Skip to content
Siem Reap Post
  • ព័ត៌មានជាតិ
  • ព័ត៌មានអន្តរជាតិ
  • ទូរស័ព្ទ: 069382925/ 0886737999

ព័ត៌មានជាតិ

Avatar photo
សៀមរាប ប៉ុស្តិ៍
២២ ឧសភា ២០២៦

ប៉ូលិសក្រុងសៀមរាបចាប់បុរសម្នាក់ករណីលួចម៉ូតូ

ខេត្តសៀមរាប៖ជនសង្ស័យម្នាក់ត្រូវបានកម្លាំងនគរបាលក្រុងសៀមរាបចាប់ខ្លួនពាក់ព័ន្ធករណីលួចម៉ូតូ។

នគរបាលក្រុងសៀមរាបបានឲ្យដឹងថាដោយអនុវត្តតាមអនុសាសន៍ណែនាំរបស់ ឯកឧត្ដម នាយឧត្ដមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងមានការចង្អុលដឹកនាំពីលោក ឧត្តមសេនីយ៍ទោ ហួត សុធី ស្នងការខេត្តសៀមរាប លោក វរសេនីយ៍ឯក ដា ចំរើន អធិការនគរបាលក្រុងសៀមរាប បានឃាត់ខ្លួនជនសង្ស័យឈ្មោះអ៊ុល សុធារិទ្ធ ភេទប្រុស អាយុ៣១ឆ្នាំ មុខរបរមិនពិតប្រាកដ មានស្រុកកំណើតនៅភូមិទ្រាំង ឃុំស្លក្រាម ស្រុក.ខេត្តសៀមរាប ពាក់ព័ន្ធនឹងករណីអំពើលួច (លួចម៉ូតូ,ទូរស័ព្ទ) និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន។

នគរបាលក្រុងសៀមរាបបានបន្តថា នៅថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៦ វេលាម៉ោង៦ មានជនរងគ្រោះចំនួន៣នាក់ បានរាយការណ៍ប្រាប់សមត្ថកិច្ចថា នៅវេលាម៉ោង៤ និង៤០នាទី ថ្ងៃដដែល មានករណីអំពើលួច (ម៉ូតូ និងទូរស័ព្ទ)។ ក្រោយពីទទួលពាក្យបណ្ដឹង បានចុះទៅដល់កន្លែងកើតហេតុ និងធ្វើការស្រាវជ្រាវ រហូតកំណត់អត្តសញ្ញាណជនសង្ស័យបាន ទើបនៅវេលាម៉ោង៩ និង០០នាទី ថ្ងៃដដែល នៅចំណុចតាមបណ្ដោយផ្លូវ ភូមិខ្នារ សង្កាត់ជ្រាវ ក្រុងសៀមរាប សមត្ថកិច្ចបានធ្វើការឃាត់ខ្លួនជនសង្ស័យ (រួមទាំងវត្ថុតាងម៉ូតូចំនួន០១គ្រឿង,ទូរសព្ទចំនួន០១គ្រឿង) និងស្រាវជ្រាវរកឃើញម៉ូតូ១គ្រឿងទៀត និងយកមកធ្វើការសាកសួរបានឆ្លើយសារភាពថាខ្លួនពិតជាបានធ្វើសកម្មភាពលួចម៉ូតូ និងទូរសព្ទរបស់ជនរងគ្រោះទាំង៣នាក់ខាងលើពិតប្រាកដមែន ។

វត្ថុតាងដកហូតរួមមាន ម៉ូតូជនរងគ្រោះចំនួន០២គ្រឿង និងទូរសព្ទដៃចំនួន០១គ្រឿង របស់ជនរងគ្រោះ តួណឺវីសចំនួន១ដើម កូនសោម៉ូតូចំនួន១ កាបូបស្ពាយចំនួន១។

បច្ចុប្បន្នជនសង្ស័យត្រូវបានបញ្ជូនទៅកម្លាំងការិយាល័យជំនាញ ដើម្បីបន្តនីតិវិធី៕SRP

Like 196
Comment 0
Share ចែកចាយ
Views 29.9K
Avatar photo
សៀមរាប ប៉ុស្តិ៍
២២ ឧសភា ២០២៦

សម្ដេចធិបតីតែងតាំងលោក ឃីន រស្មី ជា
អភិបាលស្រុកត្បែងមានជ័យ

សម្ដេចធិបតីហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានចេញអនុក្រឹត្យតែងតាំង លោក ឃីន រស្មី ជាអភិបាលស្រុកត្បែងមានជ័យ នៃខេត្តព្រះវិហារ។ នេះបើតាមអនុក្រឹត្យចុះថ្ងៃទី 19 ខែឧសភា ឆ្នាំ 2026៕SRP

Like 198
Comment 0
Share ចែកចាយ
Views 5.7K
Avatar photo
សៀមរាប ប៉ុស្តិ៍
២២ ឧសភា ២០២៦

បង្កកទ្រព្យ​សសម្បត្តិអតីត​មេបញ្ជាការ​កងរាជ​អាវុធ​ហត្ថ​ក្រុង​បប៉ោយប៉ែត លោក​ នួន​ នីណារ៉ូ.ចំនួន​៩ទីតាំង​

យោងតាមប្រភពច្បាស់ការណ៍ពី​មន្ត្រីជាន់ខ្ពស់ទទួល​បន្ទុក​បង្ក្រាបបទល្មេីសឆបោក​តាម​អនឡាញ​ (online scam ) បានឲ្យដឹងថា​៖ ទ្រព្យសម្បត្តិ​របស់​លោក​ នួន​ នីណារ៉ូ​ អតីត​មេបញ្ជាការ​កងរាជ​អាវុធ​ហត្ថ​ក្រុង​ប៉ោយប៉ែត​ បច្ចុប្បន្ន​ជា​នាយរង​សេនាធិការ​កងរាជ​អាវុធ​ហត្ថ​ខេត្ត​បន្ទាយមានជ័យ​ ចំនួន​ ៩​ ទីតាំង​ ត្រូវ​បាន​តុលាការ​បង្កកព្រោះ​ពាក់ព័ន្ធ​បទល្មើស​ឆបោក​តាមអនឡាញ​ (online scam)។ ក្រៅពី​បង្កក​ទ្រព្យសម្បត្តិ​របស់​នួន​ នីណារ៉ូ​ ចំនួន​ ៩ទីតាំង​ តុលាការ​ក៏បានចេញ​ដីកា​បង្គាប់​ឲ្យ​នាំខ្លួន​ឈ្មោះ​ នួន​ នីណារ៉ូ​ផងដែរ​។ ពេល​នេះ​ នួន​ នីណារ៉ូ​ កំពុង​រត់​គេចខ្លួន​ពី​សំណាញ់​ច្បាប់​។ នេះបើតាមបណ្ដាញសារព័ត៌មានសង្គមហ្វេសប៊ុករបស់លោកផែង វណ្ណៈ បានផ្សព្វផ្សាយជាសាធារណៈនៅព្រឹកថ្ងៃទី ២២ ឧសភា ឆ្នាំ ២០២៦ នេះ។

សូមបញ្ជាក់​ថា​កន្លង​មក​ថ្មីៗ​នេះ​ កម្លាំង​អគ្គស្នងការ​ដ្ឋាន​នគរបាល​ជាតិ​ បានចុះបង្ក្រាប​បទល្មើស​ឆបោក​តាមអនឡាញ​ នៅក្រុង​ប៉ោយប៉ែត​ បានចុះដល់ទីតាំងមួយ​កន្លែង​ដែល​មាន​ជនបរទេស​ជាង​ ៦០០នាក់​ កំពុង​ប្រព្រឹត្តិ​បទល្មើស​ឆបោក​តាមអនឡាញ​ ដកហូត​វត្ថុតាងមួយចំនួន​ ដោយឡែក​ជនបរទេស​ជាង​ ៦០០នាក់​ ត្រូវបាន​បញ្ជូនចេញ​ទៅ​ប្រទេសដេីមវិញ​។ ទីតាំង​នោះ​ត្រូវ​បានគេដឹងថា​ជារបស់​លោក​ នួន​ នីណារ៉ូ​ នាយរងសេនាធិការ​ កងរាជ​អាវុធ​ហត្ថ​ខេត្ត​បន្ទាយមានជ័យ​។

