ខេត្តសៀមរាប៖លោកជំទាវហ៊ុន ស៊ីណាត មិនបានពាក់ព័ន្ធជាមួយឈ្មោះ ហាយ ណាំហេង និង បក្សពួកនោះទេ។
បើយោងតាមលិខិតបដិសេធចុះថ្ងៃទី ០៥ ខែកញ្ញាឆ្នាំ ២០២២ នេះ របស់ លោកស្រី មេធាវី ហង្ស ផារ៉ាឌី ជាមេធាវី ការពារសិទ្ធិជូនលោកជំទាវហ៊ុន ស៊ីណាត។អានលិខិតខាងក្រោម៖
ខេត្តសៀមរាប៖លោកជំទាវហ៊ុន ស៊ីណាត មិនបានពាក់ព័ន្ធជាមួយឈ្មោះ ហាយ ណាំហេង និង បក្សពួកនោះទេ។
បើយោងតាមលិខិតបដិសេធចុះថ្ងៃទី ០៥ ខែកញ្ញាឆ្នាំ ២០២២ នេះ របស់ លោកស្រី មេធាវី ហង្ស ផារ៉ាឌី ជាមេធាវី ការពារសិទ្ធិជូនលោកជំទាវហ៊ុន ស៊ីណាត។អានលិខិតខាងក្រោម៖
ខេត្តកណ្ដាល៖លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក តំណាងដ៏ខ្ពង់ខ្ពស់របស់ សម្តេចតេជោ នាយករដ្ឋមន្ត្រី និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត នៅ ថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០២២ បានអញ្ជើញជាអធិបតី ក្នុងពិធីខួបអនុស្សារីយ៍ ១៣ ឆ្នាំ ថ្ងៃប្រកាសបង្កើតបញ្ជាការដ្ឋានអង្គរក្ស។
លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត បានរួមអបអរសាទរចំពោះការប្រារព្ធខួបអនុស្សាវរីយ៍ដ៏មានអត្ថន័យ ដើម្បីជាការរំឭកដល់ដំណើរឆ្លងកាត់ជាច្រើនដំណាក់កាល និងការសម្រេចបាននូវស្នាដៃ និងសមិទ្ធផលក្នុងការបំពេញភារកិច្ចការពារសន្តិសុខ-សុវត្ថិភាពជូន សម្តេចតេជោ នាយករដ្ឋមន្ត្រី និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ព្រមទាំងក្រុមគ្រួសារ ក៏ដូចជាភារកិច្ចជាច្រើនផ្សេងទៀត ជាគុណប្រយោជន៍សម្រាប់ជាតិ និងប្រជាជនកម្ពុជាទាំងមូល។
លោកបានថ្លែងថា ក្នុងរយៈពេលជាង ៤០ ឆ្នាំ ក្រោយការដួលរលំនៃរបបខ្មែរក្រហម ប្រទេសកម្ពុជាបានឆ្លងកាត់នូវឧបសគ្គ និងការលំបាកស្មុគស្មាញជាទីបំផុត នៅក្នុងដំណើរការកសាង និងអភិវឌ្ឍប្រទេស ជាពិសេសការខិតខំពុះពារធ្វើយ៉ាងណាធានាឱ្យបានដាច់ខាតនូវបរិយាកាសនយោបាយមួយប្រកបដោយសន្តិភាព ស្ថិរភាព សន្តិសុខ និងរបៀបរៀបរយ ដើម្បីជាមូលដ្ឋាននៃការអភិវឌ្ឍសេដ្ឋកិច្ច។ សមិទ្ធិផលជាតិសំខាន់ៗ ដែលសម្រេចបានកន្លងមកនេះ ពិតជាមិនអាចកាត់ផ្តាច់បានឡើយពីការចូលរួមប្រកបដោយពលិកម្មដ៏ធំធេងរបស់កងយោធពលខេមរភូមិន្ទ និយាយជារួម និងនិយាយដោយឡែករបស់បញ្ជាការដ្ឋានអង្គរក្សក្នុងកិច្ចការការពារសន្តិសុខ និងសុវត្ថិភាពជូនប្រមុខរាជរដ្ឋាភិបាល ដើម្បីធានានូវលំនឹងស្ថិរភាព និងនិរន្តរភាពនៃការដឹកនាំប្រទេសជាតិ។
