ខេត្តសៀមរាប៖ចៅក្រមស៊ើបសួរនៃសាលាដំបូងខេត្តសៀមរាប លោកអាំង សុភា បានសម្រេចចេញដីកាឃុំខ្លួនឈ្មោះ ឈឿ ប្រើច ភេទប្រុស អាយុ ៤១ ឆ្នាំ មុខរបរធ្វើស្រែ មានទីលំនៅភូមិខ្នារជើង ឃុំក្រូចគរ ស្រុកក្រឡាញ់ ខេត្តសៀមរាប ដាក់ពន្ធនាគារជាបណ្តោះអាសន្ន ពីបទ “ប៉ុនប៉ងឃាតកម្ម (កាប់នឹងពូថៅ)”។
ការចេញដីកាធ្វើឡើងនៅល្ងាចថ្ងៃចន្ទទី២៣ ខែតុលា ឆ្នាំ២០២៣ ម្សិលមិញ បន្ទាប់ពីសមត្ថកិច្ចនគរបាលខេត្តសៀមរាប បញ្ជូនទៅកាន់សាលាដំបូង។
សូមរំលឹកថានៅថ្ងៃ ២២ ខែ តុលា ឆ្នាំ២០២៣ វេលាម៉ោង ១១និង៤០ នាទី ករណីហឹង្សានៅត្រង់ចំណុច ភូមិខ្នារជើង ឃុំក្រូចគរ ស្រុកក្រឡាញ់ ខេត្តសៀមរាប ដែលកូនបង្កើត ជនរងគ្រោះ បានយកពូថៅ កាប់ទៅលើជនរងគ្រោះ ដែលកំពុងអង្គុយបោកខោអាវ ដោយមិនបានដឹងខ្លួន បណ្ដាលឲ្យរបួសក្បាលផ្នែកខាងលើ រហូតដល់ចេញខួរក្បាលមកខាងក្រៅ។ ជនរងគ្រោះ ឈ្មោះ សេក អង ភេទ ស្រី អាយុ ៧០ឆ្នាំ ត្រូវជាម្ដាយបង្កើតជនល្មើស រស់នៅផ្ទះជាមួយគ្នា។
របាយការណ៍បន្តថា ក្រោយពីធ្វើសកម្មភាពរួច ជនសង្ស័យ បានគេចខ្លួនបាត់។ ដោយឡែកជនរងគ្រោះ ត្រូវបានក្រុមគ្រួសារ បញ្ជូនទៅកាន់មន្ទីពេទ្យខេត្តសៀមរាប ដើម្បីព្យាបាល។
ជនដៃដល់ត្រូវបាននគរបាលចាប់ខ្លួននៅល្ងាចថ្ងៃដដែលបន្ទាប់ពីបានធ្វើសកម្មភាពហើយបញ្ជូនទៅកាន់អធិការនគរបាលស្រុកក្រឡាញ់ដើម្បីអនុវត្តតាមផ្លូវច្បាប់។
នៅក្នុងរបាយការណ៍ប៉ូលិសបានបង្ហាញងា ជនដៃដល់បានឆ្លើយសារភាពថា ខ្លួនពិតជាបានយកពូថៅកាប់ទៅលើម្ដាយបង្កើត របស់ខ្លួន ចំនួន១ពូថៅ ចំត្រង់ក្បាលពិតប្រាកដមែន ដោយមូលហេតុ ម្ដាយបានយកកណ្ដៀវលាក់ទុក មិនឲ្យខ្លួនទៅច្រូតស្មៅ៕ដោយនាគខៀវ