នេះជា​សក្ខីភាព​មួយ​បញ្ជាក់​ច្បាស់​ថា​ រាជរដ្ឋាភិបាល​មិន​អត់ឱន​ មិនយោគយល់​ចំពោះ​ ម្ចាស់​ទីតាំង​ ឬ​ បុគ្គល​ណា​ដែល​បានដឹងហេីយ​ ឮហេីយ​ នៅតែ​បំពាន​ច្បាប់​នោះទេ​។ ដូច្នេះ​សូមម្ចាស់​អាគារ​ ម្ចាស់​ទីតាំង​ទាំងឡាយ​ មេត្តា​ចូលរួម​សហការ​ជាមួយ​សមត្ថកិច្ច​ ជាមួយ​រាជរដ្ឋាភិបាល​ ដេីម្បី​លុបបំបាត់​បទល្មើស​ឆបោក​តាមអនឡាញ​ (online scam) អោយអស់​ពី​ប្រទេស​យើង​។ ជាពិសេស​សូមឈប់​ជួល​ ឈប់​ផ្ដល់​ទីតាំង​អោយពួកឧក្រិដ្ឋជន​ឆបោក​តាមអនឡាញ​ (online scam)៕SRP

Like 197
Comment 0
Share ចែកចាយ
Views 17K
Sponsored
Sponsored
Avatar photo
សៀមរាប ប៉ុស្តិ៍
២១ ឧសភា ២០២៦

ក្រុមហ៊ុនស្តារអាងទឹកលេខ២ ក្រោយរងការរិះគន់ថា ឆ្លៀតឱកាសឈូសឆាយបំផ្លាញព្រៃឈើ

​ខេត្តពោធិ៍សាត់៖ក្រុមហ៊ុនដែលទទួលបានអាជ្ញាប័ណ្ណអនុវត្តគម្រោងស្តារអាងស្តុកទឹក នៃទំនប់ស្ទាក់ទឹកលេខ២ ស្ថិតក្នុងតំបន់អារៃ ភូមិខ្សាច់ពូក ឃុំរកាត ស្រុកភ្នំក្រវាញ កំពុងរងការរិះគន់ យ៉ាងចាស់ដៃពីមហាជនថា បាននិងកំពុងឆ្លៀតឱកាសកាប់បំផ្លាញព្រៃឈើយ៉ាងរង្គាលនៅតំបន់ក្បែរៗនោះ ដែលជាទង្វើបំផ្លិចបំផ្លាញធនធានធម្មជាតិយ៉ាងធ្ងន់ធ្ងរ។

​ប្រភពព័ត៌មានពីប្រជាពលរដ្ឋនិងការតាមដានក្នុងមូលដ្ឋានបានទម្លាយឱ្យដឹងថា ក្រុមហ៊ុននេះមិនបានអនុវត្តតាមកិច្ចសន្យា ឬព្រំដែនកំណត់នោះឡើយ ប៉ុន្តែបែរជាបែងចែកសិទ្ធិបន្តទៅឱ្យថៅកែផ្សេងៗគ្នាយ៉ាងអាណាធិបតេយ្យ ដើម្បីធ្វើសកម្មភាពឈូសឆាយ និងកាប់ជម្រះយកឈើតាមប្លុកនីមួយៗ រួមមាន៖
​ប្លុកទី១ (ផ្ទៃដី ១,៣០០ ហិកតា)៖ គ្រប់គ្រងដោយថៅកែឈ្មោះ បារាំង និងមានឈ្មោះ ជា ឌឿន ធ្វើជាមេការ។ បច្ចុប្បន្នកំពុងប្រើប្រាស់គ្រឿងចក្រធុនធ្ងន់ (ប្រភេទអាអ៊ិច SK) ចំនួន ២គ្រឿង ធ្វើសកម្មភាពឈូសឆាយបើកផ្លូវចូលទៅកាប់ និងដឹកជញ្ជូនឈើយ៉ាងគឃ្លើន។
​ប្លុកទី២ (ផ្ទៃដី ៥០០ ហិកតា)៖ គ្រប់គ្រងដោយថៅកែឈ្មោះ រា និងឈ្មោះ អាន។
​ប្លុកទី៣ (ផ្ទៃដី ១,០០០ ហិកតា)៖ គ្រប់គ្រងដោយថៅកែឈ្មោះ ថា។
​ប្លុកទី៤ (ផ្ទៃដី ១,០០០ ហិកតា)៖ គ្រប់គ្រងដោយថៅកែរហស្សនាម បងត្រង៉ោល ដោយមានមេការបញ្ជាការឈូសឆាយផ្លូវចូលយកឈើឈ្មោះ ផា (ត្រូវបានគេស្គាល់ថាជាទាហាន) ដែលកំពុងដំណើរការសកម្មភាពយ៉ាងសកម្ម។

​សកម្មភាពកាប់បំផ្លាញព្រៃឈើទ្រង់ទ្រាយធំ ក្រោមរូបភាពស្តារទំនប់ទឹកនេះ កំពុងតែធ្វើឱ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់បរិស្ថាន និងគម្របព្រៃឈើការពារធម្មជាតិ។
ជុំវិញករណីនេះមហាជនកំពុងរង់ចាំមើលថាតើ អាជ្ញាធរដែនដី និងមន្ត្រីជំនាញពាក់ព័ន្ធនៃខេត្តពោធិ៍សាត់ នឹងមានវិធានការច្បាប់ក្តៅចំពោះក្រុមហ៊ុននិងក្រុមថៅកែទាំងនេះ ដើម្បីទប់ស្កាត់បទល្មើសបំផ្លាញព្រៃឈើដ៏រង្គាលនេះដែរឬទេ។

ទីភ្នាក់ងារសារព័ត៌មានសៀមរាប ប៉ុស្តិ៍ នៅមិនទាន់ទល់បានការបំភ្លឺពីក្រុមហ៊ុនដែលទទួលបានអាជ្ញាប័ណ្ណអនុវត្តគម្រោងស្តារអាងស្តុកទឹក នៃទំនប់ស្ទាក់ទឹកលេខ២ ស្ថិតក្នុងតំបន់អារៃ និងអាជ្ញាធរជំនាញពាក់ព័ន្ធនៅឡើយទេរហូតដល់ម៉ោងផ្សាយនេះ៕SRP

Like 196
Comment 0
Share ចែកចាយ
Views 12.6K
Avatar photo
សៀមរាប ប៉ុស្តិ៍
២១ ឧសភា ២០២៦

អាវុធហត្ថលើផ្ទៃប្រទេសនៅថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៦បានអះអាងថា រយៈពេលកន្លងទៅនេះ កងរាជអាវុធហត្ថ បានកត់សម្គាល់ឃើញថា បុគ្គលដែលប្រព្រឹត្តបទល្មើសប្រើប្រាស់ដោយខុសច្បាប់នូវសម្លៀកបំពាក់ជាអាទិ៍សម្រាប់អាជ្ញាធរសាធារណៈ និងបានប្រព្រឹត្តបទល្មើសផ្សេងទៀតដូចជា បទឆបោក, បទក្លែងបន្លំឯកសារសាធារណៈ និងប្រើប្រាស់ឯកសារសាធារណៈក្លែង។ល។ កងរាជអាវុធហត្ថ បានឃាត់ខ្លួនជនសង្ស័យចំនួន២រូប និងកសាងសំណុំរឿងបញ្ជូនទៅតុលាការ មានជាអាទិ៍៖

១- ឈ្មោះ យិន វណ្ណារ៉ា ហៅ លៀង ភេទប្រុស កើតថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០០០ មុខរបរមិនពិតប្រាកដ ទីកន្លែងកំណើតនៅរាជធានីភ្នំពេញ មានទីលំនៅបច្ចុប្បន្ននៅភូមិរំចេក១ សង្កាត់រតនៈ ក្រុងបាត់ដំបង ខេត្តបាត់ដំបង។

២- ឈ្មោះ រស់ សុវណ្ណច័ន្ទសំណាង ហៅ ដេត ភេទប្រុស កើតថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ១៩៨៧ មុខរបរបើកបររថយន្ត ទីកន្លែងកំណើតនៅសង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ទីលំនៅមុនពេលឃាត់ខ្លួនស្នាក់នៅផ្ទះលេខ៤១D ផ្លូវលំចំការស្ពៃ ភូមិ២ សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។

