ខេត្តសៀមរាប៖លោកគុជ លីណា អនុប្រធានគណៈកម្មាធិការសាខា កាកបាទក្រហមកម្ពុជា ខេត្តសៀមរាប នៅថ្ងៃទី២០ ខែ តុលា ម្សិលមិញ នឹងសហការី ជួបសំណេះសំណាលសួរសុខទុក្ខ និងនាំអំណោយមនុស្សធម៌ ជូនដល់ប្រជាពលរដ្ឋរងគ្រោះដោយជំនន់ទឹកភ្លៀងនៅស្រុកបន្ទាយស្រី ចំនួន៣០គ្រួសារ មកពីឃុំឃុនរាម ចំនួន ១៣គ្រួសារ និងឃុំខ្នារសណ្ដាយ ចំនួន ១៧គ្រួសារ ដែលពិធីជួបសំណេះសំណាលនេះធ្វើនៅវត្តបន្ទាយស្រី។
ក្នុងឱកាសនោះដែរ លោកគុណ លីណា បានពាំនាំនូវការផ្ដាំផ្ញើសាកសួរសុខទុក្ខពីសំណាក់សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា លោក ទៀ សីហា ប្រធានគណៈកម្មាធិការសាខា ដែលតែងតែយកចិត្តទុកដាក់គិតគួរខ្ពស់ចំពោះសុខទុក្ខប្រជាពលរដ្ឋយើងនៅមូលដ្ឋានជាពិសេសជនរងគ្រោះ និងជនងាយរងគ្រោះគ្រប់ប្រភេទ ដោយមិនប្រកាន់និន្នាការនយោបាយ ជាតិសាសន៍ សាសនា វណ្ណៈ ពណ៌សម្បុរអ្វីទាំងអស់ ពោលគឺ “ទីណាមានទុក្ខលំបាក ទីនោះមានកាកបាទក្រហមកម្ពុជា” “កាកបាទក្រហមកម្ពុជា មានគ្រប់ទីកន្លែង សម្រាប់គ្រប់ៗគ្នា”។
លោកបន្តថា សាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប សង្ឃឹមថាអំណោយមនុស្សធម៌ទាំងអស់នេះ ពិតជាអាចជួយសម្រួលការខ្វះខាតរបស់បងប្អូនបានមួយរយៈពេលដែលកំពុងរងគ្រោះនេះបាន បើទោះជាមិនច្រើនណាស់ណាក៏ដោយ។
លោកក៏បានផ្ដាំផ្ញើដល់បងប្អូនសូមយកចិត្តទុក្ខដាក់ពីសុខភាពអនាម័យ ត្រូវបរិភោគអាហារដែលឆ្អិនល្អ ពិសាទឹកដាំពុះ ដើម្បីជៀសវាងកុំឆ្លងជំងឺអាសន្នរោគផ្សេងៗ និងសូមប្រុងប្រយ័ត្នក្មេងតូចៗកុំឱ្យលេងទឹកជំនន់ ឬទឹកភ្លៀងឱ្យសោះ ព្រោះវាអាចបណ្ដាលឱ្យមានគ្រោះថ្នាក់ដោយប្រការណាមួយជាយថាហេតុ។
លោកបញ្ជាក់ថា បងប្អូនប្រជាពលរដ្ឋ កុំមានការភ័យព្រួយបារម្មណ៍ ពីព្រោះអាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ នៅចាំជួយបងប្អូនប្រជាពលរដ្ឋគ្រប់ពេល មិនឱ្យបងប្អូនប្រជាពលរដ្ឋណាម្នាក់ដាច់អាហារ គ្រោះថ្នាក់ដល់អាយុជីវិតនោះឡើយ។
លោកក៏បានក្រើនរម្លឹកដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ មិនត្រូវធ្វេសប្រហែសអំពីជំងឺកូវីដ-១៩ ដែលជាបញ្ហាប្រឈមរួមទូទាំងជាសកលលោកនាពេលនេះ ទោះបីចំនួនអ្នកឆ្លងនៅក្នុងប្រទេសយើងមានតិចក្តី តែយើងត្រូវបង្កើនការយកចិត្តទុកដាក់ខ្ពស់ និងត្រៀមទប់ស្កាត់គ្រប់ពេលវេលា ដោយត្រូវធ្វើអនាម័យសុខភាពឲ្យបានជាប្រចាំ ដើមី្បការពារអាយុជីវិតសម្រាប់ខ្លួនឯងផ្ទាល់ និងក្រុមគ្រួសារកុំឲ្យមានឆ្លងមេរោគកូវីដ-១៩ ក៏ដូចក្នុងសហគម សំខាន់ក្នុងការចូលរួមប្រយុទ្ធប្រឆាំងបង្កាទប់ស្កាត់ជាមួយរាជរដ្ឋាភិបាល និង អនុវត្តនូវវិធានការ និងសេចក្ដីណែនាំរបស់ក្រសួងសុខាភិបាលគឺ ត្រូវដុសលាងសម្អាតដៃជាប្រចាំដោយនិងទឹកសាប៊ូ អាល់កុល ឬជែល និង ពាក់ម៉ាស់ឲ្យបានត្រឹមត្រូវ។ ជាមួយគ្នានេះដែរត្រូវមានការប្រុងប្រយ័ត្នខ្ពស់ ចំពោះបញ្ហាជំងឺឆ្លងថ្មី គឺជំងឺគ្រុនឈីក និងជំងឺគ្រុនឈាម ដែលឆ្លងតាមរយៈមូសខ្លាញីខាំ ទោះជាកុមារតូចៗ ឬមនុស្សគ្រប់ពេញវ័យ ត្រូវការពារទាំងអស់ ដោយត្រូវធ្វើអនាម័យនៅជុំវិញលំនៅដ្ឋាន បំបាត់ទីជម្រក់មូសខ្លា ស្លៀកពាក់ខោអាវវែងៗ និងត្រូវសម្រានក្នុងមុង ទោះយប់ ឬថ្ងៃក៏ដោយ។
សូមបញ្ជាក់ថាអំណោយមនុស្សធម៌ដែលបានផ្ដល់ជូន១គ្រួសារទទួលបាន៖ មុង១ ភួយ១ សារុង១ ក្រមា១ អាវយឺត២ កន្ទេល១ សាប៊ូ២ដុំ អង្ករ៣០គីឡូក្រាម មី១កេស ត្រីខ១យួរ ទឹកស៊ីអ៊ី២ដប ទឹកត្រី២ដប និងថវិកា១សែនរៀល។ ជាមួយគ្នានេះដែរ ហាងនំប៉័ងផ្សារលើតាមរយៈអនុសាខាកាកបាទក្រហមកម្ពុជា ស្រុកបន្ទាយស្រី បានឧបត្ថម្ភបមន្ថែមក្នុង១គ្រួសារមាន៖ នំប៉័កាត់២ដើម និងទឹកដោះគោខាប់ ២កំប៉ុង៕SRP

