នាយករដ្ឋមន្ត្រី ចេញបទបញ្ជាឲ្យបោសសម្អាតការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (ONLINE SCAMS)
សៀមរាប ប៉ុស្តិ៍
១៦ កក្កដា ២០២៥
នាយករដ្ឋមន្ត្រី ចេញបទបញ្ជាឲ្យបោសសម្អាតការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (ONLINE SCAMS)
ក្រុមហ៊ុន CAMBODIAN NOBLE TASTE FOOD CO., LTD.មិនទាន់អាចបើកដំណើរផលិតកម្មឡើងវិញបានទេ ត្រូវបំពេញវិធានការច្បាប់បន្ថែម
ឯកឧត្តម ខ្វៃ អាទិត្យា អនុរដ្ឋលេខាធិការក្រសួងបរិស្ថាន នៅថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៥ បានដឹកនាំក្រុមការងារសុក្រឹត្យកម្មបរិស្ថានកិច្ចលើភាពស្អាត នៃអគ្គនាយកដ្ឋានគាំពារបរិស្ថាន ដោយមានការចូលរួមពីលោក ជូ មុនីដារិន អគ្គនាយករង នៃអគ្គនាយកដ្ឋានគាំពារបរិស្ថាន តំណាងមន្ទីរបរិស្ថានខេត្តព្រះសីហនុ មេឃុំទឹកថ្លា មន្រ្តីប៉ុស្ដ៍នគរបាលរដ្ឋបាលឃុំទឹកថ្លា ស្រុកព្រៃនប់ ខេត្តព្រះសីហនុ និងមេធាវីរបស់ក្រុមហ៊ុន បានចុះត្រួតពិនិត្យការអនុវត្តវិធានការច្បាប់ដែលក្រសួងបរិស្ថានបានដាក់ចេញ ចំពោះក្រុមហ៊ុន CAMBODIAN NOBLE TASTE FOOD CO., LTD. ប្រភេទកែច្នៃស្បែកគោ ដែលមានអាសយដ្ឋាននៅឃុំទឹកថ្លា ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។ ក្រុមការងារបានរកឃើញ ស្ថានភាពទឹកព្រែកសង្កែនៅទីតាំងសំខាន់ៗក្បែក្រុមហ៊ុន ចំនួន៤ មានលក្ខណៈធម្មតា ពុំមានក្លិនស្អុយនោះទេ។ លទ្ធផលតេស្ដបឋម នៅទីតាំងទាំង៤ខាងលើ ឃើញថាប៉ារ៉ាម៉ែត្រ pH, DO និង COD ស្ថិតនៅក្នុងកំរិតស្ដង់ដារ
-ក្រុមការងារបានយកសំណាកទឹក មកវិភាគបន្តនៅមន្ទីរពិសោធន៍ក្រសួងបរិស្ថាន ដើម្បីធ្វើការផ្ទៀងផ្ទាត់។
ដោយឡែក ការត្រួតពិនិត្យនៅក្នុងទីតាំងក្រុមហ៊ុន ក្រុមការងារបានពិនិត្យឃើញថា ក្រុមហ៊ុនបានផ្អាកសកម្មភាពផលិតកម្មជាបណ្តោះអាសន្ន និងគ្មានការបង្ហូរសំណល់រាវចេញពីទីតាំងក្រុមហ៊ុនទេ។ អាងប្រព្រឹត្តិកម្មទឹកកក្ខក់ ពុំមានដំណើរការនោះទេ។ ក្រុមហ៊ុនបានធ្វើការបិទភ្ជិតប្រព័ន្ធលូ ដែលពីមុនក្រុមហ៊ុនប្រើប្រាស់សម្រាប់បង្ហូរសំណល់រាវចូលព្រែកសង្កែបានរួចរាល់។ ក្រុមការងារបានពិនិត្យតាមព្រៃកោងកាងជាប់របងក្រុមហ៊ុនឃើញថា ពុំមានកំណកខ្លាញ់ ឬ ប្រេងកកជាប់នឹងឬសកោងកាង និងពុំមានក្លិនស្អុយដូចមុនទៀតនោះទេហើយដើមកោងកាងបានលូតលាស់ឡើងវិញ។
សូមបញ្ជាក់ថា ក្រុមហ៊ុនបានកំពុងអនុវត្តវិធានការច្បាប់ ដែលបានកំណត់ក្នុងលិខិតលេខ៩៧/០១២៥ ប.ស្ថ/អគព ចុះថ្ងៃទី៩ ខែមករា ឆ្នាំ២០២៥ របស់ក្រសួងបរិស្ថាន។
ឆ្លើយតបនឹងចំណុចមិនទាន់បានបំពេញទាំងនេះ ក្រុមការងារបានបន្តតម្រូវឲ្យក្រុមហ៊ុន អនុវត្តវិធានការ មួយចំនួនដូចខាងក្រោម៖
១.ក្រុមហ៊ុនត្រូវពន្លឿនការដំឡើងបរិក្ខារ នៅក្នុងអាងប្រព្រឹត្តិកម្មសម្អាតសំណល់រាវ ឱ្យបានឆាប់រួចរាល់ និងរាយការណ៍ជូនក្រសួងបរិស្ថាន ដើម្បីក្រសួងបរិស្ថានចុះត្រួតពិនិត្យ និងវាយតម្លៃ មុននឹងក្រុមហ៊ុនដាក់ឱ្យ អាងប្រព្រឹត្តិកម្មដំណើរការឡើងវិញ។
២.ត្រូវទុកដាក់ និងគ្រប់គ្រងសំរាម សំណល់រឹងឱ្យបានត្រឹមត្រូវតាមលក្ខណៈបច្ចេកទេស និងសហការជាមួយក្រុមហ៊ុនផ្ដល់សេវាប្រមូល និងដឹកជញ្ជូន ដោយមានការទទួលស្គាល់ពីអាជ្ញាធរមានសមត្ថកិច្ច៕SRP
ខេត្តកំពង់ធំ៖ក្រុមសមត្ថកិច្ចចម្រុះបានបង្ក្រាបរថយន្តដឹកឈើលុចស៊ិសដឹកជញ្ជូនឈើដោយខុសច្បាប់១គ្រឿង។
ការបង្ក្រាប នៅម៉ោង១២និង៥០នាទីថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៥ ត្រង់ចំណុចUTM ( 494905-1439076 ) ស្ថិតភូមិម្រាក ឃុំទួលគ្រើល ស្រុកប្រាសាទបល្ល័ង្ក។