កងរាជអាវុធហត្ថ សូមអំពាវនាវដល់សាធារណជនមេត្តាប្រុងប្រយ័ត្នខ្ពស់ និងសូមសហការផ្តល់ព័ត៌មានជូនកងរាជអាវុធហត្ថ ក្នុងករណីឃើញបុគ្គលដែលមានការសង្ស័យ៕SRP

Like 196
Comment 0
Share ចែកចាយ
Views 9.8K
Avatar photo
សៀមរាប ប៉ុស្តិ៍
២០ ឧសភា ២០២៦

សត្វក្តាន់ដែលជិតផុតពូជបំផុតលើលោក ១ក្បាល ត្រូវបានជួយសង្គ្រោះដោយជោគជ័យ នៅខេត្តក្រចេះ

ខេត្តក្រចេះ៖ដំណឹងដ៏រីករាយមួយសម្រាប់វិស័យបរិស្ថាននិងជីវៈចម្រុះ ដែលសត្វក្តាន់ឈ្មោលមួយក្បាល ទម្ងន់ប្រហែល ៤០គីឡូក្រាម ដែលជាប្រភេទសត្វរងគ្រោះជិតផុតពូជបំផុតលើពិភពលោក ត្រូវបានអាជ្ញាធរមូលដ្ឋាន មន្ត្រីឧទ្យានុរក្សនៃមន្ទីរបរិស្ថានខេត្តក្រចេះ និងអង្គការ WWF ព្រមទាំងអ្នកភូមិ រួមគ្នាជួយសង្គ្រោះដោយសុវត្ថិភាព បន្ទាប់ពីវាបានរត់ភ័យស្លន់ស្លោចូលក្នុងភូមិ និងជាប់របងលួស។

​​ហេតុការណ៍នេះបានកើតឡើងនៅថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៦ ស្ថិតក្នុងភូមិក្បាលជូ ឃុំសំបុក ស្រុកចិត្របុរី ខេត្តក្រចេះ។

សត្វក្តាន់ឈ្មោលមួយនេះ បានរត់ចេញពីព្រៃដីសើម និងជម្រកវាលស្មៅនៅពីក្រោយផ្ទះអ្នកស្រុក ដោយសារត្រូវបានឆ្កែចិញ្ចឹមដេញតាម។ ក្នុងស្ថានភាពភ័យស្លន់ស្លោ វាបានព្យាយាមរត់គេចខ្លួនឡើងលើផ្លូវជាតិ និងចូលទៅក្នុងផ្ទះអ្នកភូមិ ក៏ស្រាប់តែជ្រុលទៅជាប់នៅក្នុងរបងលួស។ ​ភ្លាមៗនោះ បងប្អូនប្រជាពលរដ្ឋបានរាយការណ៍ជូនមន្រ្តីជំនាញ ដើម្បីចុះមកអន្តរាគមន៍ចាប់ និងនាំយកមកកន្លែងសុវត្ថិភាព។
តាមការពិនិត្យ សត្វក្តាន់នេះមានស្នាមរបួសលើរាងកាយ ដោយសារការរត់គេចក្នុងហេតុការណ៍ខាងលើ។

បច្ចុប្បន្ន ក្រុមការងារបានទាក់ទងអង្គការសង្គ្រោះសត្វព្រៃកម្ពុជា (Cambodia Wildlife Care – CWC) ដើម្បីបញ្ជូនវាទៅព្យាបាល និងថែទាំនៅមជ្ឈមណ្ឌលសង្គ្រោះសត្វព្រៃក្នុងរាជធានីភ្នំពេញ រហូតដល់ជាសះស្បើយ ទើបដោះលែងទៅក្នុងជម្រកធម្មជាតិវិញ។

អ្នកនាំពាក្យក្រសួងបរិស្ថាន លោក ខ្វៃ អាទិត្យា បានថ្លែងប្រាប់អ្នកសារព័ត៌មានថា “ការរកឃើញសត្វក្តាន់រត់ចូលភូមិនេះ ជាសញ្ញាវិជ្ជមានថ្មីមួយបង្ហាញថា ប្រភេទសត្វដ៏កម្រនេះ នៅតែមានវត្តមាននៅក្នុងព្រៃធម្មជាតិរបស់កម្ពុជា និងបានផ្តល់នូវសេចក្តីសង្ឃឹមថ្មី សម្រាប់ការរស់រានមានជីវិតរបស់ពួកវា”។

សត្វក្តាន់នៅកម្ពុជា មានសល់តិចតួចបំផុតហើយត្រូវបានដាក់ឲ្យស្ថិតក្នុងបញ្ជីក្រហមនៃអង្គការ IUCN (ជិតផុតពូជបំផុតនៅលើពិភពលោក)។

តាមការសិក្សានាពេលកន្លងទៅ វត្តមានសត្វក្តាន់នៅកម្ពុជា មានប្រមាណជា ១០០ក្បាលប៉ុណ្ណោះ ដោយកំពុងរស់នៅក្នុងដែនជម្រកសត្វព្រៃព្រែកប្រសព្វ ខេត្តក្រចេះ និងតាមតំបន់ការពារធម្មជាតិមួយចំនួនក្នុងខេត្តកោះកុង។

​ក្រសួងបរិស្ថានសហការជាមួយដៃគូអភិវឌ្ឍន៍ បាននិងកំពុងរៀបចំ “ផែនការសកម្មភាពសម្រាប់ការអភិរក្ស និងស្តារសត្វក្តាន់២០២៥-២០៣៥” ដែលស្របទៅនឹងយុទ្ធសាស្ត្រចក្រាវិស័យបរិស្ថាន (ភាពស្អាត ភាពបៃតង និងចីរភាព) ដើម្បីការពារសម្បត្តិធម្មជាតិដ៏មានតម្លៃនេះ។

លោក ខ្វៃ អាទិត្យា បានសង្កត់ធ្ងន់ថា សត្វក្តាន់គឺជាថនិកសត្វដ៏គួរឱ្យស្រឡាញ់ និងស្លូតបូត។ លោកបានអំពាវនាវដល់សាធារណជនឲ្យចៀសវាងការដេញបាញ់ ឬធ្វើបាប នៅពេលឃើញសត្វព្រៃរត់ចូលភូមិ ព្រោះវាអាចភ័យស្លន់ស្លោរហូតបង្កគ្រោះថ្នាក់ ឬបណ្តាលឱ្យវាស្លាប់។

លោក ខ្វៃ អាទិត្យា បានបន្តថា ប្រសិនបើជួបប្រទះសត្វព្រៃកម្រ ឬសត្វធំៗ (ដូចជា ដំរី ខ្លា ជាដើម) ដែលអាចបង្កគ្រោះថ្នាក់ សូមទាក់ទងអាជ្ញាធរមូលដ្ឋាន ឬមន្ត្រីបរិស្ថានភ្លាមៗ ដើម្បីជួយសង្គ្រោះពួកវាទៅកាន់ព្រៃធម្មជាតិវិញដោយសុវត្ថិភាព និងរួមគ្នាថែរក្សាជីវៈចម្រុះរបស់មនុស្សជាតិ៕SRP

Like 196
Comment 0
Share ចែកចាយ
Views 6.3K
Sponsored
Sponsored
Avatar photo
សៀមរាប ប៉ុស្តិ៍
២០ ឧសភា ២០២៦

សម្តេចតេជោ ហ៊ុន សែន អញ្ជើញដឹកនាំកិច្ចប្រជុំគណបក្សនយោបាយក្នុងសម្ព័ន្ធភាព

សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានគណបក្សសម្ព័ន្ធភាព បានអញ្ជើញដឹកនាំកិច្ចប្រជុំគណបក្សនយោបាយក្នុងសម្ព័ន្ធភាពដែលមានការចូលរួមពីគណបក្សនយោបាយសរុបទាំង២៩គណបក្ស។

ឯកឧត្តម ជា ធីរិទ្ធ អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជាបានឱ្យដឹងថា កិច្ចប្រជុំគណបក្សនយោបាយក្នុងសម្ព័ន្ធភាព គឺជាការអនុវត្តទៅតាមបទបញ្ជាផ្ទៃក្នុងគណបក្សដែលតែងតែធ្វើឡើងក្នុងរយៈពេលមួយឆ្នាំម្តងដើម្បីពិនិត្យមើលវឌ្ឍនភាពការងារសហប្រតិបត្តិការសម្ព័ន្ធភាព ក្រៅពីនេះនៅមានក្រុមការងារសម្របសម្រួលគឺប្រជុំរៀងរាល់បីខែម្តង។

