ភ្នំពេញ៖លោក ហ៊ុយ វណ្ណៈ រដ្ឋលេខាធិការក្រសួងមហាផ្ទៃនិងជាប្រធានសហភាពសហព័ន្ធអ្នកសារព័ត៌មានកម្ពុជា បានបញ្ជាក់តាមរយៈទំព័រហ្វេសប៊ុក ផ្ទាល់ខ្លួននៅរសៀលថ្ងៃនេះថា
«សេរីភាពសារព័ត៌មាន+សីលធម៌ទទួលខុសត្រូវ»។
លោក ហ៊ុយ វណ្ណៈ បានលើកឡើងថា៖
មុននេះ បងប្អូនអ្នកកាសែតបានលើក៣ចំណុចសួរខ្ញុំ៖
១- ឯកឧត្តមរដ្ឋមន្ត្រីក្រសួងព័ត៌មាន៖ រំលឹកដល់អ្នកសារព័ត៌មាន កុំទៅថត ឡាយ យកព័ត៌មាន នៅក្នុងដែនសមត្ថកិច្ចរបស់អជ្ញាធរកំពុងបំពេញកិច្ចការ… បើមិនស្តាប់ការណែនាំទេ សមត្ថកិច្ចមានសិទ្ធិចាប់ឃាត់ខ្លួន។
២- ឯកឧត្តមស្នងការនគរបាលរាជធានីភ្នំពេញ ណែនាំដល់មន្ត្រីអនុវត្តច្បាប់ទាំងអស់ ធ្វើការងារឲ្យបានច្បាស់លាស់ ហាមអ្នកសារព័ត៌មានមួយចំនួនចូលថត ឬឡាយ សកម្មភាពទាំងឡាយណា ដែលសមត្ថកិច្ចកំពុងអនុវត្តការងារ ឬកំពុងតាមដានស្រាវជ្រាវកំណត់មុខសញ្ញាល្មើស ឬបង្ក្រាបបទល្មើស។ អ្នកបំពានការណែនាំនេះ សមត្ថកិច្ចនឹងចាត់ការតាមវិធានការច្បាប់ ក៏ដូចជាច្បាប់សារព័ត៌មាន។
៣- អង្គការសារព័ត៌មានខ្លះ បានសម្តែងមតិថា «វិធានការខាងលើ» ជាការរិតត្បិតសេរីភាពសារព័ត៌មាន។ ហើយកាសែតសួរខ្ញុំថា តើយល់យ៉ាងដូចម្តេច? ចម្លើយជាយោបល់ខ្ញុំគឺមានដូចតទៅ៖
• នេះគឺជាកិច្ចការ២ក្នុងគោលដៅតែមួយ គឺការពង្រឹងការអនុវត្តច្បាប់ ដើម្បីសុខសុវត្តិភាព និងសេចក្តីថ្លៃថ្នូរទាំងអស់គ្នា។ សូម្បីតែជនសង្ស័យ ក៏មានសិទ្ធិពេញលេញក្នុងការការពារ «ភាពគ្មានទោសរបស់ខ្លួន» ដែរ។ ដូច្នេះ ពួកគេ មិនគួរត្រូវបានកាត់ទោសដោយមហាជន តាមរយៈ សារព័ត៌មានដែល ឡាយ ចេញនោះទេ។ ដូច្នេះ ទាំងអស់គ្នាត្រូវគោរពសិទ្ធិនេះ។
• ត្រូវរៀននិយាយគ្នា រៀនស្តាប់គ្នា និងគោរពតួនាទីផ្សេងគ្នា។ ការស្នើសុំសហការ គឺជាវិធីល្អ និងថ្លៃថ្នូរបំផុត។ អ្នកសារព័ត៌មាន មានវិជ្ជាជីវៈ គេធ្វើបែបនេះ។ បើអ្នកចេះស្តាប់សមត្ថកិច្ច នោះសមត្ថកិច្ច ក៏អាចស្តាប់អ្នកបានដែរ។ ហើយនឹងគ្មានករណី ឡាយ ទាំងកំរោល ឬចាប់ដោយកំរោលនោះទេ។
