
ភ្នំពេញ៖សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃនៅរសៀលថ្ងៃពុធ ទី២៧ ខែមករា ឆ្នាំ២០២១នេះ បានអនុញ្ញាត ជូនលោក លី ច័ន្ទតុលា ប្រធានគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា ដឹកនាំគណៈប្រតិភូក្រុមប្រឹក្សាគណៈមេធាវីចូលជួបសម្ដែងការគួរសម៕SRP

ភ្នំពេញ៖សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃនៅរសៀលថ្ងៃពុធ ទី២៧ ខែមករា ឆ្នាំ២០២១នេះ បានអនុញ្ញាត ជូនលោក លី ច័ន្ទតុលា ប្រធានគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា ដឹកនាំគណៈប្រតិភូក្រុមប្រឹក្សាគណៈមេធាវីចូលជួបសម្ដែងការគួរសម៕SRP
ខេត្តកំពង់ធំ៖លោក អ៊ុក រ៉ាប៊ុន រដ្ឋមន្រ្តីក្រសួងអភិវឌ្ឍន៍ជនបទ នៅថ្ងៃពុធ ទី២៧ ខែមករា ព្រឹកមិញនេះ បានដឹកនាំ មន្ត្រីជំនាញក្រសួង និងក្រុមទីប្រឹក្សាបច្ចេក ទេសរបស់គម្រោង
ទៅពិនិត្យការងារស្ថាបនាផ្លូវជនបទក្រាលកៅស៊ូពីរជាន់ប្រភេទ DBST ចំនួន ៥ខ្សែ នៅខេត្តកំពង់ធំ។
លោក សួស គង់ រដ្ឋលេខាធិការក្រសួងអភិវឌ្ឍន៍ជនបទ បានឲ្យដឹងថា រដ្ឋមន្រ្តីក្រសួងអភិវឌ្ឍន៍ជនបទ ចុះទៅពិនិត្យនេះ និងវាយតម្លៃការងារស្ថាបនា ផ្លូវជនបទ ក្រាលកៅស៊ូពីរជាន់ប្រភេទ DBST ចំនួន ៥ខ្សែ ប្រវែងសរុប ១២២ គីឡូម៉ែត្រ និង ៤៨០ ម៉ែត្រ នៅក្នុងខេត្តកំពង់ធំ ក្នុងក្របខណ្ឌ “គម្រោងកែលម្អ ផ្លូវជនបទ ជំហានទី ២” ដែលជាគម្រោង របស់រាជ
រដ្ឋាភិបាល គ្រប់គ្រង ដោយក្រសួងអភិវឌ្ឍន៍ ជនបទ គាំទ្រ ថវិកា ដោយរាជរដ្ឋាភិបាល កម្ពុជា ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ទីភ្នាក់ងារបារាំងសម្រាប់ការអភិវឌ្ឍន៍ (AFD) និងរដ្ឋាភិបាលអូស្ត្រាលី (GOA)។
បើតាមលោក សួស គង់ ជារួម លទ្ធផលសម្រេចបានប្រមាណ ៨៥% ហើយ គ្រោងនឹងបញ្ចប់ ១០០% នៅចុងខែកុម្ភៈ ឆ្នាំ២០២១ខាងមុខ៕SRP
ខេត្តសៀមរាប៖លោកទៀ សីហា អភិបាលខេត្តសៀមរាប បានបញ្ជាក់ថា ការដ្ឋានសាងសង់ សួនច្បារព្រះរាជដំណាក់ ខេត្តសៀមរាប ពេលនេះ សម្រេច ១០០% ចំពោះដំណាក់កាលទី១។
លោកទៀ សីហា បន្តថា៖ នៅបន្ត រៀបសួនខាងមុខព្រះរាជវាំង ទ្វារចំនួន៥ លូរំដោះទឹក ជាការងារបន្ទាប់ទៀត។តាមការបង្ហាញ របស់ក្រុមការងាររបស់វាំង គឺមាន៣ដំណាក់កាល។