ឯកឧត្តមរំលឹកថា កាលពីថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៣ សម្ដេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជាបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងចងសម្ព័ន្ធភាពរវាងគណបក្សប្រជាជនកម្ពុជា ជាមួយបណ្ដាគណបក្សនយោបាយនានានៅកម្ពុជា ហើយការចងសម្ព័ន្ធនេះ ជាការឆ្លុះបញ្ចាំងអំពីសាមគ្គីភាព នៃការថែរក្សាសន្តិភាព និងការអភិវឌ្ឍរបស់កម្ពុជា ហើយត្រូវការកម្លាំងមួយដើម្បីការពាររដ្ឋធម្មនុញ្ញ របបរាជានិយម អធិបតីភាព និងសន្តិភាព ទប់ស្កាត់កម្លាំងជ្រុលនិយម។

គណបក្សសម្ព័ន្ធភាពបានធ្វើកិច្ចការងារជាច្រើនក្នុងគោលដៅ និងអនុវត្តទៅតាមកិច្ចព្រមព្រៀងទាំង៨ចំណុចដែលបានសម្រេចរួមគ្នានាពេលកន្លងទៅ។ នៅក្នុងកិច្ចប្រជុំនេះ សម្ដេចតេជោបានមានប្រសាសន៍អំពីស្ថានភាពនៃស្ថានភាពព្រំដែនរវាងកម្ពុជានិងថៃ ជាពិសេសសម្ដេចបានកោតសរសើរចំពោះគណបក្សសម្ព័ន្ធភាពទាំង២៩ ដែលបានរួមគ្នាធ្វើនៅក្នុងបុព្វហេតុការពារបូរណភាពទឹកដីនៅក្នុងអំឡុងពេលដែលថៃឈ្លានពាន។

សម្ដេចក៏បានសរសើរចំពោះការរួបរួមសាមគ្គីគ្នានេះ និងការចេញសេចក្តីថ្លែងការណ៍ជាបន្តបន្ទាប់ ក្នុងការថ្កោលទោសប្រទេសឈ្លានពានកម្ពុជា និងសកម្មភាពមួយចំនួនទៀតដែលបណ្ដាគណបក្សនយោបាយក្នុងសម្ព័ន្ធភាពបានធ្វើកិច្ចការងារជួយដល់ជនភៀសសឹក ដូចជាការចែកនូវអំណោយ,សម្ភារៈ និងគ្រឿងឧបភោគបរិភោគដល់ទាហានរបស់យើង ដែលនេះជាការបង្ហាញនូវកាយវិការនៃទឹកចិត្តក្នុងការចូលរួមចំណែកការពារបូរណភាពទឹកដី ដូចខ្លឹមសារមានចែងនៅក្នុងចំណុចទី៣ ដែលគណបក្សទាំងអស់ត្រូវការពារនូវអធិបតេយ្យភាពបូរណភាពទឹកដីរបស់ជាតិ។

សម្ដេចតេជោបានមានប្រសាសន៍ទៀតថា ទឹកដីរបស់កម្ពុជានេះ មិនមែនជារបស់គណបក្សណាមួយ ហើយក៏មិនមែនជារបស់អ្នកណា ក្រុមណាមួយឡើយប៉ុន្តែវាជារបស់យើងទាំងអស់គ្នា។ សម្ដេចតេជោសង្កត់ធ្ងន់ថា មានជាតិ មានទឹកដី ទើបយើងមានគណបក្សនយោបាយដែលយើងអនុវត្តតាមលទ្ធិប្រជាធិបតេយ្យ សេរី ពហុបក្ស នាពេលបច្ចុប្បន្ននេះ ដូច្នេះបានជាសម្ព័ន្ធភាពនៃគណបក្សនយោបាយទាំងអស់ គឺរួមគ្នាការពារនូវបូរណភាពទឹកដី ដូចមានចែងនៅក្នុងកិច្ចព្រមព្រៀង។

នៅក្នុងកិច្ចប្រជុំនេះ គណបក្សសម្ព័ន្ធភាព បានបង្ហាញនូវការគាំទ្រចំពោះជំហររបស់រាជរដ្ឋាភិបាលក្នុងការដោះស្រាយបញ្ហាព្រំដែនរវាងជាមួយថៃ ដោយសន្តិវិធី និងឈរលើគោលការណ៍ច្បាប់អន្តរជាតិ និងយន្តការអន្តរជាតិទាំងឡាយដែលគណបក្សសម្ព័ន្ធភាពតែងតែគាំទ្រ និងចូលរួមជាមួយនឹងរាជរដ្ឋាភិបាល។ សម្ដេចតេជោក៏បានសង្កត់ធ្ងន់ទៅលើផ្ទៃក្នុងនៃសម្ព័ន្ធភាពដើម្បីរក្សានូវសម្ព័ន្ធភាពនៃគណបក្សទាំង ២៩នេះឱ្យនៅឋិតថេរ និងរឹងមាំ។

ទាក់ទងទៅនឹងការបង្កើតគណបក្សថ្មី សម្ដេចតេជោបានមានប្រសាសន៍ថា គណបក្សថ្មីទាំងឡាយណាដែលបំបែកចេញអំពីគណបក្សសម្ព័ន្ធភាពនេះ មិនគាំទ្រឱ្យចូលជាមួយគណបក្សសម្ព័ន្ធនោះទេ។

សូមជម្រាបថា សម្ដេចតេជោហ៊ុន សែន បានអញ្ជើញដឹកនាំកិច្ចប្រជុំគណបក្សនយោបាយក្នុងសម្ព័ន្ធភាពដែលមានការចូលរួមពីគណបក្សនយោបាយសរុបទាំង២៩គណបក្ស នៅវិមាន៧មករា នាថ្ងៃពុធ ទី២០ ខែឧសភា ឆ្នាំ២០២៦៕SRP

Like 196
Comment 0
Share ចែកចាយ
Views 1.9K
Avatar photo
សៀមរាប ប៉ុស្តិ៍
២០ ឧសភា ២០២៦

អាជ្ញាធរខេត្តសៀមរាប ជំរុញឱ្យបណ្ដាវត្តទាំងអស់គួរពង្រឹងធម៌វិន័យ និងរៀបចំវត្តអារាមឱ្យក្លាយជាទីជម្រកនៃសេចក្ដីសុខសម្រាប់មនុស្ស និងសត្វ

អាជ្ញាធរខេត្តសៀមរាប បានបង្ហាញថា គ្រប់វត្តអារាមទាំងអស់គួរតែត្រូវបានរៀបចំ និងអភិវឌ្ឍខ្លួនឱ្យក្លាយជាទីជម្រកដ៏សុខសាន្តសម្រាប់ទាំងមនុស្ស និងសត្វ ដោយឈរលើគោលការណ៍ព្រហ្មវិហារធម៌ ដើម្បីផ្សព្វផ្សាយព្រះពុទ្ធសាសនា និងរួមចំណែកដល់ការអភិវឌ្ឍសង្គមជាតិ។

ក្នុងកិច្ចប្រជុំបង្កើតគណៈកម្មការដោះស្រាយកិច្ចការសាសនា ដើម្បីពង្រឹងធម៌វិន័យចំពោះព្រះសង្ឃដែលគង់នៅទូទាំងខេត្តសៀមរាប នារសៀលថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៦ លោក លី សារី អភិបាលរងខេត្តសៀមរាប បានជំរុញឱ្យអាជ្ញាធរមូលដ្ឋាន សហការគ្នាយ៉ាងជិតស្និតជាមួយព្រះមន្រ្តីសង្ឃខេត្ត ស្រុក ព្រះចៅអធិការវត្ត ដោះស្រាយការមានទំនាស់ការច្រណែនផលប៉ះពាល់ដល់ប្រយោជន៍រួម និងជះឥទ្ធិពលមិនល្អដល់វិស័យព្រះពុទ្ធសាសនារបស់យើងដោយឈរលើស្មារតីព្រះវិន័យ និងច្បាប់រដ្ឋ។

