ខេត្តសៀមរាប៖ឯកឧត្តម ប្រាក់ សោភ័ណ អភិបាលខេត្តសៀមរាប បានអះអាងថានឹងបន្តដោះស្រាយ នូវរាល់បញ្ហាប្រឈម និងឆ្លើយតបទៅនឹងតម្រូវការ សំណើ សំណូមពរនានារបស់ អតីតយុទ្ធជន និងគ្រួសារពលី ឲ្យបានឆាប់រហ័ស និងទាន់ពេលវេលា ដើម្បីលើកកម្ពស់ ជីវភាពរស់នៅ ឲ្យកាន់តែប្រសើរឡើង និងត្រៀមចូលរួមសហការ និងគាំទ្រជានិច្ចនូវរាល់សកម្មភាព ដែលផ្ដល់ និងការពារផលប្រយោជន៍ របស់ អតីតយុទ្ធជន ក៏ដូចជាបន្តជួយជំរុញចលនា សមាគមអតីតយុទ្ធជនកម្ពុជាខេត្ត ឲ្យកាន់តែមានដំណើរការល្អ ប្រកបដោយប្រសិទ្ធភាពខ្ពស់។
ឯកឧត្តម បានថ្លែងថា យកចិត្តទុកដាក់លើកកម្ពស់ស្មារតីគោរពដឹងគុណ ចំពោះគុណបំណាច់ដ៏ធំធេង របស់អតីតយុទ្ធជនគ្រប់រូប បន្តរៀនសូត្រ និងចងចាំទុកជាប្រវត្តិសាស្ត្រ នូវគំរូវីរភាពដ៏អង់អាច ក្លាហាន មោះមុត របស់អតីតយុទ្ធជន ដែលបានពលីក្នុងបុព្វហេតុ នៃសុខសន្តិភាព របស់ប្រទេសជាតិ បន្តគិតគូរយកចិត្តទុកដាក់ខ្ពស់ ចំពោះជីវភាពរស់នៅរបស់ អតីតយុទ្ធជន និងគ្រួសារពលី ដោយបន្តបង្កើនវប្បធម៌ ចែករំលែក ជំរុញ និងកៀរគរ ការចូលរួមក្នុងសកម្មភាព សាងសង់ទីជម្រកជូនដល់អតីតយុទ្ធជន និងគ្រួសារពលី ដែលមានជីវភាពខ្វះខាតនៅតាមមូលដ្ឋាន។
ឯកឧត្ដម បានបញ្ជាក់បន្ថែមថា ចំពោះឯកឧត្ដមផ្ទាល់ ការមានឱកាសចូលរួមជាចំណែកមួយ ក្នុងគ្រប់យន្តការគាំទ្រ ដល់សកម្មភាពទាំងឡាយ ដែលនាំទៅដល់ផលប្រយោជន៍ដ៏ពិតប្រាកដសម្រាប់អ៊ុ ពូ មាមីង អតីតយុទ្ធជន គឺជាកិច្ចការចម្បង និងជាកាតព្វកិច្ចតបស្នង មិនអាចខ្វះបាន ពីសំណាក់យើងខ្ញុំទាំងអស់គ្នាជាយុវជនជំនាន់ក្រោយ សម្រាប់វីរៈអតីតយុទ្ធជន យុទ្ធនារី ដែលអស់លោកទាំងអស់ បានធ្វើពលិកម្ម គ្រប់សព្វបែបយ៉ាង បូជាសាច់ស្រស់ ឈាមស្រស់ ដើម្បីចូលរួមក្នុងបុព្វហេតុ រំដោះប្រទេសជាតិ និងប្រជាជនឲ្យមានសុខសន្តិភាព និងការអភិវឌ្ឍ ហើយចំណែក នៃការចូលរួមនេះ គឺពិតជាមានតម្លៃ ប្រកបដោយមោទនភាពបំផុត ក្នុងនាមជាយុវជនជំនាន់ក្រោយមួយរូប ដែលបានទទួលផលពីការតស៊ូ និងការលះបង់របស់អតីតយុទ្ធជន និងយុទ្ធជនពលីជំនាន់មុន។
អភិបាលខេត្ត ក៏បានសម្ដែងនូវការគោរពដ៏ខ្ពង់ខ្ពស់ និងដឹងគុណយ៉ាងជ្រាលជ្រៅ គោរពជូនចំពោះ សម្ដេចតេជោ ហ៊ុន សែន ប្រធានសមាគមអតីតយុទ្ធជនកម្ពុជា ដែលបានផ្តល់នូវសេចក្តីទុកចិត្តតែងតាំង និងទទួលស្គាល់ឯកឧត្ដម ជាប្រធានកិត្តិយសគណៈកម្មាធិការសមាគមអតីតយុទ្ធជនកម្ពុជាខេត្តសៀមរាប ដើម្បីបន្តចូលរួមចំណែក ក្នុងកិច្ចការគាំទ្របម្រើ ធានា ការពារ និងផ្ដល់នូវផលប្រយោជន៍ជូនអតីតយុទ្ធជនឲ្យបានកាន់ល្អប្រសើរថែមទៀត។
ឯកឧត្តម ប្រាក់ សោភ័ណ អភិបាលខេត្តសៀមរាប ប្រសាសន៍យ៉ាងដូច្នេះ នៅថ្ងៃចន្ទ នេះ ក្នុងឱកាសឯកឧត្តម ត្រូវបានប្រកាសជាប្រធានកិត្តិយសគណៈកម្មាធិការសមាគមអតីតយុទ្ធជនកម្ពុជាខេត្ត ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ឯកឧត្ដម គន់ គីម ទេសរដ្ឋមន្ត្រី អនុប្រធាន និងជាអគ្គលេខាធិការសមាគមអតីតយុទ្ធជនកម្ពុជា៕SRP