នៅក្នុងពិធី លោក បានថ្លែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះថ្នាក់ដឹកនាំ និងយោធិននៃបញ្ជាការដ្ឋានអង្គរក្ស ដែលក្រៅពីភារកិច្ចស្នូលក្នុងការការពារសន្តិសុខ-សុវត្ថិភាពជូនប្រមុខរាជរដ្ឋាភិបាល និងថ្នាក់ដឹកនាំជាតិ-អន្តរជាតិ ដោយលើសពីនេះក៏បានខិតខំបំពេញភារកិច្ចការពារឯករាជ្យ អធិបតេយ្យ និងបូរណភាពទឹកដី ក៏ដូចជាការគាំទ្រយ៉ាងពេញទំហឹងចំពោះគោលនយោបាយនានារបស់រាជរដ្ឋាភិបាល និងគោរពយ៉ាងម៉ឺងម៉ាត់នូវរដ្ឋធម្មនុញ្ញ ច្បាប់ និងបទបញ្ជាទាំងឡាយ ជាមួយនឹងការខិតខំហ្វឹកហ្វឺនរៀនសូត្រ រហូតក្លាយជាកងទ័ពដែលមានវិន័យ កិត្តិយស សេចក្តីថ្លៃថ្នូរ ស័ក្តិសមជាកូនចៅពិតប្រាកដរបស់ប្រជាជន និងហ៊ានពលីជីវិតដើម្បីជាតិមាតុភូមិ។ ជាក់ស្តែង អង្គភាពតែងបានចូលរួមក្នុងការដោះស្រាយយថាហេតុផ្សេងៗនៅទូទាំងប្រទេស រួមមាន ជាអាទិ៍៖ ការបូមទឹកដាក់ស្រែជួយប្រជាពលរដ្ឋ, ការដឹកជញ្ជូនចែកចាយស្បៀងអំឡុងពេលកូវីដ-១៩, ការដឹកជញ្ជូនប្រជាពលករចំណាកស្រុកមកពីក្រៅប្រទេស, ការចុះទៅប្រមូលទិញផ្លែមៀន និងតាង៉ែននៅប៉ៃលិន, ជាពិសេសថ្មីៗនេះ ក៏បានចូលរួមផងដែរក្នុងការដាំដើមឈើនៅឧទ្យាន “ភ្នំតាម៉ៅ”។
លោកលោនឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត ក៏បានសម្តែងនូវការអបអរសាទរចំពោះការអភិវឌ្ឍរីកចម្រើនគួរជាទីមោទនៈរបស់បញ្ជាការដ្ឋានអង្គរក្ស ដោយក្នុងរយៈពេល ៣០ ឆ្នាំកន្លងមកនេះ និង ១៣ ឆ្នាំគិតចាប់ពីការដំឡើងជាបញ្ជាការដ្ឋានអង្គរក្ស អង្គភាពបានឆ្លងកាត់នូវឧបសគ្គ និងការលំបាកជាច្រើន ហើយរហូតមកដល់ពេលនេះអង្គភាពមានការបោះជំហានទៅមុខរឹងមាំលើគ្រប់វិស័យ ទាំងរចនាសម្ព័ន្ធដឹកនាំបញ្ជា, ចំនួនទ័ព, សមត្ថភាពជំនាញ, មធ្យោបាយគ្រឿងបំពាក់ និងការកសាងជំរំជម្រក ក៏ដូចជាហេដ្ឋានរចនាសម្ព័ន្ធនានាបម្រើឱ្យការបំពេញភារកិច្ច និងការលើកកម្ពស់សមត្ថភាព ជីវភាព សុខុមាលភាព របស់យោធិន និងគ្រួសារយោធិន ជាដើម។ ទាំងអស់នេះ ក៏បានបង្ហាញឱ្យឃើញផងដែរអំពីសាមគ្គីឯកភាពភាពផ្ទៃក្នុងល្អរបស់មេបញ្ជាការ មេបញ្ជាការរង ថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ នាយទាហាន នាយទាហានរង និងពលទាហានរបស់បញ្ជាការដ្ឋានអង្គរក្ស ធានាបាននូវនិរន្តរភាពរបស់អង្គភាពក្នុងការសម្រេចភារកិច្ចបម្រើជាតិ មាតុភូមិ និងប្រជាជន។
អនុលោមតាមរដ្ឋធម្មនុញ្ញ និងនយោបាយការពារជាតិរបស់ព្រះរាជាណាចក្រកម្ពុជា គឺកងយោធពលខេមរភូមិន្ទ មានកាតព្វកិច្ច៖ (i) ត្រូវរក្សាភាពស្មោះត្រង់ និងភាពដាច់ខាតនៅក្នុងកិច្ចការពារជាតិ សាសនា ព្រះមហាក្សត្រ, ការពាររដ្ឋធម្មនុញ្ញ និងរាជរដ្ឋាភិបាលស្របច្បាប់ និង (ii) ត្រូវបន្តប្រុងប្រៀបត្រៀមលក្ខណៈធានាអនុវត្តយ៉ាងម៉ឺងម៉ាត់នូវបទបញ្ជារបស់រាជរដ្ឋាភិបាល ក្រសួងការពារជាតិ និងអគ្គបញ្ជាការដ្ឋាន។ ទាំងនេះ គឺជាកិច្ចការស្នូលអាទិភាព ដែលកងយោធពលខេមរភូមិន្ទ ត្រូវអនុវត្តប្រកបដោយភាពម៉ឺងម៉ាត់ និងការទទួលខុសត្រូវពេញទំហឹង ដើម្បីធានាបានទាំងស្រុងនូវសន្តិភាព ស្ថិរភាព និងសន្តិសុខស្ថិតស្ថេរយូរអង្វែង បម្រើឱ្យការកសាងឱកាសសម្រាប់អភិឌ្ឍជាតិ។ នេះជាការលើកឡើងដោយបញ្ជាក់អំពីតួនាទីភារកិច្ចរបស់កងយោធពលខេមរភូមិន្ទ ពីសំណាក់ លោក ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត៕SRP
