Skip to content
Siem Reap Post
  • ព័ត៌មានជាតិ
  • ព័ត៌មានអន្តរជាតិ
  • ទូរស័ព្ទ: 069382925/ 0886737999
កម្ពុជា-ឡាវ ឯកភាពជំរុញដឹកជញ្ជូនផលិតផលកសិកម្មពីកម្ពុជា ឆ្លងកាត់ប្រទេសឡាវ ឆ្ពោះទៅកាន់ប្រទេសទី៣
ស្នងការខេត្តសៀមរាបប្រាប់មន្ត្រីក្រោមឱវាទរបស់ខ្លួនត្រូវផ្តល់សេវាសាធារណៈ ជូនពលរដ្ឋឱ្យបានឆាប់រហ័ស និងមានប្រសិទ្ធភាព
ពាក់ឯកសណ្ឋាន! ល្បីធ្វើជាប្រធានតំបន់ឆ្នោតប្រចាំស្រុកពារាំង តែពុំមែនជាមន្រ្តីនៅស្នងការភ្នំពេញនោះទេ
ឯកឧត្តម អ៊ុន ចាន់ដា ស្នើដល់សមាគមនារីខេត្ត បន្តចលនាធ្វើការងារមនុស្សធម៌ឲ្យបានច្រើន ដើម្បីរួមចំណែកជាមួយរដ្ឋាភិបាលកម្ពុជា
Avatar photo
សៀមរាប ប៉ុស្តិ៍
២៦ មករា ២០២៦

មេបញ្ជាការ នៃបញ្ជាការដ្ឋានឥណ្ឌូ-ប៉ាស៊ីហ្វិកអាម៉េរិក ពេញចិត្ត និងវាយតម្លៃខ្ពស់ចំពោះវឌ្ឍនភាពនៃទំនាក់ទំនងសហរដ្ឋអាម៉េរិក-កម្ពុជា

នសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃនេះ
បានអនុញ្ញាតឱ្យ ឯកឧត្តម នាយឧត្តមនាវី Samuel Paparo មេបញ្ជាការនៃបញ្ជាការដ្ឋានឥណ្ឌូ-ប៉ាស៊ីហ្វិក នៃសហរដ្ឋអាម៉េរិក ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្តិភាព។

ក្នុងឱកាសនៃជំនួបនេះ, ឯកឧត្តម នាយឧត្តមនាវី Samuel Paparo បានថ្លែងអំណរគុណ និងសម្តែងនូវក្តីសោមនស្សរីករាយដែលបានជួបសម្តេចបវរធិបតីជាថ្មីម្តងទៀត ក្នុងដំណើរបំពេញទស្សនកិច្ចលើកទី២ នៅកម្ពុជា។ ឯកឧត្តមបានសម្តែងការពេញចិត្ត និងវាយតម្លៃខ្ពស់ចំពោះវឌ្ឍនភាពនៃទំនាក់ទំនងសហរដ្ឋអាម៉េរិក-កម្ពុជា ជាពិសេសកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិ។ ជាមួយគ្នានេះ, ឯកឧត្តមបានថ្លែងអំណរគុណចំពោះរាជរដ្ឋាភិបាលកម្ពុជា ដែលបានអនុញ្ញាតឱ្យនាវាកងទ័ពជើងទឹកសហរដ្ឋអាម៉េរិកចូលចតនៅមូលដ្ឋានសមុទ្ររាម ដែលនេះជាសក្ខីភាពឆ្លុះបញ្ចាំងពីការពង្រឹងទំនាក់ទំនងយោធាកាន់តែស៊ីជម្រៅរវាងប្រទេសទាំងពីរ។

ជាការឆ្លើយតប, សម្តេចបវរធិបតី បានវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការដ៏ល្អប្រសើរលើវិស័យយោធារវាងប្រទេសទាំងពីរ នាពេលកន្លងមក និងបានគូសបញ្ជាក់ថា ការចូលចតនៃនាវាជើងទឹកសហរដ្ឋអាម៉េរិកនៅកម្ពុជា នាពេលនេះ គឺជាលទ្ធផលជាក់ស្តែងនៃទំនាក់ទំនងទ្វេភាគីដែលកំពុងរីកចម្រើន។ សម្តេចបវរធិបតីមានជំនឿយ៉ាងមុតមាំថា ទំនាក់ទំនងរវាងប្រទេសទាំងពីរ នឹងត្រូវបានបន្តពង្រឹង និងពង្រីកបន្ថែមទៀត។ ទន្ទឹមនឹងនេះ, សម្តេចបវរធិបតី បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ ឯកឧត្តមប្រធានាធិបតី ដូណាល់ ត្រាំ ដែលបានដើរតួនាទីយ៉ាងសំខាន់ក្នុងការជំរុញឱ្យមានបទឈប់បាញ់ កម្ពុជា-ថៃ និងបានធ្វើជាសាក្សីក្នុងពិធីចុះហត្ថលេខាលើ “សេចក្តីថ្លែងការណ៍រួមទីក្រុងគូឡាឡាំពួ” កាលពីថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥ នៅប្រទេសម៉ាឡេស៊ី។ សម្តេចបវរធិបតី ក៏បានជម្រាបជូនឯកឧត្តមនាយឧត្តមនាវី ថា កម្ពុជាបានទទួលលិខិតអញ្ញើញរបស់ឯកឧត្តមប្រធានាធិបតី ដូណាល់ ត្រាំ ក្នុងការចូលរួម “ក្រុមប្រឹក្សាសន្តិភាព”។ កម្ពុជានឹងចូលរួមក្នុងក្រុមប្រឹក្សាសន្តិភាពនេះ ដែលការណ៍នេះ បានបង្ហាញនូវសុឆន្ទៈ និងការប្តេជ្ញាចិត្តខ្ពស់របស់កម្ពុជាចំពោះសន្តិភាពសកល។

សម្តេចបវរធិបតី ក៏បានជម្រាបជូនឯកឧត្តម នាយឧត្តមនាវី អំពីការវិវត្តជាក់ស្តែង នៃស្ថានភាពព្រំដែនកម្ពុជា-ថៃ និងបានបញ្ជាក់ពីជំហរយ៉ាងច្បាស់លាស់របស់កម្ពុជា ក្នុងការគោរពបទឈប់បាញ់ និងសេចក្តីថ្លែងការណ៍រួមទីក្រុងគូឡាឡាំពួឱ្យបានខ្ជាប់ខ្ជួន និងប្រកាន់យកការដោះស្រាយជម្លោះដោយសន្តិវិធី ផ្អែកលើច្បាប់អន្តរជាតិ សន្ធិសញ្ញា និងកិច្ចព្រមព្រៀងដែលមានស្រាប់ ដើម្បីសម្រេចបាននូវព្រំដែនសន្ដិភាព និងយូរអង្វែង។