លោក លី សារី បានបញ្ជាក់ថា គណៈកម្មការដោះស្រាយកិច្ចការសាសនាក្នុងខេត្ត គឺជាយន្តការផ្លូវការរបស់រដ្ឋបាលថ្នាក់ក្រោមជាតិ ដែលធ្វើការសហការជាមួយមន្ទីរធម្មការ និងសាសនាខេត្ត និងសាលាគណខេត្ត ដើម្បីត្រួតពិនិត្យ សម្របសម្រួល និងដោះស្រាយរាល់វិវាទ ឬបញ្ហានានាដែលកើតឡើងនៅក្នុងវិស័យសាសនា។ ហើយសម្រាប់កិច្ចប្រជុំដោះស្រាយវិវាទក្នុងវត្តអារាម គឺដើម្បីធ្វើការសម្របសម្រួលជម្លោះរវាងព្រះសង្ឃ និងព្រះសង្ឃ, ជម្លោះរវាងគ្រហស្ថ ជាមួយព្រះសង្ឃ ឬបញ្ហាគ្រប់គ្រងបច្ច័យ និងដីធ្លីវត្ត ព្រមទាំងពិនិត្យសកម្មភាពផ្សព្វផ្សាយសាសនាផ្សេងៗ ដើម្បីធានាថាអនុវត្តទៅតាមច្បាប់ និងមិនមានការបង្កការរើសអើង ឬប៉ះពាល់ដល់សន្តិសុខសង្គម។

ព្រះធម្មសិរី ជុំ គឹមឡេង ព្រះមេគណខេត្តសៀមរាប មានថេរដីកាថា វិស័យព្រះពុទ្ធសាសនា ព្រះសង្ឃបានដើរតួនាទីយ៉ាងសំខាន់ក្នុងការចូលរួមយ៉ាងសកម្មក្នុងការជួយការងារផ្សេងៗជាមួយរាជរដ្ឋាភិបាល ក្នុងការកសាងប្រទេសជាតិមាតុភូមិ លើផ្នែកហេដ្ឋារចនាសម្ព័ន្ធ និងសង្គមជាច្រើន ដូចជា បានជួយកសាងផ្លូវថ្នល់ ស្ពាន់ សាលារៀន វត្តអារាម មន្ទីរពេទ្យ និងការងារសង្គមកិច្ច មានដូចជា ការអប់រំ សីលធម៌ ចរិយាធម៌ គុណធម៌ សុជីវធម៌ដល់ពុទ្ធបរិស័ទ ជាពិសេសការបណ្តុះបណ្តាលធនធានមនុស្សជាដើម។

ព្រះធម្មសិរី ជុំ គឹមឡេង បានស្នើដល់ព្រះមន្ត្រីសង្ឃគ្រប់ឋានានុក្រម តាមដានការប្រើប្រាស់បណ្ដាញសង្គមរបស់ព្រះសង្ឃក្នុងខេត្ត គួរតែប្រើសម្រាប់ជាមធ្យោបាយអប់រំ មានសតិជាប្រចាំ ថាអ្វីគួរបង្ហោះ អ្វីមិនគួរបង្ហោះបង្ហាញ ជាពិសេសរឿងទំនាស់តិចតូចមិនគួរបង្ហោះហែកបង្ហាញនោះទេ។ ជាពិសេស ត្រូវជួយណែនាំភិក្ខុ សាមណេរក្រោមឱវាទ ពាក់ព័ន្ធការប្រើប្រាស់ បណ្ដាញសង្គមក្នុងគោលបំណងអប់រំតែម្យ៉ាង ដូចជាលើទឹកចិត្តមនុស្សឱ្យស្រឡាញ់ការអប់រំ និងបរិស្ថានជាដើម។ ជាធម្មតាអធិករណ៍ ឬទំនាស់ជាផ្នែកមួយនៃជីវិតមិនអាចជៀសផុត សំខាន់គឺត្រូវដោះស្រាយតាមព្រះវិន័យ តាមអធិករណ៍សមថៈ តាមបែបអហិង្សាដែលជាមាគ៌ាពុទ្ធសាសនា៕SRP

‎អត្ថបទ និងរូបភាព៖ លោក ទ្រា ពន្លឺ
‎កែសម្រួល៖ លោក អ៊ុន ណារាជ្យ

Like 195
Comment 0
Share ចែកចាយ
Views 4.8K
Avatar photo
សៀមរាប ប៉ុស្តិ៍
២០ ឧសភា ២០២៦

រដ្ឋបាលខេត្តសៀមរាប បើកកិច្ចប្រជុំគណៈកម្មាធិការៀបចំដែនដី និងនគររូបនីយកម្ម ដើម្បីពន្លឿនការងារចុះបញ្ជីដីធ្លី និងដោះស្រាយវិវាទជូនប្រជាពលរដ្ឋ

ឯកឧត្តម សួស សុខចាន់ សមាជិកក្រុមប្រឹក្សាខេត្តសៀមរាប និង លោក ហែន ពុទ្ធី អភិបាលរងខេត្ត នៅថ្ងៃទី 19 ខែឧសភាឆ្នាំ 2026 បានដឹកនាំកិច្ចប្រជុំគណៈកម្មាធិការៀបចំដែនដី និងនគររូបនីយកម្មថ្នាក់ជាតិ ដើម្បីពិនិត្យវឌ្ឍនភាពការងារ ៥ខែ នៃឆ្នាំ២០២៦ និងផែនការសកម្មភាពសម្រាប់ដំណាច់ឆ្នាំ២០២៦ និងលើកឡើងពីបញ្ហាប្រឈមនានា ពាក់ព័ន្ធនឹងការចុះបញ្ជីដីធ្លី ការចេញបណ្ណកម្មសិទ្ធិ និងការដោះស្រាយវិវាទដីធ្លីដែលមិនទាន់បានចុះបញ្ជីជូនប្រជាពលរដ្ឋ ដើម្បីធានាឱ្យការចុះបញ្ជីស្របតាមនីតិវិធីច្បាប់ជាធរមាន។

លោក ហែន ពុទ្ធី អភិបាលរងខេត្ត មានប្រសាសន៍ថា កិច្ចប្រជុំនាពេលនេះ គឺជាការពីនិត្យលើនីតិវិធីពន្លឿនការអនុវត្តការវាស់វែង និងការចុះបញ្ជីដីធ្លីលើប្រភេទដីសំខាន់ៗមួយចំនួន រួមមាន៖ ដីគម្របព្រៃឈើឆ្នាំ២០០២ ដីសម្បទានសេដ្ឋកិច្ច និងដីសម្បទានសង្គមកិច្ច ដីតំបន់ការពារ និងដីរដ្ឋដែលស្ថិតក្រោមសមត្ថកិច្ចកាន់កាប់ និងដីស្ថិតក្នុងបទបញ្ជាលេខ ០១ ប.ប របស់រាជរដ្ឋាភិបាល និងដីស្ថិតក្នុងតំបន់ស្វ័យប្រកាស។ ជារួមកិច្ចប្រជុំ គឺដើម្បីឆ្លើយតបទៅនឹងតម្រូវការជាក់ស្ដែងរបស់ប្រជាពលរដ្ឋ សំដៅកាត់បន្ថយវិវាទ និងលើកកម្ពស់សុវត្ថិភាពគតិយុត្តនៃការកាន់កាប់ដីធ្លី។

លោកអភិបាលរងខេត្ត ក៏បានសង្កត់ធ្ងន់លើការពិនិត្យផែនការប្រើប្រាស់ដីធ្លីឃុំសង្កាត់ ផែនការប្រើប្រាស់ដីតំបន់បឹងទន្លេសាប និងទីប្រជុំជន។ ដោយឡែក ផែនការប្រើប្រាស់ដីនៅក្នុងភូមិចំនួន ១១៤ ដែលស្ថិតក្នុងតំបន់បេតិកភណ្ឌអង្គរ ក៏ត្រូវបានលើកយកមកពិភាក្សាដោយយកចិត្តទុកដាក់ខ្ពស់ រួមផ្សំជាមួយនឹងការងារសុរិយោដី និងការងារសំណង់ក្នុងខេត្តផងដែរ។

យោងតាមរបាយការណ៍របស់មន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តសៀមរាប បានឱ្យដឹងថា គិតមកទល់ពេលនេះ ចំនួនក្បាលដីសរុបដែលត្រូវបានចុះបញ្ជី និងវាស់វែងរួចរាល់មានចំនួន ៩៩១ ៧១០ក្បាលដី។ ក្នុងនោះ ក្បាលដីដែលបានចេញបណ្ណកម្មសិទ្ធិរួចរាល់មានចំនួន ១៩៤ ៩៦៥បណ្ណ ដោយបានចែកជូនប្រជាពលរដ្ឋផ្ទាល់ចំនួន ១៧៦ ៣៨៦បណ្ណ ខណៈក្បាលដីដែលមិនទាន់បានចែកបណ្ណកម្មសិទ្ធិជូនពលរដ្ឋមានចំនួន ៨១៥ ៣២៤ក្បាលដី។