ការបង្ក្រាបនេះរថយន្តចំនួន១គ្រឿង ម៉ាកលុចស៊ីស RX300 ពណ៌ទឹកមាស មានស្លាកលេខភ្នំពេញ 2E-7241 ដឹកជញ្ជូនឈើតាប់សុក្រម ចំនួន ៨ដុំ មុខកាត់២០ទៅ៣០ សង់ទីម៉ែត្រ អ្នកបើករថយន្តឈ្មោះ រុន ភិញ អាយុ២៧ឆ្នាំ រស់នៅភូមិម្រាក ឃុំទួលគ្រើល ស្រុកប្រាសាទបល្ល័ង្ក ខេត្តកំពង់ធំ។ បច្ចុប្បន្នវត្ថុតាងត្រូវបានយកមករក្សាទុកនៅអធិការដ្ឋានរដ្ឋបាលព្រៃឈើខាងជើងបឹងទន្លេរសាប ដើម្បីចាត់ការតាមនីតិវិធីច្បាប់៕SRP
មន្រ្តីជាន់ខ្ពស់ក្រសួងមហាផ្ទៃ ប្រាប់អាជ្ញាធរសមត្ថកិច្ចពាក់ព័ន្ធក្នុងខេត្តសៀមរាប ពង្រឹងការទប់ស្កាត់ និងបង្ក្រាបបទល្មើសនានាក្នុងមូលដ្ឋាន
ខេត្តសៀមរាប៖នាយឧត្តមសេនីយ៍ សួស អង្គារ៍ រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងារទី៩ បានថ្លែងជំរុញឱ្យសមត្ថកិច្ចខេត្តសៀមរាប បន្តអនុវត្តឱ្យបានកាន់តែល្អលើគោលនយោបាយភូមិឃុំ សង្កាត់មានសុវត្ថិភាព ជាពិសេសអាជ្ញាធរមូលដ្ឋាន និងគណៈបញ្ជាការឯកភាពរដ្ឋបាលក្រុងស្រុក ត្រូវសហការពង្រឹងការទប់ស្កាត់ និងបង្ក្រាបបទល្មើសនានាក្នុងមូលដ្ឋាន ជត្រូវពង្រឹងក្រមសីលធម៌ វិន័យរបស់កងកម្លាំង និងបង្កើនការយកចិត្តទុកដាក់អនុវត្តឱ្យមានប្រសិទ្ធភាពខ្ពស់លើគោលនយោបាយភូមិឃុំសង្កាត់មានសុវត្ថិភាព។
នាយឧត្តមសេនីយ៍ សួស អង្គារ៍ ថ្លែងយ៉ាងដូច្នេះនៅខេត្តសៀមរាប នាថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៥ នេះ ក្នុងឱកាសដឹកនាំកិច្ចប្រជុំបូកសរុបរបាយការណ៍ ស្ដីពីការអនុវត្តគោលនយោបាយភូមិឃុំ សង្កាត់មានសុវត្ថិភាពប្រចាំឆមាសទី១ និងអនុវត្តបន្តឆមាសទី២ ឆ្នាំ២០២៥។
លោកឌី រ៉ាដូ អភិបាលរងខេត្តសៀមរាប តំណាងឯកឧត្តមប្រាក់ សោភ័ណ អភិបាលខេត្តសៀមរាប បានថ្លែងថាគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត បានអនុវត្តតាមផែនការការពារ និងរក្សាបាននូវសន្តិសុខសណ្ដាប់ធ្នាប់សង្គមបានល្អប្រសើរ ស្របតាមគោលនយោបាយ ភូមិឃុំ សង្កាត់មានសុវត្ថិភាព ជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងការអភិវឌ្ឍលើគ្រប់វិស័យ ពិសេសរក្សាបាននូវសន្តិសុខ ស្ថិរភាព និងសណ្ដាប់ធ្នាប់សាធារណៈជូនថ្នាក់ដឹកនាំ ប្រតិភូជាន់ខ្ពស់ ប្រជាពលរដ្ឋ ភ្ញៀវទេសចរដែលមកកាន់ខេត្តសៀមរាប។
លោកបន្តថា ដើម្បីទទួលបាននូវសន្តិសុខ សណ្ដាប់ធ្នាប់ និងស្ថិរភាពសង្គមល្អប្រសើរ គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត ក៏បានសហការជាមួយក្រុមការងារថ្នាក់ជាតិចុះ ជំរុញផ្សព្វផ្សាយរៀបចំការប្រឡងប្រណាំង និងផ្ដល់ប្រាក់រង្វាន់ដល់ឃុំ សង្កាត់ និងបុគ្គលឆ្នើម ក្នុងការអនុវត្តគោលនយោបាយភូមិឃុំសង្កាត់មានសុវត្ថិភាព ជាបន្តបន្ទាប់ថែមទៀតផងដែរ។
រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងារទី៩ បានជំរុញដល់កងកម្លាំងមានសមត្ថកិច្ចទាំងអស់ ត្រូវបង្កើនការយកចិត្តទុកដាក់លើការអនុវត្តតាមជំនាញ និងច្បាប់ឱ្យបានកាន់តែល្អបន្ថែមទៀត បន្តការអនុវត្តគោលនយោបាយភូមិឃុំ សង្កាត់ មានសុវត្ថិភាព ខណៈបច្ចុប្បន្នការអនុវត្តគោលនយោបាយនេះ កាន់តែមានភាពល្អប្រសើរឡើង។
លោកបានបញ្ជាក់ថា គោលនយោបាយភូមិឃុំសង្កាត់មានសុវត្ថិភាព គឺជាការដាក់ចេញរបស់រាជរដ្ឋាភិបាល ដែលប្រគល់ឱ្យក្រសួងមហាផ្ទៃ ជាសេនាធិការ ហើយចាំបាច់ត្រូវរៀបចំក្រុមការងារចុះតាមខេត្តនីមួយៗ ដើម្បីពិនិត្យមើលនៃការអនុវត្តគោលនយោបាយនេះ។