ជាការឆ្លើយតប, ឯកឧត្តម នាយឧត្តមនាវី Samuel Paparo បានជម្រាបជូនសម្ដេចបវរធិបតីថា ឯកឧត្តមប្រធានាធិបតី ដូណាល់ ត្រាំ នៅតែបន្តយកចិត្តទុកដាក់ចំពោះស្ថានការណ៍ព្រំដែនកម្ពុជា-ថៃ និងការអនុវត្តតាមស្មារតីនៃសេចក្ដីថ្លែងការណ៍រួមទីក្រុងគូឡាឡាំពួ។ ឯកឧត្តម Samuel Paparo បានគូសបញ្ជាក់ពីសារៈសំខាន់ប្រកបដោយការស្ថាបនានៃតួនាទីរបស់ក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) និងបានជម្រាបជូនសម្ដេចបវរធិបតីថា សហរដ្ឋអាម៉េរិកបន្តគាំទ្រដល់ការបន្តយន្តការ AOT ព្រមទាំងគាំទ្រដល់ការពន្លឿនដំណើរការ JBC ក្នុងការវាស់វែង និងខណ្ឌសីមាព្រំដែននៃប្រទេសទាំងពីរ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 1K
Avatar photo
សៀមរាប ប៉ុស្តិ៍
២៦ មករា ២០២៦

កម្ពុជា-ឡាវ ឯកភាពជំរុញដឹកជញ្ជូនផលិតផលកសិកម្មពីកម្ពុជា ឆ្លងកាត់ប្រទេសឡាវ ឆ្ពោះទៅកាន់ប្រទេសទី៣

នសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នៅព្រឹកមិញនេះបានអនុញ្ញាតឱ្យឯកឧត្តមបណ្ឌិត Linkham Douangsavanh រដ្ឋមន្ត្រីក្រសួងកសិកម្ម និងបរិស្ថាន នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្តិភាព។

ក្នុងឱកាសនៃជំនួប, ឯកឧត្តមរដ្ឋមន្ត្រីក្រសួងកសិកម្ម និងបរិស្ថាន បានគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះសម្ដេចបវរធិបតី ដែលបានអនុញ្ញាតឱ្យរូបឯកឧត្តម និងគណៈប្រតិភូ ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ នាឱកាសនេះ។ ឯកឧត្តមរដ្ឋមន្ត្រី ក៏បានថ្លែងអំណរគុណក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ កម្ពុជា ដែលបានផ្ដល់នូវការស្វាគមន៍យ៉ាងកក់ក្ដៅជូនចំពោះឯកឧត្តម និងគណៈប្រតិភូ ដែលនេះបង្ហាញអំពីការយកចិត្តទុកដាក់ខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការកម្ពុជា-ឡាវ។

ឯកឧត្តមរដ្ឋមន្ត្រី បានគោរពជម្រាបជូនសម្ដេចបវរធិបតីថា ក្នុងរយៈពេល៧០ឆ្នាំ នៃការបង្កើតទំនាក់ទំនងការទូត កម្ពុជា-ឡាវ, កិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរមានការវិវត្តរីកចម្រើនឥតឈប់ឈរ ហើយដំណើរទស្សនកិច្ចរបស់គណៈប្រតិភូឡាវនៅកម្ពុជានាពេលនេះ ក៏ជាការចូលរួមអបអរសាទរខួបអនុស្សាវរីយ៍លើកទី៧០ នៃការបង្កើតទំនាក់ទំនងការទូតកម្ពុជា-ឡាវ ផងដែរ។

ឆ្លៀតក្នុងឱកាសនេះ, ឯកឧត្តមរដ្ឋមន្ត្រីក៏បានគូសបញ្ជាក់ជូនសម្ដេចបវរធិបតីថា ដំណើរទស្សនកិច្ចរបស់ឯកឧត្តម និងគណៈប្រតិភូ មកកាន់កម្ពុជានាឱកាសនេះ មានគោលបំណងសំខាន់ចំនួន ២ រួមមាន៖ (១) ការពិភាក្សាទៅលើការអនុវត្តនូវកិច្ចព្រមព្រៀងដែលប្រទេសទាំងពីរបានឯកភាពគ្នាកន្លងមក សំដៅជំរុញការបង្កបង្កើនផលិតផលកសិកម្ម, ការចិញ្ចឹមសត្វ, និងការអភិរក្សព្រៃឈើ និង (២) ការពិភាក្សាលើការជំរុញកិច្ចសហប្រតិបត្តិការនៅក្នុងការដឹកជញ្ជូនផលិតផលកសិកម្មពីកម្ពុជា ដោយឆ្លងកាត់ប្រទេសឡាវ ឆ្ពោះទៅកាន់ប្រទេសទី៣។ ឯកឧត្តមរដ្ឋមន្រ្តីក៏បានជម្រាបជូនសម្តេចបវរធិបតីថា ក្រសួងកសិកម្ម និងបរិស្ថានឡាវ និងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទកម្ពុជា បានឯកភាពគ្នាលើកិច្ចសហប្រតិបត្តិការក្នុងការដឹកជញ្ជូនផលិតផលកសិកម្មពីកម្ពុជា ដោយឆ្លងកាត់ប្រទេសឡាវ ទៅកាន់ប្រទេសទី៣ ហើយឯកឧត្តមរដ្ឋមន្ត្រីក៏បានប្ដេជ្ញាចិត្តជំរុញកិច្ចសហប្រតិបត្តិការនេះសម្រេចបានលទ្ធផលជាផ្លែផ្កា និងឱ្យបានឆាប់រហ័ស។ បន្ថែមពីនេះ, ឯកឧត្តមរដ្ឋមន្ត្រីក៏បានប្ដេជ្ញានៅក្នុងការជំរុញ ពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យកសិកម្ម និងបរិស្ថានឱ្យកាន់តែរីកចម្រើន និងរឹងមាំបន្ថែមទៀត ជាមួយសមភាគីកម្ពុជា។

សម្ដេចបវរធិបតីបានសម្ដែងនូវការស្វាគមន៍យ៉ាងកក់ក្ដៅចំពោះឯកឧត្តមរដ្ឋមន្ត្រីក្រសួងកសិកម្ម និងបរិស្ថានឡាវ ដែលបានដឹកនាំគណៈប្រតិភូ មកបំពេញទស្សនកិច្ចនៅកម្ពុជា នាឱកាសនេះ។ សម្ដេចបវរធិបតីក៏បានគូសបញ្ជាក់អំពីខួបអនុស្សាវរីយ៍លើកទី៧០ នៃការបង្កើតទំនាក់ទំនងការទូតកម្ពុជា-ឡាវ ព្រមទាំងបានសម្ដែងនូវការពេញចិត្ត និងសេចក្ដីរីករាយ ដែលបានឃើញនូវភាពរីកចម្រើនជាលំដាប់នៃទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការនៃប្រទេសទាំងពីរ។

សម្ដេចបវរធិបតីបានគូសបញ្ជាក់ថា វិស័យកសិកម្ម គឺជាវិស័យអាទិភាពមួយរបស់រាជរដ្ឋាភិបាលកម្ពុជា ជាពិសេសក្នុងការធានានូវសន្តិសុខស្បៀង។ ជាមួយនឹងកត្តាទីតាំងភូមិសាស្ត្រ និង ភាពស្រដៀងគ្នារវាងកម្ពុជា-ឡាវ, សម្ដេចបវរធិបតីបានគូសបញ្ជាក់អំពីសារៈសំខាន់ និងសក្តានុពលជាច្រើនទៀត ដែលប្រទេសទាំងពីរអាចសហការជាមួយគ្នាក្នុងការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យកសិកម្ម ឱ្យស្របទៅនឹងការរីកចម្រើននៃកិច្ចសហប្រតិបត្តិការដ៏ល្អលើវិស័យផ្សេងៗ ដូចជា វិស័យសន្តិសុខនិងការពារជាតិ, ថាមពល, និងពាណិជ្ជកម្ម ជាដើម។

