សម្ដេចតេជោ៖ រថយន្តចំនួន២៩០គ្រឿង ដែលពេលទិញត្រូវបានគេវាយប្រហារនោះ តែពេលនេះ កំពុងតែបម្រើសកម្មភាពដ៏សំខាន់ ក្នុងការអន្តរាគន៍ ជួយដល់ពលរដ្ឋ រងគ្រោះទឹកជំនន់

0

ក្នុងឱកាសអញ្ជើញសួរសុខទុក្ខ និងចែកអំណោយជូនប្រជាពលរដ្ឋរងគ្រោះដោយទឹកជំនន់ នៅខេត្តបន្ទាយមានជ័យ (គោលដៅទីមួយ ចំនួន៥០០០គ្រួសារ) នាព្រឹកមិញ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានបញ្ជាក់ថាពេលនេះ រថយន្ត ចំនួន២៩០គ្រឿង ដែលពេលទិញត្រូវបានគេវាយប្រហារនោះ តែពេលនេះកំពុងតែបម្រើសកម្មភាពដ៏សំខាន់ក្នុងការអន្តរាគន៍ជួយដល់បងប្អូនប្រជាពលរដ្ឋដែលរងគ្រោះទឹកជំនន់នេះ ដែលវាមិនដូចអ្វីដែលគេបានលើកឡើងថា ទិញដើម្បីធ្វើសង្គ្រាម ឬដើម្បីសម្លាប់ប្រជាជននោះទេ។

សម្តេចតេជោ សូមអោយអាជ្ញាធរទាំងអស់ បង្កើនការយកចិត្តទុកដាក់ជួយដល់ប្រជាពលរដ្ឋ ជាពិសេសត្រូវបន្តដើរល្បាតមើលបងប្អូនប្រជាពលរដ្ឋតាមខ្នងផ្ទះ ក្រែងលោមានបងប្អូនប្រជាពលរដ្ឋនៅជាប់តាផ្ទះឬ នៅលើដើមឈើជាដើម ត្រូវពិនិត្យការពារសុវត្តិភាពការពារផ្ទះរបស់គាត់ ក្រែងមានចោរចូលលួចរបស់របរគាត់ជាដើម។

សូមបញ្ជាក់ថាអំណោយជូនប្រជាពលរដ្ឋ១ម៉ឺនគ្រួសារ(ទីតាំងទីមួយ ៥ពាន់គ្រួសារ និងគោលដៅទីពីរ៥ពាន់គ្រួសារ) នៅខេត្តបន្ទាយមានជ័យ ខណៈដែលថ្ងៃទី២២ ខែតុលា នឹងបន្តចែកអំណោយដល់ប្រជាពលរដ្ឋ១ម៉ឺនគ្រួសារទៀត។ ពិធីចែកអំណោយរបស់សម្ដេចតេជោ ហ៊ុន សែន ត្រូវធ្វើឡើងពីរគោលដៅថ្ងៃទី២១ ខែតុលា ឆ្នាំ២០២០ គឺគោលដៅទី១ ស្ថិតនៅបរិវេណចំណុចទីទួលសុវត្ថិភាព (ផ្លូវជាតិលេខ៥-ផ្លូវវៀង) ភូមិបត់ត្រង់ ឃុំបត់ត្រង់ ស្រុកមង្គលបូរី ក្នុងមួយគ្រួសារៗទទួលបាន៖ អង្ករ២៥គីឡូ, មី១កេស, ទឹកត្រី១យួ, ទឹកស៊ីអ៊ីវ១យួ, ទឹកបរិសុទ្ធ១កេះធំ, ឃីត១ (មុង១ ភួយ១ ខ្នើយ១ កន្ទេល១) និងថវិកា ៥ម៉ឺនរៀល៕SRP