ក្នុងនោះ ក្រសួងមហាផ្ទៃ ក៏បានណែនាំឱ្យគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត ក្រុងស្រុក ត្រូវបន្តជំរុញពង្រឹងការងារប្រឡងប្រណាំង ការអនុវត្តគោលនយោបាយ ភូមិ ឃុំ សង្កាត់ មានសុវត្ថិភាពឱ្យបានម៉ឺងម៉ាត់ និងមានប្រសិទ្ធភាពខ្ពស់ ដើម្បីធានាបាននៅសន្តិសុខ សណ្ដាប់ធ្នាប់ល្អ និងម្យ៉ាងទៀត ត្រូវពង្រឹងការគ្រប់គ្រង និងត្រៀមលក្ខណៈឆ្លើយតបបញ្ហាគ្រោះមហន្តរាយ គ្រោះថ្នាក់ និងជំងឺរាតត្បាតផ្សេងៗឱ្យមានប្រសិទ្ធភាព៕SRP
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អនុប្រធានក្រុមប្រឹក្សាភិបាល សមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ (TYDA) នៅថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២៥ ម្សិលមិញ បានដឹកនាំក្រុមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ (TYDA) និងអាជ្ញាធរដែនដី គ្រប់លំដាប់ថ្នាក់ ចុះពិនិត្យ និងព្យាបាលជំងឺជូនប្រជាពលរដ្ឋ ចំនួន៤.៨២៦នាក់ ស្មើនឹង ៩.៤៨០ ករណី ស្ថិតនៅភូមិអូរពោធិ៍ ឃុំរមណីយ ស្រុករវៀង ខេត្តព្រះវិហារ ស្ថិតក្នុងបរិវេណក្រុមហ៊ុន ទ្រី ភាព អុីមផត អិចផត។
ក្នុងឱកាសសំណេះសំណាលជាមួយប្រជាពលរដ្ឋ លោកជំទាវបណ្ឌិត បានឱ្យដឹងថា សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា, សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា គឺតែងតែយកចិត្តទុកដាក់គិតគូរអំពីសុខទុក្ខ និងសុខភាពរបស់បងប្អូនប្រជាពលរដ្ឋគ្រប់ពេលវេលា តាមរយៈការបង្ខិតសេវាព្យាបាលជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃ។ ជាក់ស្ដែងថ្ងៃនេះលោកជំទាវបណ្ឌិតបានដឹកនាំ ក្រុមគ្រូពេទ្យជំនាញ ចំនួន ៤១០នាក់ ចុះមកពិនិត្យ និងព្យាបាលជំងឺជូនប្រជាពលរដ្ឋ នៅក្នុងខេត្តព្រះវិហារនេះ ដោយឥតគិតថ្លៃអ្វីទាំងអស់រួមមាន៖ ពិនិត្យជំងឺទូទៅ, ជំងឺមាត់ធ្មេញ, ពិនិត្យអេកូ និងរោគស្រ្តី, ជំងឺបេះដូង, ពិនិត្យជំងឺភ្នែក, វះកាត់តូច, ជំងឺឫសដូងបាត, ជំងឺសន្លាក់, ជំងឺសើរស្បែក, ជំងឺត្រចៀក ច្រមុះ បំពងក, ថតកាំរស្មី, ពិនិត្យឈាម, និងបញ្ជូនទៅព្យាបាលបន្តក្នុងករណីមានជំងឺធ្ងន់ធ្ងរ។
លោកជំទាវបណ្ឌិតបានបញ្ជាក់ទៀតថា «បើសិនជាលោកតា លោកយាយ អ៊ំ ពូ មីង បងប្អូន ប្រជាពលរដ្ឋយើងមានស្ថានភាពជំងឺឈឺធ្ងន់ធ្ងរ ក្រុមគ្រូពេទ្យនឹងបញ្ជូនទៅព្យាបាលបន្តនៅមន្ទីរពេទ្យខេត្ដ ឬទៅកាន់រាជធានីភ្នំពេញតែម្ដង ហើយសូមបញ្ជាក់ផងដែរថារាល់ការចំណាយទាំងអស់ ដូចជាការសម្រាកព្យាបាល និងអាហារ សូមអ៊ំពូមីង កុំបារម្ដ គឺឧបត្ថម្ភទាំងស្រុងដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត»។
ប្រជាពលរដ្ឋដែលបានមកទទួលសេវាពិនិត្យ និងព្យាបាលនាឱកាសនេះ បានបង្ហាញនូវសេចក្ដីរំភើប សប្បាយរីករាយ និងកក់ក្ដៅយ៉ាងខ្លាំង ថែមទាំងបានថ្លែងអំណរគុណជាអនេក ចំពោះក្ដីស្រលាញ់ និងការយកចិត្ដទុកដាក់ ពីថ្នាក់ដឹកនាំ ជាពិសេសការលះបង់កម្លាំងកាយ-ចិត្ដ និងពេលវេលាដ៏មានតម្លៃរបស់លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ដែលបានដឹកនាំក្រុមគ្រូពេទ្យជំនាញ ចុះមកពិនិត្យ និងព្យាបាលសុខភាព ជូនពួកគាត់ស្ទើរតែដល់ខ្នងផ្ទះ និងដោយមិនគិតថ្លៃអ្វីទាំងអស់។
លោកជំទាវបណ្ឌិតបានមានប្រសាសន៍ថា ការមកព្យាបាលជំងឺជូនប្រជាពលរដ្ឋនៅទីនេះ គឺជាលើកទី១ តែលោកជំទាវបានអះអាងថា អាចមានជាលើកទី២ ឬលើកទី៣ ជាបន្តបន្ទាប់ទៀត។ ហើយឱកាសក្រោយៗអាចនឹងមានវត្តមានសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញចូលរួម។
ឆ្លៀតក្នុងឱកាសនោះដែរបន្ទាប់ពី បានអញ្ជើញពិនិត្យមើលសកម្មភាព ក្រុមគ្រូពេទ្យពិនិត្យ និងព្យាបាលជំងឺជូនប្រជាពលរដ្ឋ លោកជំទាវបណ្ឌិត ក៏បានអញ្ជើញចែកកាបូបស្ពាយដែលជាអំណោយរបស់សម្ដេចតេជោ ហ៊ុន សែន និង សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ទៅដល់សិស្សានុសិស្សនៃសាលាបឋមសិក្សា- អនុវិទ្យាល័យទ្រីភាពបឹងទន្លេម្រេចផងដែរ។
