Skip to content
Siem Reap Post
  • ព័ត៌មានជាតិ
  • ព័ត៌មានអន្តរជាតិ
  • ទូរស័ព្ទ: 069382925/ 0886737999
រដ្ឋមន្ត្រីក្រសួងធនធានទឹក ចុះពិនិត្យលក្ខណៈបច្ចេកទេសដើម្បីទប់ស្កាត់ការបាក់ស្រុតច្រាំងទន្លេ​មេគង្គ​ ក្នុងក្រុងកំពង់ចាម
សម្ដេចធិបតី៖ កម្ពុជាមិនទទួលស្គាល់ដាច់ខាតការកែប្រែខ្សែបន្ទាត់ព្រំដែន ឬការកាន់កាប់ទឹកដីដោយខុសច្បាប់អន្តរជាតិ ឬតាមរយៈការប្រើប្រាស់កម្លាំង
អភិបាលខេត្តបាត់ដំបង អញ្ជើញបើកការដ្ឋានជួសជុលពង្រីកតួថ្នល់លើកំណាត់ផ្លូវជាតិលេខ៥ ដោយក្រាលកៅស៊ូDBSTប្រវែង២ ០០០ម៉ែត្រ ទទឹង១៧ម៉ែត្រ
ឯកឧត្តម អ៊ុន ចាន់ដា ជំរុញដល់សមត្ថកិច្ចពាក់ព័ន្ធ ពង្រឹងការអនុវត្តវិធានការរដ្ឋបាលចល័តជាប្រចាំ ទោះបីខេត្តកំពង់ចាមពុំមានស្តែមអនឡាញ Online Scams
រដ្ឋបាលខេត្តកំពង់ចាម ធ្វើតេស្តរកសារធាតុញៀន មន្ត្រីរាជការ មន្ត្រីជាប់កិច្ចសន្យា ឆ្នាំ២០២៦
Avatar photo
សៀមរាប ប៉ុស្តិ៍
១៩ កញ្ញា ២០២២

ខេត្តសៀមរាប៖ផ្លូវបេតុង១ខ្សែប្រវែង៧៥៤ម៉ែត្រ ទទឹង៤ម៉ែត្រ ស្ថិតនៅភូមិវត្តស្វាយសង្កាត់សាលាកំរើក ក្រុងសៀមរាប គឺភ្ជាប់ពីខាងត្បូងផ្លូវគោកស្រិត ទៅដល់ផ្លូវបេតុងទៅភ្នំក្រោម (មុខវត្តស្វាយ) ដែលជាគម្រោងមូលនិធិរបស់សង្កាត់សាលាកំរើក ត្រូវបានសម្ពោធដាក់អោយ ប្រើប្រាស់ផ្លូវការនៅថ្ងៃទី១៩ខែ កញ្ញា ឆ្នាំ២០២២នេះ ។

លោក សាម ឡន ចៅសង្កាត់ សាលាកំរើក បានមានប្រសាសន៍ថា ផ្លូវបេតុងនេះ ជាសមិទ្ធិផលថ្មីមួយទៀតនៅក្នុងភូមិវត្តស្វាយ ដែលពីមុនផ្លូវនេះជាផ្លូវដីលំ ហើយផ្លូវបេតុងថ្មីមួយខ្សែនេះ នឹងជួយសម្រួលដល់ការធ្វើដំណើររបស់បងប្អូន ប្រជាពលរដ្ឋ ទូទៅ ក្នុងធ្វើដំណើរជាប្រចាំថ្ងៃ ទៅមុខរបរការងាររៀងៗខ្លួនអោយមានភាពងាយស្រួល ក្នុងការដឹកកសិផល របស់ខ្លួនយកទៅលក់នៅទីផ្សារ ដែលវាបានជួយសម្រួលដល់ធ្វើដំណើរបានរហ័យ ងាយស្រួលផងដែរ។

លោក ចៅសង្កាត់បានបន្តទៀតថា សមិទ្ធផលទាំងនេះ គឺជាគម្រោងផែនការអភិវឌ្ឍន៍ជាក់ស្តែងត្រឹមត្រូវ របស់រដ្ឋបាលសង្កាត់សាលាកំរើក ក្នុងគោលដៅបម្រើផលប្រយោជន៍រួម របស់ប្រជាពលរដ្ឋនិង បង្កើនល្បឿននៃការអភិវឌ្ឍ តាមមូលដ្ឋាន និងពង្រឹងប្រជាធិបតេយ្យ នៅរដ្ឋបាលថ្នាក់ក្រោមជាតិ ក្នុងការលើកស្ទួយជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ ដើម្បីចូលរួមកាត់បន្ថយភាពក្រីក្រ។

លោក សាម ឡន ក៏បានមអំពាវនាវ ជាថ្មីម្តងទៀត ដល់បងប្អូនប្រជាពលរដ្ឋ ដែលរស់នៅអាស្រ័យផល តាមបណ្តោយដងផ្លូវនេះ សូមជួយថែរក្សាត្រូវចូលរួមថែរក្សាសមិទ្ធផលប្រយោជន៍ សាធារណៈ ទាំងអស់នេះ រក្សាសណ្ដាប់ធ្នាប់បរិស្ថាន និងគ្រប់គ្រងសំរាមអោយបានល្អ ដើម្បីចូលរួមចំណែកលើកកម្ពស់សោភ័ណ្ឌភាពទីក្រុងសៀមរាបយើងឱ្យសាកសមជាទីក្រុងទេសចរណ៍ផងដែរ។

នៅក្នុងពិធីសម្ពោធដាក់អោយប្រើប្រាស់ផ្លូវបេតុង នេះ អង្គការស្រលាញ់ការរីកចម្រើនប្រជាជន រួមជាមួយនិងអាជ្ញាធរសង្កាត់សាលាកំរើក ក៏បាននាំយកនូវគ្រឿងឧបភោគបរិភោគ មួយចំនួនមកចែកជូនដល់បងប្អូនប្រជាពលរដ្ឋ ដែលមានជីវភាពក្រលំបាក និង ដើម្បីជួយសម្រួលដល់ជីវភាពប្រចាំថ្ងៃ ពិសេសក្នុងបរិបទនៃការរៀនរស់ជាមួយកូវីដ១៩ កន្លងមកដែល រស់នៅក្នុងសង្កាត់សាលាកំរើក ចំនួន១៥០គ្រួសារ ដោយក្នុងនោះ មួយគ្រួសារៗ ទទួលបានអង្ករចំនួន២០ គីឡូក្រាម និងគ្រឿងឧបភោគ បរិភោគ ១កញ្ចប់ផងដែរ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 0
Avatar photo
សៀមរាប ប៉ុស្តិ៍
១៩ កញ្ញា ២០២២

ភ្នំពេញ៖សម្ដេច ស ខេង បានមានប្រសាសន៍ថា ល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទ គឺជាមេរោគហារីកសង្គមយ៉ាងកាចសាហាវបំផុត។ តាមរយៈបទល្មើសនេះ បទល្មើសផ្សេងៗនឹងកើតមានឡើងតាមនោះដែរ មានជាអាទិ៍ បទល្មើសជួញដូរមនុស្សគ្រប់ទម្រង់ បទល្មើសគ្រឿងញៀន ភេវរកម្ម លួចឆក់ប្លន់ បទល្មើសជម្រិតទារប្រាក់ បទល្មើសធ្វើទារុណកម្ម កាប់សម្លាប់ សងសឹក ប្រើប្រាស់អាវុធខុសច្បាប់ បទល្មើសអន្តោប្រវេសន៍ខុសច្បាប់ បទល្មើសសម្អាតប្រាក់ និងក៏ប៉ះពាល់ដល់ការកសាងយុត្តិធម៌សង្គម។

សម្ដេច បន្តសង្កត់ធ្ងន់ទៀតថា«ការបណ្ដែតបណ្ដោយឱ្យមានល្បែងស៊ីសងខុសច្បាប់អាចជំនួសឱ្យការវិនិយោគត្រឹមត្រូវតាមច្បាប់នោះបានទេ។ អាខុសច្បាប់ហ្នឹងមានពន្ធ មានចំណូលស្អីចូលរដ្ឋដូចគេវិនិយោគត្រឹមត្រូវ? វាថែមទាំងរារាំងការវិនិយោគត្រឹមត្រូវដែលគេមានទុនវិនិយោគច្រើនថែមទៀតផង។ ព្រោះធម្មតាមុននឹងគេយកប្រាក់មកវិនិយោគ គេមើលទាំងអស់។ ការមកច្រើននៃអ្នកមិនត្រឹមត្រូវនេះ វាក៏មិនអាចមកជំនួសអ្នកជំនាញល្អៗ និងទេសចរណ៍នោះបានដែរ ប៉ុន្តែវាថែមទាំងរារាំងអ្នកជំនាញ និងទេសចរណ៍ថែមទៀតផង»។

