Skip to content
Siem Reap Post
  • ព័ត៌មានជាតិ
  • ព័ត៌មានអន្តរជាតិ
  • ទូរស័ព្ទ: 069382925/ 0886737999
នៅសុខៗ អភិបាលស្រុកថ្មពួក បញ្ចប់ក្រុមហ៊ុនប្រមូលសំរាម ដាក់ក្រុមហ៊ុនថ្មី យ៉ាងប្រញាប់ប្រញាល់
កម្ពុជា-វៀតណាម ប្ដេជ្ញាជំរុញកំណើនទំហំពាណិជ្ជកម្មទ្វេទិស ឱ្យដល់គោលដៅ២០ពាន់លានដុល្លារ
ប្រមុខរដ្ឋាភិបាល​ កម្ពុជា -វៀតណាម- ឡាវ សង្កត់ធ្ងន់លើសារៈសំខាន់នៃទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងបី សម្រាប់ការអភិវឌ្ឍ និងការរក្សាសន្តិភាព ស្ថិរភាពក្នុងតំបន់
មេប៉ូលិសកម្ពុជា ប្ដេជ្ញាចិត្តខ្ពស់ និងបញ្ជាកម្លាំងនគរបាលជាតិ ត្រូវតែបោសសម្អាតបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាឲ្យអស់ពីកម្ពុជា
សម្តេចតេជោ ផ្តាំផ្ញើឱ្យបងប្អូនទាំងអស់ បន្តរឹតចំណងសាមគ្គីភាពក្នុងចំណោមខ្មែរនិងខ្មែរនៅក្រៅប្រទេសឱ្យកាន់តែរឹងមាំ
Avatar photo
សៀមរាប ប៉ុស្តិ៍
៣ មីនា ២០២៣

បុរសម្នាក់បានចូលសារភាពកំហុស នៅនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ បន្ទាប់ពីបាញ់សម្លាប់ប្រពន្ធដែលមានកូន៤ខែក្នុងផ្ទៃ ព្រោះតែរឿងប្រចណ្ឌ។

មន្ត្រីនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ បានឲ្យដឹងថា ជនរងគ្រោះ ឈ្មោះ ម៉ៃ គន្ធា អាយុ៣៨ឆ្នាំ មុខរបរនៅផ្ទះ។ ចំណែកជនដៃដល់ជាប្ដីឈ្មោះ យ័ន គុយហេង អាយុ៣០ឆ្នាំ មុខរបរអ្នកគួកជេររថយន្ដ។

មន្ត្រីនគរបាលបន្តថានៅចំពោះមុខកម្លាំងសមត្ថកិច្ចជំនាញ ជនដៃដល់បានសារភាពថា មូលហេតុដែលខ្លួនបាញ់សម្លាប់ប្រពន្ធ គឺដោយសារតែរឿងប្រចណ្ឌ។

ករណីឃាតកម្មនេះសមត្ថកិច្ចរកឃើញសំបកគ្រាប់កាំភ្លើងចំនួន៣សំបក, គ្រាប់កាំភ្លើងចំនួន៣៣គ្រាប់, បង់កាំភ្លើងចំនួន២, ក្បាលគ្រាប់កំពិត១ និង​បំណែកសំណរក្បាលគ្រាប់ (ពណ៌ទង់ដែង និងពណ៌ទឹកប្រាក់) ព្រមទាំងសម្ភារមួយចំនួនទៀត។ ក្រោយពិនិត្យសាកសព សមត្ថកិច្ចបានប្រគល់ជូនក្រុមគ្រួសារដើម្បីយកទៅធ្វើបុណ្យតាមប្រពៃណី។

បច្ចុប្បន្នជនសង្ស័យត្រូវបាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ កសាងសំណុំរឿងដើម្បីចាត់ការបន្ដតាមនីតិវិធី។

សូមបញ្ជាក់ថា ហេតុការណ៍បានកើតឡើងនៅរសៀលថ្ងៃទី០២ ខែមីនា ឆ្នាំ២០២៣ ចំណុចផ្ទះល្វែងភូមិកណ្ដាល សង្កាត់រលួស ខណ្ឌដង្កោ រាជធានីភ្នំពេញ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 0
Avatar photo
សៀមរាប ប៉ុស្តិ៍
២ មីនា ២០២៣

បុរសជាប្ដីដែលសង្ស័..យជាឃាត..ករដែលបាញ់សម្លា..ប់ប្រពន្ធខ្លួនឯងកាលពីរសៀលថ្ងៃនេះ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន ក្រោយចូលខ្លួនឲ្យសមត្ថកិច្ចចាប់។

ករណីបាញ់សម្លាប់ប្រពន្ធខ្លួនឯង កើតឡើងនៅរសៀលថ្ងៃទី២ ខែមីនា ឆ្នាំ២០២៣ បណ្តាលឲ្យស្លាប់នៅក្នុងថ្លុកឈាម ក្នុងផ្ទះលេខ ១៦៨ ស្ថិតនៅបុរីពិភពថ្មី (គួរស្រូវ៣) ផ្លូវ KS3 ភូមិកណ្តាល សង្កាត់រលួស ខណ្ឌដង្កោ។

ជនសង្ស័យ បានចូលខ្លួនសារភាពនៅនាយកដ្ឋាននគរបាលព្រហ្មទណ្ឌនៃក្រសួងមហាផ្ទៃ។ ការចូលខ្លួនសារភាពនៅកន្លែងសមត្ថកិច្ច គឺបន្ទាប់ពីជនសង្ស័យបានធ្វើការបាញ់សម្លាប់ប្រពន្ធខ្លួនឯងចំនួនពីរគ្រាប់។

ស្ត្រីរងគ្រោះមានឈ្មោះ ម៉ៃ សុគន្ធា អាយុ ៣៤ឆ្នាំ មានមុខរបរជាងសាឡន ត្រូវគ្រាប់កាំភ្លើងចំនួន២គ្រាប់។ ទោះជាយ៉ាងណាសមត្ថកិច្ចមិនទាន់បញ្ជាក់អំពីមូលហេតុករណីនេះនៅឡើយ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 100
Avatar photo
សៀមរាប ប៉ុស្តិ៍
២ មីនា ២០២៣

ភ្នំពេញ៖លោកបណ្ឌិត ហ៊ុន ម៉ាណែត បានលើកទឹកចិត្តដល់ក្រុមហ៊ុនអាមេរិកទាំងអស់ឱយបន្តវិនិយោគ និងធ្វើធុរកិច្ច នៅកម្ពុជាដែលជាប្រទេសកំពុងអភិវឌ្ឍន៍ក្នុងល្បឿន យ៉ាងលឿនស្ទើរគ្រប់វិស័យ។

ការលើកទឹកចិត្តនេះ ក្នុងឱកាសអនុញ្ញាត ឲ្យគណៈប្រតិភូក្រុមប្រឹក្សាធុរកិច្ចអាមេរិកអាស៊ាន ដឹកនាំដោយលោក Michael Malacka ឯកអគ្គរដ្ឋទូត ជាអនុប្រធាន និងនាយកប្រតិបត្តិប្រចាំតំបន់ ចូលជួបពិភាក្សាការងារធុរកិច្ច និងវិនិយោគ នៅសណ្ឋាគារ Hyatt Regency រាជធានីភ្នំពេញ នៅដើមសប្តាហ៍នេះ។

លោកបណ្ឌិត ហ៊ុន ម៉ាណែត បានសម្ដែងនូវ ការស្វាគមន៍យ៉ាងកក់ក្តៅដល់គណៈប្រតិភូក្រុមប្រឹក្សាធុរកិច្ចអាមេរិកអាស៊ាន ដែលបានដឹកនាំក្រុមការងារ ដែលជាក្រុមហ៊ុនរបស់សហរដ្ឋអាមេរិកមកទស្សនកិច្ចជារៀងរាល់ឆ្នាំនៅកម្ពុជា ដើម្បីផ្តល់ដំណោះស្រាយធុរកិច្ច និងបង្កើនឱកាសវិនិយោគពីអាមេរិកមកកម្ពុជា។

លោកបណ្ឌិត ក៏បានលើកទឹកចិត្តបន្ថែមទៀតដល់ក្រុមហ៊ុនអាមេរិកទាំងអស់ឱយបន្តវិនិយោគ និងធ្វើធុរកិច្ច នៅកម្ពុជាដែលជាប្រទេសកំពុងអភិវឌ្ឍន៍ក្នុងល្បឿន យ៉ាងលឿនស្ទើរគ្រប់វិស័យ។

ក្នុងឱកាសជាមួយគ្នានោះដែរ ឯកអគ្គរដ្ឋទូត Michael Malacka អនុប្រធាន និងនាយកប្រតិបត្តិប្រចាំតំបន់ របស់ក្រុមប្រឹក្សាធុរកិច្ចអាមេរិក-អាស៊ាន ក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់ លោកបណ្ឌិត ហ៊ុន ម៉ាណែត ដែលបានផ្តល់ឱកាសលើកដំបូងបំផុតដល់គណៈប្រតិភូក្រុមប្រឹក្សាធុរកិច្ចបានជួបសំដែងការគួរសម និងពិភាក្សាការងារ បន្ទាប់ពីលោកត្រូវបានគណៈកម្មាធិការកណ្តាល នៃគណបក្សប្រជាជនកម្ពុជា ផ្តល់សេចក្តីទុកចិត្ត ជ្រើសតាំង ជាបេក្ខភាពនាយករដ្ឋមន្ត្រី បន្តវេន នាពេលអនាគត។

