លោកឡាំ ជា រដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ ជាប្រធានក្រុមការងារថ្នាក់ជាតិ ចុះជួយស្រុកគាស់ក្រឡ និងលោក ប៊ុន ហុន រដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ នឹងជាប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជា ចុះជួយស្រុកគាស់ក្រឡ នៅថ្ងៃទី២៣ ខែតុលាម្សិលមិញ ក្នុងនាមតំណាង សម្ដេច ស ខេង អនុប្រធានគណបក្សប្រជាជនកម្ពុជា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងារថ្នាក់ជាតិ ចុះជួយខេត្តបាត់ដំបង បាននាំយកអំណោយចែកជូនប្រជាពលរដ្ឋរងគ្រោះដោយជំនន់ទឹកភ្លៀង ជាង ៣០០គ្រួសារ ស្ថិតក្នុងស្រុកគាស់ក្រឡ ខេត្តបាត់ដំបង។
លោកប៊ុន ហុន បានមានប្រសាសន៍នាឱកាសនោះថា អនុវត្តតាមការណែនាំដ៏ខ្ពង់ខ្ពស់ពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេច ស ខេង ការផ្តល់ជូនអំណោយទាំងនេះដល់ប្រជាពលរដ្ឋ កើតឡើងដោយសារទឹកចិត្តអាណិតស្រលាញ់ក្នុងនាមជាប្រជាជាតិខ្មែរ ដោយមិនប្រកាន់ឋានៈ បក្ខពួក ឬនិន្នាការនយោបាយអ្វីទាំងអស់។
លោកក៏បានអំពាវនាវប្រជាពលរដ្ឋប្រញាប់ប្រញាល់នាំគ្នាដាំបន្លែបង្ការសម្រាប់ហូបចុកខ្លួនឯង ឬលក់ដូរដើម្បីបានប្រាក់ខ្លះផ្គត់ផ្គង់ជីវភាពប្រចាំថ្ងៃ។
លោក ឡាំ ជា ក៏បានណែនាំដល់ប្រជាពលរដ្ឋសូមបន្តប្រុងប្រយ័ត្នចំពោះបញ្ហាគ្រោះទឹកជំនន់ ដែលកំពុងកើតមាននៅក្នុងស្រុក រួមទាំងបណ្ដាស្រុកមួយចំនួនទៀត ក្នុងខេត្តបាត់ដំបង និងត្រូវស្ដាប់តាមការណែនាំរបស់អាជ្ញាធរ ចំពោះវិធានការផ្សេងៗ កុំឲ្យកើតមានគ្រោះថ្នាក់ជាយថាហេតុ។
ក្រុមការងារក៏បានចុះពិនិត្យការសាងសង់ទីស្នាក់ការកណ្ដាលសម្រាប់ស្នាក់នៅរបស់ក្រុមការងារចុះជួយស្រុកគាស់ក្រឡ រួមទាំងចុះពិនិត្យស្ថានភាពទឹកដែលបានផ្ទុកក្នុងស្រះទំហំប្រមាណ ៣ហិកតា ជាអំណោយរបស់សម្ដេច ស ខេង ផ្ដល់ជូនពលរដ្ឋនៅស្រុកគាស់ក្រឡ ទុកប្រើប្រាស់ប្រចាំថ្ងៃ ផងដែរ៕SRP