សម្ដេច បានទាញការចាប់អារម្មណ៍ថា រាជរដ្ឋាភិបាលបានចំណាយថវិកាប្រមាណជាង២០០លានដុល្លារ ដើម្បីកសាងហេដ្ឋរចនាសម្ព័ន្ធក្នុងក្រុងព្រះសីហនុ ហើយការវិនិយោគផ្លូវល្បឿនលឿនប្រមាណ២ពាន់លានដុល្លារ និងការកែលម្អផ្លូវជាតិលេខ៤នោះ មិនមែនដើម្បីបម្រើឱ្យឋានសួរគ៌នៃល្បែងខុសច្បាប់នោះទេ។ គឺក្នុងបំណងទាក់ទាញការវិនិយោគត្រឹមត្រូវ អ្នកទេសចរណ៍ត្រឹមត្រូវដើម្បីបានចំណូលកសាងប្រទេសជាតិទាំងមូល គឺមិនមែនតែខេត្តព្រះសីហនុនោះទេ។ សម្ដេចបានណែនាំឱ្យយកចិត្តទុកដាក់សម្រេចគោលដៅអាទិភាព៤ រួមមានទី១. គឺសង្គ្រោះជនរងគ្រោះឱ្យបានទាន់ពេលវេលា, ទី២. ខិតខំស្រាវជ្រាវមេខ្លោងនិងអ្នកពាក់ព័ន្ធមកផ្ដន្ទាទោសឱ្យបានម៉ឺងម៉ាត់ និងដោយគ្មានការលើកលែង, ទី៣.ត្រួតពិនិត្យប្រមូលភស្តុតាងដើម្បីបិទទីតាំងប្រព្រឹត្តបទល្មើស និងទីតាំងខុសច្បាប់ និងទី៤. គឺត្រូវពន្លាតការស្រាវជ្រាវបន្ថែមទៀត ដើម្បីរកបទល្មើសសម្អាតប្រាក់ និងបទល្មើសផ្សេងៗទៀត។

សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ មានប្រសាសន៍យ៉ាងដូច្នេះ នៅថ្ងៃចន្ទ នេះ ក្នុងឱកាសអញ្ជើញដឹកនាំកិច្ចប្រជុំណែនាំកិច្ចការប្រឆាំងអំពើជួញដូរមនុស្ស នៅទីស្ដីការក្រសួងមហាផ្ទៃ។

សម្ដេចកស ខេង បានមានប្រសាសន៍ថារាជរដ្ឋាភិបាលកម្ពុជាបានខិតខំប្រឹងប្រែងប្រកបដោយឆន្ទៈក្នុងការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស។ ក្នុងនោះ គិតចាប់ពីថ្ងៃទី១៨ ខែសីហា ដល់ថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២២ ក្រសួងបានទទួលបណ្ដឹងសរុបចំនួន២៨៩ករណី ពីសាម៉ីជន សាច់ញាតិ ស្ថានទូត និងអង្គការអន្តរជាតិមួយចំនួន។

សម្ដេច ឱ្យដឹងថាខេត្តព្រះសីហនុមាន២១២ករណី, ពោធិ៍សាត់មាន៤ករណី, ស្វាយរៀងមាន១៨ករណី, ខេត្តកោះកុងមាន៥ករណី, ប៉ៃលិនមាន១ករណី, ឧត្តរមានជ័យមាន១៤ករណី, កណ្ដាលមាន១៨ករណី, សៀមរាប មាន១ករណី, រាជធានីភ្នំពេញ១៤ករណី និងខេត្តបន្ទាយមានជ័យមាន២ករណី។

សម្ដេច បន្តថា«ពាក្យបណ្ដឹងទាំងឡាយនេះ ដំបូងឡើយយើងក៏មិនជឿទុកចិត្តទាំងស្រុងនោះដែរ ប៉ុន្តែឆ្លងកាត់ការអនុវត្តជាក់ស្ដែងបន្តបន្ទាប់គឺប្រមាណ៩៥ភាគរយជាការពិត»។

សម្ដេចបានបន្តថាក្រុមប្រតិបត្តិការ ក៏បានស្រាវជ្រាវ និងស៊ើបអង្កេតបានករណីមួយចំនួនដែរ ដោយគិតចាប់ពីថ្ងៃទី១០ ខែសីហា ដល់ថ្ងៃទី១០ ខែកញ្ញា បានស្រាវជ្រាវ និងស៊ើបអង្កេតបានចំនួន៨៥ករណី រកឃើញមនុស្ស១៧៦នាក់ មាន៨សញ្ជាតិ ក្នុងនោះខេត្តព្រះសហនុច្រើនជាងគេ និងកត់សម្គាល់ថាភាគច្រើននៃជនរងគ្រោះគឺធ្វើការនៅកន្លែងអាជីវកម្មល្បែងភ្នាល់អនឡាញខុសច្បាប់។

ដើម្បីធានាឱ្យកិច្ចប្រតិបត្តិការនៃការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស ជួយដូរកម្លាំងពលកម្ម និងអាជីវកម្មផ្លូវភេទ សម្ដេចស ខេង បានណែនាំឱ្យប្រកាន់ជំហរឯកភាពគ្នាថា«ការកសាង និងអភិវឌ្ឍន៍ប្រទេសជាតិ គឺដោយត្រូវប្រកាន់គោលការណ៍នីតិរដ្ឋ មិនមែនដោយផ្អែកលើល្បែងស៊ីសងខុសច្បាប់នោះទេ»។ សម្ដេច បន្ថែមថាទោះបីមានការប្រឈមខ្លះក៏ដោយ ប៉ុន្តែគ្រប់គ្នាត្រូវយល់ឱ្យបានត្រឹមត្រូវថាអំពើជួញដូរមនុស្ស និងល្បែងអនឡាញខុសច្បាប់នេះជាអំពើល្មើសច្បាប់ បម្រើផលប្រយោជន៍តែបុគ្គល ឬក្រុមមនុស្សមួយចំនួនតូចប៉ុណ្ណោះ ពុំមែនបម្រើផលប្រយោជន៍សាធារណៈ ឬផលបរយោជន៍ប្រជាជនទូទៅឡើយ។

សម្ដេច បានចាត់ទុកបញ្ហាប្រឈមនេះថាជាឱកាសឱ្យមន្រ្តីបញ្ចេញស្នាដៃ បង្ហាញឆន្ទៈ និងការប្ដេជ្ញាចិត្តក្នុងការបំពេញភារកិច្ចជូនរាជរដ្ឋាភិបាល និងប្រជាពលរដ្ឋដែរ ដ្បិតប្រសិនបើមានការរារែក មិនច្បាស់លាស់ នឹងមានន័យថាមន្រ្តីពាក់ព័ន្ធទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ គ្មានការប្ដេជ្ញាចិត្ត និងមិនអាចបញ្ចេញស្នាដៃទទួលខុសត្រូវនោះទេ។ បើតាមសម្ដេច កិច្ចប្រតិបត្តិការនេះជាវិញ្ញាសារសំខាន់សម្រាប់វាស់វែងឧត្តមគិតិ ឆន្ទៈ សមត្ថភាពរបស់រដ្ឋបាលរាជធានីខេត្ត និងសមត្ថកិច្ចពាក់ព័ន្ធ ពិសេសអភិបាលនៃគណៈអភិបាលរាជធានី ខេត្ត។

សម្ដេច ក៏បានផ្ដល់ការណែនាំអំពីការសម្រេចបែងចែកការបង្ក្រាបល្បែងស៊ីសងខុសច្បាប់នៅតាមមូលដ្ឋានភូមិឃុំសង្កាត់ឱ្យរដ្ឋបាលរាជធានី ខេត្ត ជាអ្នកទទួលខុសត្រូវ ដោយសារបទល្មើសនេះមិនពាក់ព័ន្ធនឹងអំពើជួញដូរមនុស្សមនុស្ស។ ចំណែកក្រុមការងារដឹកនាំដោយឯកឧត្តម សន្តិបណ្ឌិត សុខ ផល រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ ជាអ្នកទទួលខុសត្រូវបង្ក្រាបបទល្មើសល្បែង អនឡាញខុសច្បាប់៕SRP

Like 195
Comment 0
Share ចែកចាយ
Views 300
Avatar photo
សៀមរាប ប៉ុស្តិ៍
១៩ កញ្ញា ២០២២

ភ្នំពេញ៖លោកឃួង ស្រេង បានអះអាងថា ចំពោះកុងស៊ីបញ្ចាំខុសច្បាប់ក៏ត្រូវចាត់វិធានការយ៉ាងម៉ឺងម៉ាត់ផងដែរ ដោយនេះជាដើមចមបង្កអោយមានបទល្មើស លួចឆក់ប្លន់។