លោកឯកអគ្គរដ្ឋទូតក៏បានអបអរសាទរកម្ពុជាដែលបានទទួលជោគជ័យយ៉ាងធំធេងជាប្រវត្តិសាស្ត្រ ក្នុងការរៀបចំកិច្ចប្រជុំកំពូលអាស៊ាន កិច្ចប្រជុំកំពូលអាស៊ាន-អាមេរិក និងកិច្ចប្រជុំពាក់ពន្ធ័ផ្សេងៗទៀតកាលពីឆ្នាំ២០២២ កន្លងទៅ ដែលនេះបាននាំកិច្ចទំនាក់ទំនងអាមេរិក-កម្ពុជាឱយ កាន់តែជិតស្និទ្ធទ្វេឡើងថែមទៀត។ ជាមួយគ្នានោះ លោក ម៉ៃឃើល មីឆាឡាក់ ក៏បានគោរពជូនពរកម្ពុជា ឲ្យទទួលបានជោគជ័យ ក្នុងការធ្វើជាម្ចាស់ផ្ទះស៊ីហ្គេម និង ការបោះឆ្នោតជាសកលនៅក្នុងខែកក្កដាខាងមុខ ។

លោកឯកអគ្គរដ្ឋទូតក៏បានរាយការណ៍ជូន លោកបណ្ឌិត ហ៊ុន ម៉ាណែត ផង ដែរថា៖ ក្រុមប្រឹក្សាធុរកិច្ចអាមេរិក-អាស៊ាន មានអាយុកាលជាង ៣៧ឆ្នាំហើយ និងមានសមាជិកដែលជាក្រុមហ៊ុនយក្សអាមេរិកជាង ១៨០ ក្រុមហ៊ុន (Fortune 500 Companies) បានទទួលការសម្របសម្រួល និងជួយជ្រោមជ្រែងដល់ការធ្វើធុរកិច្ច និងវិនិយោគនៅអាស៊ាន ហើយនាពេលនេះ ក្រុមហ៊ុនជាងដប់ បានចូលរួមជាមួយគណៈប្រតិភូ ដើម្បីពង្រីកការធ្វើធុរកិច្ច និងវិនិយោគនៅកម្ពុជា ជាពិសេសជួយដល់ផែនការងើបឡើងវិញនៃសេដ្ឋកិច្ចកម្ពុជា, បច្ចេកវិទ្យា និងនវានុវត្តន៍, លទ្ធភាពទទួលហិរញ្ញប្បទាន របស់ SME, ថាមពល និងហេដ្ឋារចនាសម្ព៍ន្ធ, ផលិតផលដែលមានតម្លៃបន្ថែមខ្ពស់, និងការបណ្តុះបណ្តាលធនធានមនុស្ស, យុវជននិង SME ។ល។

ក្រុមហ៊ុនទាំងអស់ក៏បានគោរពរាយការណ៍ជូន លោកបណ្ឌិត និងថ្នាក់ដឹកនាំ នូវបទពិសោធន៍ បច្ចុប្បន្នភាពការងារ និងសំណូមពរមួយចំនួន ដើម្បីលោកបណ្ឌិតបានជ្រាបពីស្ថានភាពជាក់ស្តែងរបស់ការធ្វើធុរកិច្ច និងវិនិយោគរបស់ក្រុមហ៊ុនទាំងអស់៕SRP

Like 195
Comment 0
Share ចែកចាយ
Views 0
Sponsored
Sponsored
Avatar photo
សៀមរាប ប៉ុស្តិ៍
២ មីនា ២០២៣

ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក បានទទួលជួបសំណេះសំណាល និងពិភាក្សាការងារជាមួយនឹង ឯកឧត្តម Victor Oh សមាជិកព្រឹទ្ធសភាកាណាដា នៅថ្ងៃទី២ ខែមីនា ឆ្នាំ២០២៣ នៅទីបញ្ជាការកងទ័ពជើងគោក នៃកងយោធពលខេមរភូមិន្ទ។

ឯកឧត្តម Victor Oh សមាជិកព្រឹទ្ធសភាកាណាដា អញ្ជើញមកបំពេញទស្សនកិច្ចនៅព្រះរាជាណាចក្រកម្ពុជា តាមការអញ្ជើញរបស់ការិយាល័យតំណាងសភាពាណិជ្ជកម្មកម្ពុជាប្រចាំទីក្រុង Toronto ប្រទេសកាណាដា។

ក្នុងជំនួបនេះ ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត បានសម្តែងនូវការស្វាគមន៍ចំពោះការអញ្ជើញមកបំពេញទស្សនកិច្ចរបស់ ឯកឧត្តម Victor Oh និងបានរំឭកអំពីទំនាក់ទំនងដ៏យូរអង្វែងរវាងកម្ពុជា-និងកាណាដា ជាពិសេសការចូលរួមរបស់កាណាដានៅក្នុងដំណើរការសន្តិភាព និងការអភិវឌ្ឍរបស់ប្រទេសកម្ពុជា ដូចជាតាមរយៈការផ្តល់ប្រព័ន្ធអនុគ្រោះពន្ធ GSP ជាដើម។

ជាមួយគ្នានេះ ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត ក៏បានលើកឡើងផងដែរអំពីសក្តានុពលនៃកិច្ចសហប្រតិបត្តិការទ្វេភាគីលើវិស័យជាច្រើន រួមមាន៖ វិស័យយោធា, ពាណិជ្ជកម្ម, វិនិយោគ, អប់រំ, ទេសចរណ៍ និងការងារ សំដៅធ្វើយ៉ាងណាផ្សារភ្ជាប់ទំនាក់ទំនងឱ្យកាន់តែជិតស្និទ្ធរវាងប្រទេស និងប្រជាជនទាំងពីរ ជាពិសេសតាមរយៈការជំរុញឱ្យមានការផ្លាស់ប្តូរទស្សនកិច្ចដើម្បីស្វែងយល់អំពីស្ថានភាពពិតនៃវឌ្ឍនភាពរីកចម្រើនរបស់ប្រទេសកម្ពុជា ដូចទស្សនកិច្ចរបស់សមាជិកព្រឹទ្ធសភាកាណាដា នាឱកាសនេះ។

ជាការឆ្លើយតប ឯកឧត្តម Victor Oh បានអរគុណចំពោះទស្សនវិស័យរបស់ ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អំពីសក្តានុពលនៃទំនាក់ទំនងទ្វេភាគីកាណាដា-កម្ពុជា និងបានគូសបញ្ជាក់អំពីចំណងមិត្តភាពរឹងមាំរវាងរដ្ឋាភិបាល, ប្រជាជន និងប្រទេសទាំងពីរ ដោយក្នុងនេះ កាណាដាក៏ជាប្រទេសដ៏ធំមួយដែលនាំចូលទំនិញពីកម្ពុជា។ ឯកឧត្តម ក៏បានឯកភាពជាមួយនឹង ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត ក្នុងការផ្តោតកិច្ចខិតខំប្រឹងប្រែងបន្ថែមទៀត លើការជំរុញឱ្យកាន់តែសកម្មនូវទំនាក់ទំនងរវាងប្រជាជន និងប្រជាជន ដែលជាមូលដ្ឋានគ្រឹះបម្រើឱ្យការលើកកម្ពស់ទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការល្អលើគ្រប់វិស័យ។

ក្រៅពីនេះ ភាគីទាំងពីរ ក៏បានពិភាក្សា និងផ្លាស់ប្តូរទស្សនៈអំពីបញ្ហាអន្តរជាតិមួយចំនួន ជាពិសេសអំពីសារៈសំខាន់នៃគោលការណ៍អធិបតេយ្យរដ្ឋ, ការគោរពគ្នាទៅវិញទៅមក និងភាពចាំបាច់នៃការស្វែងរកដំណោះស្រាយដោយសន្តិវិធី ដើម្បីដោះស្រាយវិបត្តិដែលកំពុងកើតមាននៅក្នុងតំបន់ និងសកលលោក៕SRP

Like 195
Comment 0
Share ចែកចាយ
Views 0
Avatar photo
សៀមរាប ប៉ុស្តិ៍
២ មីនា ២០២៣

ខេត្តសៀមរាប៖ករណីស្ត្រីម្នាក់ចងកសម្លាប់ខ្លួនដែលបង្កឲ្យមានការភ្ញាក់ផ្អើល គឺផ្ដើមចេញដោយសារតូចចិត្តប្ដីដែលជាអ្នករត់ម៉ូតូឌុបដឹកម៉ូយស្រីៗ។

របាយការណ៍សមត្ថកិច្ច អង្គភាពសៀមរាប ប៉ុស្ដិ៍ ទទួលបាននៅព្រឹកនេះ បានបង្ហាញថាជនរងគ្រោះឈ្មោះ ព្រុំ គន្ធា   ភេទស្រី អាយុ២៥ឆ្នាំ មុខរបរមេផ្ទះ មានទីលំនៅបច្ចុប្បន្ន: បន្ទប់ជួលក្រុមទី២ ភូមិតាវៀន  សង្កាត់សាលាកំរើក  ក្រុងសៀមរាប។

