ភ្នំពេញ៖នៅទីបំផុតកម្លាំងនគរបាលនៃមន្ទីរប្រឆាំងគ្រឿងញៀន បានបញ្ជូនមនុស្សទាំង១១នាក់ ករណីរំដោះអ្នកទោស ពាក់ព័ន្ធគ្រឿងញៀន នៅខេត្តសៀមរាប ទៅកាន់សាលាដំបូងរាជធានីភ្នំពេញ។ ការបញ្ជូននៅថ្ងៃសុក្រនេះ បន្ទាប់ពីការស្រាវជ្រាវ និងបង្ក្រាប ចាប់ខ្លួនជាបន្តបន្ទាប់កន្លងមកថ្មីៗនេះ។
សមត្ថកិច្ចបានឲ្យដឹងថា មេក្លោងឧក្រិដ្ឋជនជនជាតិចិនតៃវ៉ាន់ ដែលចាប់ខ្លួនបានត្រឡប់មកវិញឈ្មោះ CHEN HSIN HAN មុនពេលប្លន់រំដោះ ត្រូវបានតុលាការខេត្តសៀមរាប ផ្តន្ទាទោសដាក់ពន្ធនាគាររយៈពេលជាង៥០ឆ្នាំ ពីបទ«ជួញដូរគ្រឿងញៀន»។ ក្រុមឧក្រិដ្ឋជនទាំងអស់នេះ មានចម្រុះជាតិសាសន៍ ក្នុងនោះមាន ជនជាតិចិនតៃវ៉ាន់, ខ្មែរអាមេរិក និងតួកគី។
សមត្ថកិច្ចបន្តថា ក្រុមឧក្រិដ្ឋជនដែលមានអង្គការចាត់តាំងច្បាស់លាស់នេះ បានរៀបចំផែនការ ត្រៀមធ្វើសកម្មភាពរយៈពេល ២ខែមកហើយ ពោលរៀបចំផែនការតាំងពីនៅសហរដ្ឋអាមេរិកមកម្ល៉េះ ហើយពួកគេបានធ្វើដំណើរមកដល់ប្រទេសកម្ពុជា ដើម្បីពិនិត្យទីតាំងភូមិសាស្ដ្ររយៈពេលកន្លះខែ។
សូមរំលឹកថា នៅថ្ងៃ ទី១៧ ខែសីហា ឆ្នាំ២០២៣ មានឧក្រិដ្ឋជន៤នាក់ ជាអ្នកចូលធ្វើសកម្មភាពរំដោះ ដោយផ្ទាល់នៅគ្លីនិកធ្មេញ ក្នុងក្រុងសៀមរាប ពេលអនុរក្សពន្ធនាគារបញ្ជូនទៅព្យាបាលជំងឺធ្មេញ ដែលកន្លងទៅធ្លាប់ព្យាបាលនៅក្នុងពន្ធនាគារប៉ុន្ដែមិនធូរស្រាល។ ក្រៅពីឧក្រិដ្ឋជន៤នាក់ ដែលធ្វើសកម្មភាពផ្ទាល់ហើយនោះ ពួកគេនៅមានក្រុមជំនួយ២នាក់ទៀត ដើម្បីត្រៀមជួយអន្ដរាគមន៍ ក្នុងករណីមានការប៉ះទង្កិចគ្នាជាមួយកម្លាំងសមត្ថកិច្ច។
សេចក្ដីរាយការណ៍ បានឲ្យដឹងថា នៅថ្ងៃកើតហេតុ មន្ដ្រីពន្ធនាគារចំនួន៤នាក់ បានបញ្ជូនពិរុទ្ធជនជនជាតិចិនខាងលើ ទៅគ្លីនិចធ្មេញ លុះពេលកំពុងអង្គុយចាំពេទ្យធ្វើធ្មេញ ស្រាប់តែមានជនមិនស្គាល់មុខ មានពាក់ស្រោមមុខ ស្រោមដៃ និងប្រដាប់ដោយអាវុធដែលតកាណុង បានភ្ជង់ទៅកាន់មន្ដ្រីពន្ធនាគារ ហើយជនសង្ស័យបានចូលទៅរំដោះអ្នកទោសចេញទៅបាត់។ ពេលធ្វើសកម្មភាពនោះ ក្រុមខ្មាន់កាំភ្លើងបានយកខ្សែរូតចងរឹតដៃមន្ដ្រីពន្ធនាគារ ចំនួន៤នាក់ថែមទៀត។
ក្រោយរំដោះក្រុមខ្មាន់កាំភ្លើង បានឡើងជិះរថយន្ដមួយគ្រឿង ម៉ាក Lexus 330 ពណ៌ផ្សែងបារី ពាក់ផ្លាកលេខភ្នំពេញ2AA-4315 គេចខ្លួនបាត់ស្រមោល។ រំលងបានប៉ុន្មានម៉ោងក្រោយ រថយន្ដដែលជិះធ្វើសកម្មភាពនោះ ត្រូវបានគេប្រទះឃើញយកទៅផ្លុងចោល។ ក្នុងនោះសមត្ថកិច្ចជំនាញប្រទះឃើញ កាំភ្លើងខ្លីចំនួន៥ដើម និងសម្ភារមួយចំនួនទៀត៕