• ខ្ញុំបានលើកបន្ថែមចំណុចមួយ សូម្បីតែនៅ សហរដ្ឋអាមេរិក ថ្មីៗនេះ គឺជាមេរៀនជាក់ស្តែងអំពី «ប្រជាធិបតេយ្យ + នីតិរដ្ឋ»។ អាមេរិកនិយាយថា៖ ប្រជាធិបតេយ្យ សេរី។ ប៉ុន្តែលើការជាក់ស្តែង អាមេរិក «អនុវត្តច្បាប់»។ សូម្បីតែ បណ្តាញព័ត៌មានផ្ទាល់ខ្លួនរបស់ ប្រធានាធិបតី ដែលមាន Facebook & Twitter ក៏ត្រូវបានបិទចោលដែរ ព្រោះគេបារម្ភថា ភាពអណាធិបតេយ្យ និង ហិង្សា អាចញុះញុងចេញពីបណ្តាញព័ត៌មាននេះ។
សូមជម្រាបថាកាលពីថ្មីៗនេះ លោកខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានរំលឹកដល់អ្នកសារព័ត៌មានទាំងអស់ កុំទៅថត យកព័ត៌មាន នៅក្នុងដែនសមត្ថកិច្ចរបស់អាជ្ញាធរ ដែលហាមឃាត់ កំពុងបំពេញកិច្ចការងារ ព្រោះខុសវិជ្ជាជីវ:សារព័ត៌មាន បើនៅមិនស្តាប់ការហាមឃាត់នោះទេ សមត្ថកិច្ចមានសិទ្ធិ ចាប់ឃាត់ខ្លួន អ្នកសារព័ត៌មាន ពេលនោះតែម្តង។
ដូច្នេះអ្នកសារព័ត៌មាន ត្រូវយល់បានច្បាស់ពីកិច្ចការងារនេះ ដោយកុំគិតថាខ្លួនជាអ្នកសារព័ត៌មាន មានសិទ្ធិ ថតបានគ្រប់ទីកន្លែងនោះទេ ត្រូវយល់ពីការងាររបស់សមត្ថកិច្ច។
រដ្ឋមន្ត្រីក្រសួងព័ត៌មាន មានប្រសាសន៍ បែបនេះក្នុងកិច្ចប្រជុំប្រចាំសប្ដាហ៍ ជាមួយថ្នាក់ដឹកនាំអគ្គនាយកដ្ឋានទាំង៥ នៅព្រឹកថ្ងៃទី១៨ ខែមករា ឆ្នាំ ២០២១នេះ៕SRP
ភ្នំពេញ៖ឧបនាយករដ្ឋមន្ត្រីនិងជារដ្ឋមន្ត្រីក្រសួងការពារជាតិ សម្តេចពិជ័យសេនា ទៀ បាញ់ បានមានប្រសាសន៍ថា “ករណី លោកឧត្តមសេនីយ៍ទោ សូយ ចាន់សឿន គឺក្រុមប្រឹក្សាវិន័យ នឹងសិក្សាស្រាវជ្រាវ រឿងនេះ។ ប៉ុន្តែសម្តេចមិនទាន់ទទួលបាន របាយការណ៍នៅឡើយទេ ហើយសម្តេច បានឃើញសារព័ត៌មាន ចុះផ្សាយរឿងនេះ ហេតុនេះ ត្រូវតែពិនិត្យមើល ស៊ើបអង្កេតមើលសិន មិនទាន់សន្និដ្ឋានថា រឿងនេះវាយ៉ាងណាទេ។ បន្តិចទៀត ធ្វើការស៊ើបអង្កេតហើយ កិច្ចការទាំងអស់នេះ គឺក្រុមប្រឹក្សាវិន័យ ត្រូវតែបង្កើតឡើង សិក្សាស្រាវជ្រាវ មើលអំពីមូលហេតុ និងការខុសឆ្គងរបៀបណា”។ រឿង លោកឧត្តមសេនីយ៍ទោ សូយ ចាន់សឿន នាយរងទីចាត់ការអភិវឌ្ឍន៍ អគ្គបញ្ជាការ នៃក្រសួងការពារជាតិ ដែលរងការចោទប្រកាន់ ពីស្ត្រីជាពាណិជ្ជករម្នាក់ថា បានប្រើអំពើហិង្សា គំរាមបាញ់សម្លាប់ និងបង្ខាំងនោះ ឥឡូវនេះ ក្រុមប្រឹក្សាវិន័យ នឹងសិក្សាស្រាវជ្រាវរឿងនេះហើយ ខណៈដែលមានអ្នកសម្របសម្រួល ជាមួយភាគីស្ត្រីរងគ្រោះ។


