ខេត្តសៀមរាប៖ពលរដ្ឋ រស់នៅក្នុងឃុំរុនតាឯក ជាង៥០គ្រួសារបានទទួលអំណោយជាអង្ករនិងក្រមា ពីក្រុមហ៊ុនបុរីកុមារមាស ឯ.ក ដែលមានលក់ផ្ទះល្វែង និងដីឡូតិ៍ នៅស្រុកបន្ទាយស្រី។
ពិធីចែកអំណោយនេះធ្វើនៅនៅរសៀលថ្ងៃទី២០ខែតុលាឆ្នាំ២០២០នេះ នៅសាលាឃុំរុនតាឯក ស្រុកបន្ទាយស្រី ខេត្តសៀមរាប ដោយមានការចូលរួមពីអាជ្ញាធរស្រុក និងមូលដ្ឋានផងដែរ។
ក្នុងពិធីនេះ លោកថាប់ សារ៉ន ប្រធានក្រុមប្រឹក្សាស្រុកបន្ទាយស្រីបានថ្លែងអំណរគុណ ចំពោះក្រុមហ៊ុន បុរីកុមារមាស ឯ.ក ដែលមានចិត្តធម៌មនុស្សធម៌ ចែកអំណោយដល់ពលរដ្ឋដែលកំពុងជួបការខ្វះខាត បើទោះបីជាអំណោយនេះបន្តិចបន្តួចក្ដី តែក៏ជាការចូលរួមរំលែកនូវលំបាករបស់ពលរដ្ឋផងដែរ។
លោកយូ ធុល នាយកក្រុមហ៊ុនបុរីកុមារមាស ឯ.ក បានមានប្រសាសន៍ថា ដោយមើលឃើញការលំបាក របស់ប្រជាពលរដ្ឋ មានការខ្វះខាតនិងដើម្បីចូលរួមចំណែកក្នុងស្មារតីជួយដល់រដ្ឋរាជរដ្ឋាភិបាល ក្រុមហ៊ុនរបស់លោក បានយកអំណោយជាអង្ករនិងក្រមា ចែករំលែកដល់បងប្អូនប្រជាពលរដ្ឋ ដែលមានជីវភាពខ្វះខាត ដើម្បីសម្រាលទុក្ខលំបាកបានមួយគ្រាផងដែរ។
បើតាមការបញ្ជាក់របស់ក្រុមហ៊ុនបុរីកុមារមាស ឯ.ក ថា ប្រជាពលរដ្ឋដែលមានការខ្វះខាត បានមកទទួលអំណោយ ដោយមួយគ្រួសារទទួលបានអង្ករ៥គីឡូនិងក្រមាមួយ។ ជាមួយគ្នានេះ ក្រុមហ៊ុនថានឹងបន្តចែកដល់ពលរដ្ឋចំនួន២ឃុំទៀត នៅស្រុកបន្ទាយស្រី ដែលពួកគាត់មានជីវភាពខ្វះខាត៕SRP

