ខេត្តកំពង់ចាម៖នៅចំពោះមុខប្រជាពលរដ្ឋលោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានថ្លែងថា បន្ទាប់ពីទទួលបានប័ណ្ណកម្មសិទ្ធិគ្រប់គ្រងដីធ្លីនេះហើយ សូមបងប្អូនប្រជាពលរដ្ឋ កុំយកទៅបញ្ចាំ ឬក៏លក់ដូរអី គឺត្រូវខិតខំធ្វើការអាស្រ័យផលលេីដីនេះ ឲ្យមានជីវភាពធូរធារទាំងអស់គ្នា និងគួរតែទុកជាកេរ្តិ៍ដំណែលសម្រាប់កូនចៅយើងនៅជំនាន់ក្រោយៗ ឲ្យបានទទួលផលប្រយោជន៍ពីដីនេះ។ ព្រោះនេះជាដីដែលសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានផ្តល់ឲ្យបងប្អូនទាំងអស់គ្នា តាមរយៈគោលនយោបាយឈ្នះៗរបស់សម្តេច។
លោកអភិបាលខេត្ត ក៏បានបញ្ជាក់ផងដែរថា អាជ្ញាធរដែលឈរនៅចំពោះមុខបងប្អូនទាំងអស់គ្នានេះ គឺជាអ្នកបម្រើរាស្ត្រយ៉ាងពិតប្រាកដ បេីបងប្អូនមានបញ្ហាអ្វី ឬត្រូវការអ្វីនោះ សូមប្រាប់មកអាជ្ញាធរតាមរយៈភូមិឃុំ និងស្រុក ដេីម្បីឲ្យពួកគាត់ជួយដោះស្រាយរាល់តម្រូវការជូនពុកម៉ែបងប្អូន។
លោក អ៊ុន ចាន់ដា ថ្លែងយ៉ាងដូច្នោះ នៅព្រឹកថ្ងៃអង្គារទី២៣ខែមិថុនានេះ ក្នុងពេលចុះដោះស្រាយបញ្ហាវិវាទដីធ្លីមួយកន្លែង ស្ថិតនៅក្នុងថ្មី និងភូមិតាមាង ឃុំកោះរកា ស្រុកកំពង់សៀម ដោយភាគីទាំងពីរបានទទួលផលប្រយោជន៍ពីដីទីទួលចំប៉ីនោះទាំងអស់គ្នា ពោលគឺភាគីចង់បានប្លង់កម្មសិទ្ធិមកគ្រប់គ្រងបានស្ម័គ្រចិត្តកាត់ដី២០% សម្រាប់បម្រុងទុកជាទីទួលសុវត្ថិភាពក្នុងរដូវទឹកជំនន់ ដែលប្រជាពលរដ្ឋជាទូទៅអាចយកសត្វពាហនៈមកស្នាក់នៅបណ្តោះអាសន្ននៅទីតាំងនោះបានទាំងអស់គ្នា ដោយអនុវត្តតាមយុទ្ធសាស្ត្រឈ្នះៗ របស់សម្តេចតេជោ ហ៊ុន សែន ។
បើតាមមេឃុំកោះរកា លោកផន ផូ បានឲ្យដឹងថា ពាក់ព័ន្ធដីទីទួលចំប៉ីនេះ គឺមានទំហំប្រមាណជាង៦ហិកតា ដែលមានប្រជាពលរដ្ឋ២៤គ្រួសារ នៅភូមិថ្មីភូមិតាមាង ឃុំកោះរកា ស្រុកកំពង់សៀម និងភូមិកំពង់រលីង សង្កាត់សំបួរមាស ក្រុងកំពង់ចាម បានស្នើសុំប័ណ្ណកម្មសិទ្ធិគ្រប់គ្រង ហើយក៏មានប្រជាពលរដ្ឋ សុំទុកជាទីទួលសុវត្ថិភាពសម្រាប់បម្រុងទុកពេលរដូវទឹកជំនន់ផងដែរ៕SRP
សៀមរាប ប៉ុស្តិ៍
២៣ មិថុនា ២០២០