សម្ដេចបវរធិបតី បានលើកទឹកចិត្តឱ្យក្រសួងកសិកម្ម នៃប្រទេសទាំងពីរពន្លឿននូវនីតិវិធីនៅក្នុងការជំរុញកិច្ចសហប្រតិបត្តិការលើការដឹកជញ្ជូនផលិតផលកសិកម្មពីកម្ពុជា ដោយឆ្លងកាត់ប្រទេសឡាវ ឆ្ពោះទៅកាន់ប្រទេសទី៣ ហើយ សម្ដេចបវរធិបតីជឿជាក់ថាកិច្ចព្រមព្រៀងនៃកិច្ចសហប្រតិបត្តិការនេះ នឹងផ្តល់ផលប្រយោជន៍ទៅវិញទៅមកសម្រាប់ប្រជាជន នៃប្រទេសទាំងពីរ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 1.3K
Avatar photo
សៀមរាប ប៉ុស្តិ៍
២៦ មករា ២០២៦

ស្នងការខេត្តសៀមរាបប្រាប់មន្ត្រីក្រោមឱវាទរបស់ខ្លួន
ត្រូវផ្តល់សេវាសាធារណៈ ជូនពលរដ្ឋឱ្យបានឆាប់រហ័ស និងមានប្រសិទ្ធភាព

ក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលកិច្ចប្រតិបត្តិការ រក្សាសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ សុវត្ថិភាពសង្គម ប្រចាំខែមករា ឆ្នាំ២០២៦ និងលើកទិសដៅការងារសម្រាប់ខែបន្ត របស់ស្នងការដ្ឋាននគរបាលខេត្តសៀមរាប នៅថ្ងៃនេះ លោកឧត្តមសេនីយ៍ទោ ហួត សុធី ស្នងការខេត្តសៀមរាប មានប្រសាសន៍ណែនាំបន្ថែមទៀត ដល់កងកម្លាំងទាំងអស់ត្រូវ គោរពបទវិន័យឲ្យបានខ្ជាប់ខ្ជួន បន្តយកចិត្តទុកដាក់ បំពេញតួនាទី ភារៈកិច្ច ដោយមានការទទួលខុសត្រូវខ្ពស់ លើកិច្ចការងារជំនាញ រក្សាសន្តិសុខ សណ្ដាប់ធ្នាប់សាធារណៈ និងអនុវត្តឱ្យបានរាល់កិច្ចការងារ ដែលថ្នាក់ដឹកនាំប្រគល់ជូន ជាពិសេស ការផ្តល់សេវាសាធារណៈ ជូនដល់ប្រជាពលរដ្ឋ ឱ្យបានឆាប់រហ័ស និងមានប្រសិទ្ធភាព ជំរុញប្រជាពលរដ្ឋនៅតាមមូលដ្ឋាន ដែលមានអត្តសញ្ញាណបណ្ណ ដែលអស់សុពលភាព មកបន្តសុពលភាព ឱ្យបានគ្រប់ៗគ្នា ដោយ មិនមានគិតកម្រៃ សេវា ហើយក៏គ្មានការផាកពិន័យ ណាមួយនោះដែរ។

លោកឧត្តមសេនីយ៍ទោស្នងការ ក៏បានមានប្រសាសន៍បន្ថែមដល់ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាល ត្រូវបន្តយកចិត្តទុកដាក់ លើកិច្ចការងារចុះធ្វើវេទិកាសាធារណៈ និងផ្សព្វផ្សាយពីគោលនយោបាយភូមិ-សង្កាត់ មានសុវត្ថិភាព ជូនដល់បងប្អូនប្រជាពលរដ្ឋ នៅតាមមូលដ្ឋាន បន្ថែមទៀតផងដែរ។

ក្នុងកិច្ចប្រជុំនាឱកាសនោះដែរ លោកឧត្តមសេនីយ៍ទោ ស្នងការ បានឯកភាពចំពោះរបាយកាណ៍របស់លោកស្នងការរងទទួលផែននីមួយៗ និងមានប្រសាសន៍លើកសរសើរ ដល់កងកម្លាំងទាំងអស់ ដែលបានខិតខំបំពេញភារកិច្ចការពារ រក្សាសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់សាធារណៈ នាពេលកន្លងមក៕SRP

Like 196
Comment 0
Share ចែកចាយ
Views 3.4K
Avatar photo
សៀមរាប ប៉ុស្តិ៍
២៦ មករា ២០២៦

ពាក់ឯកសណ្ឋាន! ល្បីធ្វើជាប្រធានតំបន់ឆ្នោតប្រចាំស្រុកពារាំង តែពុំមែនជាមន្រ្តីនៅស្នងការភ្នំពេញនោះទេ

ឈ្មោះ វណ្ណៈ វិសិទ្ធិ មិនមែនជាមន្រ្តី របស់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ នោះឡើយ។ នេះបើតាមក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ នៅថ្ងៃទី២៥ ខែមករាឆ្នាំ២០២៦។

ដោយបញ្ជាក់បែបនេះថា បន្ទាប់ពីប្រព័ន្ធផ្សព្វផ្សាយជាច្រើន បានចុះផ្សាយស្រដៀងគ្នាថា លោកអនុសេនីយ៍ វណ្ណៈ វិសិទ្ធិ អត្តលេខ (៥៧៣១៥) មន្ត្រីនគរបាល បង្ការពន្លត់អគ្គីភ័យ នៃស្នងការដ្ឋាន នគរបាលរាជធានីភ្នំពេញ មិននៅកន្លែងធ្វើការងារ។ បែរជាមកសំងំកើបលុយ១ថ្ងៃៗរាប់សិបលានរៀល ពីការធ្វើមេឆ្នោតកន្ទុយលេខវៀតណាមនិងមានតួនាទីក្នុងល្បែងជា”ប្រធានតំបន់ឆ្នោតវៀតណាម ស្រុកពារាំង ខេត្តព្រៃវែង”ទៀតផង។

ជុំវិញករណីនេះ កាលពីថ្ងៃទី២៣ ខែមករា ឆ្នាំ ២០២៦ សារព័ត៌មាន”ដើមរាំង”បានផ្សព្វផ្សាយអំពីល្បែងឆ្នោតកន្ទុយលេខវៀតណាម ដែលកំពុងរីករាលដាលដូចផ្សិត ក្នុងមូលដ្ឋានស្រុកខ្សាច់កណ្ដាល និងស្រុកពារាំង ខេត្តព្រៃវែង។ លុះដល់រសៀលថ្ងៃដដែល សមត្ថកិច្ចស្រុកខ្សាច់កណ្ដាល បានចុះបង្ក្រាបទីតាំងផ្ទះជួលស្នាក់ការល្បែងរបស់លោកអនុសេនីយ៍ វណ្ណៈ វិសិទ្ធិ ត្រង់ចំណុចភូមិព្រែកថ្មី ឃុំជ័យធំ ស្រុកខ្សាច់កណ្ដាល ក្នុងនោះ សមត្ថកិច្ចចាប់បានម៉ូតូបុគ្គលិកឆ្នោតចំនួន២គ្រឿង យកទៅរក្សាទុកផងដែរ។