ទោះជាយ៉ាងណា បណ្ដាញ សៀមរាបប៉ុស្តិ៍ មិនអាចសុំការបំភ្លឺ បន្ថែមពី លោកជំទាវ គង់ បញ្ញា ប្រធានគម្រោង នៃការសង់សង់នេះបាននៅឡើយទេ។
សូមជម្រាបថា លោក ទៀ សីហា អភិបាលខេត្តនៅព្រឹកថ្ងៃទី២៧ ខែមករា ឆ្នាំ២០២១ នេះ បានអមដំណើរ សម្តេចចៅហ្វាវាំង វរវៀងជ័យធិបតីស្រឹង្គារ គង់ សំអុល ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងព្រះបរមរាជវាំងចុះពិនិត្យការដ្ឋានសាងសង់របងនិងសួនច្បារព្រះរាជដំណាក់ខេត្តសៀមរាប។
ការដ្ឋានសាងសង់នេះ ដើម្បីកែលម្អសោភ័ណភាពទីធ្លា សួនច្បារឱ្យមានភាពទាក់ទាញ ភ្ញៀវទេសចរជាតិ និងអន្តរជាតិ ម្យ៉ាងទៀត ក៏ជាបន្ថែម នូវការរក្សា នូវសន្តិសុខ សណ្តាប់ សាធារណៈ នៅជុំវិញ ព្រះរាជដំណាក់ខេត្តសៀមរាប បន្ថែមទៀតផងដែរ៕SRP
ខេត្តសៀមរាប៖លោក ថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍ និងជាប្រធានក្រុមការងារអន្តរក្រសួង គ្រប់គ្រង និងអភិវឌ្ឍន៍សហគមន៍ទេសចរណ៍ និងអេកូទេស ចរណ៍ លោក វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាអនុប្រធានក្រុមការងារ និងលោម សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន និងជាអនុប្រធានក្រុមការងារ នៅព្រឹកថ្ងៃទី២៧ ខែមករា ឆ្នាំ២០២១ បានអញ្ជើញជាធិបតី ក្នុងវេទិកាជាតិ អេកូទេសចរណ៍លើកទី២។
លោក វេង សាខុន បានថ្លែងថា រាជរដ្ឋាភិបាលបានចាត់ទុកវិស័យ កសិកម្មជាវិស័យ អាទិភាពមួយនាគ្រប់កាលៈទេសៈ ហើយវិស័យទេសចរណ៍គឺជាមាសបៃតង ដែលមានការរីក ចម្រើនយ៉ាងខ្លាំង និងប្រកបដោយសក្តានុពល ស្របតាមរបៀបវារៈ នៃអង្គវេទិកា នាពេលនេះ ហើយពិតជាបានឆ្លើយតបយ៉ាងសមស្របទៅនឹងចក្ខុវិស័យរបស់ រាជរដ្ឋាភិបាល លើការប្តេជ្ញាចិត្តក្នុងការបន្តអភិវឌ្ឍ វិស័យទេសចរណ៍ កម្ពុជាថាជា “ ទេសចរណ៍វប្បធម៌ និងធម្មជាតិ ” និងជា ពិសេសគោលនយោ បាយជាតិ អេកូទេសចរណ៍ ២០១៩-២០៣០។ ស្ថិតក្នុងស្ថានភាពនៃការរីករាលដាលជាសកលជំងឺកូវីដ-១៩ សម្រាប់វិស័យកសិកម្ម យើងត្រូវចូលរួមគាំទ្រ និងជំរុញដើម្បី ប្រែក្លាយកសិកម្មកម្ពុជាទៅជាកសិកម្មទំនើប