឋា  ចែកអំណោយជូនពលរដ្ឋ រងគ្រោះដោយទឹកជំនន់២០០គ្រូសារ នៅឃុំបវេល

ខេត្តបាត់ដំបង៖លោកសក់ សេដ្ឋា រដ្ឋលេខាធិការប្រចាំការ ក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកបវេល ខេត្តបាត់ដំបង តំណាង សម្ដេច ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ នៅថ្ងៃសៅរ៍ ទី២៤ ខែតុលា ឆ្នាំ២០២០នេះ បានអញ្ជើញនាំយកអំណោយដែលផ្ដល់ជូនដោយបងប្អូនសមាគមខ្មែរ- ចិន ប្រចាំរដ្ឋវ៉ាស៊ីនតោន សហរដ្ឋអាមេរិក ចែកជូនពលរដ្ឋរងគ្រោះដោយជំនន់ទឹកភ្លៀងចំនួន២០០គ្រូសារ នៅឃុំបវេល ស្រុកបវេល ខេត្តបាត់ដំបង។  អំណោយដែលបានផ្តល់ជូនពលរដ្ឋ រងគ្រោះដោយជំនន់ទឹកភ្លៀងគឺ ក្នុងមួយគ្រួសារៗ ទទួលបានអង្ករ ១បាវ ទឹកស៊ីអ៉ីវ ១យួរ ទឹកត្រី ១យួរ មី ១កេះ ត្រីខកំប៉ុង ១យួរ និងថវិការ២ម៉ឺនរៀល។

ក្នុងឱកាសនោះលោក សក់ សេដ្ឋា បានមានប្រសាសន៍ ជម្រាបជូនពលរដ្ឋ រងគ្រោះ នូវសេចក្ដីផ្ដាំផ្ញើសួរសុខទុក្ខ និងការតាមដានប្រកបដោយការយកចិត្តទុកដាក់ខ្ពស់របស់សម្ដេចក្រឡាហោម និងលោកជំទាវ ចំពោះស្ថានភាពរស់នៅប្រចាំថ្ងៃរបស់បងប្អូន ទាំងនៅក្នុងគ្រាប្រឈមនឹងជំនន់ទឹកភ្លៀង និងក៏បន្ទាប់ពីទឹកជំនន់បានស្រកចុះទៅវិញ។

លោកក៏បាននាំនូវសេចក្ដីអំពាវនាវរបស់សម្ដេចស ខេង និងលោកជំទាវ សូមឱ្យបងប្អូនប្រជាពលរដ្ឋ រងគ្រោះ ទាំងអស់បន្តប្រកាន់គោលការណ៍អនាម័យ និងស្ដាប់តាមការណែនាំរបស់អាជ្ញាធរ ដើម្បីចៀសផុតពីគ្រោះថ្នាក់ ព្រមទាំងផលប៉ះពាលនានា ជាពិសេសនៅបន្ទាប់ពីការស្រកចុះនូវជំនន់ទឹកភ្លៀង និងសូមបងប្អូនខិតខំបង្កបង្កើន ផលឡើងវិញ ដើម្បីផ្គត់ផ្គង់ជីវភាពប្រចាំថ្ងៃ និងសម្រាប់ការលក់ដូរបង្កើនចំណូលក្នុងគ្រួសារផងដែត៕SRP