ជាមួយគ្នានេះ លោកអនុសេនីយ៍ វណ្ណៈ វិសិទ្ធិ ដែលមានតួនាទីជាប្រធានតំបន់ឆ្នោតវៀតណាមក៏បានចល័តបុគ្គលិករបស់ខ្លួន ឱ្យទៅស្នាក់នៅបណ្ដោះអាសន្ន ក្នុងភូមិព្រែករៃ ឃុំព្រែករៃ ស្រុកល្វាឯម ខេត្តកណ្តាល ដែលជាទីតាំងរបស់ប្រធានតំបន់ឆ្នោតវៀតណាម”ល្វាឯម”។

ទោះជាយ៉ាងណាក្ដី ប្រភពីមេកញ្ច្រែងឆ្នោតវៀតណាម បានបង្ហើបថា លោកអនុសេនីយ៍”ប៉ូលិស”វណ្ណៈ វិសិទ្ធិ អត្តលេខ (៥៧៣១៥) ត្រូវបានផ្លាស់ប្ដូរចេញពីប្រធានតំបន់ឆ្នោតវៀតណាម”ពារាំង”ហើយ កាលពីថ្ងៃទី២៤ ខែមករា ឆ្នាំ២០២៦ ដែលនឹងត្រូវដាក់អ្នកថ្មីមកជំនួសខណៈដែលម៉ូតូបុគ្គលិកឆ្នោតទាំង២គ្រឿងខាងលើ ស្ថិតក្នុងដៃសមត្ថកិច្ចនគរបាលស្រុកខ្សាច់កណ្ដាលនៅឡើយ។

ជុំវិញករណីនេះទីភ្នាក់ងារសារព័ត៌មានសៀមរាប ប៉ុស្តិ៍
នៅពុំទាន់ទទួលបានការបំភ្លឺពីលោក វណ្ណៈ វិសិទ្ធិ បាននៅឡើយទេរហូតដល់ម៉ោងផ្សាយនេះ៕SRP

Like 196
Comment 0
Share ចែកចាយ
Views 3.7K
Avatar photo
សៀមរាប ប៉ុស្តិ៍
២៦ មករា ២០២៦

ឯកឧត្តម អ៊ុន ចាន់ដា ស្នើដល់សមាគមនារីខេត្ត បន្តចលនាធ្វើការងារមនុស្សធម៌ឲ្យបានច្រើន ដើម្បីរួមចំណែកជាមួយរដ្ឋាភិបាលកម្ពុជា

ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានស្នើសុំដល់សមាជិកសមាគមនារី តាម ខេត្ត ក្រុង-ស្រុក ជួយធ្វើចលនាធ្វើការងារសង្គម តាមរយៈ ជួយស្ត្រីមានផ្ទៃពោះ ស្ត្រីមេម៉ាយ ចាស់ជរា ក្មេងកំព្រា ជនពិការ ឲ្យបានផុសផុលដើម្បីរួមចំណែក ជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងការកាត់បន្ថយ ភាពក្រីក្រ និងលើកស្ទួយជីវភាពប្រជាពលរដ្ឋ។

ឯកឧត្តម មានប្រសាសន៍បែបនេះ ក្នុងពិធីកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ ២០២៥ និងលើកទិសដៅឆ្នាំ២០២៦ របស់គណៈកម្មការសាខាសមាគមនារីកម្ពុជាដើម្បី សន្តិភាព និងការអភិវឌ្ឍន៍ និងក្រុមចលនាស្ត្រីខេត្តកំពង់ចាម នាព្រឹកថ្ងៃទី២៦ ខែមករា ឆ្នាំ ២០២៦ នៅសាលាខេត្ត ដោយក្នុងពិធីនេះ ក៏មានការអញ្ជើញចូលរួម ដោយ លោកជំទាវ ញូង ចរិយា អ៊ុន ចាន់ដា ប្រធានកិត្តិយសសាខាសមាគមនារី ដើម្បីសន្តិភាពនិងការ អភិវឌ្ឍន៍ និង ឯកឧត្តម ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្តកំពង់ចាម។

ឯកឧត្តមអភិបាលខេត្ត បានលើកឡើងថា កន្លងមកឃើញសកម្មភាព សមាគមនារី តែងតែចុះជួយការងារ មនុស្សធម៌ជារៀងរាល់ឆ្នាំ លើសពី ឯកឧត្តម សូមស្នើដល់សមាគមនារីខេត្ត បន្តជំរុញដល់ សមាគមនារី តាម ក្រុង ស្រុក ឲ្យបន្តសកម្មភាពចុះជួយប្រជាពលរដ្ឋជួបការលំបាកឲ្យបានកាន់តែច្រើន បន្ថែមទៀត ដើម្បីរួមគ្នា លើកកម្ពស់ជីវភាព រស់នៅរបស់ប្រជាពលរដ្ឋ មានលំនឹងក្នុងគ្រួសារ ហើយ ក៏ការរួមចំណែក ជាមួយរាជរដ្ឋាភិបាលកម្ពុជា កាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋតាមជនបទ។

ឯកឧត្តម អ៊ុន ចាន់ដា បានបន្ត ការបង្កើតសមាគមនេះឡើង មិនមែនត្រឹមតែ គៀងគរ ថវិកា តែមួយមុខនោះទេ គឺបង្កើតឡើង ដើម្បីឲ្យសមាជិក ក្នុងសមាគមនារី ចុះធ្វើសកម្មភាព ជួយការងារសង្គម មិនផ្តោតសំខាន់តែរឿង លុយ កាក់ ចូលសមាគមនោះ ដូច្នេះ សូមសមាជិក សមាគម ប្រឹងប្រែង ខិតខំ ជួយកិច្ចការ មនុស្សធម៌ឲ្យបានច្រើន។

ជាមួយគ្នានេះ ឯកឧត្តម អភិបាលខេត្តកំពង់ចាម ក៏បានអំពាវនាវ ដល់សមាជិក នីមួយៗ ត្រូវមានការសាមគ្គីភាពផ្ទៃក្នុង មានឯកភាពគ្នា ចេះជួយគ្នាទៅវិញទៅមក ដល់សមាជិកក្នុងក្រុមដែលជួបការលំបាក ហើយបន្តពង្រឹង សមត្ថភាព ចំណេះដឹង ចំណេះ ធ្វើ ឲ្យមានសមត្ថភាព គ្រប់គ្រាន់ សម្រាប់ធ្វើជាអ្នកដឹកនាំ ក្រុម ដឹកនាំសមាគមន៍ និងក្លាយជា សរសៃរឈាម សេដ្ឋកិច្ចរបស់ប្រទេសជាតិ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 1.4K
Sponsored
Avatar photo
សៀមរាប ប៉ុស្តិ៍
២៦ មករា ២០២៦

នាយករដ្ឋមន្ត្រី ផ្ដល់អំណោយរទេះរុញ ជូន
ជនភៀសសឹកមានពិការភាពស្នាក់នៅក្នុងខេត្តសៀមរាប

អំណោយរទេះរុញដ៏ថ្លៃថ្លារបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ត្រូវបានឯកឧត្តម ឧត្ដមសេនីយ៍ឯក ប៊ុន ដា ប្រធាននាយកដ្ឋានកណ្ដាលសណ្ដាប់ធ្នាប់សាធារណៈ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ និង លោក ឌី រ៉ាដូ អភិបាលរងខេត្តសៀមរាប បាននាំយក ប្រគល់ជូនដល់បងប្អូនជាជនភៀសសឹកមានពិការភាពចំនួន ៣២នាក់ ដែលកំពុងស្នាក់នៅក្នុងខេត្តសៀមរាប នៅថ្ងៃម្សិលមិញ។

