ខេត្តសៀមរាប៖សម្ដេច មហាមន្រ្ដី គុយ សុផល ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងព្រះបរមរាជវាំង រួមនឹងថ្នាក់ដឹកនាំក្រសួងស្ថាប័នពាក់ព័ន្ធ នៅព្រឹកថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៥ នេះ បានអញ្ជើញចុះពិនិត្យទីតាំងត្រៀមរៀបចំ ព្រះរាជពិធីបួងសួងចម្រើនសេចក្ដីសុខ ជូនដល់ព្រះរាជាណាចក្រកម្ពុជា ក្រោមព្រះរាជាធិបតីដ៏ខ្ពង់ខ្ពស់បំផុត ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា រួមនឹងវត្តមានថ្នាក់ដឹកនាំជាន់ខ្ពស់កម្ពុជាជាច្រើនរូបទៀត ដែលព្រះរាជពិធីនេះ នឹងប្រារព្ធទៅនៅថ្ងៃទី១១-១២ ខែមេសា ឆ្នាំ២០២៥ នៅខាងមុខប្រាសាទអង្គរវត្ត។
ក្នុងឱកាសចុះពិនិត្យនោះ សម្ដេច មហាមន្រ្ដី គុយ សុផល បានបង្ហាញថា ការជ្រើសរើសមុខប្រាសាទអង្គរវត្ត ធ្វើជាទីតាំងសម្រាប់ប្រារព្ធព្រះរាជពិធីនេះដោយសារតែទីតាំងនោះ មានទំនាក់ទំនងគ្នាយ៉ាងជិតស្និទ្ធរវាងកេរដំណែលប្រវត្តិសាស្ត្រ និងព្រលឹងបុព្វបុរសខ្មែរ។ អង្គរវត្ត ជាទឹកដីដ៏ស័ក្ដិសិទ្ធនៃព្រលឹងបុព្វបុរសខ្មែរ និងជាទីតាំងដ៏រុងរឿងនៃប្រទេសខ្មែរកាលពីសម័យបុរាណ។ ដូច្នេះទីតាំងនៅទីនោះមានអំណោយផលល្អសម្រាប់ការប្រារព្ធព្រះរាជពិធីនេះបួងសួងចម្រើនសេចក្តីសុខជូនដល់ព្រះរាជាណាចក្រកម្ពុជា។ ហើយព្រះរាជពិធីនេះដែរ នឹងក្លាយជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រមួយរបស់កម្ពុជាថែមទៀតផង។
សម្ដេច មហាមន្រ្ដី បង្ហាញទៀតថា ព្រះរាជពិធីនេះមិនត្រឹមតែឆ្លុះបញ្ចាំងអំពីសីលធម៌របស់ប្រជាជនខ្មែរដែលមានការគោរពដឹងគុណចំពោះម្ចាស់ទឹកម្ចាស់ដី ទេវតារក្សាលោក និងបុព្វបុរសខ្មែរគ្រប់ជំនាន់ប៉ុណ្ណោះទេ ហើយវាក៏បានឆ្លុះបញ្ចាំងពីទំនៀមទម្លាប់ និងប្រពៃណីដែលជាផ្នែកមួយនៃអត្តសញ្ញាណជាតិ និងវប្បធម៌ខ្មែរ ដែលប្រជាជនតែងតែប្រារព្ធធ្វើតាមស្រុកតាមភូមិនីមួយៗ។
សម្ដេច មហាមន្រ្ដី ជឿជាក់ថា ការប្រារព្ធព្រះរាជពិធីនេះនៅទីនេះ ក៏ជាការរួមចំណែកផ្សព្វផ្សាយពីវប្បធម៌ខ្មែរ និងសំណង់ស្ថាបត្យកម្មខ្មែរបុរាណទៅកាន់ពិភពលោក ក៏ដូចជាការទាក់ទាញទេសចរជាតិ និងអន្តរជាតិមកទស្សនានៅប្រទេសកម្ពុជាផងដែរ។ ក្នុងន័យនេះ សូមឱ្យក្រសួងស្ថាប័នពាក់ព័ន្ធ ត្រូវយកចិត្តទុកដាក់ និងសហការជិតស្និទ្ធ ដើម្បីបំពេញភារកិច្ចទៅតាមមុខជំនាញឯកទេសរបស់ខ្លួនឆ្ពោះទៅសម្រេចលទ្ធផលល្អប្រសើរលើការងារសន្តិសុខសណ្ដាប់ធ្នាប់ បដិសណ្ឋារកិច្ច ទីតាំង ពេលវេលា និងសកម្មភាពពាក់ព័ន្ធសំខាន់ៗក្នុងពេលប្រារព្ធព្រះរាជពិធី៕SRP
អត្ថបទ និងរូបភាព៖ លោក អ៊ុន ណារាជ្យ មន្ទីរព័ត៌មានខេត្តសៀមរាប


ខេត្តសៀមរាប៖ឯកឧត្តម ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានខេត្តសៀមរាប បានថ្លែងជម្រុញដល់អាជ្ញាធរខេត្តសៀមរាប ត្រូវយកចិត្តទុកដាក់ខ្ពស់លើហេដ្ឋារចនាសម្ព័ន្ធ និងផ្លូវទាំង៣៨ ដែលជាអំណោយរបស់រាជរដ្ឋាភិបាល ផ្តល់ជូនដល់ខេត្ត សៀមរាប ក្នុងការបម្រើដល់វិស័យទេសចរណ៍ ដែលបច្ចុប្បន្ននេះភ្ញៀវទេសចរណ៍បានកំពុងមានការកើនឡើងវិញផងដែររ។
ពិធីនេះនៅសាលសន្និសីទសុខាសៀមរាប ឯកឧត្តម ប្រាក់ សោភ័ណ អភិបាលខេត្តសៀមរាប បានបញ្ជាក់ថា ក្រុមការងារចុះមូលដ្ឋានដើរតួនាទីយ៉ាងសំខាន់ក្នុងការជួយគាំទ្រ ទាំងបច្ចេកទេស និងធនធានដល់រដ្ឋបាលថ្នាក់ក្រោមជាតិ លើការអនុវត្ត គោលនយោបាយជាយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ ដើម្បីកំណើន ការងារ សមធម៌ ប្រសិទ្ធភាព និងចីរភាព ដែលមានការកែទម្រង់ និងការពង្រឹងអភិបាលកិច្ចជាស្នូល ដោយកំណត់អាទិភាពជាគន្លឹះចំនួន៥គឺ៖ (មនុស្ស ផ្លូវ ទឹក ភ្លើង និងបច្ចេកវិទ្យា) សំដៅការពារ ថែរក្សា ពួនជ្រំសមិទ្ធផលជាតិ ជម្រុញសន្ទុះកំណើនសេដ្ឋកិច្ច ធ្វើឲ្យប្រទេស កម្ពុជា ប្រែក្លាយជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់ នៅឆ្នាំ២០៣០ និង កសាងមូលដ្ឋានឆ្ពោះទៅសម្រេចចក្ខុវិស័យកម្ពុជា ឆ្នាំ២០៥០ ប្រែក្លាយជាប្រទេសមានចំណូលខ្ពស់៕SRP