អភិបាលរាជធានីភ្នំពេញបន្តថា ការបង្ក្រាបល្បែងស៉ីសងខុសច្បាប់គ្រប់ប្រភេទនិងកុងស៊ីបញ្ចាំខុសច្បាប់ត្រូវតែធ្វើឡើងអោយដូចភ្លៀងរលឹម។ កម្លាំងមានសមត្ថកិច្ចថ្នាក់ជាតិ ចាំតែជួយអន្តរាគមន៍នៅពេលដែលយើង អនុវត្តមិនបានចំពោះទីតាំងអាងខ្នងបង្អែក តែបើថ្នាក់ជាតិ ចុះទៅបង្ក្រាប នៅក្នុងមូលដ្ឋានរបស់ខ្លួន ដោយខ្លួនឯងមិនបានបង្ក្រាបឬមិនបានដឹងនោះនឹងប្រឈមទៅនឹងការដកតំណែងហើយ។

ដឹកនាំកិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានីភ្នំពេញ ទៅលើការបង្ក្រាបល្បែងស៉ីសងខុសច្បាប់គ្រប់ប្រភេទ នៅក្នុងមូលដ្ឋានរាជធានីភ្នំពេញ នៅរសៀលថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២២ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានប្រសាសន៍លើកឡើងថា៖ សម្តេចតេជោ ហ៊ុន សែន បានចេញបទបញ្ជារួច ហើយ កាលពីព្រឹកថ្ងៃ១៧កញ្ញានេះ ដោយឱ្យមន្ត្រីពាក់ព័ន្ធគ្រប់រូប ជាពិសេសមន្ត្រីថ្នាក់ក្រោមជាតិ ត្រូវបង្ក្រាបឱ្យអស់នូវល្បែងស៉ីសងខុសច្បាប់គ្រប់ប្រភេទ នៅក្នុងមូលដ្ឋានរបស់ខ្លួន ជាមួយនិងការប្រមានដកតំណែងផងដែរ។

លោកបន្តថា ក្រោយកិច្ចប្រជុំនេះបញ្ចប់ទៅ គណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌទាំង១៤ សហការជាមួយព្រះរាជអាជ្ញារងដែលមាននៅតាមបណ្តាខណ្ឌ ចុះបង្ល្រាបភ្លាមៗ ដោយត្រូវអនុវត្តចាប់ពីយប់នេះតទៅ។

សូមបញ្ជាក់ថា៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បាននៅព្រឹកថ្ងៃសៅរ៍ ទី១៧ ខែកញ្ញា ឆ្នាំ២០២២ ចេញបទបញ្ជាឱ្យមន្ត្រីពាក់ព័ន្ធគ្រប់រូប ជាពិសេសមន្ត្រីថ្នាក់ក្រោមជាតិ ត្រូវបង្ក្រាបឱ្យអស់នូវល្បែងស៉ីសងខុសច្បាប់គ្រប់ប្រភេទ។

ជាមួយនឹងការបញ្ជាបែបនេះសម្តេតេជោ បានព្រមានដកតំណែង អភិបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ រូបណាដែលមិនទទួលខុសត្រូវ លើតួនាទីបណ្តោយឱ្យល្បែងស៉ីសង រីកសាយភាយ ក្នុងមូលដ្ឋានរបស់ខ្លួនថែមទៀតផង៕SRP

Like 195
Comment 0
Share ចែកចាយ
Views 200
Sponsored
Sponsored
Avatar photo
សៀមរាប ប៉ុស្តិ៍
១៥ កញ្ញា ២០២២

ខេត្តកំពង់ចាម៖លោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម​ និងជាប្រធានគណៈកម្មាធិការសាខា​កាកបាទក្រហម​ខេត្ត​ បានអះអាងថា​ មានតែការបណ្តុះបណ្តាល​ កសាងធនធានមនុស្ស​ទេ ទេីប​នាំមកនូវ​ការ​រីកចម្រើន ដូច្នេះ​សូម​ឲ្យ​​ក្មួយ​ៗ ត្រូវ​ខិតខំ​សិក្សា​រៀនសូត្រ​ ដេីម្បី​យក​ចំណេះដឹង​​ ទៅ​​​កសាង​​អនាគត​ខ្លួន​ឯង​ និង​ចូល​រួម​​ចំណែក​កសាង​សង្គម​ជាតិ​យើង​​ឲ្យ​កាន់​តែ​​មាន​ការ​រីកចម្រើន​​ ចំពោះ​ការ​បណ្ដុះបណ្ដាល​ធនធាន​មនុស្ស​ យេីងក៏ត្រូវ​ជ្រេីសរេីស​​កម្រិត​ជំនាញ​ ​វិជ្ជាសាស្ត្រ​ បច្ចេកទេស​ជា​កត្តាសំខាន់​ ផងដែរ​។

លោកថ្លែង​បែប​នេះ​ក្នុង​ពិធី​សំណេះសំណាល​ និង​បំពាក់​កន្សែង​យុវជន​កាកបាទក្រហម​កម្ពុជា​ នៃ​សាខា​កាកបាទក្រហម​កម្ពុជា​ខេត្តកំពង់ចាម​ សរុប​ ២០០នាក់​ នៅថ្ងៃទី​១៥​ ខែកញ្ញា​ ឆ្នាំ​២០២២​។

ក្នុងពិធី លោក អ៊ុន ចាន់ដា បានពាំនាំអនុសាសន៍ទាំង ៧ចំណុច របស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប្រធាន ជូនគណ:អធិបតី និងអង្គពិធី ពិសេស ក្រើនរំលឹកដល់ក្មួយៗ ជាយុវជន​កាកបាទក្រហម​ថ្មី ទាំងអស់ ត្រូវខិតខំប្រឹងប្រែងរៀនសូត្រ លត់ដំខ្លួន ឲ្យក្លាយជា កូនល្អ សិស្សល្អ មិត្តល្អ និងពលរដ្ឋល្អ ហើយ ពង្រឹង និង ពង្រីកសមត្ថភាព អោយក្លាយជា ធនធានមនុស្ស ដែលមានគុណភាព ប្រកបដោយ ទឹកចិត្តមនុស្សធម៌ ស្ម័គ្រចិត្តលះបង់កម្លាំងកាយ ចិត្ត និង ពេលវេលា ដើម្បីធ្វើជាកម្លាំងចលករ និងជាប្រតិបត្តិករដ៏ពិតប្រាកដ របស់កាកបាទក្រហមកម្ពុជា ក្នុងការជួយដល់ជនរងគ្រោះនិងងាយរងគ្រោះបំផុត ប្រកបដោយការទទួលខុសត្រូវខ្ពស់ ស្របតាមទិសស្លោក ” ទីណាមានទុក្ខលំបាកទីនោះមានកាកបាទក្រហមកម្ពុជា ” និង ” កាកបាទក្រហមកម្ពុជា មានគ្រប់ទីកន្លែង សម្រាប់គ្រប់ៗគ្នា មិនទុកនរណាម្នាក់ចោល “។​

បេីតាមរបាយការណ៍ស្វាគមន៍លោកទូច ឆៃ នាយកសាខា បានគូសបញ្ជាក់ ថា សាលាគោលដៅ ទូទាំងខេត្ត សរុប មាន៥០ ក្នុងនេះ មានសកលវិទ្យាល័យ ៧ និង វិទ្យាល័យ ៤៣ – មានទីប្រឹក្សាយុវជន ៨៦នាក់ និងយុវជនកាកបាទក្រហម​ ២,១៨៥នាក់។ ចំពោះ​យុវជនកាកបាទក្រហមកម្ពុជា ទាំង ២០០នាក់ ដែល​បាន​បំពាក់​កន្សែង​ក្នុង​ពិធី​នេះ​ គឺមកពីវិទ្យាល័យ​ ចំនួន ៤ ក្នុងក្រុងកំពង់ចាម និងស្រុកកំពង់សៀម រួមមាន វិទ្យាល័យតេជោហ៊ុនសែន បឹងកុក- វិទ្យាល័យព្រះសីហនុ វិទ្យាល័យដីដុះ និង វិទ្យាល័យសម្តេច ជួនណាត។​ ជាមួយនឹង ការបំពាក់កន្សែង និងមួក , លោក អ៊ុន ចាន់ដា ក្នុងនាម ប្រធានគណ:កម្មាធិការ សុវត្ថិភាពចរាចរណ៍ផ្លូវគោកខេត្ត ក៏បានផ្តល់ជូនដល់ យុវជន កាកបាទក្រហម​ ទាំង ២០០នាក់- ទីប្រឹក្សាយុវជន ៤នាក់, នាយកវិទ្យាល័យ ៤នាក់ និងអ្នកស្ម័គ្រចិត្ត ២០ នាក់នូវ មួកសុវត្ថិភាព ម្នាក់ ១ ផងដែរ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 200
Avatar photo
សៀមរាប ប៉ុស្តិ៍
១៥ កញ្ញា ២០២២