សូមបញ្ជាក់ថា ក្រុមគ្រូពេទ្យ និងកម្លាំងស្ម័គ្រចិត្ត នៃសមាគម TYDA ដែលចុះព្យាបាលប្រជាពលរដ្ឋដោយគិតថ្លៃ នាឱកាសនេះ សរុបចំនួន ៤១០នាក់ បានពិនិត្យ និងព្យាបាលជូនប្រជាពលរដ្ឋសរុបចំនួន ៤.៨២៦នាក់ ស្មើនឹង ៩.៤៨០ករណី និងមានករណីធ្ងន់ធ្ងរចំនួន ៤២ករណី ត្រូវបញ្ជូនមកព្យាបាលនៅរាជធានីភ្នំពេញបន្ត ក្រោមការចំណាយ និងឧបត្ថម្ភដ៏ថ្លៃថ្លារបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិតផ្ទាល់៕SRP
ប៉េអឹមខេត្តសៀមរាប ចាប់ខ្លួនស្ត្រីម្នាក់ ក្រោមរូបភាពលក់ទំនិញតាមអនឡាញ លេងយ៉ាន់ឡាន Rim-CaR SHOP ប៉ុន្តែមិនផ្ញើឲ្យអតិថិជន
ខេត្តសៀមរាប៖កម្លាំងជំនាញកងរាជអាវុធហត្ថខេត្តសៀមរាបបានចាប់ខ្លួនស្ត្រីម្នាក់ ករណីឆបោកតាមអនឡាញបានសម្រេច ជាច្រើនសារពីប្រជាពលរដ្ឋ។
សមត្ថកិច្ចអាវុធហត្ថខេត្តសៀមរាបបានឲ្យដឹងថាកាលពីថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៥ កម្លាំងជំនាញកងរាជអាវុធហត្ថខេត្តសៀមរាប បានចុះឃាត់ខ្លួនជនសង្ស័យឈ្មោះ សៀង សុគន្ធា ភេទស្រី អាយុ៣៩ឆ្នាំ មុខរបរលក់ដូរតាមអនឡាញ នៅចំណុចហាងវីងដកប្រាក់ ភូមិមណ្ឌល១ សង្កាត់ស្វាយដង្គុំ ក្រុងសៀមរាប ពាក់ព័ន្ធនឹងករណីឆបោកប្រាក់តាមអនឡាញ តាមបណ្ដឹងរបស់ជនរងគ្រោះ ថាមានជនសង្ស័យម្នាក់ជាជនរកស៊ីឆបោកតាមអនឡាញ ដោយបានបង្កើតជាម្ចាស់គណនី facebook លេងយ៉ាន់ឡាន Rim-CaR SHOP ក្រោមរូបភាពលក់ទំនិញតាមអនឡាញ ប៉ុន្តែគ្មានទំនិញផ្ញើឲ្យអតិថិជន។
ក្រោមវិធានការជំនាញជនសង្ស័យ ឈ្មោះ សៀង សុគុន្ធា បានឆ្លើយសារភាពឲ្យដឹងថា៖ នៅក្នុងអំឡុងឆ្នាំ២០២៣ រូបខ្លួនបានទិញផេកហ្វេសប៊ុកឈ្មោះ លេងយ៉ាន់ឡាន Rim CaR Shop ដើម្បីលក់សម្ភារ:តាមអនឡាញ ប៉ុន្តែគ្មានទំនិញផ្ញើឲ្យអ្នកបញ្ជាទិញនោះទេ រហូតដល់ឆ្នាំ ២០២៥ នេះ សរុបមានអ្នកបញ្ជាទិញរាប់សិបលើកពីគណនីហ្វេសប៊ុក ដោយមិនចាំឈ្មោះ ដោយពួកគាត់បានផ្ញើប្រាក់ដើម្បីបញ្ជាទិញសម្ភារៈរថយន្តតាមផេករបស់ខ្លួន ប៉ុន្តែខ្លួនមិនបានផ្ញើទំនិញឲ្យទៅអតិថិជននោះឡើយ ដោយក្នុងអតិថិជនម្នាក់ (មួយគណនី) បានផ្ញើទឹកប្រាក់ចន្លោះពី ៥០ដុល្លារអាមេរិក ដល់ ២៤០ដុល្លារអាមេរិក ក្រោយពីរូបខ្លួនទទួលបានប្រាក់រួច រូបខ្លួនបានបិទលេខទំនាក់ទំនង និងមិនបានផ្ញើទំនិញទៅឲ្យអ្នកបញ្ជាទិញនោះទេ។ រហូតនៅថ្ងៃកើតហេតុ រូបខ្លួនបានទៅដកប្រាក់ដែលអតិថិជនផ្ញើមកនៅហាងវីងមួយកន្លែងនៅទីតាំងខាងលើ ក៏ត្រូវបាន កងរាជអាវុធហត្ថខេត្តសៀមរាប ចុះឃាត់រូបខ្លួនតែម្ដង។
បច្ចុប្បន្ន ជនសង្ស័យត្រូវបានការិយាល័យជំនាញកងរាជអាវុធហត្ថខេត្តសៀមរាប កសាងសំណុំរឿង បញ្ជូនជនសង្ស័យទៅសាលាដំបូងខេត្ត ដើម្បីចាត់ការតាមនីតិវិធីច្បាប់៕SRP
ចាប់ខ្លួនវៀតណាមម្នាក់ នៅសៀមរាប ករណីលួចម៉ូតូនិងមុខសញ្ញាទើបចេញពីពន្ធនាគារ
ខេត្តសៀមរាប៖វៀតណាមម្នាក់ត្រូវបាននគរបាលក្រុងសៀមរាបចាប់ខ្លួនករណីអំពើលួច (លួចម៉ូតូ) និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន។
នគរបាលក្រុងសៀមរាបបានឲ្យដឹងថានៅថ្ងៃទី១០ ខែកក្ដដា ឆ្នាំ២០២៥ ជនរងគ្រោះឈ្មោះ ស.ស.ប ភេទប្រុស អាយុ២២ឆ្នាំ មុខរបរកម្មករ រស់នៅភូមិកសិកម្ម សង្កាត់ស្រង៉ែ ក្រុងសៀមរាប បានមកដាក់ពាក្យបណ្ដឹង និងរាយការណ៍ជូនសមត្តកិច្ចយើងថា នៅថ្ងៃទី១០ ខែកក្ដដា ឆ្នាំ២០២៥ វេលាម៉ោង១៥,០៥នាទី នៅចំណុចហាងបិតស្គុតម៉ូតូ ស្ថិតនៅភូមិវត្តបូព៌ សង្កាត់សាលាកំរើក ក្រុងសៀមរាប មានជនមិនស្គាល់អត្តសញ្ញាណ បានធ្វើសកម្មភាពលួចម៉ូតូរបស់ខ្លួន០១គ្រឿង ម៉ាកហុងដាឌ្រីម សេ១២៥ ពណ៌ខ្មៅ ស៊េរីឆ្នាំ២០២២ ពាក់ផ្លាកលេខ សៀមរាប ១AL-០៧៣៨ រួចគេចខ្លួនបាត់។
