ខេត្តសៀមរាប៖សមត្ថកិច្ចស្រុកស្វាយលើ បានឱ្យដឹងថា នៅថ្ងៃទី ២៥ ខែកក្កដា ឆ្នាំ២០២២ វេលាម៉ោង ១២ នឹង ៣០នាទី មានភ្ញៀវទេសចរណ៍ជនជាតិ ម៉ុងហ្គោលលី (MONGOLIA) ដែលកាន់លិខិតឆ្លងដែនលេខ E 2778114 ឈ្មោះ GANZORIG MYAGMARDORJ ភេទ ប្រុស កើតថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ១៩៩៦ បានលង់ទឹកស្លាប់នៅចំណុចទឹកធ្លាក់ជាន់ទីបី ស្ថិតក្នុងភូមិព្រះអង្គធំ ឃុំខ្នងភ្នំ ស្រុកស្វាយលើ ខេត្ដសៀមរាប។
សមត្ថកិច្ចបានបន្តថា នៅថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២២ ជនរងគ្រោះ បានមកលេងទឹកធ្លាក់ព្រះអង្គធំ ជាមួយមិត្តភក្តិម្នាក់ទៀត ដែលកាន់លិខិតឆ្លងដែន E 3056972
ឈ្មោះ OYUNTSENGEL MOHTOJIYGIC កើតថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ១៩៧៨ ជាមួយនឹងអ្នកបើក Pass App ឈ្មោះ រឿន រ៉ា ភេទប្រុស អាយុ ៣៤ឆ្នាំ រស់នៅភូមិវត្តដំណាក់ សង្កាត់សាលាកំរើក ខេត្តសៀមរាប។ លុះពេលមកដល់ចំណុចទឹកធ្លាក់ ពួកគេទាំងបីនាក់ បានលេងទឹកជាមួយគ្នា បន្ទាប់ពីលេងបាន១៥នាទី ជនរងគ្រោះ ក៏បានជួយមិត្តភិក្ដស្រី មកទុកនៅមាត់ច្រាំងម្ខាង ហើយខ្លួនក៏បានបបួលអ្នកបើក Pass App ហែលឆ្លងទៅច្រាំងម្ខាងទៀត ពេលហែលទៅដល់ចំណុចផ្ទាំងថ្ម ដែលមានទឹកជ្រៅជនរងគ្រោះ មានសភាពអស់កម្លាំង ហើយក៏តោងផ្ទាំងថ្មដែរ តែដោយសារផ្ទាំងថ្ម មានសភាពស្លែកាន់រអិល ធ្វើឲ្យ ជនរងគ្រោះ តោងមិនជាប់ក៏លេចទៅក្នុងទឹក។ ចំណែកអ្នកបើក Pass App បានខំព្យាយាមស្រវ៉ាជួយចាប់ដៃជនរងគ្រោះ ដែរ តែចាប់មិនទាន់ ដោយសារខ្លួនស្ថិតនៅក្នុងសភាពអស់កម្លាំងដែរ ហើយក៏បានស្រែកឲ្យភ្ញៀវទេសចរណ៍ ដ៏ទៃទៀត ជួយរាវរកជនរងគ្រោះ តែរកពុំឃើញ លុះដល់វេលាម៉ោង ១៣ នឹង១៥នាទី ទើបរាវរកជនរងគ្រោះ ឃើញហើយក៏លើកស្រង់មកដាក់លើគោក បន្ទាប់មកកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលខ្នងភ្នំ បានរាយការណ៍ ទៅកម្លាំងជំនាញអធិការដ្ឋាននគរបាល ស្រុកស្វាយលើ ដើម្បីចុះពិនិត្យសពនិងររៀបចំតាមនិតិវិធី៕SRP

