ខេត្តត្បូងឃ្មុំ៖ក្នុងពិធីជួបសំណេះសំណាល ជាមួយថ្នាក់ដឹកនាំ មន្ត្រីនៃមន្ទីរព័ត៌មាន និងអ្នកអ្នកសារព័ត៌មាន ប្រចាំខេត្តត្បូងឃ្មុំ នៅថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២២នេះ លោក ជាម ច័ន្ទសោភ័ណ អភិបាលខេត្តត្បូងឃ្មុំ បានស្នេីដល់អ្នកសារព័ត៌មាន ទាំងវិស័យរដ្ឋ និងឯកជន ឲ្យបន្តផ្សព្វផ្សាយពាក្យ «អរគុណសន្តិភាព» នេះឲ្យបានទូលំទូលាយ ជ្រាបដល់ក្រអៅបេះដូងប្រជាពលរដ្ឋ គ្រប់រូប ជាពិសេសផ្សព្វផ្សាយ នូវកិច្ចខិតខំប្រឹងប្រែង ក្នុងការអភិវឌ្ឍ រីកចម្រើនគ្រប់វិស័យ គ្រប់ទិសទី គ្រប់តំបន់ គ្រប់មូលដ្ឋាន បង្ហាញនូវគោលនយោបាយ ដ៏ល្អយ៉ាងមានប្រសិទ្ធភាពរបស់រាជរដ្ឋាភិបាល ជូនពលរដ្ឋ ដើម្បីឲ្យពួកគាត់ មានការសម្រេចឲ្យបានត្រឹមត្រូវ បោះឆ្នោតជូនអ្នកដែលនៅកៀក គិតគូរសុខទុក្ខគ្រប់ពេល គ្រប់កាលៈទេសៈ នោះគឺគាំទ្រសម្តេចតេជោ ហ៊ុន សែន បោះឆ្នោតគាំទ្រគណបក្សប្រជាជនកម្ពុជា ចៀសវាង នូវក្រុមអគតិ មួយចំនួន ធ្វើប្រជាភិថុត បោកប្រាស់ បន្លំ កុហក ក្លែងព័ត៌មាន បង្កាច់បង្ខូច រាជរដ្ឋាភិបាល ស្របច្បាប់។
លោក ជាម ច័ន្ទសោភ័ណ បានលើកឡើងថា កម្ពុជាអស់រយៈកាលប្រមាណ៦០០ឆ្នាំកន្លងមក មិនមានសុខសន្តិភាពពេញលេញនៅទូទាំងប្រទេសនោះឡើយ ប៉ុន្តែរហូតមកដល់ពេលនេះ ក្រោមការដឹកនាំរបស់សម្តេចហ៊ុន សែន ចាប់តាំងពីឆ្នាំ១៩៩៨មក រយៈកាល២៤ឆ្នាំ កម្ពុជា គឺមានសុខសន្តិភាពពេញលេញ ទូទាំងប្រទេស មានការឯកភាពជាតិខ្មែរ តែមួយ មានព្រះមហាក្សត្រ តែ១ រាជរដ្ឋាភិបាល តែ១ មានរដ្ឋធម្មនុញ្ញ ជាច្បាប់គោលសម្រាប់ជាតិ មានការកសាងហេដ្ឋារចនាសម្ព័ន្ធ ការអភិវឌ្ឍលើគ្រប់វិស័យ និងកំពុងបន្តល្បឿន ដើម្បីសម្រេច នូវគោលដៅក្លាយជាប្រទេស អ្នកមាន នាឆ្នាំ២០៥០ខាងមុខផងដែរ។
លោកអភិបាលខេត្ត បានគូសបញ្ជាក់ថា យើងត្រូវចង់ចាំ ពាក្យគុណសន្តិភាព នៅក្នុងដួងចិត្តគ្រប់ៗគ្នា មានសន្តិភាពទើបមានការអភិវឌ្ឍ រីកចម្រើន មានស្ថិរភាពក្នុងប្រទេស ពលរដ្ឋរស់នៅដោយសុខសាន្ដត្រាណ ក្នុងនោះវិស័យ សារព័ត៌មាន ក៏មានភាពពេញលេញ អ្នកសារព័ត៌ មានមានសិទ្ធសេរីភាពពេញលេញ និងលទ្ធភាពគ្រប់គ្រាន់ ក្នុងការចុះយកព័ត៌មានដើម្បីផ្សព្វផ្សាយបានយ៉ាងទូលំទូលាយជូនទស្សនិកជន។
ថ្នាក់ដឹកនាំមន្ទីរ ព្រមទាំងមន្ត្រីមន្ទីរព័ត៌មានខេត្ត និងក្រុមអ្នកសារព័ត៌មាន ប្រចាំខេត្តត្បូងឃ្មុំ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ លោក ជាម ច័ន្ទសោភ័ណ អភិបាលខេត្ត ដែលតែងតែជួបសំណេះ សំណាល លើកទឹកចិត្ត ផ្តល់តម្លៃដល់អ្នកសារព័ត៌មាន ជាពិសេសយកចិត្តទុកដាក់និងផ្ដល់អនុសាសន៍ល្អៗ ព្រមទាំងចំណាយថវិកាផ្ទាល់ខ្លួន និងសម្ភារៈមួយចំនួនបម្រើឱ្យវិស័យព័ត៌មានផងដែរ៕SRP