នគរបាលបានបន្តថាក្រោយពីកម្លាំងសមត្ថកិច្ចបានទទួលពាក្យបណ្ដឹង បានចុះទៅដល់កន្លែងកើតហេតុ និងធ្វើការស្រាវជ្រាវ រហូតកំណត់មុខសញ្ញាបានថាជាមុខសញ្ញាចាស់ទើបចេញពីពន្ធនាគារ ទើបនៅថ្ងៃទី១២ ខែកក្ដដា ឆ្នាំ២០២៥ នៅចំណុចភូមិចុងកៅស៊ូ សង្កាត់ស្លក្រាម ក្រុងសៀមរាប កម្លាំងបានឃាត់ខ្លួនជនសង្ស័យខាងលើ រួមទាំងវត្ថុតាង (ម៉ូតូរបស់ជនរងគ្រោះ) យកមកធ្វើការសាកសួរ។
ជនសង្ស័យឈ្មោះ ហូ យ៉ាំងសៀន ភេទប្រុស អាយុ ៣៥ឆ្នាំ មុខរបរ មិនពិតប្រាកដ ជនជាតិវៀតណាម មានស្រុកកំណើតខេត្តកំពង់ឆ្នាំង និងទីលំនៅបច្ចុប្បន្ន៖ ភូមិចុងកៅស៊ូ សង្កាត់ស្លក្រាម ក្រុងសៀមរាប បានឆ្លើយសារភាពថា៖ ខ្លួន ពិតជាធ្វើសកម្មភាពលួចម៉ូតូរបស់ជនរងគ្រោះខាងលើពិតប្រាកដមែន ហើយកាលពីថ្ងៃទី០៩ ខែកក្ដដា ឆ្នាំ២០២៥ វេលាម៉ោង១២,១០នាទី នៅចំណុចភូមិជន្លង់ សង្កាត់សាលាកំរើក ក្រុងសៀមរាប ខ្លួនបានធ្វើសកម្មភាពលួចម៉ូតូមួយគ្រឿងទៀត ម៉ាកហុងដាឌ្រីម សេ១២៥ ពណ៌ខ្មៅ ស៊េរីឆ្នាំ២០២០ ពាក់ផ្លាកលេខ សៀមរាប ១AK -៥៤០៣។ ចំពោះករណីនេះ កម្លាំងនគរបាលក៏បានទទួលពាក្យបណ្ដឹងពីជនរងគ្រោះឈ្មោះ យ.ក.រ ភេទស្រី អាយុ២៣ឆ្នាំ រស់នៅភូមិវិហារចិន សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប។
នគរបាលបានបញ្ជាក់ថាក្រោយចាប់ខ្លួនសមត្ថកិច្ចបានដកហូតរួមមាន៖ ម៉ូតូជនរងគ្រោះ ចំនួន០២គ្រឿង ,លួសស្ពាន់សម្រាប់តបញ្ឆេះម៉ូតូ។
-កម្លាំងបានធ្វើតេស្ដស្វែងរកសារធាតុញៀនលើជនសង្ស័យខាងលើ លទ្ធផលវិជ្ជមាន (ជាតម្រុយមេតំហ្វេតាមីន)។
បច្ចុប្បន្នជនសង្ស័យត្រូវបានបញ្ជូនទៅការិយាល័យជំនាញ ដើម្បីបន្តនីតិវិធី។ ចំណែកវត្ថុតាង ម៉ូតូចំនួន២គ្រឿង បានប្រគល់ជូនជនរងគ្រោះជាម្ចាស់វិញផងដែរ។
សូមជម្រាបថាប្រតិបត្តិការទទួលបានជោគជ័យនេះដោយមានការយកចិត្តទុកដាក់ជាប្រចាំពីសំណាក់ ឯកឧត្តម ប្រាក់ សោភ័ណ អភិបាលខេត្តនិងជាប្រធានគណៈបញ្ជាការឯកភាពខេត្តសៀមរាប ស្តីពីការពង្រឹងសន្តិសុខ សណ្តាប់ធ្នាប់សង្គម បង្កា បង្រ្កាបរាល់បទល្មេីសគ្រប់ប្រភេទ និងអនុវត្តតាមបទបញ្ជារបស់លោក ឧត្តមសេនីយ៍ទោ ហួត សុធី ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប កម្លាំងនគរបាលក្រុងសៀមរាប ដឹកនាំបញ្ជាផ្ទាល់ដោយលោកវរសេនីយ៍ឯក ដា ចំរើន អធិការនគរបាលក្រុងសៀមរាប៕SRP
ក្រុមគ្រូពេទ្យជួយសង្គ្រោះស្ត្រីម្នាក់ឈឺពោះសម្រាលកូនតាមផ្លូវលើគោយន្ត
ខេត្តព្រះវិហារ៖ក្រុមគ្រូពេទ្យនៃមណ្ឌលសុខភាពគូលែន បានបង្ហាញពីស្មារតីទទួលខុសត្រូវខ្ពស់ និងភាពវៃឆ្លាតក្នុងការឆ្លើយតបទៅនឹងករណីបន្ទាន់មួយ ដោយបានជួយសង្គ្រោះស្ត្រីម្នាក់ដែលឈឺពោះសម្រាលកូននៅលើគោយន្ត តាមបណ្តោយផ្លូវដាច់ស្រយាលមួយកន្លែង។
ករណីនេះបានកើតឡើង កាលពីថ្ងៃព្រហស្បត្តិ៍ ខែកក្តដា ឆ្នាំ២០២៥ បន្ទាប់ពីលោកប្រធានមណ្ឌលសុខភាពគូលែន បានទទួលទូរស័ព្ទពីក្រុមប្រឹក្សាឃុំគូលែនជើងរាយការណ៍ថា៖ មានប្អូនស្រីម្នាក់ឈ្មោះ ពៅ សារឿន ភេទស្រី អាយុ ២៩ឆ្នាំ រស់នៅភូមិពោធិ៍រៀង ឃុំគូលែនជើង ស្រុកគូលែន ខេត្តព្រះវិហារ កំពុងឈឺពោះសម្រាលកូននៅលើគោយន្ត ពេលកំពុងធ្វើដំណើរតាមដងផ្លូវក្នុងតំបន់ដាច់ស្រយាល។
បន្ទាប់ពីទទួលបានព័ត៌មាននេះភ្លាម លោកប្រធាមណ្ឌលសុខភាព បានចាត់ឱ្យមន្ត្រីឆ្មបម្នាក់ រួមជាមួយនឹងរថយន្តសង្គ្រោះបន្ទាន់ ចេញទៅជួយអន្តរាគមន៍ជាបន្ទាន់។ ក្រុមការងារសង្គ្រោះ បានទៅដល់ទីតាំងកើតហេតុទាន់ពេលវេលា ហើយបានជួយសម្រាលកូននៅលើគោយន្តនោះតែម្តង។