មានលក្ខណៈប្រកួត ប្រជែង បរិយាប័ន្ន ធន់នឹងការ ប្រែប្រួលអាកាស ធាតុ និងនិរន្តរភាពដើម្បីបង្កើនប្រាក់ចំណូលគ្រួសារ លុបបំបាត់ភាពអត់ឃ្លាន សម្រេចបានសន្តិ សុខស្បៀង ធើ្វឱ្យប្រសើរឡើងអាហារូបត្ថម្ភ និងជំរុញការអភិវឌ្ឍកសិកម្មប្រកប ដោយនិរន្តរភាព ឆ្លើយតបទៅនឹងគោលដៅអភិវឌ្ឍន៍ដោយចីរភាពតាមអភិក្រម និងវិសាលភាពថ្មីលើកកម្ពស់ពិពិធភាវូបនីយកម្មដំណាំដែលមានសក្តានុពល និងមានតម្រូវការទីផ្សាររួមទាំងការចិញ្ចឹមសត្វ និងវារីវប្បកម្មជាលក្ខណៈពាណិជ្ជកម្ម ដែលយើងទាំងអស់គ្នាត្រូវចូលរួមឱ្យបានសកម្មថែមទៀត ព្រម ទាំងការអនុវត្តគោលនយោបាយពិពិធកម្មវិស័យទេសចរណ៍ ដើម្បីកែប្រែជីវភាពរបស់បងប្អូនដែលប្រកបមុខរបរកសិកម្មឱ្យទៅជា “កសិ-ពាណិជ្ជករ” និងទទួលបានតម្លៃបន្ថែមក្នុងជីវភាពរស់នៅ ជាពិសេសធានាបាននូវអាហារូបត្ថម្ភ និងមានអតិរេក សម្រាប់ការនាំចេញ ដោយមិនត្រូវមើលរំលងអំពីការបង្កើនប្រសិទ្ធភាពគ្រប់គ្រង អភិវឌ្ឍធនធានព្រៃឈើ និងជលផល ដើម្បីនិរន្តរភាពនៃភពផែនដី ប្រកបដោយភាតរបរិស្ថាន និងភាពទាក់ទាញពីភ្ញៀវទេសចរផងដែរ។
លោកបន្តថាបច្ចុប្បន្ន សហគមន៍នេសាទចំនួន ១៣១ ក្នុងចំណោមសហគមន៍នេសាទទាំងអស់៥១៦ មានសក្តានុពលភាពអាចបង្កើតជាសហគមន៍ទេសចរណ៍ធម្មជាតិ ដើម្បីរួមចំណែក ក្នុងការលើកកម្ពស់ កម្រិតជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ នៅមូលដ្ឋានក្នុងគោលដៅជុំរុញ កំណើនសេដ្ឋកិច្ចគ្រួសារ ក៏ដូចជាសេដ្ឋកិច្ចជាតិជា ចម្បង។
ជាក់ស្តែង សហគមន៍នេសាទចំនួន ២៧ បាននិងកំពុងដំណើរការទេសចរណ៍ធម្មជាតិនៅតំបន់មាត់សមុទ្រ និងតំបន់បឹងទន្លេសាបនៅក្នុង ៩ខេត្ត រួមមានខេត្តក្រចេះ ស្ទឹងត្រែង តាកែវ សៀមរាប បាត់ដំបង ពោធិ៍សាត់ កំពង់ឆ្នាំង បន្ទាយមានជ័យ កំពត ព្រះសីហនុ កែប និងខេត្ត កោះកុង។ ដោយឡែក យើងបង្កើតសហគមន៍ព្រៃឈើនៅទូទាំងប្រទេស សរុបចំនួន ៦៣៨ ក្នុងនោះបានធ្វើផែនការគ្រប់គ្រងចំនួន១០៣ ព្រមទាំងមានតំបន់ព្រៃឈើតាមបណ្តោយដងស្ទឹង ព្រែក បឹង ក្នុងដែនព្រៃបម្រុងទុកអចិន្ត្រៃយ៍ ចម្ការឈើដាំ ស្ថានីយផ្សព្វផ្សាយ និងស្តារព្រៃឈើ ចម្ការកសិ-រុក្ខកម្ម