របាយការណ៍បន្តថាយោងតាមការបំភ្លឺពីប្ដីឈ្មោះ ឈុន ឆៃណារ៉ុង  ភេទប្រុស អាយុ២៨ឆ្នាំ មានមុខរបររត់ម៉ូតូឌុប បានរៀបរាប់អោយដឹងថា៖ នៅកំឡុងឆ្នាំ ២០២២ រូបខ្លួនបានរស់នៅជាមួយប្រពន្ធ (សព) ដោយធ្វើការសែនព្រែន ហើយប្រពន្ធរបស់ខ្លួនក៏បានមានផ្ទៃពោះ ប៉ុន្តែត្រូវបានរលូតវិញផងដែរ។ លុះមកដល់ខែកុម្ភៈ ឆ្នាំ២០២៣ រូបខ្លូននឹងប្រពន្ធក៏បានមានការឈ្លោះប្រកែកគ្នាជារឿយ រឿងប្រពន្ធរបស់ខ្លួនប្រចណ្ឌខ្លួននឹងម៉ូយជាមនុស្សស្រីដែលខ្លួនតែងដឹក ប៉ុន្តែរឿងនេះត្រូវបានដោះស្រាយគ្នាចប់សព្វគ្រប់ហើយ។ រហូតដល់ថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៣ ខណៈពេលដែលម៉ូយ ជាមនុស្សស្រី ដែលតែងតែជិះម៉ូតូឌុបរបស់ខ្លួន បានតេមកតាមរយ:ទូរស័ព្ទ ពេលនោះ ប្រពន្ធរបស់ខ្លួន ក៏បានឃើញ នឹងអោយខ្លួនចុចលើក ហើយអោយគេអ្នកនិយាយ មួយសន្ទុះក៏បានបានឈ្លោះប្រកែកគ្នា ជាមួយរូបខ្លួនតែម្ដង។ បន្ទាប់ពីឈ្លោះប្រកែកគ្នា បានមួយសន្ទុះ ប្រពន្ធរបស់ខ្លួន ក៏បានលោតចុះពីឡៅតឿកម្ពស់ប្រហែល២ម៉ែត្រនៅក្នុងបន្ទប់គេងនោះមកក្រោម ប៉ុន្តែពុំមានរបួសអ្វីនោះឡើយ ភ្លាមនោះរូបខ្លួន ក៏បាននាំប្រពន្ធទៅពិនិត្យស្កេនជើងនៅមន្ទីរពេទ្យបង្អែកខេត្តសៀមរាប ប៉ុន្តែពុំទាន់បានស្កេនផង ប្រពន្ធរបស់ខ្លួនក៏បានសុំមកបន្ទប់ជួលវិញ។ ក្រោយមករូបខ្លួននឹងប្រពន្ធក៏ស្រាប់តែមានការឈ្លោះប្រកែកគ្នា រកាំរកុះគ្នាជាច្រើនលើកច្រើនសារថែមទៀតផង។

របាយការណ៍បញ្ជាក់ថានៅថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០២៣ វេលាម៉ោង៧ព្រឹក រូបខ្លួនបានបានធ្វើដំណើរទៅវត្តត្រាំនាគ ដើម្បីស្វែងរកគ្រូមើលប្រពន្ធ ហើយដល់វេលាម៉ោង៩ មិត្តភ័ក្តរបស់ខ្លួនឈ្មោះ ម៉ាប់ និងស្រស់ បានតេមកប្រាប់រូបខ្លួនថា ប្រពន្ធរបស់ខ្លួនបានលេបថ្នាំសម្លាប់ខ្លួន ពេលនោះរូបខ្លួនក៏បានជិះម៉ូតូត្រឡប់មកបន្ទប់ជួលវិញ ក៏ស្រាប់តែបានឃើញប្រពន្ធរបស់ខ្លួនមានសភាពបែកពពុះមាត់ រួចរូបខ្លួននឹងមិត្តភ័ក្តបានដឹកប្រពន្ធយកទៅសង្គ្រោះនៅមន្ទីរពេទ្យទាន់ពេល បន្ទាប់មកក៏បានដឹកប្រពន្ធរបស់ខ្លួនយកបន្ទប់ជួលវិញ។ លុះដល់វេលាម៉ោង ១៣,០០នាទី ពេលនោះរូបខ្លួន បានកំពុងតែនៅតាមផ្លូវចេញពីវត្ត ក៏ប្រពន្ធ របស់ខ្លួនតេទៅខ្លួន នឹងបានជេររូបខ្លួនថែមទៀត ប៉ុន្តែរូបខ្លួនពុំបានតបតនោះទេ រួចក៏បានចុចបិតទូរស័ព្ទ ហើយចាប់ពីពេលនោះមកក៏ពុំបានទាក់ទងគ្នាទៀតឡើយ។ រហូតដល់វេលាម៉ោង ១៨ ស្រាប់តែ មានអ្នកជិតខាងបានតេទូរស័ព្ទប្រាប់ថាប្រពន្ធរបស់ខ្លួន បានចងកសម្លាប់ខ្លួនបាត់ទៅហើយ ទើបរូបខ្លួនបានជិះម៉ូតូសំដៅទៅបន្ទប់ជួលវិញ បានឃើញប្រពន្ធរបស់ខ្លួន បានចងកស្លាប់បាត់ទៅហើយ រួចក៏មានអ្នកក្បែរនោះរាយការណ៍ទៅអាជ្ញាធរមូលដ្ឋានតែម្ដងទៅ។

យោងតាមការបំភ្លឺពីប្ដីនិងការពិនិត្យសពនិង ផ្អែកតាមលោកគ្រូពេទ្យកោសល្យវិច្ច័យ បានបញ្ជាក់ថា ជនរងគ្រោះស្លាប់ដោយធ្វើអត្តឃាតចងក (វិបត្តិផ្លូវចិត្ត)។

សូមបញ្ជាក់ថា ករណីនេះកើតឡើងនៅចំណុចបន្ទប់ជួល ក្រុមទី២ ភូមិតាវៀន  សង្កាត់សាលាកំរើក ក្រុងសៀមរាប  នៅថ្ងៃទី០១  ខែមីនា ឆ្នាំ២០២៣ ដោយយកខ្សែចងគោពណ៌ស ធ្វើសកម្មភាពចងកនឹងធ្នឹមបន្ទប់ដេកមានកំពស់២,៣៧ម៉ែត្រ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 0
Avatar photo
សៀមរាប ប៉ុស្តិ៍
២ មីនា ២០២៣

ខេត្តកំពង់ចាម​៖អាជ្ញាធរខេត្តកំពង់ចាម នៅថ្ងៃទី០១ ខែមីនា ឆ្នាំ២០២៣ បានដឹកនាំកិច្ចប្រជុំ រៀបចំផែនការទទួលភ្លើងគប់កីឡា នៃព្រឹត្តិការណ៍ស៊ីហ្គេមលើកទី ៣២ និងអាស៊ានប៉ារ៉ាហ្គេមលើកទី ១២ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ ឆ្នាំ២០២៣។

កិច្ចជុំនេះ មានការអញ្ជើញចូលរួម ពីលោកស្រី ជាប្រធាន អនុប្រធានមន្ទីរ អង្គភាពស្ថាប័ន កងកម្លាំងទាំង ៣ លោកអភិបាល ក្រុង/ស្រុក ទាំង ១០ និង មន្ត្រីពាក់ព័ន្ធ ជាច្រើនអ្នក ផងដែរ។

បើតាម លោក ខ្លូត ចិន្តា អភិបាលរងខេត្តកំពង់ចាម បានឲ្យដឹងថា នៅថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៣ ខាងមុខនេះ មានការរៀបចំពិធីបួងសួងសុំភ្លើងព្រះអគ្គី នៅក្នុងបរិវេណជុំវិញអង្គរតូច នៅខេត្តសៀមរាប។ លុះដល់ថ្ងៃទី២២ ខែឆ្នាំដដែល និងមានការដង្ហែរភ្លើងព្រះអគ្គីនេះ ឆ្ពោះទៅកាន់ប្រទេសអាស៊ានទាំង ១០ រហូតដល់ថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៣ និងដង្ហែរភ្លើងព្រះអគ្គី មកដល់ប្រទេសកម្ពុជាវិញ មករក្សានៅខេត្តស្ទឹងត្រែង មួយយប់។ លុះដល់ថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៣ ទើបបន្តដង្ហែរចេញពី ខេត្តស្ទឹងត្រែង កាត់តាមខេត្តក្រចេះ ខេត្តត្បូងឃ្មុំ ខេត្តកំពង់ចាម និងខេត្តកណ្ដាល ឆ្ពោះទៅកាន់រាជធានីភ្នំពេញ។

លោកអភិបាលរងខេត្ត បានបញ្ជាក់ដែរថា ក្បួនដង្ហែរភ្លើងគប់កីឡា ឆ្លងកាត់ពីខេត្តស្ទឹងត្រែង មកខេត្តកំពង់ចាមយើងនេះ គឺក្បួនដង្ហែរគ្រាន់តែបន្ថយល្បឿន នៅទីតាំងដែលខេត្តនីមួយៗ បានរៀបចំ ដើម្បី អបអរសាទរ ក្នុងការដង្ហែរព្រះអគ្គីនេះ ឆ្ពោះទៅកាន់រាជធានីភ្នំពេញ។ ក្នុងការដង្ហែរក្បួនព្រះអគ្គីនេះដែរ សម្រាប់ខេត្តកំពង់ចាម ត្រូវឆ្លងកាត់ ៥ក្រុង ស្រុក ក្នុងនោះមាន ៖ ក្រុងកំពង់ចាម ស្រុកកំពង់សៀម ស្រុកព្រៃឈរ ស្រុកជើងព្រៃ និងស្រុកបាធាយ។