ចំពោះក្បាលដីដែលបានចុះបញ្ជី វាស់វែង និងចេញបណ្ណខាងលើ គឺមិនទាន់រាប់បញ្ចូលក្បាលដីមិនទាន់មានអ្នកមកចូលរួមវាស់វែង ក្បាលដីមានទំនាស់មិនទាន់បានសម្របសម្រួលបញ្ចប់ ក្បាលដីរដ្ឋជាន់សមត្ថកិច្ចកាន់កាប់ ដីស្ថិតក្នុងបទបញ្ជាលេខ ០១ ប.ប របស់រាជរដ្ឋាភិបាល ដីស្ថិតក្នុងតំបន់ស្វ័យប្រកាសជាអាទិ៍ ដែលជាបញ្ហាប្រឈមនៃការចុះបញ្ជីដីធ្លី ដោយហេតុថា ក្បាលដីមួយចំនួនត្រូវការដោះស្រាយបញ្ចប់វិវាទ និងក្បាលដីមួយចំនួនទៀតត្រូវមានគោលការណ៍ណែនាំ និង ឯកភាពពីក្រសួងស្ថាប័ន និងប្រមុខរាជរដ្ឋាភិបាលជាមុនសិន។

ក្នុងឱកាសនោះដែរ ឯកឧត្តម សួស សុខចាន់ សមាជិកក្រុមប្រឹក្សាខេត្ត មានប្រសាសន៍ថា ការចុះបញ្ជីដីធ្លី គឺធានានូវភាពច្បាស់លាស់ សុចរិតភាព ងាយស្រួលក្នុងការផ្ទេរសិទ្ធិ និងការប្រើប្រាស់ដីស្របច្បាប់ មានតម្លាភាព ដែលជាមូលដ្ឋាននៃសិទ្ធិកម្មសិទ្ធិលើដី ជួយការពារសិទ្ធិរបស់ប្រជាពលរដ្ឋ បង្កើនតម្លាភាព និងកាត់បន្ថយវិវាទ ដើម្បីធានាថាដីធ្លីនីមួយៗមានម្ចាស់ត្រឹមត្រូវ ធ្វើឱ្យរដ្ឋគ្រប់គ្រងបានដីធ្លីទាំងដីរដ្ឋ និងដីឯកជនងាយស្រួលក្នុងការងាររៀបចំដែនដីរដ្ឋបាលដីធ្លី និងអាចប្រើប្រាស់សម្រាប់ការអភិវឌ្ឍប្រកបដោយប្រសិទ្ធភាព៕SRP

‎អត្ថបទ និងរូបភាព៖ លោក ធន់ ពូថេ
‎កែសម្រួល៖ លោក អ៊ុន ណារាជ្យ

Like 195
Comment 0
Share ចែកចាយ
Views 5.5K
Sponsored
Sponsored
Avatar photo
សៀមរាប ប៉ុស្តិ៍
១៩ ឧសភា ២០២៦

ពិធីពុទ្ធាភិសេក «ព្រះវិស្ណុគង់លើស្ដេចគ្រុឌ» និងបួងសួងសុំសេចក្តីសុខ សន្តិភាព និងភាពត្រជាក់ត្រជុំដល់ទឹកដី និងប្រជាពលរដ្ឋខ្មែរ

សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ បានអញ្ជើញជាអធិបតីក្នុងពិធីពុទ្ធាភិសេកព្រះបដិមា «ព្រះវិស្ណុគង់លើស្ដេចគ្រុឌ» ស្ថិតនៅរង្វង់មូលមុខវិទ្យាល័យសម្តេចឪ ឬ(រង្វង់មូលគ្រុឌ)ផ្លូវជាតិលេខ៦បំបែកទៅព្រលានយន្តហោះអន្តរជាតិសៀមរាបចាស់ និងបួងសួងសុំសេចក្តីសុខ សន្តិភាព និងភាពត្រជាក់ត្រជុំដល់ទឹកដី និងប្រជាពលរដ្ឋខ្មែរ នាព្រឹកថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៦។

នៅក្នុងពិធីនេះផងដែរ ក៏បានការអញ្ជើញចូលរួមពីសំណាក់ លោកជំទាវ ហ៊ុន ស៊ីណាត, លោកជំទាវ ហង់ ភារី អ៊ឹម សិទ្ធី, លោកជំទាវ ឆាយ ស៊ីណា ជីវ កេង, ឯកឧត្តម ប្រាក់ សោភណ្ឌ និងលោកជំទាវ, ឯកឧត្តម មាន ចាន់យ៉ាដា, លោកអ្នកឧកញ៉ា ភាព ហៀក, អ្នកឧកញ៉ា គៀន ស្រីនៀង, លោកជំទាវ នេត្រ ភូម៉ារី, លោកជំទាវ អ៊ឹង មុយគាង, ព្រមទាំង លោកជំទាវភរិយាថ្នាក់ដឹកនាំ ឯកឧត្តម លោកជំទាវ មន្ត្រីរាជការ និងកងកម្លាំងប្រដាប់អាវុធយ៉ាងច្រើនកុះករ។

គួររំលឹកផងដែរថា កាលពីព្រឹកថ្ងៃទី៤ ខែឧសភា ឆ្នាំ២០២៦កន្លងទៅនេះ រដ្ឋបាលខេត្តឧត្ដរមានជ័យ និងរដ្ឋបាលខេត្តសៀមរាប បានសហការគ្នារៀបចំពិធីមង្គលបួងសួងសុំយាង «ព្រះវិស្ណុគង់លើស្ដេចគ្រុឌ» ដង្ហែចេញពីទឹកដីខេត្តឧត្ដរមានជ័យ មកកាន់ទីតាំងដើមនេះវិញ ។ «ព្រះវិស្ណុគង់លើស្ដេចគ្រុឌ» មិនត្រឹមតែជារូបសំណាកសក្ការៈនោះទេ ប៉ុន្តែគឺជាដួងព្រលឹងដែលនាំមកនូវសេចក្តីសុខសន្តិភាព និងភាពត្រជាក់ត្រជុំដល់ទឹកដី និងប្រជារាស្ត្រខ្មែរ។

យោងតាមឯកសារនានា បានរៀបរាប់នូវដំណើររឿងព្រះវិស្ណុ ឬព្រះនារាយណ៍ គង់ប្រថាប់គង់លើ ស្ដេចគ្រុឌជាយានជំនិះ គឺមានប្រវត្តិទាក់ទងនឹងការសន្យា និងការគោរពចំពោះឫទ្ធានុភាពរបស់គ្នាទៅវិញទៅមក ក្នុងទេវកថាព្រហ្មញ្ញសាសនា។ ចំណែកឯនៅក្នុងវប្បធម៌ និងសិល្បៈខ្មែរយើង ទម្រង់ “ព្រះនារាយណ៍គង់លើគ្រុឌ” គឺជាតំណាងដ៏មានឥទ្ធិពលបំផុតមួយ ចាប់តាំងពីសម័យមុនអង្គរ អង្គរ រហូតមកដល់បច្ចុប្បន្ន ចំណែកឯក្នុង សិល្បៈចម្លាក់ យើងតែងសង្កេតឃើញរូបចម្លាក់នេះនៅលើហោជាង ផ្តែរ ឬតាមជ្រុងនៃប្រាសាទបុរាណនានា (ដូចជានៅប្រាសាទអង្គរវត្ត ប្រាសាទបន្ទាយស្រី និងប្រាសាទព្រះខ័នជាដើម)។ គ្រុឌច្រើនតែបង្ហាញខ្លួនក្នុងទម្រង់ឈរយ៉ាងរឹងមាំ ដៃទាំងពីរលើកត្រកង ឬទ្រព្រះបាទរបស់ព្រះនារាយណ៍ ដែលកំពុងឈរ ឬគង់ភ្នែនពីលើ ដៃកាន់អាវុធទិព្វ។