ភ្នំពេញ៖លោកព្រាប សុវត្ថិ ដែលគេស្គាល់ថា ជាអ្នកចម្រៀង ដ៏ល្បីឈ្មោះប្រចាំនៅកម្ពុជា និងក៏មានក្របខ័ណ្ឌជានាយទាហានជាន់ខ្ពស់ នៃកងយោធពលខេមរភូមិន្ទ ក្រសួងការពារជាតិ អត្តលេខ ០៤៨៦៩៤ ឋានន្តរស័ក្តិ ថ្នាក់វរសេនីយ៍ឯក ( ស័ក្តិ៥ ) ត្រូវបានរាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្តេចតេជោ ហ៊ុន សែន ជាប្រមុខ សម្រេចកាត់ផ្ទៃដី ចំនួន៤ទីតាំង ស្ថិតនៅសង្កាត់ពញាពន់ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ មានទំហំសរុប ២៩ ៨១៤ម៉ែត្រក្រឡា ចេញពីផ្ទៃបឹងតាមោក « បឹងកប់ស្រូវ » ធ្វើអនុបយោគ ពីទ្រព្យសម្បត្តិសាធារណៈរបស់រដ្ឋ ទៅជាទ្រព្យសម្បត្តិឯកជនរបស់រដ្ឋ និងប្រទានកម្ម ជូនជាកម្មសិទ្ធិ ដោយអនុក្រឹត្យលេខ ៧៥អនក្រ.បក ចុះថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២២។
បើគិតតាមកាលបរិច្ឆេទជាក់ស្តែង គឺ លោកព្រាប សុវត្ថិ ទទួលបានចំណែកដីផ្ទៃបឹងតាមោក «បឹងកប់ស្រូវ» ជិត៣ហិកតា ធ្វើជាកម្មសិទ្ធិ នោះ គឺនៅមុនពេលរូបលោក ទទួលបានការផ្តល់គោរមងារជា ឧកញ៉ា។ ទោះជាយ៉ាងណាគេនៅមិនទាន់បានដឹងអំពីមូលហេតុពិតប្រាកដ ដែលនាំឲ្យ លោក ព្រាប សុវត្ថិ ទទួលបានចំណែកផ្ទៃដីបឹងតាមោក « បឹងកប់ស្រូវ» ទំហំជិត៣ហិកតា ជាកម្មសិទ្ធិ ពីរាជរដ្ឋាភិបាលកម្ពុជា នៅឡើយទេ។
លោក ព្រាប សុវត្ថិ ទទួលបានការផ្តល់គោរមងារជា ឧកញ៉ា ដោយព្រះរាជក្រឹត្យលេខ នស/រកត/០៩២២/៤៤៣ ចុះថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២២៕SRP
ខេត្តសៀមរាប៖អ្នកបើកម៉ូតូម្នាក់ត្រូវបានរថយន្តបុកចំពេញទំហឹងបណ្ដាលឱ្យស្លាប់ភ្លាមៗ។ ហេតុការណ៍បានកើតឡើង នៅម៉ោង១៩ ត្រូវនិងថ្ងៃទី ៣ ខែកញ្ញា ឆ្នាំ២០២២ នៅលេីផ្លូវជាតិលេខ៦ ស្ថិតក្នុងភូមិបឹងខ្នារ ឃុំខ្នាត ស្រុកពួកខេត្តសៀមរាប។
ប្រភពពីសមត្ថកិច្ចបានដឹងថា ករណីគ្រោះថ្នាក់ចរាចណ៍នេះបានបង្កឡេីងដោយរថយន្ត មិនស្គាល់ម៉ាក ពាក់ស្លាកលេខ 2K-6459 បុកនិងម៉ូតូម៉ាក ហុងដាឌ្រីម ពណ៌ខ្មៅ ពាក់ស្លាកលេខ បាត់ដំបង 1H-4272 ដែលបើកបរដោយឈ្មោះ ជុំ អែម ភេទប្រុស អាយុ ៣៧ឆ្នាំ រស់នៅភូមិពួកចាស់ ឃុំពួក ខេត្តសៀមរាប ស្លាប់តែម្ដង។ ហើយអ្នកបើករថយន្តគេចបើកខ្លួនបាត់។
