ខេត្តសៀមរាប៖ អំពើចោរកម្មហាក់បីកម្រើកឡើងវិញនៅក្រុងសៀមរាប មួយរយ:ពេលប៉ុន្មានសប្តាហ៍មកនេះ។ ជាក់ស្ដែងនៅវេលាម៉ោង០២និង៣០នាទីទាបភ្លឺ ថ្ងៃទី១១ខែមិថុនាឆ្នាំ២០២០ នៅចំណុចផ្ទះជួល ស្ថិតក្នុងភូមិគ្រួស សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ខេត្តសៀមរាប មានករណីជនសង្ស័យមិនស្គាល់មុខបានធ្វើ សកម្មភាពលួចយកម៉ូតូ០១គ្រឿង បានសម្រច នៅត្រង់ចំណុចខាងលើ។
សមត្ថកិច្ចបានឲ្យដឹងថាជនរងគ្រោះ.ឈ្មោះ សឿន សម្បត្តិ ភេទប្រុស អាយុ២៧ឆ្នាំ មុខរបរធ្វើការក្នុងហាងស្រា រស់នៅភូមិគ្រួស សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ខេត្តសៀមរាប។ ម៉ូតូដែលបាត់ម៉ាកScoopy សេ១១០សេរីឆ្នាំ២០១៩ ពណ៌ស ពាក់ស្លាកលេខ សៀមរាប1AC:5183 លេខតួ-ម៉ាស៊ីន8131236។
សមត្ថកិច្ចបានបញ្ជាក់ថាក្រោយធ្វើសកម្មភាពលួចបានសម្រេច ជនសង្ស័យបានជិះម៉ូតូគេចខ្លួនបាត់តែម្ដង។ បើតាមសមត្ថកិច្ចមូលហេតុជនរងគ្រោះបានទុកម៉ូតូចោលនៅខាងមុខបន្ទប់ជួលម្ចាស់ចូលទៅដេកក្នុងបន្ទប់។
បច្ចុប្បន្នជនរងគ្រោះបានមកដាក់ពាក្យបណ្ដឹង នៅមូលដ្ឋានកងរាជអាវុធហត្ថក្រុងសៀមរាប អោយជួយស្រាវជ្រាវ តាមចាប់ជនសង្ស័យ មកផ្ដន្ទាទោសតាមច្បាប់។
សូមបញ្ជាក់ថាកាលពីថ្ងៃទី០១ខែមិថុនាឆ្នាំ២០២០ ក៏មានករណីបាត់ម៉ូតូហុងដាសេរី២០២០មួយគ្រឿងផងដែរ នៅមន្ទីរព័ត៌មានខេត្តសៀមរាប ជាម៉ូតូរបស់មន្ត្រីបម្រើការងារនៅមន្ទីរព័ត៌មានខេត្តសៀមរាប ដោយចោរបានចូលលួចយកដោយសុវត្ថិភាព។ ទោះយ៉ាងណាពលរដ្ឋសង្ឃឹមថាសមត្ថកិច្ចនឹងបង្ក្រាបនូវអំពើចោរកម្មទាំងនេះឲ្យអស់ផងដែរ៕SRP