ចម្ការរុក្ខទិវាថ្នាក់ជាតិ និងក្រោមជាតិ ដែលអាចអភិវឌ្ឍទៅជាគោលដៅទេសចរណ៍ធម្មជាតិ កសិ-ទេសចរណ៍ និងតំបន់លំហែកម្សាន្តផងដែរ។ ក្រៅពីសហគមន៍នេសាទ និងសហគមន៍ព្រៃឈើ ក្រសួងបានបង្កើតសហគមន៍កសិកម្មបានចំនួន១ ១៩០ និងសហភាពសហគមន៍កសិកម្មចំនួន១១ ដែលសុទ្ធតែមានសក្តានុពលសម្រាប់បង្កើតជាតំបន់កសិ-ទេស ចរណ៍នាពេលអនាគត។
រដ្ឋមន្ត្រីបានរំលេចឲ្យឃើញអំពីចំណុច ខ្លាំង ចំណុចខ្សោយក្នុងការដឹកនាំ ការគ្រប់គ្រង កិច្ចការរដ្ឋបាល សេដ្ឋកិច្ច ការបែងចែកផលលាភ ការអភិរក្ស ការគ្រប់គ្រង និងការប្រើប្រាស់ធនធានធម្មជាតិប្រកបដោយចីរភាព និងនិរន្តរភាព។ល។
តែទោះជាយ៉ាងណា រដ្ឋមន្ត្រីបានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះសមិទ្ធផលដែលក្រុមការងារអន្តរក្រសួង និងសហគមន៍អេកូទេសចរណ៍សម្រេចបាននាពេលកន្លងមក។
រដ្ឋមន្ត្រីសង្ឃឹម និងជឿជាក់ថាវេទិកាជាតិនេះ នឹងផ្តល់ឱកាស ជួបជុំគ្នាដើម្បីពិនិត្យតាម ដានអំពីវឌ្ឍនភាព កាលានុវត្តភាព បញ្ហាប្រឈម ព្រមទាំង រួមគ្នារិះរក វិធានការ ដោះស្រាយប្រកប ដោយគំនិតច្នៃប្រឌិត និងការបំពេញភារកិច្ចតាមគន្លងថ្មីដើម្បី ផលប្រយោជន៍រួម ជាពុទ្ធិក្នុងការ ចូលរួមចំណែកពង្រឹងការងារគ្រប់គ្រង និងអភិវឌ្ឍសហគមន៍ទេសចរណ៍ និងវិស័យកសិ-ទេស ចរណ៍ រួមគ្នាជួយទ្រទ្រង់ និងអភិវឌ្ឍន៍សង្គម-សេដ្ឋកិច្ចជាតិ និងការធានានូវចីរភាពបរិស្ថានសម្រាប់ កូនចៅជំនាន់
ក្រោយៗទៀត៕SRP
ភ្នំពេញ៖តាមរយៈបណ្តាញទំនាក់ទំនងសង្គមហ្វេសប៊ុក លោក ហ៊ុន ម៉ានី បានលើកឡើងថា «រយៈពេលជាង២០ឆ្នាំចុងក្រោយនេះ កំណើនសេដ្ឋកិច្ចកម្ពុជា បន្តកើនឡើងរង្វង់៧%»។
លោក ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា បន្តថា តាមរយៈកំណើនសេដ្ឋកិច្ចដ៏ល្អប្រសើរនេះ ធ្វើឲ្យកម្ពុជាមានលទ្ធភាពគ្រប់គ្រាន់ ក្នុងការពង្រឹង និងពង្រីកការអភិវឌ្ឍ លើហេដ្ឋារចនាសម្ព័ន្ធ ការអប់រំ សុខាភិបាល និងការលើកកម្ពស់ ជីវភាពមន្ត្រីរាជការ គ្រូបង្រៀន ជាពិសេសកម្មករ កម្មការិនី និយោជិក តាមរយៈការតម្លើងប្រាក់ឈ្នួលអប្បបរមា ជារៀងរាល់ឆ្នាំ មិនថាខណៈដែលកម្ពុជា ស្ថិតក្នុងដំណាក់កាល វិបត្តិកូវីដ១៩ក្តី។
