ខេត្តកំពង់ចាម៖លោក អ៊ុន ចាន់ដា អភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយខេត្ត នៅសៀលថ្ងៃទី២២ ខែតុលា ម្សិលមិញ បានដឹកនាំមន្ត្រីជំនាញពាក់ព័ន្ធ និងអាជ្ញាធរមូលដ្ឋាន ចុះពិនិត្យស្ថានភាពជំនន់ទឹកភ្លៀង នៅផ្លូវជាតិលេខ៧ ស្ថិតក្នុងភូមិអំពិលលើ ឃុំអំពិល ស្រុកកំពង់សៀម ដែលកំពុងទទួលរងការហូរច្រោះ និងជន់លិច ប្រវែង៥០០ម៉ែត្រ។
ក្នុងឱកាសនៃការចុះពិនិត្យលោកអភិបាលខេត្ត ក៏បានណែនាំដល់មន្ត្រីឲ្យពន្លឿនក្នុងការរកវិធីសាស្ត្រ ធ្វើការស្តារប្រព័ន្ធលូរំដោះទឹកឡើងវិញ ដើម្បីបង្ហូរទឹកឲ្យអស់ កុំឲ្យមានការជន់លិចដល់លំនៅដ្ឋានពលរដ្ឋ និងសម្រួលចរាចរណ៍ ដែលកកស្ទះនៅលើកំណាត់ផ្លូវជាតិលេខ៧។
អភិបាលខេត្ត ក៏បានបន្តចុះត្រួតពិនិត្យសកម្មភាពរបស់មន្ត្រីជំនាញ និងអាជ្ញាធរមូលដ្ឋាន ដែលអនុវត្តនូវវិធានការ កាយបើកផ្លូវទឹក ដើម្បីរំដោះទឹកមិនឲ្យជន់លិចលំនៅដ្ឋានរបស់ពលរដ្ឋ និងផ្លូវគមនាគមន៍ នៅភូមិសាស្ត្រសង្កាត់បឹងកុក ក្រុងកំពង់ចាមផងដែរ។
គួរបញ្ជាក់ថា៖ បន្ទាប់ពីចុះពិនិត្យកាលពីថ្ងៃទី២១ ខែតុលា ឆ្នាំ២០២០ នៅរាត្រីថ្ងៃដដែល អភិបាលខេត្ត បានចាត់វិធានការឲ្យមន្ត្រីជំនាញនាំយកគ្រឿងចក្រ ចុះកាយបើកមុខទឹក ដើម្បីរំដោះទឹកចេញពីលើដងផ្លូវដែលកំពុងជន់លិចនៅភូមិបឹងកុក២ សង្កាត់បឹងកុក ក្រុងកំពង់ចាមផងដែរ៕SRP