ក្នុងឱកាសដឹកនាំកិច្ចប្រជុំនេះ លោកអ៊ុន ចាន់ដា អភិបាលខេត្តបានបញ្ជាក់ថា ខេត្តកំពង់ចាម មិនបានរៀបចំធ្វើជាម្ចាស់ផ្ទះ ក្នុងប្រកួតកីឡាស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេមទេ ពោលគឺ ភ្លើងគប់នេះ គ្រាន់តែដង្ហែរឆ្លងកាត់ ខេត្តកំពង់ចាម ប៉ុណ្ណោះ។ ប៉ុន្តែ ទោះជាយ៉ាងនោះក្តី ខេត្តយើង ក៏ត្រូវមានការទទួលបដិសណ្ឋារកិច្ច នៃក្បួនដង្ហែរភ្លើងគប់ ចំនួន ២លើក នៅតាមបណ្ដាស្រុកដែលជាប់ដងផ្លូវជាតិលេខ ៦ និងផ្លូវជាតិលេខ ៧។ ដូច្នេះ ហើយបានជា យើងត្រូវត្រៀមលក្ខណៈសម្បត្តិទុកជាមុនឲ្យហើយ ដើម្បី ឲ្យសក្ដិសមថា ប្រទេសយើងបានធ្វើជាម្ចាស់ផ្ទះ ក្នុងការទទួលបដិសណ្ឋារកិច្ចភ្ញៀវ ក៏ដូចជា ក្រុមកីឡាក មកពីបណ្ដាប្រទេសអាស៊ានទាំង ១០ ដើម្បី ជម្រុញធ្វើឲ្យកិច្ចដំណើរការ នៃប្រកួតកីឡាស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម នាឆ្នាំ២០២៣ នេះ ទទួលបានជោគជ័យ និងបានលើកកម្ពស់មុខមាត់ ជូនដល់ប្រទេសជាតិរបស់យើង ផងដែរ។

អភិបាលខេត្ត ក៏បានស្នើដល់អាជ្ញាធរ ក្រុង ស្រុក និងសមត្ថកិច្ចដែលពាក់ព័ន្ធក្នុងមូលដ្ឋាន ត្រូវរៀបចំមហាជនទទួលបដិសណ្ឋារកិច្ចភ្ញៀវ និងការថែរក្សាអនាម័យបរិស្ថាននៅតាមដងផ្លូវ ក៏ដូចជា ការរៀបចំសន្តិសុខសណ្ដាប់ធ្នាប់ និងការសម្រួលចរាចរណ៍ នៅតាមដងផ្លូវសាធារណៈ នៃភូមិសាស្ត្រ ដែលមានការពាក់ព័ន្ធ ដើម្បី ឲ្យកិច្ចដំណើរការដង្ហែរព្រះអគ្គីឆ្លងកាត់របស់យើង ទទួលបានលទ្ធផលល្អប្រសើរ ខណៈពេលដែល ខេត្តរបស់យើង ត្រូវទទួលដំណើរបដិសណ្ឋារកិច្ច នៃកិច្ចដង្ហែរភ្លើងគប់ ឆ្លងកាត់ ឆ្ពោះទៅកាន់ពហុកីឡាដ្ឋានមរតកតេជោ នៅឯរាជធានីភ្នំពេញ មានចំនួន ០២លើក គឺ ៖ លើកទី១ នៅថ្ងៃទី២៧ ខែមេសា និងមួយលើកទៀត នៅថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២៣ ខាងមុខនោះ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 100
Sponsored
Sponsored
Avatar photo
សៀមរាប ប៉ុស្តិ៍
១ មីនា ២០២៣

ភ្នំពេញ៖ប្រសាសន៍សំខាន់ៗ របស់សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន ក្នុងឱកាសអញ្ជើញជាអធិបតីសម្ពោធដាក់ឱ្យប្រើប្រាស់ អគារ សិក្សាចំនួន២ខ្នង និងប្រគល់សញ្ញាបត្រជូននិស្សិតនៃវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជាជិត ៥ពាន់នាក់ នៅមជ្ឈមណ្ឌលសន្និបាត និងនិងពិព័រណ៍កោះពេជ្រ នៅថ្ងៃពុធ ទី០១ ខែមីនា ឆ្នាំ២០២៣។

សម្តេចហ៊ុន សែន បានបញ្ជាក់ថា គិតត្រឹមថ្ងៃទី១ ខែមីនា ឆ្នាំ២០២៣នេះ សល់រយៈពេលតែ ៦៥ថ្ងៃទៀតប៉ុណ្ណោះ នៃដំណើរឆ្ពោះទៅធ្វើម្ចាស់ផ្ទះ នៃការប្រកួតកីឡាស៊ីហ្គេម លើកទី៣២ ដែលប្រទេសកម្ពុជាបានទទួលធ្វើជាម្ចាស់ផ្ទះ។

សម្តេចហ៊ុន សែន បានរំលឹកអតីតកាលដ៏ជូរចត់ថា អ្នកតាំងខ្លួនជាប្រទេសប្រជាធិបតេយ្យ សេរី តែអ្នកបែរជាគាំទ្ររដ្ឋប្រហារនៅភ្នំពេញ ធ្វើឱ្យកម្ពុជាធ្លាក់ចូលក្នុងជ្រោះមរណៈ នៃរបបប៉ុលពត និងគាំទ្រអាសនៈខ្មែរក្រហមនៅអង្គការសហប្រជាជាតិថែមទៀត។

សម្តេចហ៊ុន សែន បានប្រកាសដល់បរទេសទាំងឡាយ សូមកុំលូកដៃចូលកិច្ចការផ្ទៃក្នុងកម្ពុជា និងកុំឱ្យប្រវត្តិសាស្ត្រជ្រាំដែលកើតឡើងនៅប្រទេស និងប្រជាជនកម្ពុជា។

សម្តេចហ៊ុន សែន បានប្រកាសថា កម្ពុជាមិនអនុញ្ញាតឱ្យបរទេសទាំងឡាយ កសាងកំហុសដ៏ឈឺចាប់មកលើប្រទេសកម្ពុជាបន្តទៅទៀតឡើយ។

សម្តេចហ៊ុន សែន ប្រកាសថា គ្មានការជោគជ័យណា ដែលកើតឡើងដោយមិនឆ្លងកាត់ការលំបាកនោះទេ។ កម្ពុជាមានប្រវត្តិឈឺចាប់ ទឹកភ្នែក និងស្លាប់អាយុជីវិតមនុស្សអស់ជាច្រើន។

សម្តេចហ៊ុន សែន សម្តេចតេជោ ហ៊ុន សែនថ្លែងថា«គ្មានជោគជ័យណាមួយដែលមិនកើតចេញពីការលំបាកទេ ដូច្នេះជោគជ័យនៃការលំបាកនេះ គឺត្រូវថែរក្សាឱ្យបាន ជាពិសេសគឺកត្តាសុខសន្ដិភាព ដូច្នេះទើបគ្រប់គ្នាបានចង់ចាំនៅថ្ងៃរំដោះ ៧ មករា ដែលបានរំដោះជីវិតរបស់ប្រជាជននៅទូទាំងប្រទេស»។

សម្តេចហ៊ុន សែន បានប្រកាសថា កម្ពុជាកំណត់យកឆ្នាំ២០២៥ ដោះស្រាយបញ្ហាគ្រាប់មីនឱ្យអស់ពីទឹកដីកម្ពុជា។ សម្តេចបញ្ជាក់ថា កម្ពុជាមានសង្គ្រាម ហែកហួរ បែកបាក់ ធំណាស់ ដែលទាមទារឱ្យយើង ប្រឹងប្រែងដើម្បីស្តារឡើងវិញលើគ្រប់វិស័យ។

សម្តេចហ៊ុន សែន ថ្លែងថា វឌ្ឍនភាពក្នុងវិស័យអប់រំនៅកម្ពុជា គឺបានឆ្លុះបញ្ចាំងពីការរីកចម្រើននៅក្នុងប្រទេសកម្ពុជា។ ជំនាន់មុនមានតិចតួចណាស់ដែលយុវជនបានបញ្ចប់ថ្នាក់បរិញ្ញាបត្រ ប៉ុន្ដែនៅពេលនេះនិស្សិតរាប់ម៉ឺនក្នុង១ឆ្នាំៗបានបញ្ចប់ថ្នាក់បរិញ្ញាបត្រ និងថ្នាក់បណ្ឌិត ដែលនេះបានបញ្ហាពីកត្តាសុខសន្ដិភាព និងការអភិវឌ្ឍនៅកម្ពុជា។

សម្តេចហ៊ុន សែន ប្រកាសថា សូមកុំខ្លាចក្នុងការចំណាយដើមទុន លើការវិនិយោគលើវិស័យអប់រំសិក្សាធិការ ដែលការវិនិយោគនេះ ទទួលបានលទ្ធផលធំណាស់ នោះគឺធនធានមនុស្ស ដែលជាកត្តាជំរុញភាពធន់មាំ នៃសេដ្ឋកិច្ច និងសង្គម។

សម្តេចថ្លែងថា រាជរដ្ឋាភិបាលកំពុងតែយកចិត្តទុកដាក់ជំរុញការវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធទាំងរឹង និងទន់ក្នុងនោះរចនាសម្ព័ន្ធទន់គឺធនធានមនុស្ស។

