អភិបាលខេត្តកំពង់ធំ នាំយកអំណោយ ចែកជូនពលរដ្ឋ២០០គ្រួសារ ដែលរងគ្រោះ ដោយទឹកជំនន់ ស្រុកប្រាសាទបល្ល័ង្ក

ខេត្តកំពង់ធំ៖ពលរដ្ឋ២០០គ្រួសារដែលរងគ្រោះដោយសារទឹកជំនន់ ស្រុកប្រាសាទបល្ល័ង្ក បានទទួលអំណោយ ពីលោកសុខ លូ អភិបាលខេត្តកំពង់ធំនិងលោក ឃឹងនុភាព តំណាងរាស្ត្រខេត្តកំពង់ធំ ដោយមានការចូលរួមពីអភិបាលរងខេត្ត អភិបាលស្រុក ក្រុមប្រឹក្សាខេត្ត និងមន្ទីរពាក់ព័ន្ធ នានាផងដែរ។

ដោយមានការយកចិត្តទុកដាក់និងអាណិតអាសូរបងប្អូនប្រជាពលរដ្ន ពីសំណាក់រាជរដ្នាភិបាលនិងថ្នាក់ដឹកនាំខេត្ត ទោះបីភូមិត្រពាំងព្រីងនៅដាច់ស្រយាលពិបាកក្នុងការធ្វើដំណើរឆ្លងកាត់ទឹកហូរផ្ដាច់ផ្លូវ ផ្តាច់ស្ពាន ថ្នល់ ក៏មិនអាចរារាំងសកម្មភាពមនុស្សធម៌ ដោយមានការដឹកនាំ ពីលោកសុខ លូ អភិបាលខេត្តកំពង់ធំ បានឡើយ ក្នុងសកម្មភាពនេះចាំបាច់តម្រូវអោយសកម្មភាពមនុស្សធម៌ប្រើប្រាស់គ្រប់មធ្យោបាយ លើកលីអំណោយដើរឆ្លងកាត់ទឹកហូរជាច្រើនកន្លែង ប្រើប្រាស់ គោយន្ត កាណូត និងកម្លាំងថ្មើរជើង រួមចិត្ត រួមកម្លាំងពីបងប្អូនប្រជាពលរដ្ឋទើបអាចយកអំណោយមនុស្សធម៌ជូនដល់ពលរដ្នដែលរងគ្រោះបានទៅដល់គោលដៅប្រកបដោយជោគជ័យ។
លោកសុខ លូ បានកោតសរសើរដល់កម្លាំងសមត្ថកិច្ចទាំង៣ប្រភេទនិងកម្លាំងសហប្រតិបត្តិការទាំងអស់ដែលបានសាមគ្គីគ្នាបានល្អក្នុងការជួយសង្រ្គោះនិងជួយដឹកជញ្ចូនអំណោយចែកជូនពលរដ្នរងគ្រោះដោយសារទឹកជំនន់បានដោយជោគជ័យ និងទាន់ពេលវេលា។
លោកក៏បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ ឲ្យថែរក្សាសុខភាពអនាម័យ ដេកក្នុងមុង ហូបស្អាតផឹកស្អាត និងការពារពីសុវត្ថិភាពពីពួកសត្វអាសេរពិស ជាពិសេសការពារអាយុជីវិតក្មេងៗនិងមនុស្សចាស់ ចៀសវាងមានគ្រោះថ្នាក់ដោយសារទឹកជំនន់។
លោកក៏បានពាំនាំនូវការផ្តាំផ្ញើរសួរសុខទុក្ខបងប្អូនប្រជាពរដ្ឋពីសំណាក់សម្ដេចជោហ៊ុនសែន ដែលបានគិតគូរចំពោះសុខទុក្ខ របស់បងប្អូនប្រជាពលរដ្ឋ ខណៈ ពេលដែលទទួលរងគ្រោះដោយសារទឹកជំនន់ រួមទាំងបានចាត់ក្រុមការងារថ្នាក់ខេត្ត ក្រសួង និងស្ថាប័នពាក់ព័ន្ធ រួមទាំងសាខាកាកបាទក្រហម ចុះជួយប្រជាពលរដ្ឋឲ្យបានទាន់ពេលវេលានៅតាមមូលដ្ឋាន ដោយមិនទុកឱ្យបងប្អូនប្រជាពរដ្ឋណារងគ្រោះអត់អាហារដោយមិនបានដឹងឮពីអាជ្ញាធរនោះឡើយ៕SRP