ខេត្តកំពង់ចាម៖អភិបាលខេត្តកំពង់ចាម លោកអ៊ុន ចាន់ដា នៅព្រឹកថ្ងៃទី២៥ ខែមេសាម្សិលមិញ បានអញ្ជើញចុះពិនិត្យវឌ្ឍនភាពនៃការសាងសង់ង់ស្ពានឆ្លងកាត់ទន្លេមេគង្គ ស្ទឹងត្រង់-ក្រូចឆ្មារ។ដែលបច្ចុប្បន្នសម្រេចបានប្រមាណជា ៧៥% ហេីយ។
គួររំលឹកផងដែរថា ស្ពានស្ទឹងត្រង់-ក្រូចឆ្មារនេះ ត្រូវបានបើកការដ្ឋានសាងសង់ជាផ្លូវការកាលពីថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០១៩ ក្រោមអធិបតីភាពសម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន។ ស្ពាននេះ ឆ្លងកាត់ទន្លេមេគង្គ ពីស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម ទៅស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ និងផ្លូវតភ្ជាប់សងខាង ស្ពាន។ ស្ពាននេះមានប្រវែងសរុប ១១៣១ ម និង ទទឹង១៣,៥០ ម ជាប្រភេទស្ពានបេតុងសរសៃដែក គ្រោងចំណាយថវិកាសរុប ៥៦,៩៩៨ លានដុល្លារសហរដ្ឋអាមេរិក ជាហិរញ្ញប្បទានសម្បទាន ពីរដ្ឋាភិបាលនៃសាធារណរដ្ឋប្រជាមានិតចិន រួមជាមួយថវិកាបដិភាគ របស់រាជរដ្ឋាភិបាលកម្ពុជា សម្រាប់ដោះស្រាយផលប៉ះពាល់ និងបោសសម្អាតយុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ។ គម្រោងស្ពាននេះ ត្រូវបានសាងសង់ឡើងដោយក្រុមហ៊ុនសំណង់សៀងហៃគ្រុប (Shanghai Construction Group) និងត្រួតពិនិត្យបច្ចេកទេស ដោយក្រុមហ៊ុនទីប្រឹក្សាបច្ចេកទេស ក្វាងចូវវ៉ានអាន។ តាមគ្រោងការស្ថាបនានេះ នឹងត្រូវចំណាយរយៈពេលចំនួន ៤២ខែ ចាប់ពីខែកុម្ភៈ ឆ្នាំ២០១៨ ដែលគ្រោងបញ្ចប់ការសាងសង់នៅដើមឆ្នាំ២០២១ខាងមុខ។
គួរកត់សម្គាល់ផងដែរថា កន្លងមកបងប្អូនប្រជាពលរដ្ឋទាំងនៅត្រើយខាងកើត និងត្រើយខាងលិច អាចធ្វើដំណើរ និងទំនាក់ទំនងគ្នាទៅវិញទៅមកបានតាមរយៈការជិះទូកដ ឬសាឡាងចម្លងកែច្នៃតូចៗ ដែលពួកគាត់តែងតែជួបនូវការលំបាក គ្រោះថ្នាក់ និងមិនសូវមានប្រសិទ្ធភាព ក្នុងការដឹកជញ្ជូនទំនិញ៕SRP