សម្តេចហ៊ុន សែន ចោទសួរថា ហេតុអ្វីការសិក្សានៅថ្នាក់ឧត្ដមសិក្សានៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជានិស្សិត ជិត ៥ពាន់នាក់ ក្នុនោះមានស្រ្ដីតែជាង ១ ពាន់នាក់? សម្ដេចថ្លែងថា ចំនួននេះតិចតួចណាស់ ដោយសម្ដេចជំរុញឱ្យមានសិក្សាឡើងវិញលើចំនួនស្រ្ដីសិក្សានៅទីនេះ។

សម្តេចហ៊ុន សែន បញ្ជាក់ថា វាមិនមែនជាភាពត្រឹមត្រូវទេ ដែលខ្លួនឯងរស់នៅ និងសិក្សានៅក្នុងប្រទេស ស្រាប់តែបានចេញទៅរស់នៅក្រៅប្រទេស មកបង្អាប់សញ្ញាបត្រនៅក្នុងប្រទេសទៅវិញ។ សម្តេចតេជោ ហ៊ុន សែន សូមមានការដឹងគុណទីកន្លែងកំណើត និងមាតុភូមិរបស់យើង។

សម្ដេចហ៊ុន សែន ផ្ដាំថា «ធ្វើជាមនុស្ស បើមិនដឹងគុណស្រ័យរាជរដ្ឋាភិបាល និងប្រទេជាតិខ្លួនឯងទេ គួរណាស់តែដឹងគុណស្រ័យមាតាបិតា អាណាព្យាបាល និងលោកគ្រូ អ្នកគ្រូរបស់ខ្លួនដែរ ព្រោះមិនដែលឥន្រ្ទី កើតចេញពីអាចម៍គោទេ»។

សម្តេចហ៊ុន សែន ប្រកាសថា កម្ពុជាមិនប្រកាសថាជំងឺកូវីដ-១៩ ជាជំងឺផ្តាសាយធម្មតា ដូចប្រទេសមួយចំនួនប្រកាសនោះទេ។ សម្តេចបញ្ជាក់ថា «កម្ពុជានៅទន់ខ្សោយនៅឡើយ ដែលវិធានការសុខាភិបាល និងដំណើរការចាក់វ៉ាក់សាំងកូវីដ-១៩ នៅតែជារឿងចាំបាច់ ដែលយើងត្រូវធ្វើ និងប្រតិបត្តិ»។

សម្តេចហ៊ុន សែន បានប្រកាសថា គ្រាន់តែសារសំឡេងសម្តេចរឿងវិធានការសត្វក្ងោក មានអ្នកចូលស្តាប់ជាង៣៦ម៉ឺននាក់ ក្នុងចំណោមអ្នកJoinតេឡេក្រាមសម្តេចជាង៥៤ម៉ឺននាក់។

សម្តេចហ៊ុន សែន បានប្រកាសថា សារសំឡេងរបស់សម្តេចរឿងវិធានការសត្វក្ងោក មានChanel Telegram និងFacebook របស់ទូរទស្សន៍BTV បានផ្សព្វផ្សាយមុនគេទាំងអស់ បន្ទាប់មកមានបណ្តាញសារព័ត៌មាននានាបានផ្សព្វផ្សាយជាបន្តបន្ទាប់។

សម្តេចហ៊ុន សែន បានប្រកាសថា សម្តេចបានឧបត្ថម្ភថវិកាចំនួន ១០លានរៀល ដល់គ្រួសារម្ចាស់ក្ងោក ដើម្បីរៀបចំទ្រុង ,ចំណី ព្រមទាំងជីវភាពក្រុមគ្រួសារម្ចាស់ក្ងោក បន្ទាប់ពីរដ្ឋបាលព្រៃឈើប្រគល់សត្វក្ងោកដល់ម្ចាស់វិញ។

សម្តេចហ៊ុន សែន បន្តថា យើងគួរលើកទឹកចិត្ត ឱ្យប្រជាពលរដ្ឋចិញ្ចឹមសត្វដែលជិតផុតពូជ ជាជាងទៅចាប់យក សត្វដែលប្រជាពលរដ្ឋខំចិញ្ចឹមមកទុក។

សម្តេចហ៊ុន សែន បានប្រកាសថា សម្តេចមិនបន្ទោសមន្ត្រីអនុវត្តន៍ច្បាប់រឿងចាប់យកសត្វក្ងោកអ្នកភូមិចិញ្ចឹមឡើយ ប្រហែលជាមន្ត្រីអនុវត្តន៍ច្បាប់សំអាងលើហេតុផលដែលមាននៅក្នុងច្បាប់។ សម្តេចបញ្ជាក់ថា «បើមានមាត្រាណាមួយ និយាយអំពីការរឹតត្បឹតនេះ សូមធ្វើការកែប្រែ ឬវិសោធនកម្មច្បាប់ត្រង់មាត្រានោះតែម្តង»។

សម្តេចហ៊ុន សែន បញ្ជាឱ្យពិនិត្យបន្ទាន់លើបញ្ហាច្បាប់ដែលពាក់ព័ន្ធ ដើម្បីបង្កើតសត្វព្រៃឡើងវិញ។ សម្ដេច បញ្ជាក់ថា សត្វនេះអាចចិញ្ចឹម ហើយអាចយកទៅលែងនៅក្នុងព្រៃឡើងវិញ។ សត្វកម្រដូចជាសត្វក្ងោក និងសត្វកម្រផ្សេងទៀតបើងាយចិញ្ចឹមត្រូវបន្តចិញ្ចឹមហើយលែងទៅព្រៃ។ សកម្មភាពនេះបង្ហាញពីស្ថានភាពល្អ នៃការអភិរក្សសត្វព្រៃនៅកម្ពុជាឡើងវិញផងដែរ។

សម្តេចហ៊ុន សែន បានផ្តាំផ្ញើដល់មន្ត្រីរាជរដ្ឋាភិបាល ដែលត្រូវទូរស័ព្ទឆ្លងមតិណែនាំ និងយោបល់ពីសម្តេច សូមមេត្តាគិតឱ្យច្បាស់ថាត្រូវឆ្លងមតិ ឬយោបល់ប៉ុន្មាន?សូមកុំមួយពេល ហៅទូរស័ព្ទមកសម្តេចច្រើនដង ដែលនាំឱ្យរំខានដល់កិច្ចការផ្សេងៗ។

សម្ដេចតេជោ អំពាវនាវដល់បណ្ដាបក្សនយោបាយ ឱ្យគោរពដល់សិទ្ធិប្រជាពលរដ្ឋ និងប្រជាធិបតេយ្យ។ សម្ដេចតេជោថ្លែងថា កន្លងមកក្រុមយុវជន សង្គមស៊ីវិលដែលធ្លាប់គាំទ្របក្សប្រឆាំង និងរិះគន់រាជរដ្ឋាភិបាល ប៉ុន្ដែពេលនេះពួកគេបែរមកគាំទ្រសកម្មភាព និងងារងារជាមួយរាជរដ្ឋាភិបាល បែរជាក្រុមបក្សនយោបាយប្រឆាំងទាំងនោះនាំគ្នារិះគន់និងប្រមាថដល់ពួកគេទៅវិញ ដែលសកម្មភាពនេះគ្មានការគោរពលទ្ធិប្រជាធិបតេយ្យពិតប្រាកដនោះទេ។

សម្តេចហ៊ុន សែន ប្រកាសផ្តាំផ្ញើដល់ក្រុមជ្រុលនិយមមួយចំនួន សូមកុំវាយតម្លៃអតីតអ្នកប្រឆាំងមកចូលរួមជាមួយគណបក្សប្រជាជនកម្ពុជាថា ជាអ្នកលក់ខ្លួន ឬលក់ក្បាលឱ្យគណបក្សប្រជាជនកម្ពុជា។ សម្តេចអំពាវនាវ «សូមផ្តល់តម្លៃដល់មនុស្សគ្រប់គ្នា ក្នុងឋានៈដែលខ្លួនប្រកាសក្តែងៗថាជាប្រជាធិបតេយ្យ សេរី….[]»។

សម្ដេចហ៊ុន សេន អំពាវនាវដល់បណ្ដាបក្សនយោបាយ ឱ្យគោរពដល់សិទ្ធិប្រជាពលរដ្ឋ និងប្រជាធិបតេយ្យ។

សម្តេចហ៊ុន សែន ប្រកាសដល់ក្រុមយុវជន នៃអង្គការសង្គមស៊ីវិល ដែល ត្រូវក្រុមបក្សនយោបាយប្រឆាំង រិះគន់ និងប្រមាថ សូមកុំប្រើហិង្សាតបទៅវិញ ដោយត្រូវឆ្លើយតបត្រឹមលិខិត ឬសំណេរបានហើយ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 0
Avatar photo
សៀមរាប ប៉ុស្តិ៍
១ មីនា ២០២៣

ខេត្តសៀមរាប៖បុរសម្នាក់បានស្លាប់បាត់បង់ជីវិតខណៈយកម៉ាសុីនទៅឆក់ត្រី បែរជាឆក់ខ្លួនឯងទៅវិញ។

ហេតុការណ៍បានកើតឡើង នៅថ្ងៃទី ២៨ ខែកុម្ភៈ ឆ្នាំ២០២៣ ចំណុចក្នុងទឹកត្រពាំងខាងលិចភូមិ ស្ថិតក្នុងភូមិទទឹងថ្ងៃ ឃុំឫស្សីលក ស្រុកជីក្រែង ខេត្តសៀមរាប។

ជនរងគ្រោះឈ្មោះ ប៉ូយ ណូត អាយុ៥១ឆ្នាំ មានទីលំនៅភូមិឫស្សីលក ឃុំឫស្សីលក ស្រុកជីក្រែង។

