
ខេត្តសៀមរាប៖ឯកឧត្តមអ្នកឧកញ៉ា សៀង ណាំ តំណាងរាស្ដ្រមណ្ឌលសៀមរាប និងជាប្រធានក្រុមសម្ព័ន្ធមេត្រីភាពជាមួយវរសេនាតូចការពារព្រំដែនលេខ១របស់តំបន់ប្រតិបត្តិការសឹករងខេត្តសៀមរាប នៅព្រឹកថ្ងៃទី០៥ ខែមករា ឆ្នាំ២០២១ នេះ បានប្រគល់ថវិកាចំនួន៦៤០០ដុល្លារ អាមេរិកដល់វរសេនាតូចការពារព្រំដែនលេខ១ សម្រាប់សាងសង់អគារផ្ទះបាយថ្មី ដែលឈរជើងនៅចំណុចអូរកូនតឹង ក្នុងភូមិត្រពាំងក្រសាំង ឃុំស្រែណូយ ស្រុកវ៉ារិន។
ឯកឧត្ត ឧត្តមសេនីយ៏ទោ ស៊ីន ភាត់ មេបញ្ជាការតំបន់ប្រតិបត្ដិការសឹករងសៀមរាប បានថ្លែងអំណរគុណយ៉ាងធំធេងចំពោះ ឯកឧត្តមអ្នកឧកញ៉ា សៀង ណាំ សៀង ណាំ តំណាងរាស្ដ្រមណ្ឌលសៀមរាបរួមជាមួយសមាជិកក្រុមសម្ព័ន្ធមេត្រីភាពទាំងអស់ ដែលជានិច្ចកាលតែងតែឧបត្ថម្ភគាំទ្រដល់កងកម្លាំងពិសេសវរសេនាតូចការពារព្រំដែនលេខ១នេះ។
តំណាងឱ្យកងកម្លាំងទាំងអស់ នៃវរសេនាតូចការពារព្រំដែនលេខ១ បានប្តេជ្ញាថា និងខិតខំក្នុងកិច្ចការការពារជាតិមាតុភូមិឱ្យបានល្អ ជាពិសេសគឺតាមខ្សែបន្ទាត់ព្រំដែន។
ឯកឧត្តមអ្នកឧកញ៉ា សៀង ណាំ បានមានប្រសាសន៍ថា បើទោះបីប្រទេសកម្ពុជាក៏ដូចជាបណ្តាប្រទេសផ្សេងៗនៅលើពិភពលោកបានកំពុងជួបការលំបាកដោយសារការកូវីដ ក៍ប៉ុន្តែក្នុងនាមជាសម្ព័ន្ធមេត្រីភាព ឯកឧត្តមអ្នកឧកញ៉ាតែងតែគិតគូដល់កងកម្លាំងប្រដាប់អាវុធជានិច្ច ជាក់ស្តែងសកម្មភាពនៅពេលនេះស្រាប់ គឺបានបង្ហាញឱ្យឃើញពីការបង្កើតភាពស្និទ្ធស្នាល លើកទឹកចិត្ដ និងធ្វើឱ្យកងកម្លាំងមានភាពជឿជាក់ និងភាពកក់ក្ដៅក្នុងការរួមចំណែកការពារ ជាតិ សាសនា ព្រះមហាក្សត្រ ជាពិសេស គឺការពារបូរណភាពទឹកដី និងរដ្ឋធម្មនុញ្ញ ដែលជាច្បាប់កំពូលរបស់ជាតិ។
សូមបញ្ជាក់ថា នៅក្នុងរយៈពេលជាង១០ឆ្នាំមកនេះ ក្នុងនាមសម្ព័ន្ធមេត្រីភាព ឯកឧត្តមឧកញ៉ា សៀង ណាំ តំណាងរាស្ដ្រមណ្ឌលសៀមរាប និងជាប្រធានក្រុមសម្ព័ន្ធមេត្រីភាពជាមួយវរសេនាតូចការពារព្រំដែនលេខ១ របស់តំបន់ប្រតិបត្តិការសឹករងខេត្តសៀមរាប គឺបានជួយយ៉ាងច្រើន ដល់អង្គភាពមួយនេះ ទាំងផ្នែកស្បៀងអាហារ និងការងារអភិវឌ្ឍទីបញ្ជាការ ផងដែរ៕SRP