ខេត្តបាត់ដំបង៖លោកសុខ លូ អភិបាលខេត្តបាត់ដំបង បានធ្វើការណែនាំដល់រដ្ឋបាលក្រុង ស្រុកទាំង១៤ ត្រូវតែធ្វើការរៀបចំសណ្ដាប់ធ្នាប់ និងសំណង់មិនរៀបរយ ត្រូវធ្វើការរៀបចំសំណង់អាណាធិបតេយ្យ ដែលមានៅក្នុងស្រុកសាម៉ីខ្លួន ត្រូវតែធ្វើការរៀបចំ បើពុំនោះទេបញ្ហាសណ្ដាប់ធ្នាប់ និងសំណង់មិនរៀបរយ កាន់តែច្រើនៗទៅ ធ្វើឱ្យបាត់បង់សណ្ដាប់ធ្នាប់សាធារណៈ កាន់តែធ្ងន់ ព្រោះថ្ងៃទៅមុខទៀតបាត់ដំបងនឹងត្រូវបង្កើតជាទីក្រុងឆ្លាតវ័យ ហើយបើសិនជាមិនធ្វើការរៀបចំសណ្ដាប់ធ្នាប់ទេ នោះ នោះមិនអាចក្លាយជាទីក្រុងឆ្លាតបានឡើយ។

លោកថ្លែងបែបនេះក្នុងឱកាសអញ្ជើញប្រកាសចូលកាន់មុខតំណែង ប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដី ខេត្តបាត់ដំបង នៅថ្ងៃព្រហស្បតិ៍នេះ។

លោក សុខ លូ ក៏បានណែនាំដល់
មន្ទីរជំនាញពាក់ព័ន្ធ ត្រូវពិនិត្យមើលការសាងសង់ ជួសជុលផ្ទះ នៅតំបន់អភិរក្ស និងផ្ទះដែលជាផ្ទះបុរាណ ដោយមុននឹងធ្វើការជួសជុល ឬសាងសង់ថ្មី ត្រូវតែធ្វើការស្នើសុំដល់មន្ទីរអង្គភាពជុំវិញ ឬរដ្ឋបាលក្រុង ស្រុក ជាមុនសិន ដើម្បីឱ្យគណៈកម្មការជំនាញចុះពិនិត្យសិក្សាមើល ខ្លាចក្រែងការជួសជុល ឬសាងសង់ផ្ទះបុរាណ ឬផ្ទះដែលស្ថិតក្នុងតំបន់អភិរក្សនោះ ធ្វើឱ្យបានទ្រង់ទ្រាយដើម បង្កើតឱ្យសំណង់ផ្ទះបុរាណកាន់តែបាត់បង់ទៅៗ។

យោងតាមប្រកាសរបស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានសម្រេចតែងតាំង លោក សួន សុភា ជាប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តបាត់ដំបង ជំនួសលោក អ៊ូ ដារី ដែលទទួលភារកិច្ចថ្មី៕SRP

Like 195
Comment 0
Share ចែកចាយ
Views 0
Avatar photo
សៀមរាប ប៉ុស្តិ៍
១៥ កញ្ញា ២០២២

ខេត្តបាត់ដំបង៖មន្ត្រីជាន់ខ្ពស់នៃក្រសួងរៀបចំដែនដីនគរមីយកម្ម សំណង់សុរិយោដី បានអះអាងថាការកាត់ប្លង់ដីជនប្រជាពលរដ្ឋមានការយឺតយ៉ាវ។

ក្នុងឱកាសអញ្ជើញប្រកាសចូលកាន់មុខតំណែង ប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដី ខេត្តបាត់ដំបង នៅថ្ងៃព្រហស្បតិ៍ នេះ លោក

ឆាន់ សាផាន រដ្ឋលេខាធិការប្រចាំការ បានកត់សម្គាល់ឃើញថា ការកាត់ឈ្មោះប្លង់ម្ចាស់កម្មសិទ្ធិដីធ្លី នៅតែជាបញ្ហាប្រឈម ដោយមានភាពយឺតយ៉ាវ ដោយសារតែត្រូវឆ្លងកាត់ច្រើនដំណាក់កាល។

លោកក៏បានសំណូមពរឱ្យបង្កើនជំរុញល្បឿន នៃការកាត់ប្លង់ ជាម្ចាស់កម្មសិទ្ធិ ឱ្យបានកាន់តែឆាប់រហ័សជាងមុន តាមអ្វីដែលអាចធ្វើបាន ដើម្បីផ្ដល់ជូនប្រជាពលរដ្ឋឱ្យមានភាពងាយស្រួល មិនទន្ទឹងរង់ចាំយូរ មិនធ្វើឱ្យប្រជាពលរដ្ឋមានការធុញទ្រាន់ឡើយ។

លោកក៏បានមានប្រសាសន៍ណែនាំ ដល់លោកប្រធានមន្ទីរថ្មី ដែលទើបតែតែងតាំងនាពេលនេះ ត្រូវតែបន្តបំពេញតួនាទីរបស់ខ្លួនឱ្យកាន់តែល្អប្រសើរជាងមុនទៀត ក្នុងគោលបំណងដើម្បីបម្រើប្រជាពលរដ្ឋ ដែលទទួលសេវារបស់ខ្លួនឱ្យកាន់តែល្អ និងបំពេញភាពពេញចិត្តជូនពួកគាត់ ក្នុងមន្រ្ដីក្រោមឱវាទរបស់ខ្លួនក៏ត្រូវចូលរួមសហការជាមួយថ្នាក់ដឹកនាំរបស់ខ្លួន ដោយត្រូវតែឧស្សាហ៍ព្យាយាម ត្រូវចេះគោរពស្រឡាញ់ទៅវិញទៅមក និងត្រូវចេះជួយគ្នាទៅវិញទៅមក ដើម្បីដំណើរការការងាររបស់ខ្លួនកាន់តែល្អប្រសើរជាងមុន។

លោកក៏បានសំណូមពរឱ្យបង្កើនការផ្ដល់សេវាសាធារណៈ ជូនប្រជាពលរដ្ឋ ឱ្យកាន់តែឆាប់រហ័សជាងមុន ធ្វើយ៉ាងណាប្រជាពលរដ្ឋគាត់សប្បាយចិត្ត និងពេញចិត្តទៅលើការផ្ដល់សេវាជូនពួកគាត់ប្រកបដោយភាពរហ័ស និងត្រឹមត្រូវជាអ្វីដែលប្រជាពលរដ្ឋចង់បាន៕SRP

Like 195
Comment 0
Share ចែកចាយ
Views 100
Sponsored
Sponsored
Avatar photo
សៀមរាប ប៉ុស្តិ៍
១៤ កញ្ញា ២០២២

ខេត្តសៀមរាប៖លោកជំទាវ​ប្រធាន​ បាន​សង្កាត់ធ្ងន់ថា​ ​សន្តិភាព​គឺ​ជាធាតុផ្សំដ៏សំខាន់ សម្រាប់ធានាចីរភាពនៃកិច្ចអភិវឌ្ឍន៍។ ជាក់​ស្តែងបន្ទាប់​ពី​​​ទទួលបានសុខសន្តិភាពពេញលេញ នៅទូទាំងប្រទេស អាស្រ័យ​​ដោយ​នយោបាយ “ឈ្នះ ឈ្នះ” ដែលផ្តួចផ្តើមដោយសម្តេចតេជោ ហ៊ុន សែន ប្រទេសកម្ពុជា​មានការប្រែប្រួល និង​រីកចម្រើនជា​លំដាប់ ​​ដោយបោះជំហានយ៉ាងជឿជាក់​លើមាគ៌ា នៃ​ការអភិវឌ្ឍន៍​ លើគ្រប់​វិស័យ ឆ្ពោះទៅរកអនាគត មួយដ៏ភ្លឺស្វាង​។

លោកជំទាវ ថាដូច្នេះសូមឲ្យ​ស្ត្រី​គ្រប់រូប​ត្រូវ​រួមគ្នាថែរក្សាសុខសន្តិភាព និងទប់ស្កាត់ឲ្យបាននូវមហិច្ឆតាអាក្រក់ទាំងឡាយ ដែលប៉ុនប៉ងបង្កចលាចលបំផ្លាញសន្តិសុខ​ និងសណ្តាប់ធ្នាប់សង្គម​ផងដែរ​។