ក្នុងឱកាសនោះ ឯកឧត្តម ឧត្ដមសេនីយ៍ឯក ប៊ុន ដា បាននាំនូវប្រសាសន៍ផ្ដាំផ្ញើសាកសួរសុខទុក្ខដោយក្តីនឹករលឹកពី សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ដែលជានិច្ចជាកាលលោកតែងតែគិតគូរយកចិត្តទុកដាក់ចំពោះជីវភាព និងការរស់នៅរបស់បងប្អូនប្រជាពលរដ្ឋ ពិសេសបងប្អូនប្រជាពលរដ្ឋភៀសសឹកទាំងអស់។

ឯកឧត្តម មានប្រសាសន៍ថា ការចែករទេះរុញដល់ជនពិការភាព គឺជាសកម្មភាពឆ្លុះបញ្ចាំងពីស្មារតីអាណិត ស្រឡាញ់ និងការយកចិត្តទុកដាក់ខ្ពស់របស់រាជរដ្ឋាភិបាលកម្ពុជា ចំពោះពលរដ្ឋដែលជួបការលំបាកហើយក៏ជាសកម្មភាពមនុស្សធម៌ដ៏សំខាន់ ដែលជួយសម្រាលបន្ទុក និងលើកកម្ពស់គុណភាពជីវិត។ តាមរយៈការផ្ដល់រទេះនេះ គឺជាការសម្រាលការលំបាក សម្រួលដល់ការធ្វើដំណើរ និងបង្ហាញពីការយកចិត្តទុកដាក់ចំពោះសុខុមាលភាពប្រជាពលរដ្ឋផងដែរ។

លោក ឌី រ៉ាដូ អភិបាលរងខេត្ត បានគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់សម្តេចបវរធិបតី និងលោកជំទាវបណ្ឌិត និងក្រុមការងារ ដែលបាននាំអំណោយមកចែកជូនប្រជាពលរដ្ឋភៀសសឹកមានពិការភាពស្នាក់នៅក្នុងខេត្តសៀមរាប នាពេលនេះ ហើយអំណោយដែលនាំមកចែកជូនប្រជាពលរដ្ឋភៀសសឹកនាពេលនេះ បានបង្ហាញពីការយកចិត្តទុកដាក់យ៉ាងខ្លាំងរបស់រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់សម្តេចមហាបវរធិបតី ចំពោះសុខុមាលភាព និងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ ជាពិសេសការចែករទេះរុញ បានធ្វើឱ្យបងប្អូនជនពិការលោកមានការសប្បាយចិត្តយ៉ាងខ្លាំង ដោយសារងាយស្រួលក្នុងការធ្វើដំណើររបស់ពួកគាត់។

សូមបញ្ជាក់ថា ក្រៅពីអំណោយជារទេះរុញ ក្រុមការងារក៏បាននាំយកអំណោយមួយចំនួន ដោយក្នុងម្នាក់ទទួលបានរទេះរុញ ១គ្រឿង, ថ្នាំប៉ារ៉ាសេតាមុល ១ប្រអប់, សាប៊ូ ១ដុំ, ទឹកដោះគោខាប់ ១កំប៉ុង និងថវិកា ៥ម៉ឺនរៀល។ ក្នុងឱកាសនោះដែរ ឯកឧត្តម ឧត្ដមសេនីយ៍ឯក និងក្រុមការងារ ក៏បានប្រគល់ម៉ូតូចំនួន២គ្រឿង ដែលអំណោយរបស់សប្បុរសជននៅរាជធានីភ្នំពេញ ផ្តល់តាមរយៈ ឯកឧត្តម ប្រគល់ជូនដល់វីរកងទ័ពនៅឈរជើងនៅប្រាសាទតាក្របី និងប្រាសាទព្រះវិហារ ២គ្រឿង សម្រាប់ធ្វើដំណើរបំពេញការងារផងដែរ៕SRP

អត្ថបទ និងរូបភាព៖ លោក ទ្រា ពន្លឺ
កែសម្រួល៖ លោក អ៊ុន ណារាជ្យ

Like 195
Comment 0
Share ចែកចាយ
Views 2.5K
Avatar photo
សៀមរាប ប៉ុស្តិ៍
២៥ មករា ២០២៦

ឯកឧត្តមប្រាក់ សោភ័ណ៖ កុំបារម្ភអីខ្ញុំ មិនដែលចោលបងប្អូនទេ

ខេត្តសៀមរាប៖ឯកឧត្តមប្រាក់ សោភ័ណ អភិបាលខេត្តសៀមរាប ចូលទៅខមិនក្នុង facebook របស់ប្រជាពលរដ្ឋរស់នៅក្រុងសៀមរាប ដែលសំណេរទាំងស្រុងដូចខាងក្រោម៖
ខ្ញុំបានដោះស្រាយជូនមីងនិងក្រុមគ្រួសារទាំង៦ហើយ តាម ការណែនាំរបស់សម្តេចធិបតី នាយករដ្ឋមន្ត្រី។

ឯកឧត្តមប្រាក់ សោភ័ណ បានសរសេរបន្តថា សូមរង់ចាំបន្តិច ក្រុមការងារបានចរចាជាមួយម្ចាស់ដីដែលឈ្នះ ដល់តុលាការកំពូលដើម្បីកាត់ដីជូនទាំង៦គ្រួសារ កុំបារម្ភអីខ្ញុំ មិនដែលចោលបងប្អូនទេ យុត្តិធម៌មានច្បាប់មានតែការេដោះក៏ តែងតែមានដែរ បើគេមិនអោយដីពុកម៉ែបងប្អូនចាំខ្ញុំទិញដីជូន។

បន្ទាប់ពីឃើញឯកឧត្តមអភិបាលខេត្តសៀមរាប បានខំមិនចូលទៅក្នុង facebook របស់ម្ដាយខ្លួនបែបនេះ និស្សិតមួយរូបនិយាយស្ទើរស្រក់ទឹកភ្នែក ដោយលើកដៃសំពះថ្លែងអំណរគុណអរគុណអភិបាលខេត្តសៀមរាបឯកឧត្តមប្រាក់ សោភ័ណ និងថ្នាក់ដឹកនាំរាជរដ្ឋាភិបាល។

ខាងក្រោមនេះជាសំណេររបស់និស្សិតដែលបានបង្ហោះជាសាធារណៈ៖ នាងខ្ញុំជាកូនរបស់គ្រួសារដែលទទួលបានការចោទប្រកាន់ ពិតជាអរគុណដល់ សម្ដេចពុកហ៊ុន សែន សម្ដេចបវធបតីហ៊ុនម៉ាណែត ឯកឧត្តម Prak Sophoan និងក្រុមការងារ យ៉ាងជ្រៀលជ្រៅ ដែលបានខ្វល់ខ្វាយពីសុខទុក្ខនិងរកដំណោះស្រាយដល់ប្រជាជនរបស់ឯកឧត្តម។