ជាលទ្ធផលប្រតិបត្តិការជួយសង្គ្រោះនេះទទួលបានជោគជ័យគួរឱ្យកត់សម្គាល់ ដោយម្តាយ និងទារកដែលជាកូនប្រុសទី២ របស់គាត់ មានទម្ងន់ ៣,២ គីឡូក្រាម មានសុខភាពល្អទាំងពីរនាក់។ បន្ទាប់ពីសម្រាលរួច ក្រុមគ្រូពេទ្យក៏បានបញ្ជូនពួកគាត់ទាំងពីរនាក់ មកសម្រាកនៅមណ្ឌលសុខភាពគូលែន ដើម្បីតាមដានសុខភាពបន្ត និងធានាបាននូវសុវត្ថិភាពពេញលេញ៕SRP
ខេត្តកណ្ដាល៖មានការផ្សព្វផ្សាយថា មានការបែកធ្លាយភាពមិនប្រក្រតីនៅស្ថានីយ៍ជញ្ជីងថ្លឹងរថយន្តផ្លូវជាតិលេខ៤ ស្រុកអង្គស្នួល ខេត្តកណ្ដាល ប្រមូលលុយចែកគ្នាធ្វើមានធ្វើបាន យ៉ាងសុខស្រួល ទោះបីរថយន្តធំៗ ផ្ទុកទំនិញលើសទម្ងន់នៅតែអាចធ្វើសកម្មភាពទាំងយប់ទាំងថ្ងៃ មិនខ្វល់អ្វីទាំងអស់។
ប្រភពបានទម្លាយថា ក្រុមអាជីវករតូចធំ ដែលដឹកជញ្ជូនទំនិញពីខេត្តផ្សេងៗ ជាពិសេសចេញពីខេត្តកំពង់ស្ពឺ ដឹកខ្សាច់ ថ្ម ដែក ឆ្លងកាត់ស្ថានីយ៍ជញ្ជីងថ្លឹងរថយន្តផ្លូវជាតិលេខ៤ ស្រុកអង្គស្នួល បានឲ្យដឹងថា ទោះបីពួកគេផ្ទុកទំនិញលើសទម្ងន់ ឬមិនលើសទម្ងន់យ៉ាងណាក៏ដោយ ក៏ត្រូវតែបង់លុយតាមការកំណត់ របស់ប្រធានក្រុមមន្ត្រីប្រចាំការស្ថានីយ៍ជញ្ជីងថ្លឹង រថយន្តតាមបណ្ដោយផ្លូវជាតិលេខ៤ ស្រុកអង្គស្នួល ខេត្តកណ្តាល មិនអាចរំលងបានឡើយ។
ប្រភពបានបន្ថែមទៀតថា ពួកគាត់ដឹកជញ្ជូនទំនិញ ឬកសិផលផ្សេងៗ ចេញពីទីក្រុងភ្នំពេញ ឆ្ពោះទៅបណ្ដាខេត្តនានា ឆ្លងកាត់ស្ថានីយ៍ជញ្ជីងថ្លឹងរថយន្តផ្លូវជាតិលេខ៤ ស្រុកអង្គស្នួល ខេត្តកណ្តាល ដោយគោរពតាមច្បាប់កំណត់ក៏នៅតែចៀសមិនផុតពីបង់លុយ ឲ្យក្រុមមន្ត្រីពុករលួយ និងបក្សពួកប្រចាំស្ថានីយ៍ជញ្ជីងថ្លឹងរថយន្តនោះឡើយ។
ប្រភពពបានបន្តឲ្យដឹងទៀតថា ការដែលក្រុមមន្ត្រីប្រចាំស្ថានីយ៍ជញ្ជីងថ្លឹងរថយន្ត តាមបណ្តោយផ្លូវជាតិលេខ៤ ចំណុចស្រុកអង្គស្នួល គាបយកលុយពីឈ្មួញនិងអាជីវករតាមអំពើចិត្ត គឺអាចមានការឃុបឃិតបើកដៃពីសំណាក់ប្រធានមន្ទីរសាធារណ ការនិងដឹកជញ្ជូន និងមន្ត្រីធំៗ ខាងលើផងដែរ។
ជាការពិតអាជីវករនិងពួកឈ្មួញ មួយចំនួនបានប្រើប្រាស់រថយន្តវ៉េអងធំៗ រថយន្តសណ្ដោងកន្ទុយសណ្ដោងរ៉ឺម៉កផ្ទុកទំនិញលើសទម្ងន់ បើកបរឆ្លងកាត់មុខមន្ត្រីប្រចាំស្ថានីយ៍ជញ្ជីងថ្លឹងរថយន្តផ្លូវជាតិលេខ៤ ស្រុកអង្គស្នួល ដោយគ្មានការព្រួយបារម្ភ ផ្ទុយទៅវិញមន្ត្រីទាំងនោះ គ្រាន់តែតម្រូវឲ្យម្ចាស់រថយន្ត ខ្នាចធំ ដឹកជញ្ជូនទំនិញលើសទម្ងន់បង់លុយតាមការកំណត់ គឺជាការស្រេចដោយមិនខ្វល់ ពីរឿងរថយន្តទាំងនោះ ធ្វើឲ្យខូចផ្លូវខូចស្ពានឡើយ។
ប្រភពពីប្រជាពលរដ្ឋក្នុងស្រុកអង្គស្នួល ខេត្ត កណ្តាល បានឲ្យដឹងទៀតថា ពេលរថយន្តធំៗ ដឹកទំនិញលើសទម្ងន់បើកបរឆ្លងកាត់មុខស្ថានីយ៍ជញ្ជីងថ្លឹងរថយន្ត គេតែងសង្កេតឃើញព្រូរឡានឬតៃកុងរត់ឆ្លងផ្លូវយ៉ាងប្រសេចប្រសាចទៅបង់លុយឲ្យ ប្រធានជញ្ជីងនឹងក្រុមមន្ត្រីប្រចាំស្ថានីយ៍ជញ្ជីងថ្លឹងរថយន្ត តាមការកំណត់ដោយមិនអាចតវ៉ាបានឡើយ។ប្រសិនបើឈ្មួញឬអាជីវករណាម្នាក់ហ៊ានតវ៉ាប្រាកដជាត្រូវក្រុមមន្ត្រីប្រចាំស្ថានីយ៍ជញ្ជីងថ្លឹងរថយន្តលើផ្លូវជាតិលេខ៤ ក្នុងស្រុកអង្គស្នួល ខេត្តកណ្តាល រករឿងឲ្យរើទំនិញចុះឡើង តាមទំនេីងចិត្ត របស់ពួកគេជាមិនខាន់ឡើយ។
ហេតុនេះហើយទើបរថយន្តធំៗ ដឹកជញ្ជូនទំនិញលើសទម្ងន់រាប់តោនហូរហៀរខុសលក្ខណៈបច្ចេកទេស នៅតែអាចបើកបរលើផ្លូវជាតិលេខ ៤ យ៉ាងគគ្រឹកគគ្រេង បណ្ដោយឲ្យខូចផ្លូវខូចស្ពាន ជាបន្តបន្ទាប់។ បញ្ហាននេះ រដ្ឋមន្ត្រីក្រសួងសាធារណការនិងដឹកជញ្ជូន និង លោក សេង ឈួន ប្រធានជញ្ជីងទូទាំងប្រទេស មិនគួរមើលរំលងតទៅទៀតនោះទេ។