ប្រភពបានឱ្យដឹងទៀតថា ករណីនេះមូលហេតុ អ្នកបើករថយន្ត បត់ឆ្វេងខ្វះការប្រុងប្រយ័ត្ន ទើបបណ្តាលឲ្យកើតមានគ្រោះថ្នាក់កើតឡើង។ វត្ថុតាងសមត្ថកិច្ច រក្សាទុកនៅប៉ុស្តិ៍នគរបាលរដ្ឋបាល ឃុំខ្នាត ដើម្បីអនុវត្តន៍បន្តតាមនីតិវិធី៕SRP
ខេត្ដព្រះវិហារ៖បុរសឈ្មោះ TU SUERONG ភេទប្រុស អាយុ៣៦ឆ្នាំ ជនជាតិចិន ត្រូវបានលោក វុធ សាវី ព្រះរាជអាជ្ញារង និងជាអ្នកនាំពាក្យនៃអយ្យការអមសាលាដំបូងខេត្តព្រះវិហារ សម្រេចធ្វើការចោទប្រកាន់ រួចបានបញ្ជូន ទៅ លោកស្រី សម្ផស្ស មុទិតា ជាចៅក្រមស៊ើបសួរនបានសម្រេចចេញដីកាបង្គាប់ឱ្យឃុំខ្លួនបណ្តោះអាសន្ន នៅពន្ធនាគារខេត្តព្រះវិហារ ករណីដឹកជញ្ជូន ជួញដូរគ្រឿងញៀនឆ្លងដែនខុសច្បាប់ គ្រឿងញៀនជាង១០០គីទ្បូក្រាម។
ជនសង្ស័យនិងគ្រឿងញៀន ត្រូវកម្លាំងទទួលផែន ប្រឆាំងគ្រឿងញៀន នៃស្នងការដ្ឋាននគរបាលខេត្តព្រះវិហារ ដឹកនាំដោយ លោក វុធ សាវី ព្រះរាជអាជ្ញារង និងជាអ្នកនាំពាក្យនៃអយ្យការអមសាលាដំបូងខេត្តព្រះវិហារ ចុះបង្ក្រាប នៅថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២២ ស្ថិតនៅចំណុចភូមិកំពង់ព្រះឥន្ធូ ឃុំកំពង់ស្រឡៅ២ ស្រុកឆែក ខេត្តព្រះវិហារ។
សូមជម្រាបថាក្នុងបប្រតិបត្តិការនេះ សមត្ថកិច្ចជំនាញ បានដកហូត វត្ថុតាងចាប់យកបាន រួមមាន៖
-កេតាមីន(KETAMINE) ១០០ដុំ ស្មើទម្ងន់ ១០០ គ.ក្រ និង៨០កក្រាម. រថយន្ត ០១គ្រឿង. ទូរស័ព្ទ ០១គ្រឿង៕SRP
ខេត្តសៀមរាប៖នៅទីបំផុតចៅក្រមស៊ើបសួរបៃសាលាដំបូងខេត្តសៀមរាប បានសម្រេចឃុំខ្លួនស្ត្រីសកម្មជនរបស់គណបក្ស LDP ចំនួន ៦នាក់ ដាក់ពន្ធនាគារ ពីបទប្រឆាំងអ្នករាជការសាធារណៈ។
ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងខេត្តសៀមរាប លោក ថេង សំណាង បានប្រាប់អ្នកសារព័ត៌មាន នៅថ្ងៃទី២ ខែកញ្ញា ម្សិលមិញថា ស្ត្រីទាំង ៦នាក់ របស់គណបក្ស LDP ដែលសមត្ថកិច្ចឃាត់ខ្លួនបាននៅមុខចំការ របស់លោក ខឹម វាសនា នោះត្រូវបានសម្រេច ឱ្យឃុំខ្លួនបណ្តោះអាសន្ន ដាក់នៅពន្ធនាគារ ខេត្តសៀមរាបហើយ។
លោក ថេង សំណាង បានបញ្ជាក់ថា ការឃាត់ខ្លួនមនុស្សចំនួន ៦នាក់ ដែលជាសកម្មជន អ្នកគាំទ្រគណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ ដែលបានបើករថយន្តគេចពីបារ៉ាស់ទី១ រួចទៅបុកបារ៉ាសទី២ របស់សមត្ថកិច្ច និងប្រឆាំងសមត្ថកិច្ចកំពុងប្រតិបត្តិការ ហើយករណីខាងលើយើងចោទពីបទ “ប្រឆាំងអ្នករាជការសាធារណៈ តាមមាត្រា ៥០៣ និង ៥០៥ នៃក្រមព្រហ្មទណ្ឌ។
លោកបន្តថា ការឃាត់ខ្លួននេះ ធ្វើឡើងនៅល្ងាចថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២២ ស្ថិតនៅចំណុចប៉ុស្តិ៍ហាម ឃាត់មុខ ដីចម្ការម្រេចរបស់លោកខឹម វាសនា ក្នុងឃុំត្បែង ស្រុកបន្ទាយស្រី ខេត្តសៀមរាប។