ក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារ ប្រចាំឆ្នាំ២០២២ និងលើកទិសដៅបន្ត​ របស់សាខាសមាគម នារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ ខេត្តកំពង់ចាម​ នៅមិញនេះ​ លោកជំទាវ ញូង ចរិយា អ៊ុន ចាន់ដា ប្រធានកិត្តិយសសាខាសមាគមនារីកម្ពុជាដើម្បីសន្តិភាព និងអភិវឌ្ឍន៍ខេត្តកំពង់ចាម ក៏បានថ្លែងថា​៖ សុខសន្តិភាព និងស្ថេរភាពនយោបាយ គឺ​ជាមូលដ្ឋានគ្រឹះ​​ ដ៏ចាំបាច់ សម្រាប់រាជ​រដ្ឋាភិបាល ​ដោយប្រទេស​មួយមាន​លទ្ធភាព​ផ្តោត​​ការយកចិត្តទុក​ដាក់ ​លើកិច្ចអភិវឌ្ឍន៍សេដ្ឋកិច្ច សង្គម និងសុខមាលភាពរបស់​ប្រជាជន។ បើបាត់បង់សន្តិភាពនោះអ្វីៗគ្រប់យ៉ាងរួមទាំងសមភាពយេនឌ័រនឹងត្រូវបាត់បង់​ជា​មិនខាន​។

លោកជំទាវ​ ប៉ាង​ ដានី​ អភិបាលរងខេត្ត និងជាប្រធានប្រតិបត្តិសាខាសមាគមនារី កម្ពុជាដើម្បីសន្តិភាព និងអភិវឌ្ឍន៍ខេត្តកំពង់ចាម​ បាន​លេីក​ទឹកចិត្ត​ឲ្យ​ស្ត្រី​គ្រប់រូប​ ត្រូវ​ខិតខំ​អភិវឌ្ឍ​សមត្ថភាព​របស់​ខ្លួន​ឲ្យ​បានទាន់​សម័យ​ ជាពិសេស​ត្រូវ​ពង្រឹង​សមត្ថភាពផ្ទាល់ខ្លួន ជា​ប្រចាំ ទាំង​ផ្នែកជំនាញ​និង​​បច្ចេក​ទេស​ ដែលមានដូចជាប្រព័ន្ធតេឡេក្រាម និងបណ្តាញសង្គម ដើម្បីជាផលប្រយោ​ជន៍ និងឆ្លើយតបនឹងសេចក្តីត្រូវការរបស់ប្រជាពលរដ្ឋគ្រប់លំដាប់ថ្នាក់ ពិសេសស្ត្រី និងកុមារី​ផងដែរ​៕SRP

Like 195
Comment 0
Share ចែកចាយ
Views 0
Avatar photo
សៀមរាប ប៉ុស្តិ៍
១៤ កញ្ញា ២០២២

 

ខេត្តសៀមរាប៖សម្ដេចតេជោហ៊ុន សែន បានមានប្រសាសន៍ រៀបថា កម្ពុជាក្នុងនាមជាប្រធានអាស៊ានឆ្នាំ ២០២២ ជាមួយមូលបទ “អាស៊ាន រួមគ្នាធ្វើ៖ ដោះស្រាយបញ្ហាប្រឈមទាំងអស់គ្នា» បានផ្ដោតអាទិភាពលើការធានា ឱ្យបាននូវប្រសិទ្ធភាព.របស់អាស៊ាន ក្នុងការឆ្លើយតបចំពោះបញ្ហាប្រឈម និងហានិភ័យទាំងនេះ ជាពិសេសពន្លឿនការស្តារ និងជំរុញកំណើនសេដ្ឋកិច្ចឡើងវិញប្រកបដោយចីរភាព បរិយាប័ន្ន និងភាពធន់។ សម្ដេចថា ក្នុងស្មារតីនេះ កម្ពុជាបានកំណត់គោលដៅ យុទ្ធសាស្ត្រចំនួន ៤ នៅក្រោម សសរស្ដម្ភ សហគមន៍ សេដ្ឋកិច្ចអាស៊ាន រួមមាន៖ ១)ការពង្រឹងការតភ្ជាប់ឌីជីថល វិទ្យាសាស្ត្រ និងបច្ចេកវិទ្យា ២)ការកាត់បន្ថយគម្លាតអភិវឌ្ឍន៍ដើម្បីភាពប្រកួតប្រជែង របស់អាស៊ាន ៣)ការជំរុញសមាហរណកម្ម បរិយាប័ន្ន ភាពធន់ និងភាពប្រកួតប្រជែង អាស៊ានឱ្យខ្លាំងជាងមុន និង ៤)អាស៊ានជាសកលសម្រាប់ភាពរីកចម្រើន និងការអភិវឌ្ឍ។

សម្តេចហ៊ុន សែន មានប្រសាសន៍យ៉ាងដូច្នេះ ក្នុងឱកាសអញ្ជើញប្រកាសបើកកិច្ចប្រជុំ រដ្ឋមន្ត្រីសេដ្ឋកិច្ចអាស៊ានលើកទី៥៤ និងកិច្ចប្រជុំពាក់ព័ន្ធ នៅព្រឹកថ្ងៃពុធ នេះ នៅសណ្ឋាគារសុខាខេត្តសៀមរាប។

សម្ដេចតេជោបានបន្តថា ក្នុងនាមជាប្រមុខរាជរដ្ឋាភិបាល និងជួសមុខឱ្យប្រជាជនកម្ពុជាទាំងអស់សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍គាំទ្រ និងជឿជាក់លើគោលការណ៍គ្រឹះនានា ដែលមានចែង ក្នុងធម្មនុញ្ញ របស់អាស៊ាន ជាពិសេសការឯកភាពជាឯកច្ឆន្ទ និងមជ្ឈភាពអាស៊ាន គឺជាមូលដ្ឋានដ៏សំខាន់សម្រាប់យន្តការនានា ដែលដឹកនាំដោយអាស៊ានក្នុងគោលដៅរក្សាសន្តិភាព ស្ថិរភាព សន្តិសុខ និងការអភិវឌ្ឍ នៅក្នុងតំបន់ និងពិភពលោក។ កម្ពុជាបន្តគាំទ្រការធ្វើសមាហរណកម្មក្នុងអាស៊ានបន្ថែមទៀត និងធ្វើសមាហរណកម្មជាមួយប្រទេសជាដៃគូសេដ្ឋកិច្ចតំបន់ និងសកលលោក តាមរយៈ កិច្ចសហការ និងការចូលរួមវិភាគទានជាមួយបណ្តារដ្ឋជាសមាជិកអាស៊ានទាំង ៩ ទៀត ក្នុងការកសាងសហគមន៍អាស៊ាន ជាពិសេសសហគមន៍សេដ្ឋកិច្ចអាស៊ាន ស្របតាមផែនការលម្អិតសហគមន៍សេដ្ឋកិច្ចអាស៊ានឆ្នាំ ២០២៥ និងការពង្រឹងកិច្ចសន្ទនាជាមួយដៃគូខាងក្រៅ។

សម្ដេចតេជោបានមានប្រសាសន៍បន្តទៀតថា អាស៊ានគួរបន្តបង្កើនការភ្ជាប់ទំនាក់ទំនង ជាមួយដៃគូខាងក្រៅដោយឈរលើគោលការណ៍ សមភាព និងការផ្ដល់ផលប្រយោជន៍ឱ្យគ្នាទៅវិញទៅមក តាមរយៈ ការទាញយកផលប្រយោជន៍ ជាអតិបរមា ពីកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីតំបន់ អាស៊ាន និងអាស៊ានបូក១ ដែលមានស្រាប់ ដោយការដំឡើងកម្រិតបន្ថែម ជាពិសេសការ អនុវត្តឱ្យបានពេញលេញ និងមានប្រសិទ្ធភាពនូវកិច្ចព្រមព្រៀង ស្តីពីភាពជាដៃគូសេដ្ឋកិច្ច គ្រប់ជ្រុងជ្រោយតំបន់ ដែលបានចូលជាធរមានកាលពីថ្ងៃទី១ ខែ មករា ឆ្នាំ ២០២២ កន្លងទៅនេះ ទាក់ទងនឹងការទាញយកអត្ថប្រយោជន៍ជាអតិបរិមាពីកិច្ចព្រមព្រៀង អាសិប ប្រទេសជាសមាជិកគួរខិតខំអនុវត្តនូវការសន្យានានា ហើយបន្តចរចាបើកច្រកទីផ្សារ សំដៅទាក់ទាញការចូលរួមពីបណ្ដាប្រទេសដែលមានសេដ្ឋកិច្ចធំៗ ដទៃទៀត ក្នុងកិច្ចព្រម ព្រៀងនេះ ក្នុងន័យនេះ កិច្ចព្រមព្រៀងអាសិប ត្រូវតែមានលេខាធិការដ្ឋានរបស់ខ្លួនមួយ ដែលឯករាជ្យ និងម្ចាស់ការ ហើយដើរតួនាទីសំខាន់ក្នុងការងារសម្របសម្រួល ជំរុញ និង ត្រួតពិនិត្យការអនុវត្តកិច្ចព្រមព្រៀងនេះ។ កម្ពុជានៅតែមានចំណាប់អារម្មណ៍ និងផ្តល់គ្រប់ លទ្ធភាព និងសម្បទានក្នុងការទទួលយកលេខាធិការដ្ឋាននេះ។

