ខេត្តសៀមរាប៖លោក ស៊ុំ វ៉េ ត្រូវបានប្រកាសជាស្មៀនឃុំ នៅឃុំត្រពាំងធំ ស្រុកប្រាសាទបាគង បន្ទាប់ពីស្មៀនឃុំចាស់បានទទួលមរណ:ភភាពកាលពីពេលកន្លងទៅ។
ការប្រកាសនេះធ្វើនៅព្រឹកមិញនេះ ក្រោមវត្តមានលោក នឹម សុវណ្ណ អភិបាលរងស្រុក។
លោក នឹម សុវណ្ណ បានថ្លែងថាលោកស្មៀនឃុំត្រូវខិតខំបំពេញការងារ ស្របតាមតួនាទីភារកិច្ចរបស់ខ្លួន និងតាមការណែនាំពីថ្នាក់ដឹកនាំក្នុងគោលបំណងបម្រើសេវាសាធារណៈជូនបងប្អូនប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានអោយបានល្អប្រសើរ។ ស្មៀនឃុំត្រូវធ្វើសេនាធិការដល់ក្រុមប្រឹក្សាឃុំ របស់ខ្លួនក្នុងការកាត់ត្រា និងការថែរក្សា ការពារចលនវត្ថុ និងអចលនវត្ថុទាំងអស់ដែលជាទ្រព្យសម្បត្តិសាធារណៈ និងទ្រព្យសម្បត្តិឯកជនរបស់ឃុំ។ដោយ ស្មៀនឃុំត្រូវធ្វើសេនាធិការអោយក្រុមប្រឹក្សាឃុំ ក្នុងការធ្វើសេចក្តីសម្រេច និងអនុវត្តសេចក្តីសម្រេចនានា ដោយអនុលោមទៅតាមច្បាប់ស្តីពីការគ្រប់គ្រងរដ្ឋបាលឃុំ អនុក្រឹត្យ ប្រកាស និងលិខិតបទដ្ឋាននានា ដែលបានអនុម័តដោយគណៈកម្មាធិការជាតិគាំទ្រ ឃុំ សង្កាត់។
អភិបាលរងក៏បានផ្សព្វផ្សាយពីវិធីការពារជំងឺកូវិដ១៩ សូមកុំធ្វេសប្រហែសខ្លួនអោយសោះព្រោះជំងឺនេះ កាចសាហាវណាស់វាបានរាលដាលលើពិភពលោក ដូចនេះយើងត្រូវចូលរួមការពារនិងអនាម័យអោយបានគ្រប់ៗគ្នាតាមគោលការណ៍ណែនាំ របស់ក្រសួងសុខាភិបាល ។
សូមបញ្ជាក់ថាពិធីប្រកាសនេះ មានលោកនាយករដ្ឋបាលស្រុក មន្ត្រីសាលាស្រុក មេឃុំ ក្រុមការងារថ្នាក់ស្រុកចុះជួយឃុំ មេប៉ុស្តិ៍ ប្រធានមណ្ឌលសុខភាព លោកគ្រូ អ្នកគ្រូនៃវិទ្យាល័យ និងអនុវិទ្យាល័យក្នុងឃុំ តំណាងសមាគម អង្គការក្រៅរដ្ឋាភិបាល សរុបប្រមាណ៣៧នាក់ស្រី១៩នាក់ផងដែរ៕SRP
សៀមរាប ប៉ុស្តិ៍
៨ មិថុនា ២០២០
