ខេត្តសៀមរាប៖លោកទៀ សីហា អភិបាលខេត្តនៅថ្ងៃទី១៩ ខែតុលា ម្សិលមិញ បានទទួលអំណោយពី
លោក ពៅ វណ្ណី តំណាង ក្រុមហ៊ុន នូវគ្រឿងឧបភោគបរិភោគ មានអង្ករ ១តោន ត្រីខ ៣០យួរ , មីជាតិ ៣០កេស , ទឹកត្រី ៣០យួរ , ទឹកស៊ីអ៉ីវ ៣០យួរ និង ថវិកាមួយចំនួនផងដែរ។
លោក ពៅ វណ្ណី តំណាងក្រុមហ៊ុនឆ្នោតមហាសំណាង បានបញ្ជាក់ថា ក្រោមការអំពាវនាវរបស់ប្រមុខរាជ រដ្ឋាភិបាលកម្ពុជា ក៏ដូចអាជ្ញាធរខេត្ត ក្នុងការចូលរួមឧបត្ថម្ភជាស្បៀងអាហារ សម្ភារក្នុងការជួយដល់ប្រជាពលរដ្ឋរង គ្រោះដោយជំនន់ទឹកភ្លៀង សំខាន់ប្រជាពលរដ្ឋដែលរស់នៅក្នុងខេត្តសៀមរាប ដែលមានស្រុកមួយចំនួនទទួលរងផលប៉ះពាល់ទឹកជន់លិចបានធ្វើឲ្យប៉ះពាល់ដល់ជីវភាពរស់នៅប្រចាំថ្ងៃប្រជាពលរដ្ឋ។
លោកទៀ សីហា ក៏បានធ្វើការថ្លែងអំណរគុណដល់ទឹកចិត្តដ៏សប្បុរសធម៌របស់ក្រុមហ៊ុនឆ្នោតមហាសំណាងកម្ពុជា ដែលបានផ្តល់អំណោយ ជាគ្រឿងឧបភោគបរិភោគដល់រដ្ឋបាលខេត្តសៀមរាប ក្នុងពេលដែលមានស្រុកមួយចំនួនបានទទួលរងផលប៉ះពាល់ដោយទឹកជំនន់ទឹកភ្លៀង។
លោកក៏បានជម្រាបជូន ដល់តំណាងក្រុមហ៊ុនផងដែរថា កាលពីថ្ងៃអាទិត្យទៅនេះ អាជ្ញាធរខេត្តបានចុះទៅដល់មូលដ្ឋានស្រុកមួយចំនួនដែល ទទួលរងគ្រោះធម្មជាតិដោយជំនន់ទឹកភ្លៀង បានធ្វើឲ្យប៉ះពាល់លំនៅដ្ឋាន និង ផលដំណាំប្រជាពលរដ្ឋយ៉ាងធ្ងន់ធ្ងរហើយមកដល់ថ្ងៃនេះ បើស្ថានភាពភ្លៀងនៅតែបន្តធ្លាក់មកទៀត ក៏នឹងធ្វើឲ្យកាន់តែប៉ះពាល់កាន់តែធ្ងន់ឡើង។
អភិបាលខេត្តបានបន្តថា ក្នុងនាមជាគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត បានដាក់នូវវិធានការមួយចំនួនដល់គណៈ បញ្ជាការឯកភាពរដ្ឋបាលស្រុក ដើមី្បត្រៀមបង្ក ក្នុងការសង្រ្គោះប្រជាពលរដ្ឋ និង សត្វពាហនៈរបស់បងប្អូនទៅកាន់ទីទួលសុវត្ថិភាព ព្រមទាំងឲ្យយកចិត្តទុកដាក់ខ្ពស់លើបញ្ហាសុខភាពបងប្អូន និង មិនទុកឲ្យបងប្អូនណាម្នាក់ស្លាប់ដោយអាជ្ញាធរមិនដឹងនោះឡើយ។
លោកក៏បានសំណូមពរដល់ក្រុមហ៊ុន បន្តនូវប្រពៃណីចែករំលែកនេះ ទៅតាមបណ្តាខេត្ត ក្រុង ស្រុកឯកទៀត ហើយអំណោយទាំងនេះលោកនឹងយកទៅចែកជូនដល់បងប្អូនប្រជាពល រដ្ឋរងគ្រោះ និង ងាយរងគ្រោះក្នុងពេលមានជំនន់ទឹកភ្លៀងនេះផងដែរ៕SRP

