រយៈពេលប៉ុន្មានថ្ងៃកន្លងមកនេះ មានបណ្ដាញសារព័ត៌មាននិងបណ្ដាញសង្គមជាច្រើនបានធ្វើការផ្សព្វផ្សាយ ជុំវិញស្ថានីយ៍ថ្លឹងរថយន្តផ្លូវជាតិលេខ១ ថាបានឃុបឃិតគ្នាជាមួយម្ដាយក្រុមហ៊ុនដឹកទំនិញលើសទម្ងន់ ឬមិនលើសទម្ងន់ ឆ្លងកាត់ស្ថានីយ៍ថ្លឹងរថយន្ត ដើម្បីផលប្រយោជន៍។
យោងតាមប្រភពដែលបានចែករំលែកតាមបណ្ដាញសង្គម បានលើកឡើងថា ស្ថានីយ៍ថ្លឹងរថយន្តចំណុចឃុំរំចេក ស្រុកព្រះស្ដេច បានប្រមូលលុយពីរថយន្តដឹកទំនិញឆ្លងកាត់ ដោយករណីខ្លះរថយន្តមិនបានចូលថ្លឹងនោះទេ ហើយបើទោះបីជាថ្លឹងទៅ ឃើញថាមានករណីមិនលើសទម្ងន់ក៏អាចជាការឱ្យបង់លុយផងដែរ។
យោងតាមប្រភពបានឱ្យដឹងថា លោក ជា ម៉ូ អនុប្រធានមន្ទីរសាធារណការនិងដឹកជញ្ជូនខេត្តព្រៃវែង ជាអ្នកទទួលមើលការខុសត្រូវ ឬអាចនិយាយបានថា ជាប្រធានស្ថានីយ៍ថ្លឹងរថយន្ត នៅលើផ្លូវជាតិលេខ1 បានឃុបឃិតគ្នា ជាមួយមន្ត្រីស្ថានីយ៍បណ្ដែតបណ្ដោយឲ្យរថយន្តជាច្រើនគ្រឿងឆ្លងកាត់ផ្លូវជាតិខាងលើដោយមិនបាច់ចូលថ្លឹងរថយន្ត ដោយគ្រាន់តែបង់លុយក្បាលរថយន្តជាការស្រេច។
ប្រភពបានបន្តថា ក្រុមអ្នកបើករថយន្តភាគច្រើន បានព្យាយាមបើកគេចស្ថានីយ៍ថ្លឹងរថយន្តចំណុចឃុំរំចេក ស្រុកព្រះស្ដេច វៀងតាមផ្លូវផ្សេង ពីព្រោះតែមន្ត្រីនៅប្រចាំការនៅស្ថានីយមួយនេះទារលុយច្រើនៗពេកបើទោះបីជាមានការលើសទម្ងន់បន្តិចបន្តួចក៏ដោយ។
ជុំវិញករណីនេះ អង្គភាពសារព័ត៌មានសៀមរាប ប៉ុស្តិ៍ នៅមិនទាន់ទទួលបានការបំភ្លឺ ពីស្ថានីយ៍ថ្លឹងរថយន្ត នៅលើផ្លូវជាតិលេខ1 ខាងលើបាននៅឡើយទេ ដោយមិនមានលេខទំនាក់ទំនង៕