ជូនពរសម្ដេចពុក សម្ដេចបវធបតី និងង ឯកឧត្តមសុខភាពល្អ និងសុខសុវត្ថិភាពគ្រប់ទីកន្លែង🙏🏼

Like 196
Comment 0
Share ចែកចាយ
Views 5.4K
Avatar photo
សៀមរាប ប៉ុស្តិ៍
២៥ មករា ២០២៦

ប្រទេសកម្ពុជាមិនទាន់រកឃេីញ​ ជំងឺនីប៉ាហ៍​ កេីតលេីមនុស្សនៅឡេីយទេ​

ជំងឺ​នីប៉ាហ៍ គឺជាជំងឺបង្កឡេីងដោយវីរុស​ដ៏ធ្ងន់ធ្ងរ ហើយអាចបណ្តាលឲ្យស្លាប់បាន​ ។ វីរុសនីប៉ាហ៍ រីករាលដាលដោយផ្ទុកលេីសត្វប្រចៀវ​ និងសត្វច្រឹង​ និងអាចឆ្លងមកមនុស្ស និងជ្រូក​។ 

វាអាចឆ្លងពីមនុស្សម្នាក់ទៅមនុស្សម្នាក់ទៀតតាមរយៈការប៉ះពាល់ផ្ទាល់​ តាមរយៈ​ទឹក​សរីរាង្គ​មនុស្ស​។  អ្នកឆ្លងជំងឺនេះ​ មានអត្រាស្លាប់​ចន្លោះពី​ 40%–70%។  ការផ្ទុះឡើងនៃជំងឺនីប៉ាហ៍ កើតឡើងស្ទើរតែជារៀងរាល់ឆ្នាំនៅក្នុងតំបន់មួយចំនួននៃទ្វីបអាស៊ីខាងត្បូង កេីតជាញឹកញាប់នៅក្នុងប្រទេសបង់ក្លាដែស និងឥណ​្ឌា​។ ជំងឺនេះក៏ធ្លាប់ផ្ទុះនៅប្រទេស​ ម៉ាឡេស៊ី​ ហ្វីលីពីន​ និងសឹង្ហបុរី​ ផងដែរ​ ជាពិសេសគឺនៅប្រទេស​ ម៉ាឡេស៊ី​ ក្នុងឆ្នាំ​១៩៩៩​ ដែល​បណ្ដាល​ឲ្យ​ឈឺ​៣០០នាក់​ ក្នុងនោះ១០០នាក់បានស្លាប់​។

មនុស្សអាចឆ្លងមេរោគ​នីប៉ាន៍តាមរយៈ​ ការប៉ះពាល់ផ្ទាល់ជាមួយសត្វដែលផ្ទុកមេរោគ ដូចជាប្រចៀវ​ ច្រឹង​ ឬជ្រូកដែកមានផ្ទុកមេរោគនីប៉ាហ៍ការទទួលទានអាហារ ឬភេសជ្ជៈ ដូចជាផ្លែឈើ ឬទឹកត្នោត ដែលប្រឡាក់ដោយសត្វដែលផ្ទុកមេរោគ​។

កាត់បន្ថយការឆ្លងមេរោគតាមរយៈ​ លាងដៃរបស់អ្នកឱ្យបានទៀងទាត់ជាមួយសាប៊ូ និងទឹក​ ចៀសវាងការប៉ះពាល់ជាមួយសត្វប្រចៀវ​ ច្រឹង ឬជ្រូកឈឺ​ ចៀសវាងការប៉ះពាល់ជាមួយឈាម ឬសារធាតុរាវក្នុងរាងកាយរបស់អ្នកជំងឺដែលមានមេរោគ Nipah។

អ្នកដែលមានជំងឺ Nipah ជាធម្មតាឈឺរយៈពេល 3 ទៅ 14 ថ្ងៃដោយមានគ្រុនក្តៅ ឈឺក្បាល ក្អក ឈឺបំពង់ក និងពិបាកដកដង្ហើម។ ក្រោយមកនៃការឆ្លងមេរោគ មនុស្សមួយចំនួនអាចជួបប្រទះនឹងការហើមខួរក្បាល ឬរលាកខួរក្បាល ដែលរោគសញ្ញាធ្ងន់ធ្ងរអាចរួមមានការភាន់ច្រឡំ ងងុយដេក ប្រកាច់​ ។ អ្នកដែលមានរោគសញ្ញាទាំងនេះអាចសន្លប់ក្នុងរយៈពេល 24-48 ម៉ោង។

សូមបញ្ជក់ៈ​ រហូតដល់ពេលនេះ​ ប្រទេសកម្ពុជាមិនដែលរកឃេីញ​ ជំងឺ​ នីប៉ាហ៍​ កេីតលេីមនុស្សនៅឡេីយទេ​ តែ​នាយកដ្ឋាន​ប្រយុទ្ធ​នឹង​ជំងឺឆ្លង​ កំពុងយកចិត្តដាក់ធ្វេីការតាមដាន​ និងត្រៀមលក្ខណៈឆ្លេីយតបនឹងការរាត្បាតជំងឺនេះជាប់ជានិច្ច​។ ព័ត៌មាន​បន្ថែម​សូម​ទាក់ទង​លេខ​ ១១៥​ ឬ​ ០១២៤៨៨៩៨១​ ដោយ​មិន​គិតថ្លៃ​៕SRP

Like 196
Comment 0
Share ចែកចាយ
Views 3.4K
Avatar photo
សៀមរាប ប៉ុស្តិ៍
២៥ មករា ២០២៦

ជំនាញព្រលែងកូនត្រីចម្រុះទម្ងន់ ២២គីឡូក្រាម ចូលបឹងធម្មជាតិវិញ

ខណ្ឌរដ្ឋបាលជលផលកំពង់ចាម សហការជាមួយអធិការដ្ឋានរដ្ឋបាលជលផលមេគង្គ អធិការដ្ឋានរដ្ឋបាលជលផលចតុមុខ អធិការដ្ឋានរដ្ឋបាលជលផលខាងត្បូងទន្លេសាប ខណ្ឌរដ្ឋបាលជលផលកំពង់ឆ្នាំង កងទ័ពជើងទឹក អាជ្ញាធរស្រុកបាធាយ និងកម្លាំងកងរាជអាវុធហត្ថស្នាក់សន្តិសុខ ៦០១ អមដំណើរឯកឧត្តម ទឹម បូរក្ស អនុរដ្ឋលេខាធិការនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងមានការសម្របសម្រួលពីឯកឧត្តម ព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងខេត្តកំពង់ចាម ថ្ងៃទី២៤ ខែមករា ឆ្នាំ២០២៦ បានចុះប្រតិបត្តិការបង្ក្រាបបទល្មើសជលផល ដោយរុះរើនិងបំផ្លាញចោលនូវឧបករណ៍ខុសច្បាប់នៅនឹងកន្លែងបានចំនួន ០៣ករណី និងលែងកូនត្រីចម្រុះទម្ងន់ ២២គីឡូក្រាម ចូលបឹងធម្មជាតិវិញ នៅចំណុចតាមដងទន្លេសាប ឃុំបាធាយ ស្រុកបាធាយ ខេត្តកំពង់ចាម។

