លោកស្រី ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត ចែកអំណោយជូនពលរដ្ឋ រងគ្រោះដោយជំនន់ ជាង៧០០គ្រួសារ នៅស្រុកសង្កែ

ខេត្តបាត់ដំបង៖លោកស្រី ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត អនុប្រធានក្រុមប្រឹក្សាភិបាលសមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ(TYDA) នៅព្រឹកថ្ងៃទី២៣ ខែតុលានេះ បាននាំយកអំណោយរបស់លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក ចែកជូនដល់ប្រជាពលរដ្ឋរងគ្រោះដោយសារទឹកជំនន់ ចំនួន៧៨៧ គ្រួសារ នៅក្នុងស្រុកសង្កែ ខេត្តបាត់ដំបង។

ឆ្លៀងក្នុងឱកាសនោះដែរ លោកស្រី ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត បានថ្លែងអំណរគុណ ដល់កងកម្លាំងប្រដាប់អាវុធនិងអាជ្ញាធរគ្រប់លំដាប់ថ្នាក់ ដែលបានចូលរួមយ៉ាងសកម្ម ក្នុងការជួយជម្លៀស ប្រជាពលរដ្ឋមកកាន់ទីទួលសុវត្ថិភាព និងសំណូមពរឲ្យប្រជាពលរដ្ឋ អនុវត្តនូវអនាម័យ ឲ្យបានខ្ជាប់ខ្ជួន ជាពិសេសការពារការ ឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩ ផងដែរ៕SRP