សម្តេចកិត្តិសង្គហបណ្ឌិត បានបួងសួងថ្វាយព្រះពរជ័យព្រះមហាក្សត្រ ព្រះមហាក្សត្រី ជាសម្តេចម៉ែ សម្តេចយាយ សម្តេចយាយទួត មុនីនាថ សីហនុ ប្រគេនពរដល់ព្រះសង្ឃគ្រប់ព្រះអង្គ និងសូមគោរពជូនពរ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានគណបក្សប្រជាជនកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត អគ្គស្នងការសមាគមកាយឫទ្ធិនារីកម្ពុជា ថ្នាក់ដឹកនាំ សមាជិក សមាជិកា ព្រឹទ្ធសភា រដ្ឋសភា មន្ត្រីរាជការ ព្រមទាំងប្រជាពលរដ្ឋនៅទូទាំងប្រទេស សូមឲ្យជួបសេចក្តីសុខ សេចក្តីចម្រើនគ្រប់ក្រុមគ្រួសារ ។ ជាពិសេស សូបឲ្យប្រទេសជាតិ ជៀសផុតនូវជំងឺឧបទ្រពចង្រៃ គ្រោះធម្មជាតិនានា សម្បូរណ៍នូវទេសចរណ៍ មានសេដ្ឋកិច្ចរីកចម្រើន សូមប្រសិទ្ធិពរជ័យដល់កងកម្លាំងប្រដាប់អាវុធជួរមុខ និងនាំមកនូវសេចក្តីសុខ សេចក្តីចម្រើនជូនប្រទេសជាតិ៕SRPដោយ ឃុត សៅ

Like 195
Comment 0
Share ចែកចាយ
Views 7.1K
Avatar photo
សៀមរាប ប៉ុស្តិ៍
១៩ ឧសភា ២០២៦

ចេញទៅរកងាវលិចទូកស្លាប់ម្ដាយនិងកូនប្រុសពីរនាក់

សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ចាត់តំណាងចូលរួមរំលែកទុក្ខគ្រួសារសពប្រជានេសាទក្នុងហេតុការណ៍លិចទូកនៅសមុទ្រខេត្តកែប

សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា នៅថ្ងៃនេះចាត់ឱ្យ លោកវេជ្ជបណ្ឌិត អ៊ុយ សំអុន នាយក នាយកដ្ឋានគ្រប់គ្រងគ្រោះមហន្តរាយ កាកបាទក្រហមកម្ពុជា និងឯកឧត្តមបណ្ឌិត សោម ពិសិដ្ឋ ប្រធានគណៈកម្មាធិការសាខា រួមជាមួយលោកជំទាវអនុប្រធានអចិន្ត្រៃយ៍សាខា សមាជិក សមាជិកាគណៈកម្មាធិការសាខា ក្រុមប្រតិបត្តិសាខា អនុសាខាក្រុង និងយុវជនកាកបាទក្រហមកម្ពុជា នាំយកថវិកាចំនួន ១៥លានរៀល និគ្រឿងឧបភោគបរិភោគ ចូលរួមរំលែកទុក្ខយ៉ាងក្រៀមក្រំបំផុតជាមួយក្រុមគ្រួសារនៃសពប្រជានេសាទចំនួន៣នាក់ ជាម្តាយ និងកូនប្រុស២នាក់ ដែលបានបាត់បង់អាយុជីវិតក្នុងហេតុការណ៍លិចទូកស្មាច់មួយគ្រឿង ខណៈចេញទៅរកងាវ នៅចំណុចឃ្លងអូរក្រសារ ស្ថិតក្នុងសង្កាត់អូរក្រសារ ក្រុងកែប ខេត្តកែប កាលពីរសៀលថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៦។

ហេតុការណ៍លិចទទូកស្មាច់ខាងលើនេះ បានកើតឡើងនៅវេលាម៉ោងប្រមាណ១២:៥០នាទីរសៀល ខណៈទូកស្មាច់មួយគ្រឿង បានចេញទៅរាវងាវ នៅមុខឃ្លងព្រែកសរសៀរ ក៏ជួបជាមួយខ្យល់ខ្លាំងបង្កជាទឹករលកធំៗ ធ្វើឱ្យលិចទូកតែម្តង។ ក្នុងព្រឹត្តិការណ៍លិចទូកនោះមានមនុស្សចំនួន៤នាក់ រួមមាន ឈ្មោះ រស់ សាម ភេទប្រុស អាយុ៤០ឆ្នាំ ជាឪពុក បានរស់រានមានជីវិត ខណៈភរិយាឈ្មោះ ណាំ ធារី អាយុ៣៨ឆ្នាំ និងកូនប្រុស២នាក់ អាយុ១០ឆ្នាំ និង៨ឆ្នាំ បានបាត់បង់ជីវិតក្រោយកើតហេតុ។ ជនរងគ្រោះទាំងអស់រស់នៅភូមិអូរក្រសារ សង្កាត់អូរក្រសារ ក្រុងកែប ខេត្តកែប។

ក្នុងវេលាដ៏សែនក្ដុកក្ដួលនេះ លោកវេជ្ជបណ្ឌិត អ៊ុយ សំអុន បាននាំនូវប្រសាសន៍ផ្តាំផ្ញើរបស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ចូលរួមសម្តែងនូវសមានទុក្ខដ៏ក្រៀមក្រំ ដោយសេចក្តីសោកស្តាយ អាណិតស្រណោះជាពន់ពេក ជាមួយក្រុមគ្រួសារនៃសព ចំពោះការ បាត់បង់ប្រពន្ធ និងកូនៗជាទីស្រឡាញ់ ប្រកបដោយកតញ្ញូតាធម៌ និងបានប្រកាន់ខ្ជាប់នូវគុណធម៌ ចរិយាធម៌ល្អ ចំពោះក្រុមគ្រួសារ ខិតខំប្រកបមុខរបរដើម្បីទ្រទ្រង់ជីវភាពគ្រួសារ។ ទន្ទឹមនោះ សម្តេចក៏បានគិតគូរដល់ជីវភាពរស់នៅបន្តរបស់គ្រួសារជនរងគ្រោះ ដោយបានណែនាំដល់ថ្នាក់ដឹកនាំសាខាកាកបាទក្រហមកម្ពុជា ខេត្តកែប និងអាជ្ញាធរពាក់ព័ន្ធ ដើម្បីពិនិត្យនិងសាងសង់លំនៅដ្ឋានសមរម្យមួយសម្រាប់ប្តីនិងកូនស្រីរបស់ជនរងគ្រោះផង។ ជាមួយគ្នា សូមអំពាវនាវដល់ប្រជាពលរដ្ឋដែលប្រកបរបរនៅលើផ្ទៃសមុទ្រ សូមបង្កើនការប្រុងប្រយ័ត្នខ្ពស់ក្នុងអំឡុងរដូវវស្សានេះ។

ក្នុងវេលាដ៏ក្រៀមក្រំនេះ សូមឧទ្ទិសបួងសួងដល់ដួងវិញ្ញាណក្ខន្ធ សពជនរងគ្រោះទាំង៣នាក់ ម្តាយ និងកូន ខាងលើ សូមបានទៅកាន់សុគតិភពកុំបីឃ្លៀងឃ្លាតឡើយ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 4.2K
Avatar photo
សៀមរាប ប៉ុស្តិ៍
១៨ ឧសភា ២០២៦

សម្តេច ម៉ែន សំអន អញ្ជើញបួងសួងសុំសេចក្តីសុខ សេចក្តីចម្រើន និងសុខសន្តិភាព ជូនដល់ព្រះរាជាណាចក្រកម្ពុជា នៅខេត្តសៀមរាប

សម្តេច​កិត្តិ​សង្គហ​បណ្ឌិត ម៉ែន សំអន ឧ​ត្ត​ម​ប្រឹក្សា​ផ្ទាល់​ព្រះមហាក្សត្រ អញ្ជើញបួងសួងសុំសេចក្តីសុខ សេចក្តីចម្រើន និងសុខសន្តិភាព ជូនដល់ព្រះរាជាណាចក្រកម្ពុជា និង​ប្រសិទ្ធិ​ពរជ័យ​ដល់​កងទ័ព​ជួរមុខ ដែលរៀបចំឡើងនៅប្រាសាទមេបុណ្យខាងកើត ប្រាសាទព្រះខណ្ឌ និងប្រាសាទអង្គរវត្ត ព្រះអង្គចេកព្រះអង្គចម ព្រះឥន្ទកោសីយ៍ និងថ្វាយភ្លេងដល់ ប្រតិមា ព្រះសិវៈរាំ (ក្រោយការផ្គុំឡើងវិញ ស្ថិតក្នុងអភិរក្សដ្ឋានអង្គរ) ខេត្តសៀមរាប ថ្ងៃចន្ទ ២កើត ខែជេស្ឋ ឆ្នាំមមី អដ្ឋស័ក ព.ស ត្រូវនឹងថ្ងៃទី ១៨ ខែឧសភា ឆ្នាំ២០២៦។

