ខេត្តបាត់ដំបង៖មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តបាត់ដំបង បានធ្វើការបដិសេធ ដោយអះអាងថា មិនបានព្រព្រឹត្តអំពើពុករលួយ និងព្រមានចាត់ការលើសារព័ត៌មានអនឡាញមួយអង្គភាព បើមិនកែតម្រូវនោះទេ។
យោងតាមសេចក្តីស្រាយបំភ្លឺព័ត៌មានរបស់មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តបាត់ដំបង នៅថ្ងៃអង្គារ ទី០៧ ខែវិច្ឆិកា ឆ្នាំ២០២៣បានបង្ហាញថា នៅថ្ងៃទី០៧ ខែវិច្ឆិកា ឆ្នាំ២០២៣ សារព័ត៌មាន គេហទំព័រ ស៊ីអេច ខេ ញូវ (CHK News) បានចុះផ្សាយនៅលើបណ្តាញទំនាក់ទំនងសង្គម (Facebook) ដែលមានចំណងជើងថា “បែករឿងប្រធានមន្ទីរសាធារណការខេត្តបាត់ដំបង លោក ព្រួញ រិទ្ធ ថា គ្រប់ទឹកកើបលុយរដ្ឋចំណេញ ពីការស្ថាបនា ឬជួសជុល ស៊ីមិនសូវចែក កូនចៅ?”
ដោយក្នុងខ្លឹមសារទាំងមូលបានបង្ហាញពីអំពើពុករលួយរបស់លោកប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តបាត់ដំបង កំពុងទទួលបានផលចំណេញប្រាក់ច្រើនពីលើគម្រោងស្ថាបនា ឬជួសជុលដែលក្រសួងសាមីបានប្រគល់មកឱ្យមន្ទីររបស់លោក ជាអ្នកទទួលការដូចជាស្ថាបនា ឬជួសជុលផ្លូវ ថ្នល់ ស្ពាន និងលូបង្ហូទឹកទាំងនោះ។
មន្ទីរសូមធ្វើការ បដិសេធទាំងស្រុង ចំពោះការចុះផ្សាយរបស់សារព័ត៌មាន គេហទំព័រ ស៊ី អេច ខេ ញូវ (CHK News) ខាងលើនេះ។
ពាក់ព័ន្ធនឹងករណីខាងលើ មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តបាត់ដំបង សូមធ្វើការ ស្រាយបំភ្លឺដូចខាងក្រោ៖
– រាល់ការអនុវត្តគម្រោងជួសជុល ថែទាំហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ទាំងអស់របស់មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តបាត់ដំបង គឺត្រូវបានអនុវត្តតាមនីតិវិធីកិច្ចលទ្ធកម្មយ៉ាងត្រឹមត្រូវជាមួយ គណៈកម្មការអន្តរក្រសួង ដោយមានការចូលរួមរវាងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និង ក្រសួងសាធារណការ និងដឹកជញ្ជូន។
មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តបាត់ដំបង សូមស្វាគមន៍ជានិច្ច ចំពោះការស្រាយ បំភ្លឺជូនដល់គេហទំព័រសារព័ត៌មានខាងលើ រឿងរាល់ម៉ោងបំពេញការងារនៅមន្ទីរផ្ទាល់ និងសូមសំណូមពរ ដល់អង្គភាពគេហទំព័រនេះធ្វើការកែតម្រូវខ្លឹមសារព័ត៌មានដែលបានចុះផ្សាយដូចបានរៀបរាប់ខាងលើ មិនដូច្នេះ មន្ទីរយើងខ្ញុំនឹងអនុវត្តតាមនីតិវិធីច្បាប់។
អាស្រ័យហេតុនេះ សូម ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា លោកឧកញ៉ា បងប្អូនប្រជាពលរដ្ឋ សាធារណជន និងបណ្តាញសារព័ត៌មានទាំងអស់ មេត្តាជ្រាបជាព័ត៌មាន។
បើតាមខ្លឹមសាររបស់ គេហទំព័រ «ស៊ី អេច ខេ ញូវ «CHK News» បានផ្សាយថា បែករឿងប្រធានមន្ទីរសាធារណការខេត្តបាត់ដំបង លោក ព្រួញ រិទ្ធថា គ្រប់ទឹកកើបលុយរដ្ឋចំណេញពីការស្ថាបនា ឬ ជុស ជុល ស៊ីមិនសូវចក កូនចៅ ?
តាមប្រភពព័ត៌មានពីខេត្តដំបងបានប្រាប់បង្ហើបឱ្យដឹងថា ប្រធានមន្ទីរសាធារណការខេត្ត លោក ព្រួញ រិទ្ធថា ទទួល បានផលចំណេញប្រាក់ ដ៏ច្រើនពីរលើគម្រោងស្ថាបនា ឬជួសជុលដែលក្រសួងសាម៉ី បានប្រគល់មកអោយមន្ទីររបស់លោក ជាអ្នកទទួលការដូចជាស្តាប់នាឬជួសជុលផ្លូវថ្នល់ស្ពាននិងលូបង្ហូទឹកទាំងនោះ។ ហើយទឹកប្រាក់ចំណាយ លើគម្រោង ទាំងនោះលោកប្រធានមន្ទីរ មិនបានធ្វើបញ្ជីរចំណាយច្បាស់លាស់ និងបង្ហាញមន្ត្រីថ្នាក់ក្រោមដឹងឡើយ។ ហេតុនេះ ទើបបាននាំអោយលោកប្រធានមន្ទីរ ព្រួញ រិទ្ធថា ចំណេញកើបលុយរដ្ឋក្នុងមួយឆ្នាំៗខ្ទង់ ប៊ីលាន (ពាន់លានរៀល) ស្មើនិងរាបលានដុល្លារយកទៅធ្វើមានបានផ្ទាល់ខ្លួន៕ដោយនាគខៀវ