តាមការបញ្ជាក់របស់ មន្ត្រីជំនាញជលផល ឲ្យដឹងថា ការចុះបង្ក្រាបបទល្មើសជល ក្នុងភូមិសាស្ត្រខាងលើ ជំនាញបានរឹបអូសវត្ថុតាង និងបំផ្លាញចោលឧបករណ៍ល្មើស នៅនឹងកន្លែង រួមមាន ៖ ឧបករណ៍ លូស្បៃមុង របាំងស្បៃមុង និងលបប្រឹស ១០០ ចំនួន ៧៥គ្រឿង។ ក្រៅពីនោះ កូនត្រីចម្រុះទម្ងន់ ២២គីឡូក្រាម ក៏បានលែងចូល ទៅក្នុងបឹងធម្មជាតិវិញ។

តាមការអះអាង ខណ្ឌជលផលកំពង់ចាម នឹងបន្តចុះត្រួតពិនិត្យ និងបង្ក្រាបបទល្មើស នៅក្នុងភូមិសាស្ត្រទន្លេ បឹង ព្រែក នៅតាមបណ្តាស្រុកក្នុងខេត្តកំពង់ចាម និងផ្សព្វផ្សាយ ដល់ប្រជានេសាទឈប់នេសាទដោយប្រើប្រាស់ឧបករណ៍ល្មើសច្បាប់ ផងដែរ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 1.8K
Avatar photo
សៀមរាប ប៉ុស្តិ៍
២៤ មករា ២០២៦

ឆេះផ្ទះពលរដ្ឋអស់ ០២ខ្នង រួមនឹងទ្រព្យសម្បត្តិមួយចំនួនទៀត

ប៉ុស្តិ៍នគរបាលរដ្ឋបាលរំចេក បានទទួលព័ត៌មានពីប្រជាពលរដ្ឋ រាយការណ៍ថា មានករណីអគ្គីភ័យ (ភ្លើងឆេះផ្ទះ) ស្ថិតនៅចំណុចភូមិឈើទាលស្រុតក្រោម ឃុំរំចេក ស្រុកកំពង់សៀម ខេត្តកំពង់ចាម នៅថ្ងៃទី២៤ ខែមករា ឆ្នាំ២០២៦ វេលា ម៉ោង ០៧:១៥នាទី។

ក្រោយពីទទួលព័ត៌មាន លោកឧត្តមសេនីយ៍ទោ ហេង វុទ្ធី ស្នងការនគរបាល ខេត្តកំពង់ចាម បានដាក់បទបញ្ជាឲ្យ លោកអធិការ ដឹកនាំកម្លាំងអន្តរាគមន៍ស្នងការដ្ឋាន នគរបាលខេត្ត សហការកម្លាំងអន្តរាគមន៍ អធិការដ្ឋាននគរបាលស្រុកកំពង់សៀម និងកម្លាំងអន្តរាគមន៍អធិការដ្ឋាននគរបាល ស្រុកស្ទឹងត្រង់ ចេញអន្តរាគមន៍ជាបន្ទាន់ ដល់កន្លែងកើតហេតុ ដោយមានកម្លាំងប៉ុស្តិ៍ នគរបាលរដ្ឋបាល និងប្រជាការពារជាជំនួយ។

ប្រភពពីសមត្ថកិច្ចឲ្យដឹងដែរថា ក្រោយពីកម្លាំងអន្តរាគមន៍ ស្រុកកំពង់សៀម កម្លាំងប៉ុស្តិ៍នគរបាល រដ្ឋបាលរំចេក និងប្រជាការពារជាជំនួយធ្វើការពន្លត់ ដោយប្រើប្រាស់ឡានពន្លត់អគ្គីភ័យ ០៥គ្រឿង និងប្រើទឹកអស់ចំនួន ១០ស៊ីទែន រួចមក អគ្គីភ័យខាងលើ ក៏បានរលត់ជាស្ថាពរ១០០% ទៅវិញ នៅវេលាម៉ោង ៨:១០នាទី។

តាមការសន្និដ្ឋានបឋម ករណីអគ្គីភ័យ ខាងលើនេះ ដោយសារ ឆ្លងចរន្តអគ្គីសនី បណ្តាលឱ្យខូចខាតផ្ទះចំនួន ០២ខ្នង សង់អំពីឈើប្រក់ក្បឿង ៖ ម្ចាស់ផ្ទះទី១.ឈ្មោះ ប៉ាត់ ឆៃលាង ភេទស្រី អាយុ ៦០ឆ្នាំ ជាតិខ្មែរ មានផ្ទះទំហំ ៧មx១២ម លុយដុល្លារចំនួន ៧.០០០ដុល្លារ រួមជាមួយសម្ភារៈមួយចំនួន និងម្ចាស់ផ្ទះទី២.ឈ្មោះយ៉េង នាង ភេទប្រុស អាយុ ៦៣ឆ្នាំ ជាតិខ្មែរ ផ្ទះទំហំ ៦មx១៦ម លុយដុល្លារចំនួន ៣០.០០០ដុល្លារ រួមនឹងសម្ភារ:មួយចំនួនទៀត ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 22.2K
Sponsored
Avatar photo
សៀមរាប ប៉ុស្តិ៍
២៤ មករា ២០២៦

អភិបាលខេត្តតាកែវឆ្លើយប្រាប់អ្នកកាសែតនោះថា លោកប្អូនផឹកចុះខ្ញុំនៅឆ្ងាយណាស់!!!

រយៈពេលពីថ្ងៃនេះមានអ្នកសារព័ត៌មានជាច្រើនបានសម្ដែងនូវការប្រតិកម្មក្រោយពីលើឮការថ្លែង
របស់អភិបាលខេត្តតាកែវ ដែលលើកឡើងមានអ្នកសារព័ត៌មានបបួលលោកផឹកកាហ្វេ។

ខាងក្រោមនេះជាសំណេរ របស់លោក វ៉ី សំណាង អភិបាលខេត្តតាកែវ៖

បង ទំនេរមកផឹកកាហ្វេនៅទួលគោគលេង?

*** ប្រធានបទ ដែលកំពុងល្បីល្បាញនៅក្នុងបណ្ដាញសង្គម វែកញែក វាយប្រហារ ក្នុងខណៈដែលខ្លួនអត់ទាំងបានដឹងថា ខ្ញុំ ឆ្លើយជាមួយអ្នកកាសែតម្នាក់នោះយ៉ាងដូចម្ដេចផង🤯🤯🤯🤯

ខ្ញុំ បានថ្លែងនៅក្នុងកិច្ចប្រជុំបូកសរុបការងារកាកបាទក្រហមកម្ពុជាឆ្នាំ២០២៥ លើកទិសដៅការងារឆ្នាំ២០២៦ របស់សាខាកាកបាទក្រហមកម្ពុជាខេត្តតាកែវ ដោយគ្រាន់តែចង់បញ្ជាក់អំពីការទទួលខុសត្រូវរបស់បងប្អូនមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ អ្នកស្ម័គ្រចិត្តតាមបណ្ដាភូមិ ស.ស.យ.ក ក្មួយៗអ្នកស្ម័គ្រចិត្តកាកបាទក្រហមតាមវិទ្យាល័យនានា ។ ដែលទាំងអស់គ្នាបានសកម្មការងារក្នុងការចូលរួមផ្ដល់សេវាសាធារណៈជូនបងប្អូនប្រជាពលរដ្ឋក៏ដូចជាជួយដល់ជនរងគ្រោះដែលត្រូវការជួយសង្គ្រោះ ។ ដូច្នេះយើងមិនមានពេលវេលាគ្រប់គ្រាន់សម្រាប់ទៅលំហែ ឬ ក៏ទៅផឹកកាហ្វេឆ្ងាយពីកន្លែងការងារដែរ ។ ដោយ ខ្ញុំ បានលើកឧទាហរណ៍ ដូចអ្នកកាសែតម្នាក់គាត់បបួលខ្ញុំនោះទេ ខ្ញុំឆ្លើយថា លោកប្អូនផឹកចុះខ្ញុំនៅឆ្ងាយណាស់!!!