បើតាមលោកឡុង សំណាង អធិការស្រុកបន្ទាយស្រី បានប្រាប់ឱ្យដឹងនៅថ្ងៃទី០២ ខែកញ្ញា ថា៖ ពិតជាមានការឃាត់មនុស្សចំនួន ៦នាក់ ពិតប្រាកដមែន នៅចំណុចប៉ុស្តិ៍ហាមឃាត់ មុខដីចម្ការ លោក ខឹម វាសនា ក្នុងឃុំត្បែង ស្រុកបន្ទាយស្រី កាលពីល្ងាចថ្ងៃទី០១ ខែកញ្ញា ក្រោមការដឹកនាំបញ្ជាផ្ទាល់ពីព្រះរាជអាជ្ញានៃអយ្យការ អមសាលាដំបូងខេត្តសៀមរាប។
មនុស្សទាំង ៦ នាក់ ដែលឃាត់ខ្លួនក្នុងនោះមាន៖ ទី១ /ឈ្មោះ ឈិត ស្រីឡាង,។ ទី២ /ឈ្មោះ ថុង ដារ៉ាស៊ី ។ ទី៣/ឈ្មោះ អ៊ី សូជីង។ ទី៤ ឈ្មោះ ជុំ ខុម,។ ទី៥/ ឈ្មោះ ភួង សម្ភស្សបូផា និង ទី៦/ ឈ្មោះ កូវ ឡោ ។ អ្នកទាំង៦នាក់ ត្រូវបានបញ្ជូនមកកាន់ការិ យាល័យ នគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ នៃស្នងការនគរបាលខេត្តសៀមរាប កាល ពីល្ងាចថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២២។
លោក អធិការស្រុកបន្ទាយស្រី បានបញ្ជាក់ទៀតថា ការឃាត់ខ្លួន គឺមនុស្សស្រីទាំង ៦នាក់ បានជិះរថយន្តរួមគ្នាដឹកបន្លែចូលតំបន់ហាមឃាត់ ហើយជននោះបានជិះរថយន្តទៅបុកបារ៉ាស់របស់សមត្ថកិច្ច បាក់អស់ ២កន្លែងថែមទៀតផង។ ក្រោយមកបានប្រើហិង្សាមកលើសមត្ថកិច្ច ថែមទាំងធ្វើការរេរាំងក្នុងប្រតិបត្តិការរបស់សមត្ថកិច្ច ថែមទាំងជេរទៀតផង ទើបសមត្ថកិច្ចអនុវត្តវិធានការច្បាប់៕SRP
ខេត្តសៀមរាប៖អាជ្ញាធរឃុំកំពង់ឃ្លាំង បានចេញលិខិតបំភ្លឺមួយ ជុំវិញការចុះផ្សាយរបស់សារព័ត៌មានសៀមរាបប៉ុស្ដិ៍ ស្ដីពីភាពមិនប្រក្រតី នៃដំណើរការដេញថ្លៃគម្រោងមូលនិធិឃុំឆ្នាំ ២០២២។
នេះបើយោងតាមលិខិតបំភ្លឺរបស់ឃុំកំពង់ឃ្លាំង ចុះថ្ងៃទី ២ ខែសីហាឆ្នាំ ២០២២ ដែលចុះហត្ថលេខា ដោយមេឃុំ ប៉ា ប៉ូរ ដែលអង្គភាពទីភ្នាក់ងារសារព័ត៌មានសៀមរាបប៉ុស្តិ៍ទទួលបាននៅថ្ងៃសុក្រនេះ។
សូមបញ្ជាក់ថាឃុំកំពង់ឃ្លាំង មានការរីកចម្រើន ជាពិសេសហេដ្ឋារចនាសម្ព័ន្ធ បានកសាងឡើងជាបន្តបន្ទាប់ ក្នុងនោះដូចជាការស្ថាបនាផ្លូវបេតុង ជាដើម៕SRP
ភ្នំពេញ៖ក្រសួងមហាផ្ទៃ បានស្នើឲ្យអភិបាអភិបាលខេត្តកណ្តាល ចុះស្រាវជ្រាវ ពិនិត្យ និងដោះស្រាយបញ្ហាទំនាស់ដីធ្លី រវាងប្រជាពលរដ្ឋជាមួយលោក ម៉ឹង យូឡេង ប្រធានធានមន្ទីរសាធារណការ និងដឹកជញ្ជូន ខេត្តកណ្តាល ដោយផ្អែកលើគោលការណ៍ច្បាប់ និងលិខិតបទដ្ឋានគតិយុត្ត ដែលមានចែងជាធរមាន។
ការស្នើឲ្យចុះស្រាវជ្រាវ ពិនិត្យ និងដោះស្រាយបញ្ហាទំនាស់ដីធ្លីនេះ គឺបានធ្វើឡើង បន្ទាប់ពីមានចំណារដ៏ខ្ពង់ខ្ពស់របស់សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ។
ប្រជាពលរដ្ឋ បានប្តឹងលោក ម៉ឹង យូឡេង ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូន ខេត្តកណ្តាល ដោយបានចោទប្រកាន់ថា បានរំលាភយកដីលំនៅដ្ឋានរបស់ខ្លួន ដែលបានរស់នៅគ្រប់គ្រងលើដីនេះជិត ៤០ឆ្នាំមកហើយ។