តាមការបំភ្លឺរបស់ប្រពន្ធ និងមានការធ្វេីកោសល្យវិច័យរបស់សមត្ថកិច្ចជំនាញ បញ្ជាក់ថា ជនរងគ្រោះបានឆក់ត្រីខ្វះការប្រុងប្រយ័ត្ន និងធ្លាប់មានជំងឺប្រកាច់ម្តងម្កាល បណ្តាលអោយឆក់ខ្លួនឯងស្លាប់តែម្ដង៕SRP

Like 195
Comment 0
Share ចែកចាយ
Views 0
Avatar photo
សៀមរាប ប៉ុស្តិ៍
២៨ កុម្ភៈ ២០២៣

ខេត្តសៀមរាប៖អភិបាលខេត្តសៀមរាប លោកទៀ សីហា បានថ្លែងព្រមាន ចំពោះបញ្ហាមន្ត្រីដែលធ្វើឱ្យប៉ះពាល់ដល់សតិអារម្មណ៍ប្រជាពលរដ្ឋ ដែលបង្កឱ្យគាត់មានការថ្នាំងថ្នាក់នឹងរាជរដ្ឋាភិបាល។

លោក ទៀ សីហា បានលើកឡើងថា រាល់បញ្ហាទាំងឡាយដែលនៅសេសសល់មន្ទីរ អង្គភាពមានការពាក់ព័ន្ធត្រូវយកបញ្ហាទាំងនេះទៅអនុវត្ត ដោះស្រាយតាមនីតិវិធី​ ហេីយរាល់បញ្ហាត្រូវស្វែងរកនូវវិធានការ ក្នុងការសម្របសម្រួល និង ដោះស្រាយរបស់ខ្លួនឱ្យអស់លទ្ធភាព​ ហេីយត្រូវធ្វើសេចក្តីរាយការណ៍ មករដ្ឋបាលខេត្ត ក្នុងការធ្វើបច្ចុប្បន្នភាព។

លោកទៀ សីហា ក៏បានដាក់នូវវិធានការ​ និងផ្តល់នូវអនុសាសន៍មួយចំនួន ជាយន្តការដ៏សំខាន់ក្នុងការដោះស្រាយរាល់វិវាទដល់ប្រជាពលរដ្ឋ​ និងឱ្យអាជ្ញាធរក្រុង ស្រុក មានកិច្ចសហការគ្នាជាមួយឃុំ សង្កាត់ ធ្វើពន្យល់ណែនាំដល់ប្រជាពលរដ្ឋ នូវរាល់បញ្ហាដែលបងប្អូនបានលើកឡើងកន្លងមកផងដែរ។

លោក ទៀ សីហា អភិបាលខេត្តសៀមរាបនិងជាប្រធានគណៈកម្មាធិការសម្របសម្រួលបចេ្ចកទេស លើកឡើងយ៉ាងដូច្នេះ នៅរសៀលថ្ងៃអង្គារនេះ នៅរដ្ឋបាលសាលាខេត្តសៀមរាប ក្នុងការដឹកនាំកិច្ចប្រជុំគណៈកម្មាធិការ សម្របសម្រួលបចេ្ចកទេស របស់ក្រុមប្រឹក្សាខេត្ត អាណត្តិទី៣ ដើមី្បធ្វើការត្រួតពិនិត្យ ទៅបញ្ហាដែលនៅសេសសល់ រាល់ការឆ្លើយតប និង ដោះស្រាយនូវរាល់សំណួរ និង សំណូមពររបស់ប្រជាពលរដ្ឋនៅតាមបណ្តាមូលដ្ឋាន តាមរយៈវេទិកា ផ្សព្វផ្សាយ និង ពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្ត អាណត្តិទី៣ឆ្នាំ២០២២។

សូមជម្រាបថា កិច្ចប្រជុំនេះក៏បានជម្រុញយន្តការនៃការដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ ក្នុងខេត្តសៀមរាប ព្រមទាំងបានត្រួតពិនិត្យ ការធ្វើបច្ចុប្បន្នភាព នៃការដោះស្រាយ នូវរាល់សំណួរ និង សំណូមពរ របស់ប្រជាពលរដ្ឋ នៅតាមបណ្តាមូលដ្ឋាន តាមរយៈវេទិកាផ្សព្វផ្សាយ និង ពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្ត អាណត្តិទី៣៕SRP

Like 195
Comment 0
Share ចែកចាយ
Views 500
Sponsored
Sponsored
Avatar photo
សៀមរាប ប៉ុស្តិ៍
២៨ កុម្ភៈ ២០២៣

សម្ដេចហ៊ុន សែន បានបានស្វាគមន៍ និងជម្រាបជូនប្រតិភូទាំងមូលថា «គ្មានពេលណាដែលទំនាក់ទំនងកម្ពុជា និងសហរដ្ឋអាមេរិកល្អជាងពេលនេះទេ»។ អ្វីដែលជាសក្ខីភាពនោះ គឺទំហំពាណិជ្ជកម្មរវាងប្រទេសទាំងពីរ មានការរីកចម្រើន ប្រជាជននៅសហរដ្ឋអាមេរិក ប្រើប្រាស់សម្ភារៈផលិតនៅកម្ពុជា ហើយប្រជាជនកម្ពុជា មានការងារធ្វើ នេះហើយ ជាអ្វីដែលយើងនឹងជំរុញបន្តទៅមុខទៀត។ សម្ដេចតេជោ ហ៊ុន សែន ក៏បានថ្លែងអំណរគុណ ជូនដល់ធុរកិច្ចសហរដ្ឋអាមេរិកទាំងអស់ រួមទាំងក្រុមហ៊ុន ហ្វៃហ្ស៊័រ ក្រុមហ៊ុនហ្វត ក្រុមហ៊ុន Abbott ។ល។ ដែលសុទ្ធសឹងជាក្រុមហ៊ុន ដែលតំណាងឲ្យគុណភាពផងដែរ។

សម្ដេចបញ្ជាក់យ៉ាងដូច្នេះក្នុងឳកាស អញ្ជើញជួបពិភាក្សាការងារ ជាមួយគណៈប្រតិភូ នៃក្រុមប្រឹក្សាធុរកិច្ចសហរដ្ឋអាមេរិក-អាស៊ាន ដឹកនាំដោយ លោក ម៉ៃឃើល មីឆាឡាក់ ( Michael Michalak) អនុប្រធានជាន់ខ្ពស់ ជានាយកគ្រប់គ្រងប្រចាំតំបន់ និងសមាជិករួមមានក្រុមហ៊ុន Conoco Phillips , ក្រុមហ៊ុន Ford, ក្រុមហ៊ុន RMA Group ,ក្រុមហ៊ុន Pfizer, ក្រុមហ៊ុន Visa, ក្រុមហ៊ុន Vriens & Partners នៅរសៀលថ្ងៃអង្គារនេះ។

លោក ម៉ៃឃើល មីឆាឡាក់ បានគោរពថ្លែងអំណរគុណ ចំពោះសម្ដេចតេជោនាយករដ្ឋមន្ត្រី សម្រាប់ការផ្ដល់ពេលវេលា ដ៏មានតម្លៃទទួលពិភាក្សា ជាមួយគណៈប្រតិភូ ហើយបានសំដែងការអបអរសាទរ ចំពោះជោគជ័យរបស់កម្ពុជា ក្នុងការធ្វើជាប្រធានអាស៊ាន ដែលបានបង្កើនទំនាក់ទំនងទ្វេភាគីកម្ពុជាសហរដ្ឋអាមេរិក លើកគ្រប់វិស័យដូចជាទំនាក់ទំនង សហរដ្ឋអាមេរិក-អាស៊ានជារួម។

លោក ម៉ៃឃើល មីឆាឡាក់ ក៏បានគោរពជូនពរកម្ពុជា ឲ្យទទួលបានជោគជ័យ ក្នុងការធ្វើជាម្ចាស់ផ្ទះស៊ីហ្គេម និង ការបោះឆ្នោតជាសកលនៅក្នុងខែកក្កដាខាងមុខ។ លោក ម៉ៃឃើល មីឆាឡាក់ បានគោរពជម្រាបជូនសម្ដេចតេជោ ថា គោលបំណងរបស់គណៈប្រតិភូ មកកាន់ព្រះរាជាណាចក្រកម្ពុជា នៅពេលនេះ គឺដើម្បីសម្ដែងនូវការគាំទ្រដល់ផែនការស្ដារសេដ្ឋកិច្ចឡើងវិញ ក្រោយវិបត្តិជំងឺកូវីដ១៩ ដោយស្វែងរកមធ្យោបាយ កែលម្អលទ្ធភាពទទួលបានហិរញ្ញវត្ថុ សម្រាប់សហគ្រាសធុនតូច និងមធ្យមក្នុងស្រុក និងវិស័យឧស្សាហកម្ម ដែលរងគ្រោះខ្លាំង លើកកម្ពស់វិស័យឯកជនរបស់ សហរដ្ឋអាមេរិកសម្រាប់ ជាប្រភពសំខាន់នៃការយល់ដឹង ការអនុវត្តល្អបំផុត និងបច្ចេកវិទ្យាដែលគាំទ្រដល់កិច្ចខិតខំប្រឹងប្រែង របស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការរៀបចំ និងអនុវត្តកំណែទម្រង់សេដ្ឋកិច្ច ក្នុងគោលបំណងពង្រឹងឧស្សាហកម្ម ដែលមានស្រាប់ ដោយបណ្ដុះបណ្ដាលតម្លៃបន្ថែមសេវាកម្ម និងឧស្សាហកម្មឲ្យកាន់តែខ្ពស់ និងគាំទ្រដល់កិច្ចខិតខំប្រឹងប្រែង កសាងសមត្ថភាពរួមទាំងការអភិវឌ្ឍធនធានមនុស្ស ការបណ្ដុះបណ្ដាលសហគ្រាសធុនតូច និងមធ្យម និងកម្មវិធីភាពជាអ្នកដឹកនាំយុវជន៕SRP