អ្វីដែលខ្ញុំលើកខាងលើ គឺសំដៅលើកទឹកចិត្តដល់បងប្អូនទាំងអស់ ដែលគាត់ខិតខំធ្វើការតែប៉ុណ្ណោះ ។ សូមកុំមានការយល់ច្រឡំ រហូតដល់មិត្តភក្តិ ខ្លះលែងហ៊ានបបួលហូបបាយ😘

សូមរីករាយចុងសប្តាហ៍ ជួបគ្នានៅខេត្តព្រះវិហារល្ងាចនេះ😘😘😘

Like 195
Comment 0
Share ចែកចាយ
Views 9.8K
Avatar photo
សៀមរាប ប៉ុស្តិ៍
២៤ មករា ២០២៦

ដីរបស់រដ្ឋមួយចំនួននៅក្នុងភូមិសាស្ត្រស្រុកជីក្រែង ត្រូវបានគេយកចែកគ្នាធ្វើជាកម្មសិទ្ធផ្ទាល់ខ្លួន

ខេត្តសៀមរាប៖ដីរបស់រដ្ឋមួយចំនួននៅស្រុកជីក្រែងត្រូវបានគេពុះចែកគ្នាយកធ្វើជាកម្មសិទ្ធិផ្ទាល់ខ្លួន។

យោងតាមប្រភពបានបង្ហើបថា ដីអតីតសាលាស្រុកជីក្រែង បច្ចុប្បន្នត្រូវបានគេកំពុងសាងសង់សំណង់ជារបស់ឯកជន ខណៈដីអតីតចំណុចអធិការនគរបាលស្រុកជីក្រែង ក៏ត្រូវបានក្លាយជារបស់ឯកជនដែរ។

គេបានលើកឡើងបន្តទៀតថា ប្រការដែលដីរបស់រដ្ឋក្លាយជារបស់ឯកជនបែបនេះបានកើតមានយូរមកហើយ ត្រូវបានគេសង្ស័យថាអាចជាមានការឃុបឃិតគ្នាណាមួយជាប្រព័ន្ធ។

ករណីមានការសាងសង់សំណង់ការ៉ាសសាំង ដែលគេដឹងថាជាដីអតីតសាលាស្រុកជីក្រែង ត្រូវបានបណ្ដាញព័ត៌មានចុះផ្សាយនៅថ្ងៃទី 23 ខែមករា ឆ្នាំ 2026។

តាមប្រភពបានបង្ហើមទៀតថា ប្រជាពលរដ្ឋ រស់នៅក្នុងឃុំកំពង់ក្តី ស្រុកជីក្រែង មានការងើយឆ្ងល់ថា ទីតាំងដីដែលគេកំពុងសាងសង់សំណង់ជាប់នឹងប៉ុស្តិ៍រដ្ឋបាលកំពង់ក្តី ជាសាលាស្រុកចាស់ ម្ត៉េចបានជាគេអាចសាងសង់ការ៉ាស់សាំងបានទៅវិញ? ក្នុងនោះបើតាមប្រភពដីអតីតអធិការនគរបាលស្រុកជីក្រែង ត្រូវបានក្លាយជារបស់មន្ត្រីម្នាក់នៅខេត្តសៀមរាបផងដែរ។

ជុំវិញករណីនេះទីភ្នាក់ងារសារព័ត៌មានសៀមរាប ប៉ុស្តិ៍នៅពុំទាន់ទទួលបានការបំភ្លឺពីអាជ្ញាធរពាក់ព័ន្ធនៅឡើយទេរហូតដល់ម៉ោងផ្សាយនេះ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 5.3K
Older posts
Page1 Page2 … Page640 Next →
តាមដានព័ត៌មាន
  • Telegram
  • Facebook
ព័ត៌មានថ្មីៗ
ចុះផ្សាយថ្ងៃទី ២៦ មករា ២០២៦
កម្ពុជា-ឡាវ ឯកភាពជំរុញដឹកជញ្ជូនផលិតផលកសិកម្មពីកម្ពុជា ឆ្លងកាត់ប្រទេសឡាវ ឆ្ពោះទៅកាន់ប្រទេសទី៣ កម្ពុជា-ឡាវ ឯកភាពជំរុញដឹកជញ្ជូនផលិតផលកសិកម្មពីកម្ពុជា ឆ្លងកាត់ប្រទេសឡាវ ឆ្ពោះទៅកាន់ប្រទេសទី៣ ចុះផ្សាយថ្ងៃទី ២៦ មករា ២០២៦
ស្នងការខេត្តសៀមរាបប្រាប់មន្ត្រីក្រោមឱវាទរបស់ខ្លួនត្រូវផ្តល់សេវាសាធារណៈ ជូនពលរដ្ឋឱ្យបានឆាប់រហ័ស និងមានប្រសិទ្ធភាព ស្នងការខេត្តសៀមរាបប្រាប់មន្ត្រីក្រោមឱវាទរបស់ខ្លួនត្រូវផ្តល់សេវាសាធារណៈ ជូនពលរដ្ឋឱ្យបានឆាប់រហ័ស និងមានប្រសិទ្ធភាព ចុះផ្សាយថ្ងៃទី ២៦ មករា ២០២៦
ព័ត៌មានអ្នកទស្សនាច្រើន
ឆេះផ្ទះពលរដ្ឋអស់ ០២ខ្នង រួមនឹងទ្រព្យសម្បត្តិមួយចំនួនទៀត ឆេះផ្ទះពលរដ្ឋអស់ ០២ខ្នង រួមនឹងទ្រព្យសម្បត្តិមួយចំនួនទៀត ចុះផ្សាយថ្ងៃទី ២៤ មករា ២០២៦
ក្រសួងរ៉ែចេញអាជ្ញាប័ណ្ណឲ្យមានការកាយភ្នំនៅឃុំខ្វាវ ស្រុកជីក្រែង ខេត្តសៀមរាប ក្រសួងរ៉ែចេញអាជ្ញាប័ណ្ណឲ្យមានការកាយភ្នំនៅឃុំខ្វាវ ស្រុកជីក្រែង ខេត្តសៀមរាប ចុះផ្សាយថ្ងៃទី ២២ មករា ២០២៦
អភិបាលខេត្តតាកែវឆ្លើយប្រាប់អ្នកកាសែតនោះថា លោកប្អូនផឹកចុះខ្ញុំនៅឆ្ងាយណាស់!!! អភិបាលខេត្តតាកែវឆ្លើយប្រាប់អ្នកកាសែតនោះថា លោកប្អូនផឹកចុះខ្ញុំនៅឆ្ងាយណាស់!!! ចុះផ្សាយថ្ងៃទី ២៤ មករា ២០២៦
ទីស្នាក់ការនិពន្ធ 069382925 Telegram
×