ប្រជាពលរដ្ឋម្ចាស់ដី បានដាក់ពាក្យស្នើសុំអន្តរាគមន៍ពីសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ដោយសុំអន្តរាគមន៍ទៅរដ្ឋបាលខេត្តកណ្តាល ពន្លឿនដោះស្រាយទំនាស់ដីធ្លី ជាមួយលោក ម៉ឹង យូឡេង ដែលបានរំលោភបំពាណយកដីរបស់គាត់ ដែលបានកាន់កាប់តាំងពីឆ្នាំ១៩៨៤ រហូតមកដល់បច្ចុប្បន្ន អស់រយៈពេល ៣៨ឆ្នាំ ដែលមានទំហំដីទទឹង ២០ ម៉ែត្រ និងបណ្តោយ ២០ ម៉ែត្រ ស្ថិតក្នុងភូមិព្រែកហូរកើត សង្កាត់ព្រែកហូរ ក្រុងតាខ្មៅ ខេត្តកណ្តាល។
បន្ទាប់ពីទទួលបានពាក្យស្នើសុំអន្តរាគមន៍ សម្តេចឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានចំណារឲ្យស្រាវជ្រាវ ពិនិត្យ និងដោះស្រាយបញ្ហាទំនាស់ដីធ្លី រវាងប្រជាពលរដ្ឋជាមួយលោក ម៉ឹង យូឡេង។
ពាក់ព័ន្ធករណីទំនាស់ដីធ្លីនេះ លោក សក់ សេដ្ឋា រដ្ឋលេខាធិការក្រសួងមហាផ្ទៃ កាលពីថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២២ បានធ្វើលិខិតជម្រាបទៅលោក គង់ សុភ័ណ្ឌ អភិបាលខេត្តកណ្តាល ឲ្យចាត់ចែងឲ្យមានការចុះសិក្សាស្រាវជ្រាវ ពិនិត្យ និងដោះស្រាយបញ្ហាខាងលើដោយផ្អែកលើគោលការណ៍ច្បាប់ និង លិខិតបទដ្ឋានគតិយុត្ត ដែលមានចែងជាធរមាន រួចធ្វើការឆ្លើយតបទៅសាម៉ីសំណើវិញ។
គួរបញ្ជាក់ថា ប្រជាពលរដ្ឋ ឈ្មោះ សាំង សារ៉ុម បានដាក់ពាក្យបណ្តឹង ប្តឹងលោក ម៉ឹង យូឡេង រំលោភដីរបស់ខ្លួន ដែលមានទំហំ ២០ម៉ែត្រ គុណនឹង ២០ម៉ែត្រ ស្ថិតនៅភូមិព្រែកហូរកើត សង្កាត់ព្រែកហូរ ក្រុងតាខ្មៅ ខេត្តកណ្តាល ជិត ៤០ឆ្នាំមកហើយ តាំងពីជំនាន់លោក ម៉ៅ ភារុណ ជាអភិបាលខេត្ត រហូតមកដល់លោក គង់ សុភ័ណ្ឌ នៅតែគ្មានដំណោះស្រាយ ទើបបានជាគាត់ បានដាក់ពាក្យសុំកិច្ចអន្តរាគមន៍ ទៅសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ដើម្បីឲ្យរដ្ឋបាលខេត្តកណ្តាល ពន្លឿនការដោះស្រាយ។
ចំណែក មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកណ្តាល កាលពីថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២២ បានចេញលិខិតបំភ្លឺលេខ ០៥០៧ សក.កណ ដែលមានខ្លឹមសារ បញ្ជាក់ថាៈ ទីតាំងដីដែលលោក សាំង សារ៉ុម បានអាស្រ័យផលរស់នៅនេះ គឺជាទីតាំងដែលបម្រុងទុកអភិវឌ្ឍន៍ធ្វើស្ថានីយ៍បូមទឹក៕SRP
ភ្នំពេញ៖លោកលី វណ្ណៈ នាយករងរដ្ឋបាលខេត្តសៀមរាប ត្រូវបានសម្ដេចស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ សម្រេចតែងតាំង ជានាយករដ្ឋបាលសាលាខេត្តសៀមរាប។
នេះបើយោងតាមសេចក្ដីសម្រេចរបស់សម្ដេច ស ខេង ធ្វើឡើងនៅថ្ងៃទី ៣១ ខែសីហាឆ្នាំ ២០២២។