Like 195
Comment 0
Share ចែកចាយ
Views 200
Avatar photo
សៀមរាប ប៉ុស្តិ៍
២៨ កុម្ភៈ ២០២៣

ដោយមើលឃើញពីវីរភាព ការលះបង់ និងជាគំរូ របស់ ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន គណៈកម្មាធិការក្រុមប្រឹក្សានៃសាកលវិទ្យាល័យ ពោធិសត្វ រដ្ឋផ្លរីដា សហរដ្ឋអាមេរិក បានសម្រេចប្រគល់សញ្ញាបត្របណ្ឌិតកិត្តិយស ផ្នែកសារព័ត៌មានជូនជាផ្លូវការ នៅថ្ងៃអង្គារទី២៨ ខែកុម្ភៈ ឆ្នាំ២០២៣ នៅទីស្តីការក្រសួងព័ត៌មាន។

លោក Assoc. Prof. Dr. CHANTARAT PAKAMAS ក្រុមប្រឹក្សាភិបាលសាកលវិទ្យាល័យ BODHISASTRA,FLORIDA,USA មានប្រសាសន៍លើកឡើងថា ក្រោមការដឹកនាំរបស់ ឯកឧត្តម រដ្ឋមន្រ្តី ខៀវ កាញារីទ្ធ ធ្វើអោយប្រព័ន្ធផ្សព្វផ្សាយ នៅកម្ពុជាត្រូវបានទទួលស្គាល់យ៉ាងទូលំទូលាយ លើសេរីភាពសារព័ត៌មាន និងសិទ្ធិទទួលបានព័ត៌មាន តាមរយៈប្រព័ន្ធផ្សព្វផ្សាយបោះពុម្ព (កាសែត ទស្សនាវដ្តី និងព្រឹត្តិប័ត្រព័ត៌មាន) វិទ្យុ ទូរទស្សន៍ អ៊ីនធឺណិត និងប្រព័ន្ធផ្សព្វផ្សាយសង្គម។

ជាមួយនេះ បាននិងកំពុងធ្វើការកែទម្រង់ប្រព័ន្ធផ្សព្វផ្សាយជាបន្តបន្ទាប់ ដើម្បីធ្វើអោយ កាន់តែប្រសើរជាមួយ នឹងបច្ចេកវិទ្យាទំនើបចុងក្រោយ ដោយការផ្លាស់ប្តូរ ការផ្សាយពីអាណាឡូកទៅ ឌីជីថល។ ឯកឧត្តម ក៏បានយកចិត្តទុកដាក់ ខ្ពស់ លើ វគ្គ បណ្តុះបណ្តាល អ្នកសារព័ត៌មាន ការពង្រឹងក្រមសីលធម៌វិជ្ជាជីវៈ ការប្រយុទ្ធប្រឆាំងនឹងព័ត៌មានមិនពិត បំពុលសង្គម ជំរុញឱ្យអ្នកសារព័ត៌មានគោរពច្បាប់សារព័ត៌មាន។ ឯកឧត្តម រដ្ឋមន្រ្តី ក៏បានគិតគូរពីសុវត្ថិភាព អ្នកសារព័ត៌មាន ដោយបង្កើតក្រុមមេធាវីស្ម័គ្រចិត្ត ការពារអ្នកកាសែត និង បានជំរុញឱ្យមានការបង្កើត សមាគមអ្នកសារព័ត៌មាន ដើម្បីជួយអ្នកសារព័ត៌មាន។

ប្រព័ន្ធផ្សព្វផ្សាយបានចូលរួមចំណែកក្នុងការអភិវឌ្ឍន៍ប្រទេសជាតិ ចែករំលែកព័ត៌មាន ដល់ប្រជាពលរដ្ឋឱ្យបានដឹង និងយល់អំពីស្ថានភាពនៅកម្ពុជា និងស្ថានការណ៍ នយោបាយពិភពលោក ដែលកំពុងផ្លាស់ប្តូរ រួមទាំងបញ្ហានយោបាយ សេដ្ឋកិច្ច សង្គមកិច្ច វប្បធម៌ ការអប់រំ និងបញ្ហាផ្សេងៗទៀតដែលទាក់ទងនឹងជីវភាពរស់នៅប្រចាំថ្ងៃរបស់ប្រជាជន។

ប្រព័ន្ធផ្សព្វផ្សាយបានចូលរួមយ៉ាងសកម្ម ក្នុងការថែរក្សាសន្តិភាព ស្ថិរភាព នយោបាយ ការអភិវឌ្ឍន៍ជាតិ ប្រកបដោយចីរភាព និងការការពារការរស់ឡើងវិញរបស់ប្រជាជនកម្ពុជា ក៏ដូចជាការលើកកម្ពស់ លទ្ធិប្រជាធិបតេយ្យពិតប្រាកដ និងការគោរពសិទ្ធិមនុស្សនៅកម្ពុជា ។

ឯកឧត្តម រដ្ឋមន្ត្រី ខៀវ កាញារីទ្ធ បានថ្លែងអំណរគុណត៉ាងជ្រាលជ្រៅ ចំពោះសាកលវិទ្យាល័យ BODHISASTRA ដែលបានសម្រេចចិត្ត ផ្តល់សញ្ញាបត្របណ្ឌិតកិត្តិយស ផ្នែកប្រព័ន្ធផ្សព្វផ្សាយនិងទំនាក់ទំនង មកអោយនាឱកាសនេះ។ BODHISASTRA UNIVERSITY គឺជាអង្គការអប់រំឯករាជ្យខាងសាសនាដែលបានចុះបញ្ជីនៅ រដ្ឋផ្លរីដា ជាមួយនឹងពាក្យស្លោកមួយថា “កន្លែងរួមគ្នាសម្រាប់បណ្ដុះបណ្ដាលខាងវិញ្ញាណ” ដើម្បីបង្កើតកន្លែងរួមសម្រាប់ការដាំដុះខាងវិញ្ញាណ។

សាកលវិទ្យាល័យពោធិសត្វ មានគោលបំណងផ្សារភ្ជាប់ការសិក្សាគ្រប់ទីកន្លែង រួមជាមួយនឹងបណ្តាញអប់រំ ដើម្បីបណ្តុះស្មារតីមនុស្សឱ្យមានភាពរុងរឿងនៃសហគមន៍ និងសង្គម ដោយឈរលើមូលដ្ឋាននៃសេចក្តីល្អ និងសោភ័ណភាព ស្របតាមគោលការណ៍នៃទ្រឹស្ដី និងប្រាជ្ញាក្នុងស្រុក។

ឯកឧត្តម រដ្ឋមន្រ្តី បានលើកឡើងថា វិស័យព័ត៌មាន និងការផ្សព្វផ្សាយ គឺជាវិស័យដ៏សំខាន់សម្រាប់ប្រទេសណាក៏ដោយ ព្រោះវាមានតួនាទីយ៉ាងសំខាន់ ក្នុងការបង្កើតមតិសាធារណៈ ជំរុញលទ្ធិប្រជាធិបតេយ្យ និងលើកកម្ពស់ការអភិវឌ្ឍន៍ជាតិ។ រដ្ឋាភិបាលកម្ពុជា បានទទួលស្គាល់ពីសារៈ សំខាន់នៃការអភិវឌ្ឍន៍វិស័យព័ត៌មាន និងការផ្សព្វផ្សាយ ហើយបានចាត់វិធានការជាច្រើនដើម្បីគាំទ្រដល់វិស័យនេះ។

ក្រសួងព័ត៌មាន ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកផ្នែកព័ត៌មាន និងផ្សព្វផ្សាយ បានខិតខំបំពេញតួនាទីរបស់ខ្លួនស្របតាមច្បាប់ និងគោល នយោបាយរបស់រាជរដ្ឋាភិបាល ដែលបានចូលរួមចំណែកក្នុងការតភ្ជាប់ព័ត៌មានក្នុងសង្គម ទាំងក្នុងស្រុក តំបន់ និងសកលលោក។
ឯកឧត្តម ខៀវ កាញារីទ្ធ បាននាំវិស័យព័ត៌មាន និងផ្សព្វផ្សាយចាប់តាំងតែពីកម្ពុជាមានត្រឹមតែបាត ដៃទទេរ (នាខែ មករា ឆ្នាំ ១៩៧៩) រហូតដល់ព្រះរាជាណាចក្រកម្ពុជា វិស័យព័ត៌មាន និងផ្សព្វផ្សាយ កំពុងស្ថិតក្នុងយុគសម័យ ឌីជីថល នៃបរិបទឧស្សាហកម្មបួនចុចសូន្យ(4.0)៕SRP

Like 195
Comment 0
Share ចែកចាយ
Views 300
Avatar photo
សៀមរាប ប៉ុស្តិ៍
២៨ កុម្ភៈ ២០២៣