ទីភ្នាក់ងារសារព័ត៌មាន សៀមរាប ប៉ុស្តិ៍ មិនទាន់ទទួលបានការបំភ្លឺពីស្ថានីយ៍ជញ្ជីងថ្លឹងរថយន្តផ្លូវជាតិលេខ៤ ស្រុកអង្គស្នួល នៅឡើយទេរហូតដល់ម៉ោងផ្សាយដោយមិនមានលេខទូរស័ព្ទទំនាក់ទំនង៕SRP
ខេត្តកំពង់ស្ពឺ៖អ្នកសារព័ត៌មានចំនួន២នាក់ ត្រូវបានកម្លាំងនគរបាលស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ ឃាត់ខ្លួន ដើម្បីចាត់ការតាមច្បាប់ ដោយចោទថា ពួកគេដាក់កុងត្រូលជជុះទារលុយពីអ្នករកស៊ីដឹកឈើ អុស ធ្យូងចេញពីភូមិសាស្ត្រស្រុកឱរ៉ាល់។
ការឃាត់ខ្លួននេះបានធ្វើឡើងនៅចំណុចផ្លូវគ្រួសក្រហម កំណាត់ផ្លូវជាតិលេខ៤៤ ស្ថិតក្នុងភូមិក្រាំងពង្រ ឃុំសង្កែសាទប ស្រុកឱរ៉ាល់ កាលពីយប់រំលងអាធ្រាតឈានចូលថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៥ តាមការបញ្ជាពីគណបញ្ជាការឯកភាពស្រុកឱរ៉ាល់។
អ្នកសារព័ត៌មានដែលត្រូវឃាត់ខ្លួនទី១-ឈ្មោះ វ៉េត ម៉ាប់ ភេទប្រុស អាយុ៤៣ឆ្នាំ រស់នៅភូមិព្រៃឈៀង ឃុំឫស្សីសាញ់ ស្រុកស៊ីធរកណ្តាល ខេត្តព្រៃវែង មុខរបរជាអ្នកសារព័ត៌មាន(បាសិទ្ធធីវី)។
ក្នុងនោះសមត្ថកិច្ច៖ ដកហូតរថយន្តម៉ាក Toyota Camry ពណ៌ស ពាក់ផ្លាកលេខ ភ្នំពេញ 2E-2110 ពូថៅចំនួន០១ដេីម ដែកចំរ៉ុងចំនួន១០គ្រាប់ ទូរស័ព្ទម៉ាក Iphone ចំនួន ០២គ្រឿង កាតសម្គាល់អ្នកសារពត៌មានចំនួន ០០២សន្លឹក អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរចំនួន ០១សន្លឹក ប័ណ្ណបើកបរចចចំនួន០១សន្លឹក ប័ណ្ណសម្គាល់រថយន្តចចំនួន១សន្លឹក លុយខ្មែរចំនួន១លានរៀល។
២-ឈ្មោះ សឿន សំណាង ភេទប្រុស អាយុ៤៩ឆ្នាំ រស់នៅភូមិក្រសាំង ឃុំឆែបបួយ ស្រុកឆែប ខេត្តព្រះវិហារ មុខរបរជាអ្នកសារព័ត៌មានអង្គភាព(ស្លឹករឹត)។ ក្នុងនោះសមត្ថកិច្ច៖ ដកហូត រថយន្តម៉ាក Lexus 470 ពណ៌ប្រផេះ ពាក់ផ្លាកលេខ ភ្នំពេញ 2O-2441
-ទូរស័ព្ទចំនួន ០២គ្រឿង (ម៉ាក Iphone ០១គ្រឿង ម៉ាក តិចណូ ០១គ្រឿង)
-លុយខ្មែរចំនួន៤០ម៉ឺនរៀល
-អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរចំនួន ០១សន្លឹក
-កាតសម្គាល់អ្នកសារពត៌មានចំនួន ០១សន្លឹក
-ជំពាមកៅស៊ូចំនួន ០១
–ចិញ្ជៀនដាំត្បូងចំនួន០១វង់។
សមត្ថកិច្ចបញ្ជាក់ថា ក្រោយឃាត់ខ្លួនសមត្ថកិច្ចបាននាំយកអ្នកទាំង២នាក់ មកកាន់អធិការដ្ឋានស្រុកឱរ៉ាល់ ដេីម្បីធ្វេីការសាកសួរ នៅចំពោះមុខសមត្ថកិច្ច បានឆ្លេីយសារភាពថា ពួកខ្លួនស្ថិតនៅចំណុចនោះ ដេីម្បីឃ្លាំមេីលបទល្មេីសព្រៃឈេី និងយកលុយពីអ្នកដឹកអុស ដឹកធ្យូង ក្នុង១ឡាន ៥០០០រៀល ទៅ ១០,០០០រៀលគ្រាន់ទិញបាយហូប ហេីយមិនដែលដេញចាប់ ដេញស្ទាក់អ្វីទេ គឺអ្នករកស៊ីឈើ អុស ធ្យូងទាំងនោះឈប់ឡានអោយដោយស្ម័គ្រចិត្តតែប៉ុណ្ណោះ។
បច្ចុប្បន្នៈ អ្នកសារព័ត៌មានទាំង២នាក់ស្ថិតក្រោមការឃាត់ខ្លួន នៅស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ ដើម្បីត្រៀមបញ្ជូនទៅកាន់តុលាការ។
ពាក់ព័ន្ធការចាប់ខ្លួនអ្នកសារព័ត៌មាន២នាក់ខាងលើនេះដែរ មហាជនទូទៅជាពិសេស បងប្អូនអ្នកសារព័ត៌មានទូទាំងប្រទេស.កំពុងផ្ទុះការរិៈគន់ុំសម្ដែងការសោកស្ដាយមរន្ធត់ចិត្ត និងខកចិត្តជាខ្លាំង ទៅលើសមត្ថកិច្ចស្រុកឱរ៉ាល់មដោយថា អ្នកសារព័ត៌មានគ្រាន់តែ ចុះយកព័ត៌មាន ចាំប្រមាញ់បទល្មើសព្រៃឈើសោះហ្នឹង! បែរជាក្លាយជាឆ្អឹងទទឹង.ក.របស់គេ រហូតត្រូវចាប់ខ្លួន ទាំងដែលកំពុងសំរាកពេលយប់ និងពុំបានដាក់បារ៉ាស់ ស្ទាក់ឃាត់បទល្មើសព្រៃឈើ ដើម្បីជំរិតយកលុយនោះឡើយ។ ម្យ៉ាងវិញទៀតក៏ពុំបានបើករថយន្ត ដេញចាប់បទល្មើសព្រៃឈើ ដើម្បីជំរិតទារលុយអ្វីដែរ។
បងប្អូនអ្នកសារព័ត៌មានចោទជាសំនួរថា៖ អ្នកសារព័ត៌មានចាំប្រមាញ់បទល្មើសត្រូវគេចាប់.ចុះហេតុអ្វីបានជា មិនចាប់ខ្លួនពួកប្រព្រឹត្តបទល្មើសព្រៃឈើ ដែរទៅ.??
