ខេត្តសៀមរាប៖ក្នុងឱកាសបន្តជួបសំណេះសំណាល ជាមួយប្រជាពលរដ្ឋស្ម័គ្រចិត្តរើសំណង់ចេញពីតំបន់រមណីយដ្ឋានអង្គរជាង២ពាន់គ្រួសារបន្ថែមទៀតនៅថ្ងៃសៅរ៍នេះ សម្តេចហ៊ុន សែន បានប្រាប់ដល់គណៈរដ្ឋមន្ត្រីឱ្យចេញ ស.ជ.ណ តែម្តងពាក់ព័ន្ធការអភិវឌ្ឍនៅតំបន់រុនតាឯក ខេត្តសៀមរាប។
សម្តេចតេជោបានមានប្រសាសន៍បញ្ជាក់សារជាថ្មីថា យោធភូមិភាគទី៤ និងកងពលធំទី២ ជាអ្នកដឹកជញ្ជូនសម្ភារៈរបស់ប្រជាពលរដ្ឋពេលរើលំនៅឋានមកកាន់តំបន់នេះ។ សម្តេចតេជោក៏បានណែនាំមិនឱ្យមានការលុបស្រះបុរាណនៅតំបន់រុនតាឯកនោះឡើយ ផ្ទុយទៅវិញត្រូវតែត្រូវជីកបន្ថែម ហើយយកដីចាក់នៅភូមិឋានរបស់ប្រជាពលរដ្ឋតែម្តង។
សម្តេចហ៊ុន សែន បានមានប្រសាសន៍ថា ប្រជាពលរដ្ឋ ៥៩៤គ្រួសារ ដែលស្ម័គ្រចិត្តរើចេញពីចំណីផ្លូវ និងស្ទឹងក្នុងក្រុងសៀមរាបក៏ទទួលបានគោលនយោបាយដូចគ្នានឹងពលរដ្ឋរើចេញពីតំបន់អង្គរដែរ។សម្តេចតេជោនាយករដ្ឋមន្ត្រីបានណែនាំអាជ្ញាធរអប្សរាធ្វើការនេះឱ្យម៉ត់ចត់ និងច្បាស់លាស់បំផុតចំពោះការគ្រប់គ្រងដីតំបន់អភិរក្សនៅរមនីយដ្ឋានអង្គរនេះ។ នៅថ្ងៃនេះ សម្តេចតេជោសម្រេចប្រគល់បណ្ណក្រីក្រប្រភេទ១ ជូនដល់គ្រប់ពលរដ្ឋដែលមករស់នៅភូមិរុនតាឯកទាំងអស់គ្រប់គ្រួសារតែម្តង។
សម្តេចតេជោ បានប្រសាសន៍ថាគណបក្សប្រជាជនកម្ពុជា មិនសន្យាចោលទេ តែបច្ចុប្បន្នរាជរដ្ឋាភិបាលដែលដឹកនាំដោយគណបក្សប្រជាជនកំពុងតែអនុវត្តន៍តែម្តងនូវគោលនយោបាយឧបត្ថម្ភសាច់ប្រាក់ជូនពលរដ្ឋជិត ៣លាននាក់។
សម្ដេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ និងសន្យាថា សម្តេចនឹងអញ្ជើញមកកាន់តំបន់អភិវឌ្ឍន៍រុនតាឯកនេះជាច្រើនដងបន្ថែមទៀតនៅពេលខាងមុខ ដើម្បីបានមកមើល និងដឹងពីជីវភាពរស់នៅរបស់បងប្អូនប្រជាពលរដ្ឋដែលមករស់នៅតំបន់អភិវឌ្ឍន៍ថ្មីនេះ។
សម្រាប់ការឧបត្ថម្ភដំណាក់កាលដំបូងសម្រាប់ពលរដ្ឋមករស់នៅរុនតាឯក រួមមាន៖ មីមួយកេសធំ ត្រីខមួយកេសធំ មាន ១០០កំប៉ុង អង្ករ ៥០គីឡូក្រាម ស័ង្កសី ៣០សន្លឹក តង់ ៤ម៉ែត្រ គុណ ៦ម៉ែត្រ ចំនួន១ ឃីតមួយកញ្ចប់ (មុង ខ្នើយ ភួយ សារុង កន្ទេល) និងថវិកា ១លាន ៤សែន សម្រាប់មួយគ្រួសារ។ សម្តេចតេជោក៏បានប្រកាសឧបត្ថម្ភដល់ពលរដ្ឋ ១,៧១១គ្រួសារមុន ទទួលបន្ថែមនូវឃីតមួយ និងតង់១ ផងដែរ៕SRP
ភ្នំពេញ៖សម្តេចតេជោហ៊ុន សែន បានមានប្រសាសន៍បញ្ជាក់ថា រឿងរ៉ាវការបង្ក្រាបល្បែងស៊ីសង កុំចាំបាច់ រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ស្រែក ឬនាយករដ្ឋមន្ត្រី ស្រែកបានធ្វើនោះទេ គឺអាជ្ញាធរដូចជាថ្នាក់ក្រោមជាតិហ្នឹង ត្រូវតែចុះធ្វើហើយត្រូវធ្វើដូចភ្លៀងរលឹម។