បញ្ហាសំខាន់មួយទៀត ដែលអាស៊ានត្រូវគិតគូបន្ថែមទៀត គឺការឆ្លើយតបឱ្យបានទាន់ពេលវេលាទៅនឹងនិន្នាការថ្មីៗនៅក្នុងនិម្មាបនកម្មពាណិជ្ជកម្មសកល។ ពិតណាស់ថា បញ្ហាថ្មីៗ រួមមាន វិបត្តិប្រេងឡើងថ្លៃ អត្រាអតិផរណាខ្ពស់ បរិស្ថាន បម្រែបម្រួលអាកាស ធាតុជំងឺឆ្លងរាតត្បាត ជាដើម កំពុងជំរុញឱ្យមាននិន្នាការឆ្ពោះទៅរកការធ្វើពាណិជ្ជកម្មក្នុង គន្លងថ្មីក្នុងតំបន់ និងក្នុងពិភពលោក ក៏ប៉ុន្តែមិនមានន័យថាបញ្ហាទាំងនេះ នឹងតម្រូវឱ្យបណ្តា ប្រទេសនៅក្នុងពិភពលោកប្រើប្រាស់ ជាឧបករណ៍គាំពារនិយម បង្កើតជារបាំងពាណិជ្ជកម្ម និងបន្ទច់បង្អាក់ដល់ខ្សែច្រវាក់ផ្គត់ផ្គង់តំបន់ និងសកលលោក ឬខិតខំកសាងច្បាប់ និង កិច្ចព្រមព្រៀងអន្តរជាតិ ដែលបម្រើឱ្យតែប្រទេសខ្លួន ឬក្រុមប្រទេសមួយក្តាប់តូច ដែលជា បក្សពួកខ្លួននោះឡើយ។ ក្នុងន័យនេះអាស៊ានគួររួមគ្នាជាធ្លុងមួយ ដើម្បីសម្របសម្រួល និងជំរុញឱ្យមានការរៀបចំក្របខ័ណ្ឌជាសកលសម្រាប់ពាណិជ្ជកម្មអន្ដរជាតិ ដែលបម្រើឱ្យ ផលប្រយោជន៍គ្រប់ប្រទេសទាំងអស់ ប្រកបដោយតម្លាភាព និងគ្មានការរើសអើង។

តាងនាមឱ្យរាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា សម្តេចតេជោនាយករដ្ឋមន្ត្រី សូមថ្លែងអំណរគុណ យ៉ាងជ្រាលជ្រៅជូនចំពោះសមាជិកអាស៊ានទាំងអស់ ព្រមទាំងលេខាធិការដ្ឋានអាស៊ាន ដែលបានបន្តផ្ដល់ការគាំទ្រយ៉ាងពេញលេញដល់កម្ពុជាក្នុងតួនាទីជាប្រធានអាស៊ាន ឆ្នាំ២០២២ នេះ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 100
Avatar photo
សៀមរាប ប៉ុស្តិ៍
១៤ កញ្ញា ២០២២

ខេត្តសៀមរាប៖សម្ដេចតេជោ ហ៊ុន សែន ក្នុងឱកាសអនុញ្ញាត ឱ្យប្រតិភូ រដ្ឋមន្ត្រីសេដ្ឋកិច្ចអាស៊ាន ចូលជួបសម្ដែងការគួរសម នៅសណ្ឋាគារសុខា សៀមរាប នៅថ្ងៃ ពុធ នេះ បានស្វាគមន៍ប្រតិភូទាំងមូលដោយក្ដីរីករាយ ជាមួយប្រសាសន៍ថា កម្ពុជា បានគ្រប់គ្រងជំងឺកូវីដ-១៩ បានយ៉ាងជោគជ័យ ។ កម្ពុជា បានបើកប្រទេសឡើងវិញ បានបើកកិច្ចប្រជុំផ្ទាល់នេះ សបញ្ជាក់ឲ្យឃើញថា កូវីដ-១៩ មិនមែនជាបញ្ហាទៀតនោះទេ។

សម្ដេចតេជោ ហ៊ុន សែន បានថ្លែងទៀតថា អ្វីជាបញ្ហានៅពេលនេះ គឺភាពមិនច្បាស់លាស់ផ្នែកសេដ្ឋកិច្ច សង្គ្រាមនៅអ៊ុយក្រែយ ជាបញ្ហាមួយ ប៉ុន្តែភាពច្របូកច្របល់ផ្នែកសេដ្ឋកិច្ច ជាបញ្ហាមួយទៀត ដែលបង្កឡើងដោយការដាក់ទណ្ឌកម្ម ទៅលើប្រទេសរុស្ស៊ី ដោយទណ្ឌកម្មទាំងអស់នោះ មិនប៉ះពាល់តែសេដ្ឋកិច្ចនៅអឺរ៉ុបប៉ុណ្ណោះទេ គឺប៉ះពាល់ដល់សេដ្ឋកិច្ចក្នុងតំបន់ និងក្នុងប្រទេសកម្ពុជាផងដែរ។

លោកជំទាវ រដ្ឋលេខាធិការប្រចាំការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុព្រុយណេ បានគោរពសម្ដែងនូវអំណរគុណយ៉ាងជ្រាលជ្រៅ តាងនាមឲ្យប្រតិភូរដ្ឋមន្ត្រីសេដ្ឋកិច្ចអាស៊ាន ចំពោះការទទួលស្វាគមន៍ យ៉ាងកក់ក្ដៅជាទីបំផុត និងការរៀបចំឲ្យមានកិច្ចប្រជុំរដ្ឋមន្ត្រីសេដ្ឋកិច្ចអាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធនៅខេត្តសៀមរាប នាពេលនេះ។

ឆ្លៀតក្នុងឱកាសនោះដែរ លោកជំទាវ ក៏បានសូមគោរពអនុសាសន៍ដ៏ខ្ពង់ខ្ពស់ពីសម្ដេចតេជោ ដើម្បីធ្វើយ៉ាងណា ឲ្យកិច្ចប្រជុំរដ្ឋមន្ត្រីសេដ្ឋកិច្ចអាស៊ាននេះ ទទួលបានជោគជ័យ។

ទោះបីជាយ៉ាងណាក៏ដោយ ក្នុងកាលៈទេសៈនេះ បានរំលេចចេញនៅកាលានុវត្តភាព ខាងសេដ្ឋកិច្ច ពីការកើនឡើងលើវិស័យពាណិជ្ជកម្ម ក្នុងតំបន់ ជាអាទិ៍ពាណិជ្ជកម្ម រវាងកម្ពុជានិងវៀតណាម ពាណិជ្ជកម្មរវាងកម្ពុជានិងថៃ ពាណិជ្ជកម្ម រវាងកម្ពុជានិងឡាវ និងពាណិជ្ជកម្ម រវាងប្រទេសកម្ពុជា ជាមួយប្រទេសក្នុងតំបន់មួយចំនួនទៀត មានការកើនឡើង ក្នុងន័យនេះ សម្ដេចតេជោ បានផ្ដល់ឱ្យប្រតិភូ ទាំងមូលនូវអនុសាសន៍ឲ្យមានការពង្រីកបន្ថែមនៃការធ្វើពាណិជ្ជកម្មនៅក្នុងក្របខណ្ឌអាស្តា ដែលជាពាណិជ្ជកម្មបំពេញឲ្យគ្នាទៅវិញទៅមក ជាមួយនឹងការធ្វើពាណិជ្ជកម្មជាមួយប្រទេសដទៃទៀត រួមទាំងក្នុងក្របខណ្ឌ អាស៊ឹម (ASEM) ផងដែរ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 100
Sponsored
Sponsored
Avatar photo
សៀមរាប ប៉ុស្តិ៍
១៣ កញ្ញា ២០២២

ខេត្តកំពង់ចាម៖លោក​ អ៊ុន​ ចាន់ដា​ អភិបាលខេត្តកំពង់ចាម​ បានជំរុញដល់​សមត្ថកិច្ច​ ក៏ដូចជា​អាជ្ញាធរ​មូលដ្ឋាន​ ឲ្យ​សហការ​ជាមួយ​មប្រជាពលរដ្ឋ​ ដេីម្បី​រួមគ្នា​​ទប់ស្កាត់​ បង្រាប​នូវ​បទល្មើស​គ្រឿងញៀន​ ដេីម្បីការពារសហគមន៍យេីង ពីការបំពានដោយគ្រឿងញៀនខុសច្បាប់​។