សូមបញ្ជាក់ថាអតីតនាយករដ្ឋបាលសាលាខេត្តសៀមរាប លោក សុខ ថុល ត្រូវបានសម្ដេចតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីតែងតាំងជាអភិបាលរងខេត្តសៀមរាប នៅថ្ងៃទី ៣០ ខែសីហាឆ្នាំ ២០២២៕SRP
ខេត្តសៀមរាប៖កូនប្រុសអតីតអភិបាលខេត្តសៀមរាប លោកឃឹម ប៊ុនសុង គឺ លោកឃឹម ហ្វីណង់អភិបាលស្រុកបន្ទាយស្រី ត្រូវបានប្រមុខរដ្ឋាភិបាលកម្ពុជា តែងតាំងជាអភិបាលរងខេត្តសៀមរាប។
ក្រៅពីលោក ឃឹម ហ្វីណង់ អភិបាលស្រុកបន្ទាយស្រី ត្រូវបានរដ្ឋាភិបាល តែងតាំងជាអភិបាលរងខេត្តសៀមរាប ក្នុងនោះក៏មានការតែងតាំងមនុស្សចំនួន ៣នាក់ទៀត ជាអភិបាលរងខេត្តសៀមរាបផងដែរ។
ទី ១ លោកសុខ ថុល នាយករដ្ឋបាលសាលាខេត្តសៀមរាបត្រូវបានតែងតាំងជាអភិបាលរងខេត្តសៀមរាប។
ទី ២ លោកស្រី ម៉ននី រង្សី អភិបាលស្រុកក្រឡាញ់ ត្រូវបានតែងតាំងជាអភិបាលរងខេត្តសៀមរាប។
ទី ៣ លោក យុន លីនណេ ជាអភិបាលរងខេត្តសៀមរាប។
សេចក្ដីសម្រេចរបស់សម្ដេចតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីធ្វើឡើងនៅថ្ងៃទី ៣០ ខែសីហាឆ្នាំ ២០២២៕SRP
ខេត្តកំពង់ចាម៖ក្នុងឱកាសអញ្ជើញចុះពិនិត្យស្ថានភាពស្រូវប្រជាកសិករនៅថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២២នេះ លោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានបញ្ជាឲ្យមន្ត្រីពាក់ព័ន្ធ និងអាជ្ញាធរមូលដ្ឋាន ប្រេីប្រាស់គ្រឿងចក្រ កាយសម្រួលផ្លូវទឹក ដេីម្បីសង្គ្រោះស្រូវប្រជាពលរដ្ឋ ដែលកំពុងរងការលិចលង់ដោយជំនន់ទឹកភ្លៀង ប្រមាណជាង៣០ហិកតា នៅភូមិពង្រ ឃុំស្តេីងជ័យ ស្រុកជើងព្រៃ។
ចុះពិនិត្យស្ថានភាពស្រូវប្រជាកសិករ លោក អ៊ុន ចាន់ដា ក៏បានជំរុញដល់មន្ត្រីពាក់ព័ន្ធ ឲ្យសហការគ្នាធ្វើយ៉ាងណា ត្រូវជួយសង្គ្រោះដំណាំស្រូវប្រជាពលរដ្ឋ ឲ្យបានទាន់ពេលវេលា ចៀសវាងការត្រាំក្នុងទឹកយូរអង្វែង ដែលអាចរងការខូចខាតធ្ងន់ធ្ងរ ពោលគឺត្រូវសហការជាមួយម្ចាស់អាហារដ្ឋាន មហាលាភ ដេីម្បីកាយពង្រីកមុខលូ ផ្នែកខាងក្រោម ឲ្យបានធំទូលាយ និងជ្រៅជាងមុន កុំមានការលិចលង់នៅឆ្នាំក្រោយបន្តទៀត គឺត្រូវធ្វើការរំដោះជំនាន់ទឹកភ្លៀងនេះឲ្យបានជោគជ័យផងដែរ។
បើតាម លោក ប្រាក់ សារុំ មេឃុំស្ដើងជ័យ បានឲ្យដឹងថា ដំណាំស្រូវរបស់ប្រជាពលរដ្ឋ ប្រមាណជា ៣១ហិកតា ដែលកំពុងទទួលរងការលិចលង់ដោយជំនន់ទឹកភ្លៀង មានរយៈពេលជាង១០ថ្ងៃមកហេីយ ចំពោះកិច្ចអន្តរាគមន៍ ពីសំណាក់ឯកឧត្ដមអភិបាលខេត្តនាពេលនេះ គឺអាចជួយសង្គ្រោះបានប្រមាណជា ៧០%។ ជំនួសមុខឲ្យបងប្អូនប្រជាពលរដ្ឋ ក្នុងភូមិពង្រ ទាំងជាង ១០០គ្រួសារ លោក មេឃុំស្តើងជ័យ ក៏បានថ្លែងអំណរគុណ ចំពោះ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម និងក្រុមការងារទាំងអស់ ដែលបានអញ្ជើញចុះអន្តរាគមន៍ ដោយផ្ទាល់ ដើម្បីជួយសង្គ្រោះដំណាំស្រូវ របស់ប្រជាកសិករយើង៕SRP
