ខេត្តសៀមរាប៖ នៅទីបំផុតក្រុមមន្ត្រីចម្រុះខេត្តសៀមរាបនៅព្រឹកមិញនេះបានសហការណ៍គ្នាចុះពិនិត្យការដ្ឋានជីកស្តារត្រពាំងក្រុះ នៅខាងក្រោមទំនប់៧៨ ស្ថិតនៅក្នុងភូមិតាចេក សង្កាត់ជ្រាវ ក្រុងសៀមរាប ។ មន្ត្រីដែលចុះទៅកន្លែងពិនិត្យនោះបានឲ្យដឹងថា ត្រពាំងក្រុះនេះ មានជម្រៅតែ១.៥ ម៉ែត្រនិងមានទំហំ ៤០ម៉ែត្រx៤០ម៉ែត្រ អាចម៍ដីដែលស្តារចេញមក គឺមិនបានយកទៅធ្វើអាជីវកម្មនោះទេ គឺយកមកធ្វើជាទំនប់បិទជុំវិញមាត់ត្រពាំងនេះ ដើម្បីរក្សាទឹកទុក ប្រើប្រាស់ នារដូវប្រាំង ហើយត្រពាំងនេះគឺជាសម្បត្តិរដ្ឋ មិនអនុញ្ញាតឲ្យបុគ្គលណា រំលោភយកធ្វើជាកម្មសិទ្ធិឯកជននោះឡើយ។ ការចុះត្រួតពិនិត្យនេះ ក្រោយមាន ព័ត៌មានតាមហ្វេសប៊ុក បង្ហោះឲ្យអាជ្ញាធរជួយពិនិត្យមើលដោយលើកឡើងថាមានបុគ្គលម្នាក់បានជីកស្តារត្រពាំងបុរាណនេះ ដោយខុសច្បាប់ និងបានបំផ្លាញព្រៃលិចទឹកជាដើម។
លោកក្អោប រ៉ន ចៅសង្កាត់ជ្រាវ បានមានប្រសាសន៍ថា ក្រុមការងារចម្រុះបានសម្រេចឲ្យថែរក្សាត្រពាំងទុកជាសម្បត្តិរដ្ឋ ដោយមិនឲ្យត្រពាំងនេះធ្លាក់ក្នុងកណ្តាប់ដៃបុគ្គលឯកជននោះឡើយ។លោកបន្តថា ក្រុមការងារបានថ្លែងអំណរគុណចំពោះអាជ្ញាធរសង្កាត់និងសប្បុរសជន ដែលបានរួមគ្នាស្តារត្រពាំងនេះឲ្យបានជ្រៅសម្រាប់ទុកទឹកឲ្យពលរដ្ឋប្រើប្រាស់និងមិនងាយបាត់បង់។ព្រោះបើសិនជាត្រពាំងរ៉ាក់ អាចនិងមានឈ្មួញឈូសឆាយលប់ទុកជាកម្មសិទ្ធិ។
បើតាមការលើកឡើង លោក សំ សារ៉េត ប្រធានការិយាល័យអភិរក្សប្រាសាទ នៃអាជ្ញាធរជាតិអប្សរា បានលើកឡើងថា ការជីកស្តារត្រពាំងនេះពុំមានផលប៉ះពាល់ ឬបាត់បង់ទ្រង់ទ្រាយដើមនៃត្រពាំងបុរាណនោះទេ ហើយការស្តារនេះ ក៏បានរួមចំណែកថែរក្សានិងគ្រប់គ្រងកុំឲ្យមានការរំលោភបំពានពីប្រជាពលរដ្ឋផងដែរ៕SRP