ការ​ស្នេីឡេីង​បែប​នេះ​ក្នុង​កិច្ច​ប្រជុំ​សាមញ្ញលើកទី៤០​ អាណត្តិទី៣ របស់ក្រុមប្រឹក្សាខេត្តកំពង់ចាម​ ​នៅថ្ងៃទី​១៣​ ខែកញ្ញា ឆ្នាំ២០២២​នេះ។

ក្នុង​កិច្ច​ប្រជុំ​ លោក អ៊ុន​ ចាន់ដា​ បាន​ថ្លែងថា​ ដើម្បី​ជីវិត​ និង​សហគមន៍​គ្មាន​គ្រឿង​ញៀន​ គឺត្រូវ​មាន​ការ​ចូល​រួម​គ្រប់​ភាគី​ ដេីម្បី​រួមគ្នា​ធ្វើ​ការ​លុបបំបាត់​គ្រឿងញៀន​ ដូច្នេះ​យើង​ត្រូវ​សំណូមពរ​​ដល់​ប្រជាពលរដ្ឋ​ និង​ប្អូនៗ​សិស្សានុសិស្ស​ ឲ្យ​ផ្តល់​កិច្ច​សហការ ជាពិសេស​សូម​ឲ្យ​ថ្នាក់​ដឹក​នាំ​អាជ្ញាធរ​មូលដ្ឋាន​ ក្រុម​ព្រឹក្សា​ឃុំ​ សង្កាត់​ទាំងអស់​ ត្រូវ​ចូលរួម​ផ្ដល់​កិច្ច​សហប្រតិបត្តិការ​ណ៍​ ដេីម្បី​រួមគ្នា​​ទប់ស្កាត់​ បង្ក្រាប​បទល្មើស​គ្រឿងញៀន​ ឲ្យ​មានប្រសិទ្ធភាព​ខ្ខ្ពស់តាមរយៈ ការរាយការណ៍ជាសម្ងាត់។

បេីតាមរបាយការណ៍ ស្តីពីការអនុវត្តការងាររបស់រដ្ឋបាលខេត្តកំពង់ចាម​ ប្រចាំខែសីហា និងលើកទិសដៅការងារប្រចាំខែកញ្ញ ឆ្នាំ២០២២​ ក្នុង​នោះ​ក៏​មាន​ការងារយុទ្ធនាការប្រឆាំងគ្រឿងញៀនខុសច្បាប់ផងដែរ ដោយ​កម្លាំង​ជំនាញ​បានចុះបង្ក្រាប ៤៩ករណី ចាប់បាន ១៤៥នាក់​ ដកហូតបានថ្នាំញៀនប្រភេទក្រាមពណ៌ស ១៤៧កញ្ចប់ ស្មើ ២៩៤,៤៤ក្រាម ថ្នាំញៀនគ្រាប់ ពណ៌ផ្កាឈូក (WY) ចំនួន ១៥គ្រាប់ ស្មើ ៣,៥៩ក្រាម ទូរស័ព្ទ ១១៨គ្រឿង ម៉ូតូ ០២គ្រឿង រថយន្ត ០២គ្រឿង ដាវ ០១ដើម កណ្ដៀវ ០១ ដែកចុងស្រួច ០១ដើម ជញ្ជីងអេឡិចត្រូនិច ០៤គ្រឿង និងសម្ភារសេពគ្រឿងញៀនមួយចំនួន​ផងដែរ​។​

ក្នុង​កិច្ចប្រជុំនេះផងដែរ​ លោក​ ខ្លូត​ ផន​ ប្រធាន​ក្រុមប្រឹក្សា​ខេត្តកំពង់ចាម​ បាន​លើក​យក​សេចក្តី​ព្រាង​របៀបវារៈ​សំខាន់​ៗ​ មក​ពិភាក្សា​ រួមមាន​៖​ ១-ពិនិត្យ និងអនុម័តសេចក្តីព្រាងកំណត់ហេតុនៃកិច្ចប្រជុំសាមញ្ញលើកទី៣៩ អាណត្តិ ទី៣ របស់ក្រុមប្រឹក្សាខេត្តកំពង់ចាម​។ ២-ពិនិត្យ ពិភាក្សា និងអនុម័តសេចក្តីព្រាង របាយការណ៍បូកសរុបលទ្ធផលការងារប្រចាំ ខែសីហា និងទិសដៅការងារប្រចាំខែកញ្ញា ឆ្នាំ២០២២ របស់រដ្ឋបាលខេត្តកំពង់ចាម​។ ៣.បញ្ហាផ្សេងៗ​មួយ​ចំនួន​ផងដែរ​៕​SRP

Like 195
Comment 0
Share ចែកចាយ
Views 100
Avatar photo
សៀមរាប ប៉ុស្តិ៍
១៣ កញ្ញា ២០២២

ខេត្តឧត្តរមានជ័យ៖លោក ឈុន សុភមង្គល ប្រធានសាខាគយខេត្តឧត្តរមានជ័យ កំពុងត្រូវបានរងការរិះគន់ថា បើកដៃឲ្យមានទំនិញគេចពន្ធយ៉ាងណាអធិបតេយ្យឆ្លងកាត់ខេត្តរមានជ័យ។

ប្រភពបានឲ្យដឹងថា ក្រុមឈ្មួញបានធ្វើការដឹកទំនិញតាមច្រកព្រំដែន ចូលមកខេត្តឧត្តរមានជ័យ ជាពិសេសតាម ច្រកទ្វារអន្តរជាតិជាំ សាង៉ាំ ដោយមានការឃុបឃិតគ្នាជាមួយប្រធានច្រកព្រំដែននេះផងដែរ នឹងការបើកដៃពីសំណាក់លោក ឈុន សុភមង្គលទើបប្រធានច្រកជាំ សាង៉ាំ ហ៊ានបើកដៃឲ្យឈ្មួញនាំចូលទំនិញគេចពន្ធ ទំនិញបង់ពន្ធមិនគ្រប់ និងទំនិញខុសច្បាប់ស្រេចតែអំពើចិត្ត។

ករណីប្រធានការិយាល័យគយច្រកជាំសាង៉ាំបើកដៃឲ្យឈ្មួញនាំចូលទំនិញគេចពន្ធ ទំនិញបង់ពន្ធមិនគ្រប់ និងទំនិញខុសច្បាប់យ៉ាងគំហុក ត្រូវបានគេដឹងថាជាប្រភពចំណូលដ៏សំខាន់របស់លោក ឈុន សុភមង្គល មេគយខេត្តឧត្តរមានជ័យ ផងដែរ។

ហេតុដូច្នេះ លោក គុណ ញឹម អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា គួរតែពិនិត្យឡើងវិញនូវ មិនប្រក្រតី របស់លោក ឈុន សុភមង្គល ដោយកន្លងមកក៏ដូចបច្ចុប្បន្នមានសារព័ត៌មានជាច្រើនបានចុះផ្សាយរឿងអាស្រូវជាបន្តបន្ទាប់ផងដែរ។

ជុំវិញការរិះគន់បែបនេះ ទីភ្នាក់ងារសារព័ត៌មានសៀមរាប ប៉ុស្តិ៍ tv online មិនអាចទាក់ទងលោកឈុន សុភមង្គល ដើម្បីធ្វើការបំភ្លឺបានទេដោយសារមិនមានលេខទូរស័ព្ទ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 300
Avatar photo
សៀមរាប ប៉ុស្តិ៍
១២ កញ្ញា ២០២២

ខេត្តសៀមរាប៖ប្រសិនបើពុំមានអ្វីប្រែប្រួលនោះទេ នៅថ្ងៃទី១៣ ខែកញ្ញា ស្អែកនេះ សម្ដេចហ៊ុន សែន នាយករដ្ឋមន្ត្រី អញ្ជើញមកខេត្តសៀមរាប នឹងជួបសំណេះសំណាល ជាមួយប្រជាពលរដ្ឋ ដែលនឹងផ្លាស់ប្ដូរទីលំនៅចេញពីតំបន់រមណីយដ្ឋានអង្គរ ទៅនៅភូមិធម្មជាតិរុនតាឯក។

សូមជម្រាបថា នៅថ្ងៃចន្ទនេះ ក្រុមការងាររាជរដ្ឋាភិបាល និងអាជ្ញាធរខេត្តសៀមរាប បានចុះទៅពិនិត្យមើលការរៀបចំ ហេដ្ឋារចនាសម្ព័ន្ធក្នុងភូមិធម្មជាតិរុនតាឯក តែស្ថិតនៅក្នុងស្រុកបន្ទាយស្រី ខេត្តសៀមរាប។

