ខេត្តសៀមរាប៖លោក លី ធុជ អនុប្រធានទី១ អាជ្ញាធរមីន បានថ្លែងថា៖ អង្គការ HALO Trust គឺជាអង្គការក្រៅរដ្ឋាភិបាលអន្តរជាតិ ដំបូងគេ ដែលមកជួយកម្ពុជា ក្នុងការចាប់ផ្តើមបោសសម្អាតមីន នៅក្នុងប្រទេស និងបានចូលរួមដឹកនាំក្នុងវិស័យនេះរហូតដល់ ពេលបច្ចុប្បន្ន។ ចាប់ពីឆ្នាំ១៩៩៧ ដល់ឆ្នាំ២០២២ អ្នកដោះមីន អង្គការ HALO Trust បានជួបគ្រោះថ្នាក់ ក្នុងកំឡុងពេលកំពុងប្រតិបត្តិការ ៥០នាក់ ក្នុងនោះបានពលីចំនួន ៩នាក់។
ក្នុងពិធីអបអរសាទរខួបទី ៣០ឆ្នាំ នៃការងារបោសសម្អាតមីន មនុស្សធម៌របស់អង្គការ HALO Trust នៅកម្ពុជា ចាប់ពីឆ្នាំ១៩៩២ ជាមួយលោកជំទាវ Tina Redshaw ឯកអគ្គរាជទូតអង់គ្លេសប្រចាំនៅកម្ពុជា នៅថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២២ ក្នុងទឹកដីខេត្តសៀមរាប ម្សិលមិញ លោក លី ធុជ បានថ្លែងថា៖ រយៈពេល ៣០ឆ្នាំ ក្នុងបេសកកម្មការបោសសម្អាតមីន មនុស្សធម៌នៅកម្ពុជា អង្គការ HALO Trust ប្រចាំនៅកម្ពុជា បានចូលរួមផ្តល់ដីសុវត្ថិភាព ជូនដល់ ប្រជាពលរដ្ឋកម្ពុជានៅតាមសហគមន៍ ប្រមាណជា ១លាននាក់ បោសសម្អាតមីន និងសំណល់ជាតិផ្ទុះពីសង្រ្គោះ ក្នុងទំហំផ្ទៃដី ៤៣៣ គីឡូម៉ែត្រក្រឡា រកឃើញនិងកម្ទេចចោលគ្រាប់មីន ចំនួន ៣២២.៥១៥ និងសំណល់ជាតិផ្ទុះពីសង្គ្រាមចំនួន ២១២.២៦០។
ក្នុងនាមសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី និងជាប្រធានអាជ្ញាធរមីន លោក លី ធុជ បានបន្តថា៖ ឆ្នាំ១៩៩២ គឺជាការចាប់ផ្តើមបោសសម្អាតមីន មនុស្សធម៌ គ្រប់ជ្រុងជ្រោយនៅកម្ពុជា ដើម្បីចូលរួមជួយដល់ការធានាសន្តិភាព និងការអភិវឌ្ឍ ប្រទេសជាតិ ជាពិសេស ការឆ្លើយតបនឹងតម្រូវការ មនុស្សធម៌ បន្ទាន់មួយ និងដើម្បីមាតុភូមិនិវត្តន៍ និងសុខសុវត្ថិភាព របស់ ប្រជាជនកម្ពុជា ដែលក្រោយមកទៀត សកម្មភាពមីន បានវិវត្តន៍ពីដំណាក់កាល កសាងឡើងវិញ ក្រោយជម្លោះប្រដាប់អាវុធ ទៅជាដំណាក់កាលឆ្លើយតបនឹងការអភិវឌ្ឍ។
លោកថ្លែងថា ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា ខ្ញុំសូមកោតសរសើរ ចំពោះសមត្ថភាពប្រកបដោយវិជ្ជាជីវៈ របស់បុគ្គលិកអង្គការ HALO Trust ដែលបានលះបង់ និងចូលរួមដល់ការងារបោសសម្អាតមីន និងជួយសង្រ្គោះអាយុជីវិត របស់ ប្រជាពលរដ្ឋកម្ពុជា ទោះបីជាមានស្ថានភាពលំបាកយ៉ាងណាក៏ដោយ។ បច្ចុប្បន្ននេះ អង្គការ HALO Trust មានបុគ្គលិកជាង ១១០០នាក់ (បរទេស ៦នាក់) ក្នុងនោះបុគ្គលិកជាស្រ្តី ៤៦%។
លោកបានបន្តទៀតថា ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា ប្រជាជនកម្ពុជា និងសម្តេចតេជោ នាយករដ្ឋមន្ត្រី ខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះការគាំទ្រដ៏សប្បុរស របស់រាជរដ្ឋាភិបាល និងប្រជាជន នៃចក្រភពអង់គ្លេស ដល់ការចូលរួមគាំទ្រដល់ការងារ បោសសម្អាតមីន និងការរួមចំណែក ដែលមិនអាចខ្វះបានរបស់ អង្គការ HALO Trust ដើម្បីធ្វើការបោសសម្អាតមីន និងសំណល់ជាតិផ្ទុះពីសង្គ្រាមនៅកម្ពុជា។
លោកក៏បានវាយតម្លៃខ្ពស់ ចំពោះការដឹកនាំ និងសម្របសម្រួលរបស់ លោកជំទាវ Tina Redshaw ដែលបានតស៊ូយ៉ាងខ្លាំងក្លា ដើម្បីគាំទ្រដល់សកម្មភាពមីន នៅកម្ពុជា ទោះបីជាចក្រភពអង់គ្លេស បានកាត់បន្ថយថវិកា សម្រាប់សកម្មភាពមីន ជាសាកលក៏ដោយ ក៏លោកជំទាវ Tina បានធ្វើការយ៉ាងស្វិតស្វាញដើម្បីធានាឱ្យមានផលប៉ះពាល់ អប្បបរមាមកលើកម្ពុជា៕SRP