បញ្ជូន៣នាក់ទៅសាលាដំបូង ពាក់ព័ន្ធករណីនាំសត្វគោឆ្លងដែនពីប្រទេសថៃចូលដោយខុសច្បាប់
ខេត្តបន្ទាយមានជ័យ៖លោក ស្វាយ ជា អភិបាលស្រុកម៉ាឡៃ នៅថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០២៥ បានដឹកនាំកម្លាំងកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុក ចុះអនុវត្តបង្រ្កាបករណី ការនាំសត្វគោឆ្លងដែនពីប្រទេសថៃចូលដោយខុសច្បាប់ មកប្រទេសកម្ពុជា នៅចំណុចច្រកគោកស្បែង ស្ថិតក្នុងភូមិ សន្តិភាព ឃុំទួលពង្រ ស្រុកម៉ាឡៃ បានធ្វើការឃាត់ ខ្លួន ជនសង្ស័យ ចំនួន ០២នាក់ ៖ ១.ឈ្មោះ ភ័ណ្ឌ ផេង ភេទប្រុសអាយុ៣៥ឆ្នាំ និងឈ្មោះ ផេង ផៃ ភេទ ប្រុស អាយុ២០ឆ្នាំ រស់នៅភូមិសន្តិភាព ឃុំទួលពង្រ ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ។
ក្នុងថ្ងៃដដែលនោះដែរ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកថ្មពួកដឹកនាំដោយលោកអនុសេនីយ៍ឯក ង៉ាម គឹមឆាត មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថស្រុកថ្មពួក បានទំនាក់ទំនងនិងធ្វើការប្រគល់-ទទួលជាមួយកម្លាំងប្រតិបត្តិការយោធាសឹករងបន្ទាយមានជ័យ ដែលប្រចាំការនៅព្រំដែនទិសបឹងត្រកួន ដោយលោក វរសេនីយ៍ទោ ភួន ភារ័ត្ន បានធ្វើការប្រគល់-ទទួល ជនសង្ស័យម្នាក់ទៀតឈ្មោះ ស្រិប នៀត ភេទប្រុស អាយុ៣៩ឆ្នាំ រស់នៅភូមិតាឡី ឃុំគោករមៀត ស្រុកថ្មពួក ពាក់ព័ន្ធ ករណីនាំសត្វគោឆ្លងដែន ពីប្រទេសថៃខុសច្បាប់ នៅចំណុចភូមិតាសី ឃុំគោករមៀត ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ ផងដែរ។
លោកវរសេនីយ៍ទោ ព្រហ្ម ថេង ប្រធានមន្ទីរស្រាវជ្រាវនិងបង្ក្រាបបទល្មេីស កងរាជអាវុធហត្ថខេត្ត បានឱ្យដឹងថា ក្រោយឃាត់ខ្លួន និងសាកសួររួច ជនសង្ស័យបានឆ្លើយសារភាពថា ពួកខ្លួនពិតជានាំសត្វគោឆ្លងដែន ពីប្រទេសថៃដោយខុសច្បាប់ពិតប្រាកដមែន។
លោកវរសេនីយ៍ទោ ព្រហ្ម ថេង ប្រធានមន្ទីរស្រាវជ្រាវនិងបង្ក្រាបបទល្មេីសបានឱ្យដឹងថា ការបង្ក្រាបករណីខាងលើនេះ ក៏ទទួលបានការអនុញ្ញាតពីលោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្ត និងមានការសម្របសម្រួលនីតិវិធីពី ឯកឧត្តម កើត វណ្ណារ៉េត ព្រះរាជអាជ្ញា អមសាលាដំបូងខេត្តផងដែរ។
បច្ចុប្បន្ន ជនសង្ស័យត្រូវបានកម្លាំងការិយាល័យព្រហ្មទណ្ឌ កងរាជអាវុធហត្ថខេត្តបញ្ជូនទៅសាលាដំបូងខេត្តហើយ នៅរសៀលថ្ងៃសុក្រ ទី១១ ខែកក្កដា ឆ្នាំ២០២៥នេះ ដើម្បីអនុវត្តតាមនីតិវិធី៕SRP
អភិបាលខេត្តកំពង់ចាម ដឹកនាំកិច្ចប្រជុំពិភាក្សា គម្រោងចំណូលថវិកា របស់មន្ទីរជំនាញសម្រាប់ការគ្រប់គ្រង ឆ្នាំ២០២៦
ខេត្តកំពង់ចាម៖ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម នាព្រឹកថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៥ អញ្ជើញដឹកនាំកិច្ចប្រជុំស្តីពីការរៀបចំ គម្រោងចំណូលថវិកា របស់មន្ទីរជំនាញសម្រាប់ការ គ្រប់គ្រង ឆ្នាំ២០២៦។ កិច្ចប្រជុំនេះធ្វើឡើងនៅសាលប្រជុំសាលាខេត្តកំពង់ចាម ដោយមានការចូលរួមពីលោក លោកស្រី អភិបាលរងខេត្ត លោក លោកស្រីប្រធានមន្ទីរ អង្គភាពពាក់ព័ន្ធ និងមន្ត្រីជំនាញ នៃរដ្ឋបាលខេត្តផងដែរ។
ដោយយោងតាមសារាចរណែនាំ លេខ ០៨ ស.រ ចុះថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៥ របស់រាជរដ្ឋាភិបាលកម្ពុជា ស្ដីពីការរៀបចំផែនការយុទ្ធសាស្ត្រថវិកាឆ្នាំ ២០២៦-២០២៨ និងការរៀបចំសេចក្តីព្រាងច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ ២០២៦។ ផ្អែកតាមកម្មវត្ថុនេះ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានជម្រាបជូនដល់រដ្ឋបាលរាជធានី-ខេត្ត មន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ រាជធានី-ខេត្ត ប្រធានពន្ធដាររាជធានី-ខេត្ត សូមធ្វើការកំណត់ជាបឋមកញ្ចប់ថវិកា ជូនរដ្ឋបាលខេត្ត នូវចំណូលសារពើពន្ធ ចំណូលមិនមែនសារពើពន្ធ និងចំណូលឧបម្ភត្ថពីថវិកាជាតិផងដែរ។
ឯកឧត្តមអភិបាលខេត្ត បានបញ្ជាក់ថា កញ្ចប់ថវិកានេះគឺគ្រាន់តែកំណត់ជាបណ្ដោះអាសន្នប៉ុណ្ណោះ ហើយកញ្ចប់ថវិកាបឋមនេះរដ្ឋបាលខេត្តអាចរៀបចំ គម្រោងថវិការបស់ខ្លួនទៅតាមការប្រែប្រួល នៃសក្ដានុពលក្នុងការប្រមូលចំណូលតាមស្ថានភាពសេដ្ឋកិច្ចដែលមានជាក់ស្ដែងនៅក្នុងមូលដ្ឋានរបស់ខ្លួន។
នាឱកាសនោះដែរ ឯកឧត្តម អ៊ុន ចាន់ដា ក៏បានស្នើឲ្យថ្នាក់ដឹកនាំ មន្ទីរ អង្គភាពនីមួយៗដែលពាក់ព័ន្ធត្រូវបង្កើនស្មារតីយកចិត្តទុកដាក់ក្នុងការប្រមូលឲ្យមានប្រសិទ្ធភាព គ្រប់ប្រភពចំណូលចូល សម្រាប់បន្តការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធនិងសេដ្ឋកិច្ចសង្គមនៅក្នុងខេត្តសំដៅបម្រើប្រយោជន៍សាធារណៈក៏ដូចជាប្រជាពលរដ្ឋ បានកាន់តែប្រសើរឡើងថែមទៀត៕
ដោយ ៖ លី ស៊ីយ៉ា


