ភ្នំពេញ៖ពាក្យបណ្តឹងរបស់ពាណិជ្ជករ មួយរូបដែលប្តឹងមន្ត្រីពាក់ព័ន្ធមួយចំនួន នៅខេត្តស្ទឹងត្រែង ដែលបានឃុបឃិតគ្នា ដោយប្រើប្រាស់អំណាច សាធារណះ ដោយបំពាន និង ស៊ីសំណូកសូកប៉ាន់ ពុករលួយ ធ្វើឲ្យបាត់បង់ចំណូលរបស់រដ្ឋ ពីករណីដេញថ្លៃភាស៊ីចំណតរថយន្តឆ្នាំ ២០២៤ ដោយមានភាពមិនប្រក្រតី និងមិនបង់ថ្លៃសេវាដឹកជញ្ជូនសម្រាម បានចូលដល់ក្រសួងមហាផ្ទៃ និងឯកឧត្តម អភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ហើយ។
អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ លោកបណ្ឌិត ទូច សុឃៈ (សុខៈ) បានថ្លែងប្រាប់អ្នកសារព័ត៌មាន នៅថ្ងៃទី១៧ ខែធ្នូ នេះថា៖ ក្នុងនាមក្រសួងមហាផ្ទៃសូមស្វាគមន៍ចំពោះបណ្តឹងគ្រប់មជ្ឈដ្ឋានទាំងអស់ ដោយមិនរេីសអេីងទេ។ ក្រសួងមហាផ្ទៃបានទទួលបណ្តឹងហេីយតាមឋនានុក្រមរដ្ឋបាល រហូតមកដល់អគ្គលេខាធិការដ្ឋានក្រសួងមហាផ្ទៃ។ ជានីតិវិធីបន្តទៀត គឺនឹងបន្តនីតិធីគោរពជូនឯកឧត្តម អភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ដេីម្បីពិនិត្យទៅលេីបណ្តឹងនឹងថា តេីបណ្តឹងនឹងត្រូវបញ្ជូនទៅអគ្គនាយកដ្ឋានជំនាញណាមួយ ដេីម្បីពិនិត្យស្រាវជ្រាវ ឬអធិការកិច្ច? ឧទាហរណ៍ថា គួរបញ្ជូនទៅអគ្គធិការដ្ឋានក្រសួងមហាផ្ទៃ ឬក៏គួរបញ្ជូនទៅកាន់អគ្គនាយកដ្ឋានរដ្ឋបាលជាដេីម។”
អ្នកនាំពាក្យរងក្រសួងមហាផ្ទៃរូបនេះបានបញ្ជាក់ទៀតថា៖ ក្នុងនាមក្រសួងមហាផ្ទៃ គឺជាពិសេសឯកឧត្តម អភិសន្តិបណ្ឌិត ស សុខា គឺឯកឧត្តមមិនព្រងេីយកន្តេីយទេ រាល់បណ្តឹង របស់បងប្អូន ជាទូទៅ គ្រាន់តែថាបណ្តឹងទាំងអស់ត្រូវតែការពិតច្បាស់លាស់ គ្រប់ជ្រុងគ្រប់ជ្រោយមានមូលដ្ឋានត្រឹមត្រូវ។ ហេីយនៅពេលដែលធ្វេីការស្រាវជ្រាវទៅឃេីញលទ្ធផលបែបណា គឺយេីងផ្អែកទៅលេីភស្តុតាងមានសាក្សី មានឯកសារបញ្ជាក់ និងមានវត្ថុតាងនានាដទៃទៀត។ ក្រៅពីនេះនីតិវិធី គឺគេនឹងអញ្ជេីញដេីមបណ្តឹង មកធ្វេីការបំភ្លឺចំពោះបណ្តឹងរបស់ខ្លួន។ ចំពោះភាគីដែលពាក់ព័ន្ធ គឺនាយកដ្ឋានជំនាញដែលទទួលបញ្ជាពីឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ឯកឧត្តម នឹងចាត់នីតិវិធីអញ្ជេីញអ្នកដែលពាក់ព័ន្ធដែលស្ថិតនៅក្នុងក្រនខណ្ឌក្រសួងមហាផ្ទៃ យកមកបំភ្លឺបណ្តឹងដែរ។ ហេីយនឹងអ្នកដទៃៗទៀត ដែលអាចនឹងផ្តល់ព័ត៌មានរួមនឹងការប្រមូលនូវឯកសារនានា វត្ថុតាងផ្សេងៗដទៃទៀត យកមកធ្វេីជាការសន្និដ្ឋានមួយដេីម្បីចេញជាលទ្ធផលនៅពេលណាមួយ។
