
ខេត្តព្រះវិហារ៖មានការលើកឡើងថា សកម្មភាពដឹកជញ្ជូនឈើ នៅស្រុកគូលែន ខេត្តព្រះវិហារចូលមកខេត្តសៀមរាប តាមស្រុកស្វាយលើ បានកើតមានយ៉ាងពេញបន្ទុក ខណៈសមត្ថកិច្ចជំនាញពិសេស រដ្ឋបាលព្រៃឈើ នៅតែមិនមានការបង្ក្រាប។
ប្រភពរាយការណ៍ពីស្រុកគូលែនបានដឹងថា ការដឹកជញ្ជូនឈើ នៅស្រុកគូលែន ចេញទៅខេត្តសៀមរាប បានកើតមាន ជារៀងរាល់ថ្ងៃ បើទោះបីនៅតាមដងផ្លូវមានស្នាក់ការ សមត្ថកិច្ច បណ្ដាក់គ្នាដូចខ្យងយ៉ាងណាក៏ដោយ ក៏ឈ្មួញនៅតែអាចដឹកជញ្ជូនឈើបានដោយរលូនដដែល។
ជាក់ស្តែង នៅរសៀល ថ្ងៃទី០៤ធ្នូ ២០២០ ម្សិលមិញ មានគោយន្តដឹកឈើចេញ ពីភូមិ ម្រេច ឃុំស្រយ៉ង់ ស្រុកគូលែន ចំនួន០២គ្រឿង បម្រុងទៅខេត្តសៀមរាប ប៉ុន្តែត្រូវបានរដ្ឋបាលព្រៃឈើស្រុកគូលែន ចាប់ឃាត់បាន ខណៈអ្នកសារព័ត៌មាន បានសុំអន្តរាគមន៍ សុំឲ្យជួយបង្ក្រាប។ ក៏ប៉ុន្តែខណៈរដ្ឋបាលព្រៃឈើ កំពុងតែនាំគោយន្តដឹកឈើ ទាំង២គ្រឿង ទៅស្នាក់ការស្រាប់តែ គោយន្តដឹកឈើ មួយគ្រឿង ត្រូវបានបើកទៅទម្លាក់ឈើ តាមផ្ទះពលរដ្ឋ ហើយរត់បាត់តែម្ដង។
ពាក់ព័ន្ធជុំវិញករណីនេះ ជំនាញរដ្ឋបាលព្រៃឈើមិនបានអនុញ្ញាត ឲ្យអ្នកសារព័ត៌មាន ថតយករូបភាព គោយន្តដឹកឈើ មួយគ្រឿងដែលបានរឹបអូស យកទៅទុកមនៅស្នាក់ការរដ្ឋបាលព្រៃឈើនោះទេ។
សូមជម្រាបថា បើទោះបី មានការរឹតបន្តឹង ពីអាជ្ញាធរខេត្តព្រះវិហារ ឲ្យទប់ស្កាត់ ការដឹកជញ្ជូនឈើ យ៉ាងណាក៏ដោយ ក៏គេនៅតែសង្កេតឃើញ សកម្មភាព ដឹកជញ្ជូនឈើចេញពីខេត្តព្រះវិហារ ចូលទៅ ខេត្តសៀមរាប កើតមានយ៉ាងអនាធិបតេយ្យដដែល៕SRP








