ខេត្តបន្ទាយមានជ័យ៖មេបញ្ជាការរងកងការពារព្រំដែន លេខ៥០៣ លោកវរសេនីយទោ អ៊ុន ចាន់ កំពុងរងការរិះគន់ យ៉ាងខ្លាំងថា បានឃុបឃិតគ្នាបើកដៃឲ្យក្រុមឈ្មួញ នាំយកទំនិញ គ្រប់ប្រភេទ ពីប្រទេសថៃ មកដាក់ស្តុកក្នុងឃ្លាំង នៅតាមជាប់ព្រំដែនអូរបីជាន់ និងមួយចំនួនទៀត ដែលជាឃ្លាំងឯកជន សម្រាប់ទុកចែកចាយ តាមបណ្ដាខេត្តនិងរាជធានី ដោយមិនខ្វល់ទៅនឹងការរិះគន់ឡើយ ដែលករណីនេះកំពង់ផ្គើន បទបញ្ជារបស់ថ្នាក់ដឹកនាំ និងសេចក្តីណែនាំពីក្រសួងមហាផ្ទៃ។
នេះបើតាមសារព័ត៌មានក្នុងស្រុកបានចេញផ្សាយរយៈពេលប៉ុន្មានថ្ងៃមុននេះ។ ទោះជាយ៉ាងណា ជុំវិញការចុះផ្សាយរបស់សារព័ត៌មានក្នុងស្រុកយ៉ាងដូច្នេះ គេនៅពុំទាន់ឃើញ លោកវរសេនីយទោ អ៊ុន ចាន់ មេបញ្ជាការរងកងការពារព្រំដែនលេខ៥០៣ ចេញសេចក្ដីបំភ្លឺនៅឡើយទេ។
យោងតាមប្រភពព័ត៌មាន បានឱ្យដឹងថា បច្ចុប្បន្ន ច្រករបៀង អូរបីជាន់ ក្នុងភូមិអូរបីជាន់ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ដែលគ្រប់គ្រងដោយ លោក អ៊ុន ចាន់ មេបញ្ជាការរងកងការពារព្រំដែនលេខ៥០៣ យោធភូមិភាគទី៥ នៅតែបន្ត ដំណើរការយ៉ាងរលូន ឲ្យក្រុមឈ្មួញ យកទំនិញមកស្តុកក្នុងឃ្លាំង ដើម្បីចែកចាយ ដល់ឈ្មួញតូចធំ លក់បន្ត ធ្វើឲ្យបាត់បង់ថវិកាជាតិ តាមរយៈមិនបង់ពន្ធចូលរដ្ឋ.យ៉ាងច្រើនក្នុងមួយខែៗ។
ប្រភពបានបន្តថា ច្រករបៀង ត្រូវបានគេដាក់ការសង្ស័យថា ជាច្រក មានការនាំចូលរបស់គេចពន្ធដូចជាម៉ូតូគេចពន្ធ សាច់មាន់ខូចគុណភាព គ្រឿងក្នុងជ្រូក និងទំនិញរាប់រយគ្រប់មុខទៀត។
ប្រភពពេញបានបញ្ជាក់ថា រាល់មុខទំនិញទាំងនោះគ្មានការត្រួតពិនិត្យ ពីមន្រ្តីជំនាញនោះទេ ដែលអាចប្រឈមទៅនឹងគ្រោះថ្នាក់បញ្ហាសុខភាព ដល់ ប្រជាពលរដ្ឋ ជាអ្នកទិញទៅបរិភោគ ដោយហេតុថាការនាំចេញទំនិញ មកនេះ ឈ្មួញអាចបង់លុយ ឲ្យ សមត្ថកិច្ចជំនាញ ដែលនៅប្រចាំច្រកខាងលើ ដោយរួចហើយមិនមាន វិក្កយបត្រ នោះទេ ដោយអាចគ្រាន់តែបង់លុយ តាមការព្រមព្រៀងគ្នារួចការស្រេចហើយនាំចូលទំនិញបានយ៉ាងរលូន ដោយការមិនបង់ពន្ធចូលរដ្ឋ ឬគ្មានវិក្កយបត្របែបនេះ អាចជាការឃុបឃិតគ្នាប្រព្រឹត្តអំពើពុករលួយ។
ជុំវិញការលើកឡើងយ៉ាងដូច្នេះ អង្គភាពសារព័ត៌មានសៀមរាប ប៉ុស្ដិ៍ នៅមិនទាន់ទទួលបានការបំភ្លឺ ពីលោក អ៊ុន ចាន់ មេបញ្ជាការរងកងការពារព្រំដែនលេខ៥០៣ នៅឡើយទេ ដោយពុំមានលេខទំនាក់ទំនង។
សូមរំលឹកថា ឯកឧត្ត ស សុខា ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានចេញសេចក្ដីប្រកាស ឲ្យបិទច្រករបៀងខុសច្បាប់ ទាំងអស់ ក្នុងដែនសមត្ថកិច្ចរបស់ខ្លួន។ ក្នុងករណីចាំបាច់ ត្រូវធ្វើការសិក្សា ស្រាវជ្រាវ និងវាយតម្លៃលើសក្តានុពលសេដ្ឋកិច្ច និងសង្គមរបស់ច្រកដែល មានស្រាប់ រួចលើកសំណើមកក្រសួងមហាផ្ទៃ ដើម្បីមានមូលដ្ឋានសិក្សា និងលើកយោបល់ ជូនថ្នាក់ដឹកនាំ ពិនិត្យសម្រេច ក្នុងការបង្កើតជាច្រកទ្វារព្រំដែនផ្លូវការ។ ប៉ុន្តែនៅច្រករបៀងខាងលើនៅតែដំណើរការ មានទំនិញគេចពន្ធ ដោយគេសង្ស័យថា មានការត្រូវគ្នាជាមួយអាជ្ញាធរ មន្ត្រីជំនាញ ក្នុងមូលដ្ឋាន ទើបបើកឲ្យទំនិញនាំចូលមិនបានបង់ពន្ធដល់សព្វថ្ងៃនេះ៕ដោយនាគខៀវ