ខេត្តបាត់ដំបង៖ឯកឧត្តមសុខ លូ អភិបាលខេត្តបាត់ដំបង បានមានប្រសាសន៍ណែនាំ អំពីបញ្ហាចរាចរណ៍ ពិសេសអំឡុងពេលដែលផ្លូវអាស៊ានហាយវេលេខ១ (ផ្លូវជាតិលេខ៥) ទើបដាក់ឱ្យសម្ពោធប្រើប្រាស់ជាផ្លូវការ នៅព្រឹកមិញនេះ សូមប្រជាពលរដ្ឋមានការប្រុងប្រយ័ត្ន និងគោរពច្បាប់ចរាចរណ៍ ត្រូវពាក់មួកសុវត្ថិភាព ពេលធ្វើដំណើរតាមម៉ូតូ និងពាក់ខ្សែក្រវ៉ាត់ពេលបើកបររថយន្ត គោរពផ្លាកសញ្ញាចរាចរណ៍ ព្រោះអត្រាគ្រោះថ្នាក់ចរាចរណ៍ នៅតែបន្តគំរាមកំហែង ការស្លាប់ និងជនពិការធ្វើឱ្យបាត់បង់ធនធានមនុស្សជាច្រើន ដូចនេះត្រូវចូលរួមគោរពច្បាប់ចរាចរណ៍ទាំងអស់ ទើបកាត់បន្ថយអត្រាគ្រោះថ្នាក់ចរាចរណ៍ កាន់តែមានប្រសិទ្ធភាព។
ឯកឧត្តម ក៏បានណែនាំដល់ប្រជាពលរដ្ឋ.ចូលរួមថែរក្សាអនាម័យ ក្នុងនោះចូលរួមក្នុងការកាត់បន្ថយការប្រើប្រាស់ថង់ប្លាស្ទិក ព្រោះថង់ប្លាស្ទិកមិនងាយរលាយក្នុងបរិស្ថានទេ ធ្វើឱ្យបរិស្ថានកាន់តែពុល និងគ្មានសណ្ដាប់ធ្នាប់ ដោយងាកមកប្រើថង់បរិស្ថាន ឬកាបូបបរិស្ថានជាដើម ដើម្បីកាត់បន្ថយការបំពុលក្នុងបរិស្ថាន។
ឯកឧត្តម សុខ លូ មានប្រសាសន៍លើកឡើងយ៉ាងដូច្នេះ ក្នុងឱកាស អញ្ជើញសំណេះសំណាលសួរសុខទុក្ខ និងនាំយកគ្រាប់ពូជស្រូវស្បៀងបម្រុង របស់សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីចែកជូនដល់ប្រជាពលរដ្ឋក្រីក្រ ដែលរងផលប៉ះពាល់ដោយគ្រោះរាំងស្ងួត ចំនួនគ្រួសារជាង២ពាន់គ្រួសារ ស្ថិតក្នុងស្រុកថ្មគោល និងស្រុកមោងឫស្សី ខេត្តបាត់ដំបង ជាង ២ពាន់ គ្រួសារនៅថ្ងៃពុធនេះ។
ក្នុងឱកាសនោះដែរ ឯកឧត្តម សុខ លូ បានមានប្រសាសន៍ថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះ សម្ដេចហ៊ុន ម៉ាណែត ដែលតែងតែគិតគូរដល់សុខទុក្ខដល់ប្រជាពលរដ្ឋ គ្រប់ពេលវេលា ជាក់ស្ដែងនៅថ្ងៃនេះ តាមរយៈគណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយ បានចាត់ឱ្យក្រុមការងារចុះចែកស្បៀងបម្រុង និងផ្ដល់គ្រាប់ពូជស្រូវជូនប្រជាពលរដ្ឋ ណាដែលរងផលប៉ះពាល់ និងមានប្រភពទឹកគ្រប់គ្រាន់ ក្នុងការស្ដារឡើងវិញ ដែលនេះជាការបង្ហាញការយកចិត្តទុកដាក់ របស់សម្ដេចដល់ប្រជាពលរដ្ឋ តាំងពីពេលមានបញ្ហាដោយសារទឹកជំនន់ គ្រោះរាំងស្ងួត រហូតមកដល់បច្ចុប្បន្ននេះ។
ឯកឧត្តមបានបន្តទៀត ចំពោះស្បៀងអាហារដែលប្រគល់ ជូននាពេលនេះ គឺជាការសម្រាលបន្ទុកបានមួយរយៈពេលខ្លី ហើយក្នុងនោះយើងធ្វើការចែកចំពោះប្រជាពលរដ្ឋដែលរង ផលប៉ះពាល់ និងមានជីវភាពលំបាក ដូចនេះសូមធ្វើការអធ្យាស្រ័យពីសំណាក់ប្រជាពលរដ្ឋផងដែរ។
ឯកឧត្តមបានបន្តទៀតថា បច្ចប្បន្ននេះ រាជរដ្ឋាភិបាល នៅតែមានគោលនយោបាយ ផ្ដល់បណ្ណសមធម៌ ប័ណ្ណហានិភ័យសម្រាប់ប្រជាពលរដ្ឋ ដែលងាយធ្លាក់ក្នុងបន្ទាត់ក្រីក្រ ប្រជាពលរដ្ឋដែលក្រីក្រ រដ្ឋាភិបាលឧបត្ថម្ភជាថវិកាប្រចាំខែ ផ្ដល់នូវការព្យាបាលជម្ងឺដោយឥតគិតថ្លៃជាដើម ដែលសម្រាលបន្ទុកយ៉ាងច្រើនដល់ប្រជាពលរដ្ឋ ដែលងាយរងហានិភ័យ និងប្រជាពលរដ្ឋក្រីក្រ តែទន្ទឹមនឹងនោះដែរ ប្រជាពលរដ្ឋ ត្រូវតែខិតខំប្រកបរបរ និងចូលរួមជាមួយរាជរដ្ឋាភិបាល ក្នុងការចូលរួមអភិវឌ្ឍន៍ ប្រទេសជាតិ ចូលរួមរក្សាសន្ដិភាពប្រទេស ដើម្បីឱ្យប្រទេសកម្ពុជាកាន់តែបន្តរីកចម្រើនទៅមុខផងដែរ៕