គួរបញ្ចាក់ថា ការអភិវឌ្ឍលើផ្ទៃដីទំហំ ១,០៨០ ហិកតា ស្ថិតក្នុងឃុំរុនតាឯក នៃស្រុកបន្ទាស្រី ខេត្តសៀមរាប នេះ នឹងធ្វើការបែងចែកជា ៦,០០៥ឡូតិ៍ ដែលក្នុងមួយឡូតិ៍ មានទំហំ ២០គុណនឹង៣០ម៉ែត្រ ដើម្បីចែកជូនប្រជាពលរដ្ឋ ដែលនឹងផ្លាស់ប្ដូរទីលំនៅចេញពីតំបន់រមណីយដ្ឋានអង្គរ។ ក្នុងគម្រោងអភិវឌ្ឍនេះដែរ ក៏មានដូចជា សាលារៀន ចាប់តាំងពីថ្នាក់បឋមសិក្សា រហូតដល់ថ្នាក់វិទ្យាល័យ មណ្ឌលសុខភាព ទីតាំងផ្សារ វត្តអារាម និងអាគាររដ្ឋបាល សាធារណៈជាដើម។

បច្ចុប្បន្ននេះ កងវិស្វកម្មសម្ដេចតេជោ ក្រោមការរៀបចំដោយក្រុមការងារតម្រង់ទិស ដើម្បីដោះស្រាយបញ្ហាសំណង់និងដីធ្លី ក្នុងតំបន់រមណីយដ្ឋានអង្គរ និងតំបន់ដទៃទៀត ស្ថិតក្រោមការគ្រប់គ្រងរបស់អាជ្ញាធរជាតិអប្សរា បាននិងកំពុងធ្វើការយ៉ាងសកម្ម ក្នុងការឈូសឆាយសម្ងាតផ្ទៃដី រៀបចំផ្លូវខ្វាត់ខ្វែង ប្រព័ន្ធផ្លូវទឹក ការដាក់លេខសម្គាល់ឡូតិ៍ បន្ទាប់ពីប្រជាពលរដ្ឋ ធ្វើការចាប់ឆ្នោតរួចរាល់។

តាមការវាយតម្លៃ គម្រោងភូមិធម្មជាតិរុនតាឯក នឹងក្លាយទៅជាភូមិអេកូទេសចរណ៍ និងជាទីប្រជុំជនថ្មីមួយបន្ថែម ស្របពេលដែលអាកាសយានដ្ឋានអន្តរជាតិសៀមរាបថ្មី គ្រោងនឹងសាងសង់រួចរាល់ និងចាប់ដំណើរការនៅឆ្នាំ២០២៣ខាងមុខនេះ។

សម្រាប់ភូមិសាស្ត្រ របស់ភូមិធម្មជាតិរុនតាឯក គឺមានចម្ងាយប្រមាណ ៣០គីឡូម៉ែត្រ ពីក្រុងសៀមរាប និងប្រហែល ២០គីឡូម៉ែត្រពីអាកាសយានដ្ឋានអន្តរជាតិសៀមរាបថ្មី នៃស្រុកសូទ្រនិគម។ បន្ថែមលើសពីនេះ ភូមិធម្មជាតិរុនតាឯក ក៏នៅកៀកនឹងទីតាំងរមណីយដ្ឋានធម្មជាតិ និងកែច្នៃជាច្រើន ស្ថិតក្នុងស្រុកបន្ទាយស្រី ដែលជាតំបន់ទេសចរណ៍ក្រៅពីប្រាសាទ។

សូមរំលឹកថា កាលពីដើមខែកញ្ញា នេះ មន្ត្រីជាន់ខ្ពស់នៃក្រសួងក្រសួងបរិស្ថាន និង ក្រសួងរៀបចំដែនដីនគរូបនីយកម្ម និងសំណង់ បានធ្វើបទបង្ហាញ ស្តីពីការអភិវឌ្ឍន៍ តំបន់ភូមិធម្មជាតិរុនតាឯក ដល់ប្រជាពលរដ្ឋ គ្រោងនឹងផ្លាស់ប្ដូរលំនៅឋានពីតំបន់រមណីយដ្ឋានអង្គរចំនួន ១០១គ្រួសារ មួយរួមជាមួយការជួយឧបត្ថម្ភគាំទ្រទៅលើបច្ចេកទេសដាំដុះ រុក្ខជាតិហូបផ្លែរបស់រាជរដ្ឋាភិបាលផងដែរ៕SRP

«រូបថត សម្ដេចហ៊ុន សែន ក្នុងឱកាសធ្វើដំណើរតាមរថយន្ត អញ្ជើញមកខេត្តសៀមរាប កាលពីថ្ងៃទី ២ ខែ មេសា ឆ្នាំ២០២២»

Like 195
Comment 0
Share ចែកចាយ
Views 0
Sponsored
Sponsored
Older posts
Newer posts
← Previous Page1 … Page217 Page218 Page219 … Page643 Next →
តាមដានព័ត៌មាន
  • Telegram
  • Facebook
ព័ត៌មានថ្មីៗ
រដ្ឋមន្ត្រីក្រសួងធនធានទឹក ចុះពិនិត្យលក្ខណៈបច្ចេកទេសដើម្បីទប់ស្កាត់ការបាក់ស្រុតច្រាំងទន្លេ​មេគង្គ​ ក្នុងក្រុងកំពង់ចាម រដ្ឋមន្ត្រីក្រសួងធនធានទឹក ចុះពិនិត្យលក្ខណៈបច្ចេកទេសដើម្បីទប់ស្កាត់ការបាក់ស្រុតច្រាំងទន្លេ​មេគង្គ​ ក្នុងក្រុងកំពង់ចាម ចុះផ្សាយថ្ងៃទី ១០ កុម្ភៈ ២០២៦
សម្ដេចធិបតី៖ កម្ពុជាមិនទទួលស្គាល់ដាច់ខាតការកែប្រែខ្សែបន្ទាត់ព្រំដែន ឬការកាន់កាប់ទឹកដីដោយខុសច្បាប់អន្តរជាតិ ឬតាមរយៈការប្រើប្រាស់កម្លាំង សម្ដេចធិបតី៖ កម្ពុជាមិនទទួលស្គាល់ដាច់ខាតការកែប្រែខ្សែបន្ទាត់ព្រំដែន ឬការកាន់កាប់ទឹកដីដោយខុសច្បាប់អន្តរជាតិ ឬតាមរយៈការប្រើប្រាស់កម្លាំង ចុះផ្សាយថ្ងៃទី ១០ កុម្ភៈ ២០២៦
អភិបាលខេត្តបាត់ដំបង អញ្ជើញបើកការដ្ឋានជួសជុលពង្រីកតួថ្នល់លើកំណាត់ផ្លូវជាតិលេខ៥ ដោយក្រាលកៅស៊ូDBSTប្រវែង២ ០០០ម៉ែត្រ ទទឹង១៧ម៉ែត្រ អភិបាលខេត្តបាត់ដំបង អញ្ជើញបើកការដ្ឋានជួសជុលពង្រីកតួថ្នល់លើកំណាត់ផ្លូវជាតិលេខ៥ ដោយក្រាលកៅស៊ូDBSTប្រវែង២ ០០០ម៉ែត្រ ទទឹង១៧ម៉ែត្រ ចុះផ្សាយថ្ងៃទី ១០ កុម្ភៈ ២០២៦
ព័ត៌មានអ្នកទស្សនាច្រើន
ពិតជាប្រសើរណាស់! ដីធ្លីភូមិទាំង១១៤ ក្នុងតំបន់អង្គរ ត្រូវបានមន្ត្រីជំរុញឱ្យក្រុមការងារចុះផ្ទៀងផ្ទាត់ទិន្នន័យប្រើប្រាស់ ពិតជាប្រសើរណាស់! ដីធ្លីភូមិទាំង១១៤ ក្នុងតំបន់អង្គរ ត្រូវបានមន្ត្រីជំរុញឱ្យក្រុមការងារចុះផ្ទៀងផ្ទាត់ទិន្នន័យប្រើប្រាស់ ចុះផ្សាយថ្ងៃទី ៤ កុម្ភៈ ២០២៦
ឆេះផ្ទះពលរដ្ឋអស់ ០២ខ្នង រួមនឹងទ្រព្យសម្បត្តិមួយចំនួនទៀត ឆេះផ្ទះពលរដ្ឋអស់ ០២ខ្នង រួមនឹងទ្រព្យសម្បត្តិមួយចំនួនទៀត ចុះផ្សាយថ្ងៃទី ២៤ មករា ២០២៦
ក្រសួងរ៉ែចេញអាជ្ញាប័ណ្ណឲ្យមានការកាយភ្នំនៅឃុំខ្វាវ ស្រុកជីក្រែង ខេត្តសៀមរាប ក្រសួងរ៉ែចេញអាជ្ញាប័ណ្ណឲ្យមានការកាយភ្នំនៅឃុំខ្វាវ ស្រុកជីក្រែង ខេត្តសៀមរាប ចុះផ្សាយថ្ងៃទី ២២ មករា ២០២៦
ទីស្នាក់ការនិពន្ធ 069382925 Telegram
×