អ្នកនាំពាក្យដដែលលេីកឡេីងថា ជាគោលការណ៍របស់ ឯកឧត្តម អភិសន្តិបណ្ឌិត ស សុខា គឺបានបញ្ជាក់ជូនបណ្តាថ្នាក់ដឹកនាំក្រសួង និងអគ្គនាយកដ្ឋានជំនាញទាំងអស់ថា រាល់មតិសំណេីរសំណូមពរ បណ្តឹងបស់ប្រជាពលរដ្ឋត្រូវតែចាត់ក្រុមការងារជំនាញចុះទៅធ្វេីការស្រាវជ្រាវ អង្កេតប្រមូល ឬអធិការកិច្ចអោយបានលឿនរហ័ស ជាទីបំផុត ហេីយប្រកបដោយភាពត្រឹមត្រូវ តម្លាភាព យុត្តិធម៌។ យុត្តិធម៌ទាំងអ្នកដែលប្តឹង និងទាំងអ្នករងបណ្តឹង គឺផ្អែកលេីភាពត្រឹមត្រូវ ទាល់តែមានភស្តុងបញ្ជាក់សម្រាប់ជាមូលដ្ឋានយោងសម្រេចសន្និដ្ឋាន។
លោក ជា គួង ដែលជាពាណិជ្ជករ មួយរូប បានធ្វេីលិខិតស្នេីសុំឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ចាត់មន្ត្រីចុះធ្វើអធិការកិច្ចទៅលើ មន្ត្រីពាក់ព័ន្ធមួយចំនួន ដែលបានឃុបឃិតគ្នា ដោយប្រើប្រាស់អំណាចសាធារណះ ដោយបំពាន និង ស៊ីសំណូកសូកប៉ាន់ ពុករលួយ ធ្វើឲ្យបាត់បង់ចំណូលរបស់រដ្ឋ ពីករណីដេញថ្លៃភាស៊ីចំណតរថយន្តឆ្នាំ ២០២៤ ដោយមានភាពមិនប្រក្រតី និងមិនបង់ថ្លៃសេវាដឹកជញ្ជូនសម្រាម ដែលមានឈ្មោះខាងក្រោមនេះ៖ (១)-លោក ស៊ី សួន ជាអភិបាលរងខេត្តស្ទឹងត្រែង ដែលជាប្រធានគណះកម្មការដេញថ្លៃភាស៊ីគ្រប់ភេទ។
(២)-លោក ខេង ទិត្យសីហា ជាប្រធានមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្តស្ទឹងត្រែង។
(៣)-លោក ឃឹម សួរ ជាប្រធានការិយាល័យទ្រព្យសម្បត្តិរដ្ឋ ចំណូលមិនមែនសារពើពន្ធ (មន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ)។
(៤)-លោក សាយ កុសល ជាអភិបាលក្រុងស្ទឹងត្រែង។
(៥)-លោក ចាន់ គឹមឈុន ជាប្រធានគណ: អាជីវករសហគមន៍ផ្សារសាមគ្គីស្ទឹងត្រែង។
សំណើសុំ ឯកឧត្តម ស សខា មេត្តា អន្តរាគមន៍ទៅសាលាខេត្តស្ទឹងត្រែង ដើម្បីដេញថ្លៃភាស៊ីចំណតរថយន្តឆ្នាំ ២០២៤ ឡើងវិញ ឲ្យមានតម្លាភាព និងដោះ ស្រាយថ្លៃសេវាដឹក ជញ្ជូនសម្រាមសហគមន៍ផ្សារសាមគ្គីស្ទឹងត្រែង៕SRP