ខេត្តកំពង់ចាម៖លោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម នៅព្រឹកថ្ងៃព្រហស្បតិ៍ទី១៨ខែមិថុនានេះបានអញ្ជើញចូលរួមប្រារព្ធពិធីបែបសាសនាបួងសួងសូមពរសេចក្ដីសុខចម្រើន ពីម្ចាស់ទឹក ម្ចាស់ដី ដើម្បីបន្តការកសាងអគាររដ្ឋបាលថ្មី របស់សាលាខេត្តកំពង់ចាម ក្រោយពីបានផ្អាកការសាងសង់មួយរយៈ។
នាឱកាសនោះដែរ លោក អ៊ុន ចាន់ដា បានអញ្ជើញអុចធូបបួងសួងសូមពរ សេចក្ដីសុខពី រូបសំណាកព្រះអង្គខ្មៅ ក៏ដូចជាបារមី វត្ថុស័ក្ដិសិទ្ធទាំងអស់ ដែលបីបាច់ថែរក្សាសាលាខេត្តទាំងមូល សូមឲ្យកិច្ចដំណើរការសាងសង់បន្ត នូវអគារដ្ឋបាលថ្មី ប្រព្រឹត្តទៅប្រកបដោយសេចក្ដីសុខ សេចក្ដីចម្រើន និងសម្រេចលទ្ធផលជោគជ័យ ទៅតាមការគ្រោងទុក។
លោកអ៊ុន ចាន់ដា បានបញ្ជាក់ថា ដោយមើលឃើញ ពីការលំបាករបស់មន្ត្រី ដែលកំពុងបម្រើការងារនៅសាលាខេត្ត ក៏ដូចជា ការផ្តល់នូវទីកន្លែងសមរម្យ សម្រាប់មន្ត្រីបំពេញការងារប្រចាំថ្ងៃ ក្នុងការបម្រើសេវាសាធារណៈ ដល់បងប្អូនប្រជាពលរដ្ឋ និងសាធារណៈជន ដែលមកទទួលសេវាសាធារណៈ នៅសាលាខេត្តនោះ គណៈអភិបាល បានឯកភាព និងអនុញ្ញាតឲ្យបន្តការសាងសង់ អគាររដ្ឋបាលថ្មីនេះឡើងវិញជាបន្តទៀត។
គួរបញ្ជាក់ផងដែរថា គម្រោងអាគារថ្មី នៃរដ្ឋបាលសាលាខេត្តនេះ ត្រូវបានសាងសង់ឡើងអំពីបេតុងអាមេ ជញ្ជាំងរៀបឥដ្ឋ និងតំបូលប្រក់ក្បឿង ដែលមានទំហំបណ្តាយជាង៥៣ម៉ែត្រ ទទឹង២៤ម៉ែត្រ និងកម្ពស់៣ជាន់ មានទីតាំងនៅក្នុងបរិវេណសាលាខេត្ត ស្ថិតក្នុងភូមិទី៧ សង្កាត់កំពង់ចាម ក្រុងកំពង់ចាម។ ក្រៅពីអគារថ្មីនេះដែរ រដ្ឋបាលខេត្តកំពង់ចាម ក៏មានអគារចាស់ជាច្រើន ត្រូវបានធ្វើការជួសជុលកែលម្អ ទុកសម្រាប់មន្ត្រីបម្រើការងារ ជារៀងរាល់ថ្ងៃ ផងដែរ៕SRP
សៀមរាប ប៉ុស្តិ៍
១៨ មិថុនា ២០២០

