លោកដួង តារា ជំនួយការផ្ទាល់សម្ដេចតេជោហ៊ុន សែន និងជារដ្ឋលេខាធិការទីស្តីការគណៈរដ្ឋមន្ត្រី បានបញ្ជាក់ថា ករណីប្រជាពលរដ្ឋ២២៩ គ្រួសារ ខេត្តបាត់ដំបង
“ ជិតបោះឆ្នោតហើយមិនគួរយកពលរដ្ឋទៅដាក់គុកដោយសាររឿងវិវាទដីធ្លីដែលអាចដោះស្រាយបានដោយសន្តិវិធីនោះទេ!”
ពួកគាត់ធ្លាប់បានដាក់ពាក្យសុំអន្តរាគមន៍មកខុទ្ទកាល័យ សម្តេចតេជោនាយករដ្ឋមន្រ្តីកាលពី១៨មករា ២០២៣ ដើម្បីសុំផ្តល់យុត្តិធម៌លើបញ្ហាវិវាទដីធ្លី ដែលពួកគាត់បានរស់នៅ កាន់កាប់ធ្វើស្រែចំការតាំងពីឆ្នាំ ១៩៩៣ ដែលមានការទទួលស្គាល់ពីមន្រ្តីឃុំទៀតផង។
កន្លងទៅថ្មីៗមានដីការកោះ (ព្រះរាជអាជ្ញារង ថេង សំណាង) ហៅតំណាងពួកគាត់ ទៅ បំភ្លឺនៅថ្ងៃទី ៤ កក្កដា ២០២៣ ខាងមុខ។ ប៉ុន្តែនៅ២១ មិថុនា ២០២៣ មានលិខិត អញ្ជើញ (ពីមេឃុំ អ៊ុង ខែម) អោយពលរដ្ឋ៧នាក់ទៅប្រជុំ ហើយបន្ទាប់មកក៏មានការ ឃាត់ខ្លួនពលរដ្ឋ៥នាក់ រហូតមកដល់ថ្ងៃនេះ ដែលបានធ្វើអោយពលរដ្ឋទាំង២២៩គ្រួសារ មានការភ័យព្រួយយ៉ាងខ្លាំង ហើយពួកគាត់បានឡើងមកភ្នំពេញស្នើសុំជំនួយអន្តរាគមន៍ ពីសម្តេចតេជោ។
ខ្ញុំបានបញ្ជូនសំណូមពរ នៃការព្រួយបារម្ភរបស់ប្រជាពលរដ្ឋជូនទៅ ឯឧ សុខ លូ អភិបាលខេត្តបាត់ដំបងកាលពីម្សិលមិញ។ ឯកឧត្តមបញ្ជាក់ថាករណីនេះ គឺបាន កើតមានឡើងយូរមកហើយ គឺភាគីខាងកសិកម្មជាដើមបណ្តឹង។ ឯកឧត្តម បញ្ជាក់ថានឹងជួយពិនិត្យជូនពលរដ្ឋអោយបានឆាប់បំផុត។
ខ្ញុំបានស្នេីសុំមេធាវីជួយពិនិត្យឯកសារ និងជួយការពារក្តីបងប្អូនប្រជាពលរដ្ឋ របស់សម្តេចក្នុងករណីនេះ។ ខ្ញុំនៅតែមានសង្ឃឹមជឿជាក់ថា យើងអាចរួមគ្នារកដំណោះស្រាយដោយសន្តិវិធីជាមួយបងប្អូនប្រជាពលរដ្ឋបាន៕ដោយនាគខៀវ