ខេត្តកំពង់ចាម៖ក្នុងកិច្ចប្រជុំគណៈកម្មាធិការសកម្មភាពមីន ខេត្តកំពង់ចាម នៅរសៀលថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២២ លោក ទេសរដ្ឋមន្ត្រី លី ធុជ បានបញ្ជាក់ថា ខេត្តចំនួន ៦ បានទទួលការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពីសម្ចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី រួមមាន៖ ខេត្តត្បូងឃ្មុំ ខេត្តកំពង់ចាម ខេត្តតាកែវ ខេត្តកំពង់ឆ្នាំង ខេត្តកំពត និងខេត្តស្វាយរៀង នឹងត្រូវធ្វើការបោសសម្អាត និងប្រកាសជាខេត្តអស់មីន ក្រោមគម្រោងសម្តេចតេជោ សម្រាប់សកម្មភាពមីន “ផ្តល់ដីសុវត្ថិភាព បង្កើតស្នាមញញឹម” ដំណាក់កាលទី១ ក្នុងទំហំផ្ទៃដីសរុបជាង ៤២លានម៉ែត្រក្រឡា ស្មើនឹង ៥២០ចម្ការមីន ដោយប្រើប្រាស់ថវិកាប្រមាណជាង ៥,៧លានដុល្លារអាមេរិក ដោយរួមបញ្ចូលទាំងឃុំចំនួន ៧ ស្ថិតក្នុងស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ផងដែរ។
ទេសរដ្ឋមន្ដ្រី លី ធុជ អនុប្រធានទី១ អាជ្ញាធរមីន បានអះអាងថា ក្រោមគម្រោងសម្តេចតេជោ សម្រាប់សកម្មភាពមីន “ផ្តល់ដីសុវត្ថិភាព បង្កើតស្នាមញញឹម” ដំណាក់កាលទី១ ខេត្តកំពង់ចាម នឹងក្លាយជាខេត្តអស់មីន នាចុងឆ្នាំ២០២២។
លោកទេសរដ្ឋមន្រ្តី បានបញ្ជាក់ថា ខេត្តកំពង់ចាម នឹងក្លាយជាខេត្តអស់មីន នាចុងឆ្នាំ២០២២ ដែលប្រតិបត្តិការ បោសសម្អាត ដោយមជ្ឈមណ្ឌល សកម្មភាពកំចាត់មីន កម្ពុជា (ស៊ីម៉ាក់) ក្នុងទំហំផ្ទៃដីមានមីនជាង ៩៧ម៉ឺនម៉ែត្រក្រឡា ស្មើនឹង ១១ចម្ការមីន ស្ថិតក្នុងស្រុកចំនួន ៤រួមមាន៖ ស្រុកបាធាយ ស្រុកចម្ការលើ ស្រុកកងមាស និងស្រុកស្ទឹងត្រង់។ ទោះបីជាវត្តមានគ្រាប់មីន ដែលយើងបានដឹង នៅខេត្តកំពង់ចាម ត្រូវបានបញ្ចប់នាចុងឆ្នាំនេះ ក៏ដោយ ប៉ុន្តែ ខេត្តកំពង់ចាម នៅបន្តរងផលប៉ះពាល់ ដោយសារគ្រាប់បែកចង្កោម និងសំណល់ជាតិផ្ទុះ ពីសម័យសង្រ្គាមប្រមាណជាង ៦៨គីឡូម៉ែត្រក្រឡា ដែលតម្រូវឲ្យយើងទាំងអស់គ្នា ត្រូវបន្តសហការគ្នា និងយកចិត្តទុកដាក់ ដើម្បីដោះស្រាយបញ្ហា នៅសេសសល់ទាំងនេះ និងដោយមានការប្រុងប្រយ័ត្នខ្ពស់ ផងដែរ។
ក្នុងកិច្ចប្រជុំមលោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានសំណូមពរដល់ អាជ្ញាធរមីន និងប្រតិបត្តិក សូមបង្កើននូវផែនការបោសសំអាត ទាំងចម្ការមីន និងចម្ការគ្រាប់ ឲ្យមានវិសាលភាព កាន់តែធំជាងមុន ដើម្បីធានាបាននូវសុវត្ថភាព និងភាពសុខសាន្ត ក្នុងការបង្កបង្កើនផល ការកកើត ពង្រីកគ្រួសារថ្មី របស់ប្រជាពលរដ្ឋ និងការស្ថាបនា នូវបណ្តាហេដ្ឋរចនាសម្ព័ន្ធសង្គម ផងដែរ៕SRP

