ថ្លែងនៅមុខកងកម្លាំង អតីតយុទ្ធជន និវត្តជន ក្នុងស្រុកសំឡូត ខេត្តបាត់ដំបង នៅថ្ងៃសៅរ៍នេះ សម្ដេច ស ខេង បានគូសបញ្ជាក់អំពីការប្រជែងភូមិសាស្រ្តនយោបាយ និងវិបត្តិសង្គ្រាម ព្រមទាំងបញ្ជាក់អំពីស្ថានភាពផ្ទៃក្នុងប្រទេស ដែលក្រុមប្រឆាំងជ្រុលនិយមនៅតែបន្តប៉ុនប៉ងបំផ្លាញសន្តិភាព។
ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តព្រៃវែង និងបាត់ដំបង សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានថ្លែងបន្តថា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិត របស់សម្តេចតេជោ ហ៊ុន សែន រាជរដ្ឋាភិបាល បានដាក់ចេញនូវគោលនយោបាយ និងវិធានការនានាដោយមានការគាំទ្រ និងការចូលរួមពី មន្ត្រីរាជការ កងកម្លាំង មានសមត្ថកិច្ច អាជ្ញាធរគ្រប់លំដាប់ថ្នាក់ និងប្រជាពល ក្នុងនោះរួមទាំងក្នុងស្រុកសំឡូតផងដែរ ដែលធ្វើឱ្យប្រទេសជាតិ អាចជម្នះបាននូវបញ្ហាប្រឈមនានាជាសាកល រួមទាំងជំងឺកូវីដ-១៩ ព្រមទាំងទប់ស្កាត់ បាននូវរាល់ឧបាយកល ទុច្ចរិតរបស់ក្រុមប្រឆាំងជ្រុលនិយម រក្សាបានសុខសន្តិភាព និងការអភិវឌ្ឍសេដ្ឋកិច្ចផងដែរ។
សម្ដេចបានមានប្រសាសន៍ថា សមិទ្ធផលនានា ដែលកើតចេញពីមូលដ្ឋាន នៃការខិតខំប្រឹងប្រែង ថែរក្សាសុខសន្តិភាព ក្នុងនោះមានដូចជាការបន្តអនុវត្តលទ្ធិប្រជាធិបតេយ្យ សេរីពហុបក្ស ពិសេសការរៀបចំការបោះឆ្នោត ជាទៀងទាត់ ការដាក់ចេញគោលនយោបាយ ពង្រឹងសេដ្ឋកិច្ចជាតិ ធានាការផ្ដល់សេវាសាធារណៈ និងការបន្តអនុវត្តគម្រោងអភិវឌ្ឍន៍ផ្សេងៗទៀត ក្នុងនោះក៏មានការអភិវឌ្ឍធនធានមនុស្ស ផ្លូវគមនាគមន៍ ទឹកស្អាត និងប្រព័ន្ធធារាស្ត្រ និងការតបណ្ដាញអគ្គិសនី។ សម្ដេចក៏បានគូសបញ្ជាក់អំពីស្នាដៃនៃការដឹកនាំកិច្ចប្រជុំអាស៊ាន និងការរៀបចំធ្វើជាម្ចាស់ផ្ទះព្រឹត្តិការណ៍កីឡាស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេមនៅឆ្នាំ២០២៣ ផងដែរ។
សម្ដេច ក៏បានស្នើសុំអង្គពិធីបន្តរួមគ្នាថែរក្សាការពារសុខសន្តិភាព ជាអាទិភាព ដើរទន្ទឹមគ្នានឹងការខិតខំថែរក្សាសន្តិសុខ សណ្ដាប់សាធារណៈ និងការបន្តការងារជាប្រក្រតីតាមតួនាទី និងភារកិច្ច។
សម្ដេចក៏បានស្នើឱ្យបន្តរួមគ្នាជំរុញគាំទ្រការអនុវត្តគោលនយោបាយភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព ព្រមទាំងប្ដេជ្ញា ចិត្តរួមគ្នា ធ្វើឲ្យការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តនីតិកាលទី៧ នាខែកក្កដា ឆ្នាំ២០២៣មខាងមុខនេះ ឱ្យប្រព្រឹត្តទៅដោយរលូន ដើម្បីរួមគ្នារក្សា ស្ថេរភាពជាតិ និងការអភិវឌ្ឍតាមគន្លងប្រជាធិបតេយ្យ។
សម្តេចស ខេង ក៏បានថ្លែងអំណរគុណ កោតសសើរ និងវាយតម្លៃខ្ពស់ ចំពោះមន្ត្រីរាជការ កងកម្លាំងមានសមត្ថកិច្ច និងអាជ្ញាធរគ្រប់លំដាប់ថ្នាក់ក្នុងស្រុកសំឡូត ដែលជាអតីតទឹកដី សមរភូមិសង្គ្រាមចុងក្រោយមួយ សម្រាប់ការខិតខំបំពេញការងារតាមតួនាទីភារកិច្ចរៀងៗខ្លួន ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់សម្រេច បានសមិទ្ធផលនានាជាច្រើន និងបានថ្លែងបង្ហាញការដឹងគុណ និងអរគុណយ៉ាងជ្រាលជ្រៅ ចំពោះ អតីតយុទ្ធជន និងនិវត្តជនទាំងអស់ ក្នុងស្រុកដែលតស៊ូលះបង់ ធ្វើពលិកម្មយ៉ាងលំបាកចូលរួមនាំមកនូវ សន្តិភាព ស្ថិរភាព សន្តិសុខសណ្តាប់ធ្នាប់ សាធារណៈ និងវឌ្ឍនភាពសង្គម៕ដោយនាគខៀវ



សម្តេចតេជោ ហ៊ុន សែន នៅមុខកម្មករ និយោជិត ប្រមាណជិត២ម៉ឺននាក់ នៅរោងចក្រ ម៉ាវ៉ល ហ្កាមិន (Marvel Garment) ក្នុងតំបន់សេដ្ឋកិច្ចពិសេស រ៉ូយ៉ាល់ គ្រុប ភ្នំពេញ នាថ្ងៃសុក្រនេះ បានស្នើឱ្យគ្រប់ភាគីទាំងអស់ ត្រូវតែខិតខំដោះស្រាយ រាល់វិវាទជាមួយកម្មករ ឱ្យបានឆាប់រហ័សកុំអូសបន្លាយរយៈពេលយូររហូតដល់ដល់ដៃតុលាការ។