ខេត្តកណ្ដាល៖លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក តំណាងដ៏ខ្ពង់ខ្ពស់របស់ សម្តេចតេជោ នាយករដ្ឋមន្ត្រី និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត នៅ ថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០២២ បានអញ្ជើញជាអធិបតី ក្នុងពិធីខួបអនុស្សារីយ៍ ១៣ ឆ្នាំ ថ្ងៃប្រកាសបង្កើតបញ្ជាការដ្ឋានអង្គរក្ស។
លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត បានរួមអបអរសាទរចំពោះការប្រារព្ធខួបអនុស្សាវរីយ៍ដ៏មានអត្ថន័យ ដើម្បីជាការរំឭកដល់ដំណើរឆ្លងកាត់ជាច្រើនដំណាក់កាល និងការសម្រេចបាននូវស្នាដៃ និងសមិទ្ធផលក្នុងការបំពេញភារកិច្ចការពារសន្តិសុខ-សុវត្ថិភាពជូន សម្តេចតេជោ នាយករដ្ឋមន្ត្រី និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ព្រមទាំងក្រុមគ្រួសារ ក៏ដូចជាភារកិច្ចជាច្រើនផ្សេងទៀត ជាគុណប្រយោជន៍សម្រាប់ជាតិ និងប្រជាជនកម្ពុជាទាំងមូល។
លោកបានថ្លែងថា ក្នុងរយៈពេលជាង ៤០ ឆ្នាំ ក្រោយការដួលរលំនៃរបបខ្មែរក្រហម ប្រទេសកម្ពុជាបានឆ្លងកាត់នូវឧបសគ្គ និងការលំបាកស្មុគស្មាញជាទីបំផុត នៅក្នុងដំណើរការកសាង និងអភិវឌ្ឍប្រទេស ជាពិសេសការខិតខំពុះពារធ្វើយ៉ាងណាធានាឱ្យបានដាច់ខាតនូវបរិយាកាសនយោបាយមួយប្រកបដោយសន្តិភាព ស្ថិរភាព សន្តិសុខ និងរបៀបរៀបរយ ដើម្បីជាមូលដ្ឋាននៃការអភិវឌ្ឍសេដ្ឋកិច្ច។ សមិទ្ធិផលជាតិសំខាន់ៗ ដែលសម្រេចបានកន្លងមកនេះ ពិតជាមិនអាចកាត់ផ្តាច់បានឡើយពីការចូលរួមប្រកបដោយពលិកម្មដ៏ធំធេងរបស់កងយោធពលខេមរភូមិន្ទ និយាយជារួម និងនិយាយដោយឡែករបស់បញ្ជាការដ្ឋានអង្គរក្សក្នុងកិច្ចការការពារសន្តិសុខ និងសុវត្ថិភាពជូនប្រមុខរាជរដ្ឋាភិបាល ដើម្បីធានានូវលំនឹងស្ថិរភាព និងនិរន្តរភាពនៃការដឹកនាំប្រទេសជាតិ។
នៅក្នុងពិធី លោក បានថ្លែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះថ្នាក់ដឹកនាំ និងយោធិននៃបញ្ជាការដ្ឋានអង្គរក្ស ដែលក្រៅពីភារកិច្ចស្នូលក្នុងការការពារសន្តិសុខ-សុវត្ថិភាពជូនប្រមុខរាជរដ្ឋាភិបាល និងថ្នាក់ដឹកនាំជាតិ-អន្តរជាតិ ដោយលើសពីនេះក៏បានខិតខំបំពេញភារកិច្ចការពារឯករាជ្យ អធិបតេយ្យ និងបូរណភាពទឹកដី ក៏ដូចជាការគាំទ្រយ៉ាងពេញទំហឹងចំពោះគោលនយោបាយនានារបស់រាជរដ្ឋាភិបាល និងគោរពយ៉ាងម៉ឺងម៉ាត់នូវរដ្ឋធម្មនុញ្ញ ច្បាប់ និងបទបញ្ជាទាំងឡាយ ជាមួយនឹងការខិតខំហ្វឹកហ្វឺនរៀនសូត្រ រហូតក្លាយជាកងទ័ពដែលមានវិន័យ កិត្តិយស សេចក្តីថ្លៃថ្នូរ ស័ក្តិសមជាកូនចៅពិតប្រាកដរបស់ប្រជាជន និងហ៊ានពលីជីវិតដើម្បីជាតិមាតុភូមិ។ ជាក់ស្តែង អង្គភាពតែងបានចូលរួមក្នុងការដោះស្រាយយថាហេតុផ្សេងៗនៅទូទាំងប្រទេស រួមមាន ជាអាទិ៍៖ ការបូមទឹកដាក់ស្រែជួយប្រជាពលរដ្ឋ, ការដឹកជញ្ជូនចែកចាយស្បៀងអំឡុងពេលកូវីដ-១៩, ការដឹកជញ្ជូនប្រជាពលករចំណាកស្រុកមកពីក្រៅប្រទេស, ការចុះទៅប្រមូលទិញផ្លែមៀន និងតាង៉ែននៅប៉ៃលិន, ជាពិសេសថ្មីៗនេះ ក៏បានចូលរួមផងដែរក្នុងការដាំដើមឈើនៅឧទ្យាន “ភ្នំតាម៉ៅ”។
លោកលោនឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត ក៏បានសម្តែងនូវការអបអរសាទរចំពោះការអភិវឌ្ឍរីកចម្រើនគួរជាទីមោទនៈរបស់បញ្ជាការដ្ឋានអង្គរក្ស ដោយក្នុងរយៈពេល ៣០ ឆ្នាំកន្លងមកនេះ និង ១៣ ឆ្នាំគិតចាប់ពីការដំឡើងជាបញ្ជាការដ្ឋានអង្គរក្ស អង្គភាពបានឆ្លងកាត់នូវឧបសគ្គ និងការលំបាកជាច្រើន ហើយរហូតមកដល់ពេលនេះអង្គភាពមានការបោះជំហានទៅមុខរឹងមាំលើគ្រប់វិស័យ ទាំងរចនាសម្ព័ន្ធដឹកនាំបញ្ជា, ចំនួនទ័ព, សមត្ថភាពជំនាញ, មធ្យោបាយគ្រឿងបំពាក់ និងការកសាងជំរំជម្រក ក៏ដូចជាហេដ្ឋានរចនាសម្ព័ន្ធនានាបម្រើឱ្យការបំពេញភារកិច្ច និងការលើកកម្ពស់សមត្ថភាព ជីវភាព សុខុមាលភាព របស់យោធិន និងគ្រួសារយោធិន ជាដើម។ ទាំងអស់នេះ ក៏បានបង្ហាញឱ្យឃើញផងដែរអំពីសាមគ្គីឯកភាពភាពផ្ទៃក្នុងល្អរបស់មេបញ្ជាការ មេបញ្ជាការរង ថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ នាយទាហាន នាយទាហានរង និងពលទាហានរបស់បញ្ជាការដ្ឋានអង្គរក្ស ធានាបាននូវនិរន្តរភាពរបស់អង្គភាពក្នុងការសម្រេចភារកិច្ចបម្រើជាតិ មាតុភូមិ និងប្រជាជន។
អនុលោមតាមរដ្ឋធម្មនុញ្ញ និងនយោបាយការពារជាតិរបស់ព្រះរាជាណាចក្រកម្ពុជា គឺកងយោធពលខេមរភូមិន្ទ មានកាតព្វកិច្ច៖ (i) ត្រូវរក្សាភាពស្មោះត្រង់ និងភាពដាច់ខាតនៅក្នុងកិច្ចការពារជាតិ សាសនា ព្រះមហាក្សត្រ, ការពាររដ្ឋធម្មនុញ្ញ និងរាជរដ្ឋាភិបាលស្របច្បាប់ និង (ii) ត្រូវបន្តប្រុងប្រៀបត្រៀមលក្ខណៈធានាអនុវត្តយ៉ាងម៉ឺងម៉ាត់នូវបទបញ្ជារបស់រាជរដ្ឋាភិបាល ក្រសួងការពារជាតិ និងអគ្គបញ្ជាការដ្ឋាន។ ទាំងនេះ គឺជាកិច្ចការស្នូលអាទិភាព ដែលកងយោធពលខេមរភូមិន្ទ ត្រូវអនុវត្តប្រកបដោយភាពម៉ឺងម៉ាត់ និងការទទួលខុសត្រូវពេញទំហឹង ដើម្បីធានាបានទាំងស្រុងនូវសន្តិភាព ស្ថិរភាព និងសន្តិសុខស្ថិតស្ថេរយូរអង្វែង បម្រើឱ្យការកសាងឱកាសសម្រាប់អភិឌ្ឍជាតិ។ នេះជាការលើកឡើងដោយបញ្ជាក់អំពីតួនាទីភារកិច្ចរបស់កងយោធពលខេមរភូមិន្ទ ពីសំណាក់ លោក ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត៕SRP
ភ្នំពេញ៖លោកព្រាប សុវត្ថិ ដែលគេស្គាល់ថា ជាអ្នកចម្រៀង ដ៏ល្បីឈ្មោះប្រចាំនៅកម្ពុជា និងក៏មានក្របខ័ណ្ឌជានាយទាហានជាន់ខ្ពស់ នៃកងយោធពលខេមរភូមិន្ទ ក្រសួងការពារជាតិ អត្តលេខ ០៤៨៦៩៤ ឋានន្តរស័ក្តិ ថ្នាក់វរសេនីយ៍ឯក ( ស័ក្តិ៥ ) ត្រូវបានរាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្តេចតេជោ ហ៊ុន សែន ជាប្រមុខ សម្រេចកាត់ផ្ទៃដី ចំនួន៤ទីតាំង ស្ថិតនៅសង្កាត់ពញាពន់ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ មានទំហំសរុប ២៩ ៨១៤ម៉ែត្រក្រឡា ចេញពីផ្ទៃបឹងតាមោក « បឹងកប់ស្រូវ » ធ្វើអនុបយោគ ពីទ្រព្យសម្បត្តិសាធារណៈរបស់រដ្ឋ ទៅជាទ្រព្យសម្បត្តិឯកជនរបស់រដ្ឋ និងប្រទានកម្ម ជូនជាកម្មសិទ្ធិ ដោយអនុក្រឹត្យលេខ ៧៥អនក្រ.បក ចុះថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២២។

នេះបើយោងតាមលិខិតបំភ្លឺរបស់ឃុំកំពង់ឃ្លាំង ចុះថ្ងៃទី ២ ខែសីហាឆ្នាំ ២០២២ ដែលចុះហត្ថលេខា ដោយមេឃុំ ប៉ា ប៉ូរ ដែលអង្គភាពទីភ្នាក់ងារសារព័ត៌មានសៀមរាបប៉ុស្តិ៍ទទួលបាននៅថ្ងៃសុក្រនេះ។