ខេត្តកំពង់ចាម​៖ក្នុង​ពិធី​សំណេះសំណាល​ ជាមួយមេការ និងអ្នកគ្រប់គ្រងនៅតាមសេវាកម្សាន្តទេសចរណ៍ មនុស្សពេញវ័យ សរុប ៥០៩នាក់ ក្នុងសាលាខេត្តកំពង់ចាម នៅរសៀលថ្ងៃអង្គារនេះ លោកស្រីម៉ែន សំអន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងទំនាក់ ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច បានពាំនាំប្រសាសន៍ផ្តាំផ្ញើសួរសុខទុក្ខ ពីសំណាក់សម្តេចតេជោ​ ហ៊ុន​ សែន​ នាយករដ្ឋមន្ត្រី និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ជូនដល់អង្គពិធីប្រកបដោយក្តីនឹករលឹក និងការគិតគូរយកចិត្តទុកដាក់គ្រប់បែបយ៉ាង ជាពិសេសបុគ្គលិកបម្រើការងារសេដ្ឋកិច្ចក្រៅប្រព័ន្ធ ផ្នែកសេវាកម្សាន្តទេសចរណ៍ មនុស្សពេញវ័យ​។

លោកស្រី បានថ្លែងថា រាជរដ្ឋាភិបាលបានដាក់ចេញនូវវិធានការខាងផ្នែករដ្ឋបាលសង្គម និងសេដ្ឋកិច្ច ជាបន្តបន្ទាប់ ដោយបានផ្តល់នូវអត្ថប្រយោជន៍ដោយផ្ទាល់ដល់ស្ត្រី និងក្រុមជនងាយរងគ្រោះ កម្មករ កម្មការិនី រួមទាំងក្មួយៗ បងប្អូនជនក្រីក្រ តាមរយៈ ការដាក់ចេញនូវគោល នយោបាយជាតិគាំពារសង្គម ដែលរួមមាន៖ ការដាក់ចេញនូវវិធានការអន្តរាគមន៍ជំនួយសង្គម ការបង្កើន មូលធនថវិកាសាច់ប្រាក់ពលកម្ម ដើម្បីជួយកម្មករ និយោជិតដែលបានព្យួរការងារ កម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសារក្រីក្រ និងងាយរងគ្រោះក្នុងកំឡុងពេលកូវីដ ១៩ ការផ្តល់ប្រាក់ឧបត្ថម្ភសម្រាប់បុគ្គលិក ក្នុងវិស័យកាត់ដេរ  និងទេសចរណ៍ កម្មវិធីហិរញ្ញប្បទានពិសេសជួយស្ដារលទ្ធភាព និងការលើកកម្ពស់អាជីវកម្ម សហគ្រាសធុនតូច និងមធ្យម ជាដើម ។  ដោយឡែកការជួបសំណេះសំណាលនៅក្នុងថ្ងៃនេះ ក៏បានបង្ហាញអំពីការយកចិត្តទុក្ខដាក់បន្ថែមទៀតពីសំណាក់រាជរដ្ឋាភិបាល ចំពោះបុគ្គលិកដែលបម្រើការក្នុងសេវាកម្សាន្តទេសចរណ៍ មនុស្សពេញវ័យ នាពេលនេះ។

លោក​ អ៊ុន​ ចាន់ដា​ អភិបាលខេត្តកំពង់ចាម​ បានឱ្យដឹងថា​ អ្នកដែលមកចូលរួម​ក្នុង​ពិធី​សំណេះសំណាល​នាថ្ងៃ​នេះ​ សរុបចំនួន ៥០៩នាក់ មកពីក្រុងកំពង់ចាម​ ១៧៧នាក់ ស្រុកកំពង់សៀម​ ១៣៥នាក់ ស្រុកព្រៃឈរ​ ៧៥នាក់ ស្រុកជើងព្រៃ​ ៧៧នាក់ ស្រុកបាធាយ​ ០២នាក់ ស្រុកកងមាស​ ០៣នាក់ ស្រុកស្រីសន្ធរ​ ០៧នាក់ ស្រុកស្ទឹងត្រង់​ ១៥នាក់ និងស្រុកចំការលើចំនួន​ ១៨នាក់។ ចំពោះការរីកចំរើន នៃសេវាកម្សាន្តទេសចរណ៍មនុស្សពេញវ័យ គឺចាប់តាំងពីការបើកប្រទេសឡើងវិញហើយមានការអនុញ្ញតពីរាជរដ្ឋាភិបាល ឱ្យមណ្ឌលកម្សាន្តទេសចរណ៍បើកដំណើការឡើងវិញនៅក្រោយថ្ងៃទី៣១ ខែវិច្ឆិកា ឆ្នាំ២០២១ បានចំនួន​ ៧៧កន្លែង មានដូចជា ខារ៉ាអូខចំនួន​ ៤៦កន្លែង រង្គសាល-ឌីស្កូតែក​ ០៥កន្លែង បៀហ្គាឌិន ០២កន្លែង និង​ម៉ាស្សា-ស្ប៉ាសុខភាព ចំនួន២៤កន្លែង។

ក្នុង​ពិធី​នេះ​ ដែរ​ លោកស្រីម៉ែន សំអន ក៏បាននាំយកថវិការបស់សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន តាមរយៈ ឯកឧត្តម អ៊ុន ចាន់ដា និងលោកជំទាវ ជូនដល់បុគ្គលិកដែលបានចូលរួមចំនួន ៥០៩នាក់ ដោយក្នុងម្នាក់ៗ ទទួលបានថវិកា ៨ម៉ឺនរៀលផងដែរ​៕SRP

Like 195
Comment 0
Share ចែកចាយ
Views 0
Sponsored
Sponsored
Older posts
Newer posts
← Previous Page1 … Page182 Page183 Page184 … Page642 Next →
តាមដានព័ត៌មាន
  • Telegram
  • Facebook
ព័ត៌មានថ្មីៗ
នៅសុខៗ អភិបាលស្រុកថ្មពួក បញ្ចប់ក្រុមហ៊ុនប្រមូលសំរាម ដាក់ក្រុមហ៊ុនថ្មី យ៉ាងប្រញាប់ប្រញាល់ នៅសុខៗ អភិបាលស្រុកថ្មពួក បញ្ចប់ក្រុមហ៊ុនប្រមូលសំរាម ដាក់ក្រុមហ៊ុនថ្មី យ៉ាងប្រញាប់ប្រញាល់ ចុះផ្សាយថ្ងៃទី ៧ កុម្ភៈ ២០២៦
កម្ពុជា-វៀតណាម ប្ដេជ្ញាជំរុញកំណើនទំហំពាណិជ្ជកម្មទ្វេទិស ឱ្យដល់គោលដៅ២០ពាន់លានដុល្លារ កម្ពុជា-វៀតណាម ប្ដេជ្ញាជំរុញកំណើនទំហំពាណិជ្ជកម្មទ្វេទិស ឱ្យដល់គោលដៅ២០ពាន់លានដុល្លារ ចុះផ្សាយថ្ងៃទី ៧ កុម្ភៈ ២០២៦
ប្រមុខរដ្ឋាភិបាល​ កម្ពុជា -វៀតណាម- ឡាវ សង្កត់ធ្ងន់លើសារៈសំខាន់នៃទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងបី សម្រាប់ការអភិវឌ្ឍ និងការរក្សាសន្តិភាព ស្ថិរភាពក្នុងតំបន់ ប្រមុខរដ្ឋាភិបាល​ កម្ពុជា -វៀតណាម- ឡាវ សង្កត់ធ្ងន់លើសារៈសំខាន់នៃទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងបី សម្រាប់ការអភិវឌ្ឍ និងការរក្សាសន្តិភាព ស្ថិរភាពក្នុងតំបន់ ចុះផ្សាយថ្ងៃទី ៧ កុម្ភៈ ២០២៦
ព័ត៌មានអ្នកទស្សនាច្រើន
ពិតជាប្រសើរណាស់! ដីធ្លីភូមិទាំង១១៤ ក្នុងតំបន់អង្គរ ត្រូវបានមន្ត្រីជំរុញឱ្យក្រុមការងារចុះផ្ទៀងផ្ទាត់ទិន្នន័យប្រើប្រាស់ ពិតជាប្រសើរណាស់! ដីធ្លីភូមិទាំង១១៤ ក្នុងតំបន់អង្គរ ត្រូវបានមន្ត្រីជំរុញឱ្យក្រុមការងារចុះផ្ទៀងផ្ទាត់ទិន្នន័យប្រើប្រាស់ ចុះផ្សាយថ្ងៃទី ៤ កុម្ភៈ ២០២៦
ឆេះផ្ទះពលរដ្ឋអស់ ០២ខ្នង រួមនឹងទ្រព្យសម្បត្តិមួយចំនួនទៀត ឆេះផ្ទះពលរដ្ឋអស់ ០២ខ្នង រួមនឹងទ្រព្យសម្បត្តិមួយចំនួនទៀត ចុះផ្សាយថ្ងៃទី ២៤ មករា ២០២៦
ក្រសួងរ៉ែចេញអាជ្ញាប័ណ្ណឲ្យមានការកាយភ្នំនៅឃុំខ្វាវ ស្រុកជីក្រែង ខេត្តសៀមរាប ក្រសួងរ៉ែចេញអាជ្ញាប័ណ្ណឲ្យមានការកាយភ្នំនៅឃុំខ្វាវ ស្រុកជីក្រែង ខេត្តសៀមរាប ចុះផ្សាយថ្ងៃទី ២២ មករា ២០២៦
ទីស្នាក់ការនិពន្ធ 069382925 Telegram
×