គួរ​បញ្ជាក់​ផង​ដែរ​ថា ការ​ប្រារព្ធ​ព្រះរាជ​ពិធីបួងសួង​ចម្រើន​សេចក្តីសុខ​នៅ​ប្រាសាទភ្នំដា​នេះ ជាការ​រួម​ចំណែក​ផ្សព្វផ្សាយ​ពី​វប្បធម៌​ខ្មែរ និង​សំណង់​ស្ថាបត្យកម្ម​ខ្មែរ​បុរាណ​ទៅកាន់​ពិភពលោក ក៏ដូចជា ការ​ទាក់ទាញ​ទេសចរ​ជាតិ និង​អន្តរជាតិ មក​ទស្សនា​នៅ​ប្រទេស​កម្ពុជា ជាពិសេស​ខេត្ត​សៀមរាប ។ ពិធី​នេះ​មិន​ត្រឹមតែ​ឆ្លុះបញ្ចាំង​អំពី​សីលធម៌​របស់​ប្រជាជន​ខ្មែរ ដែលមាន​ការគោរព​ដឹង​គុណ​ចំពោះ​ម្ចាស់​ទឹក​ម្ចាស់​ដី ទេវតា​រក្សា​លោក និង​បុព្វបុរស​ខ្មែរ​គ្រប់​ជំនាន់​ប៉ុណ្ណោះ​ទេ ហើយ​វា​ក៏បាន​ឆ្លុះបញ្ចាំង​ពី​ទំនៀមទម្លាប់ និង​ប្រពៃណី​ដែលជា​ផ្នែក​មួយ​ នៃ​អត្តសញ្ញាណ​ជាតិ និង​វប្បធម៌​ខ្មែរ ដែល​ប្រជាជន​តែងតែ​ប្រារព្ធ​ជារឿយមក។

សម្តេច​កិត្តិ​សង្គហ​បណ្ឌិត បាន​អញ្ជើញ​បូជា​ទៀនធូប និង​គ្រឿង​សក្ការៈនិងលេងភ្លេងថ្វាយទស្សបារមី និង​បួងសួង​ថ្វាយព្រះពរ​ជ័យ​ព្រះមហាក្សត្រ ព្រះមហាក្សត្រី ជា​សម្តេចម៉ែ សម្តេច​យាយ សម្តេច​យាយទួត មុនីនាថ សីហនុ ប្រគេន​ពរ​ដល់​ព្រះសង្ឃ​គ្រប់​ព្រះអង្គ និង​សូម​គោរព​ជូនពរ សម្តេច​អគ្គ​មហា​សេនាបតី​តេ​ជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និង​ជា​ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធាន​កាកបាទក្រហម​កម្ពុជា សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃ​កម្ពុជា លោកជំទាវ​បណ្ឌិត ពេ​ជ ចន្ទ​មុន្នី ហ៊ុន ម៉ាណែត អគ្គស្នងការ​សមាគម​កាយឫទ្ធិ​នារី​កម្ពុជា ថ្នាក់ដឹកនាំ សមាជិក សមាជិកា ព្រឹទ្ធសភា រដ្ឋសភា មន្ត្រីរាជការ ព្រមទាំង​ប្រជាពលរដ្ឋ​នៅ​ទូទាំង​ប្រទេស សូម​ឲ្យ​ជួប​សេចក្តីសុខ សេចក្តី​ចម្រើន​គ្រប់​ក្រុម​គ្រួសារ ។ ជាពិសេស សូបឲ្យប្រទេសជាតិ ជៀសផុតនូវជំងឺ​ឧបទ្រពចង្រៃ​ និងជំងឺហេបូឡា ជៀសផុតពីគ្រោះធម្មជាតិ​នានា សម្បូរណ៍នូវទេសចរណ៍ មានសេដ្ឋកិច្ចរីកចម្រើន និងសូមប្រសិទ្ធិ​ពរជ័យ​ដល់​កងទ័ព​ជួរមុខ និង​នាំមក​នូវ​សេចក្តីសុខ សេចក្តីចម្រើន​ជូន​ប្រទេសជាតិ៕SRP

Like 196
Comment 0
Share ចែកចាយ
Views 14.1K
Sponsored
Sponsored
Older posts
Newer posts
← Previous Page1 Page2 Page3 Page4 … Page669 Next →
តាមដានព័ត៌មាន
  • Telegram
  • Facebook
ព័ត៌មានថ្មីៗ
នគរបាលខេត្តសៀមរាបឃាត់ខ្លួនបុរសម្នាក់ក្រោយលួចម៉ូតូបានពីរថ្ងៃ នគរបាលខេត្តសៀមរាបឃាត់ខ្លួនបុរសម្នាក់ក្រោយលួចម៉ូតូបានពីរថ្ងៃ ចុះផ្សាយថ្ងៃទី ៣ មិថុនា ២០២៦
មេបញ្ជាការកងរាជរដ្ឋខេត្តសៀមរាប សូមគាំទ្រយ៉ាងពេញទំហឹង ចំពោះសេចក្តីថ្លែងការណ៍របស់សម្តេចធិបតី ហ៊ុន ម៉ាណែត ការសម្រេចចិត្តរបស់រាជរដ្ឋាភិបាល ក្នុងការប្តឹងតាមយន្តការផ្សះផ្សាដោយបង្ខំ ក្រោមអនុសញ្ញា UNCLOS ដើម្បីដោះស្រាយបញ្ហាដែនសមុទ្រជាមួយថៃ មេបញ្ជាការកងរាជរដ្ឋខេត្តសៀមរាប សូមគាំទ្រយ៉ាងពេញទំហឹង ចំពោះសេចក្តីថ្លែងការណ៍របស់សម្តេចធិបតី ហ៊ុន ម៉ាណែត ការសម្រេចចិត្តរបស់រាជរដ្ឋាភិបាល ក្នុងការប្តឹងតាមយន្តការផ្សះផ្សាដោយបង្ខំ ក្រោមអនុសញ្ញា UNCLOS ដើម្បីដោះស្រាយបញ្ហាដែនសមុទ្រជាមួយថៃ ចុះផ្សាយថ្ងៃទី ៣ មិថុនា ២០២៦
នាយករដ្ឋមន្ត្រី តែងតាំងលោក ហុង ចាន់សុខា ជាប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកំពង់ស្ពឺ នាយករដ្ឋមន្ត្រី តែងតាំងលោក ហុង ចាន់សុខា ជាប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកំពង់ស្ពឺ ចុះផ្សាយថ្ងៃទី ២ មិថុនា ២០២៦
ព័ត៌មានអ្នកទស្សនាច្រើន
ឃាត់ខ្លួនក្មេងទំនើង៥នាក់ នៅស្រុកសូទ្រនិគម ឃាត់ខ្លួនក្មេងទំនើង៥នាក់ នៅស្រុកសូទ្រនិគម ចុះផ្សាយថ្ងៃទី ១៩ មេសា ២០២៦
ឃាតករលើដងផ្លូវផ្ដាច់ជីវិតមនុស្សម្នាក់ជាពីកំណាត់និងពីរនាក់ទៀតរបួស ឃាតករលើដងផ្លូវផ្ដាច់ជីវិតមនុស្សម្នាក់ជាពីកំណាត់និងពីរនាក់ទៀតរបួស ចុះផ្សាយថ្ងៃទី ២៦ មេសា ២០២៦
លោកស្រី សោរ ប៊ុនណារី និង ប្ដីឈ្មោះ យិន ខាវទទួលបានសាលដីការរបស់តុលាការកំពូលរយៈពេល ១២ ឆ្នាំហើយ នៅមិនទាន់ទទួលបាន យុត្តិធម៌ពិតប្រាកដទៀត លោកស្រី សោរ ប៊ុនណារី និង ប្ដីឈ្មោះ យិន ខាវទទួលបានសាលដីការរបស់តុលាការកំពូលរយៈពេល ១២ ឆ្នាំហើយ នៅមិនទាន់ទទួលបាន យុត្តិធម៌ពិតប្រាកដទៀត ចុះផ្សាយថ្ងៃទី ២៩ មេសា ២០២៦
ទីស្នាក់ការនិពន្ធ 069382925 Telegram
×