លោកបានសង្កត់ធ្ងន់ថា កំណើនសេដ្ឋកិច្ចនេះ ពិតជាបានសបញ្ជាក់ ពីភាពរឹងមាំ របស់កម្ពុជា និងភាពទទួលខុសត្រូវ ខ្ពស់របស់ រាជរដ្ឋាភិបាល ក្នុងការឆ្លើយតប និងបំពេញតម្រូវការប្រជាពលរដ្ឋ។
លោកហ៊ុន ម៉ានី បន្ថែមថា ឈរលើមូលដ្ឋានដ៏ច្បាស់លាស់ ដើម្បីបន្តកសាង និងការពារជាតិមាតុភូមិ តាមរយៈគោលការណ៍១១ខ ដែលក្តោបរួមលើគ្រប់ទិដ្ឋភាព និងវិស័យនានា គណបក្សប្រជាជនកម្ពុជា បានប្រកាន់ភ្ជាប់ឥតប្រែប្រួលនូវគោលបំណង និងឧត្តមគតិ របស់ខ្លួន ដែលផ្សារភ្ជាប់ ទៅនឹងការថែរក្សា ការពាររាល់សមិទ្ធផលសង្គមជាតិ សន្តិភាព និងស្ថេរភាព និងការរួមសុខរួមទុក្ខ ជាមួយប្រជាជនជានិច្ចគ្រប់ដំណាក់កាល ទាំងអស់។
បើតាមហ៊ុន ម៉ានី បានបញ្ជាក់បន្ថែមថា ទោះបីជាត្រូវឆ្លងកាត់ការលំបាក និងបញ្ហាស្មុគស្មាញយ៉ាងណាក៏ដោយ គណបក្សប្រជាជនកម្ពុជានឹងបន្តបេសកម្ម ក្នុងការដឹកនាំ បង្កើតសមិទ្ធផលថ្មីៗ និងការអភិវឌ្ឍ លើគ្រប់វិស័យ ជាពិសេស ការឈានឆ្ពោះទៅកាន់ ការសម្រេចបាននូវចក្ខុវិស័យ កម្ពុជា២០៣០ និង២០៥០៕SRP
ខេត្តសៀមរាប៖លោកខៀវ កាញារីទ្ធ រត់មន្ត្រីក្រសួងព័ត៌មាន បានអញ្ជើញជាអធិបតី ខួប១០ឆ្នាំ នៃកិច្ចដំណើរការផ្សាយ វិទ្យុFMជាតិនគរភ្នំ ១០៣ MHz និង៤ឆ្នាំ ទូរទស្សន៍ជាតិ មន្ទីរព័ត៌មានខេត្តសៀមរាប។
ពិធីធ្វើឡើងនៅរសៀលថ្ងៃទី២៦ ខែមករា ឆ្នាំ២០២១នេះ នៅមន្ទីរព័ត៌មានខេត្តសៀមរាប ដោយមានការចូលរួមពី លោកពិន ប្រាកដ អភិបាលរងខេត្ត លោកម៉ក់ សំភា សមាជិកក្រុមប្រឹក្សាខេត្ត រួមនឹងមន្ត្រីអាជ្ញាធរមូលដ្ឋាននិងអ្នកសារព័ត៌មាន កងកម្លាំងប្រដាប់អាវុធជាច្រើនរូបផងដែរ៕SRP
ខេត្តសៀមរាប៖គណៈកម្មាធិការអន្តរជាតិដើម្បីសម្របសម្រួលកិច្ចគាំពារ និងអភិវឌ្ឍន៍រមណីយដ្ឋានប្រវត្តិសាស្ត្រអង្គរ ហៅកាត់ថា អាយស៊ីស៊ី-អង្គរ (ICC-Angkor) បានសម្រេចរៀបចំកិច្ចប្រជុំបច្ចេកទេសលើកទី៣៤ និងកិច្ចប្រជុំពេញអង្គលើកទី២៧នៃអាយស៊ីស៊ី-អង្គរ នៅថ្ងៃទី២៦-២៧ ខែមករា ឆ្នាំ២០២១ នាសណ្ឋាគារសូហ្វីតែល ខេត្តសៀមរាប បន្ទាប់ពីខកខានដោយសារការរីករាតត្បាតជាសកលនៃជំងឺកូវីដ១៩។
កិច្ចប្រជុំទាំងពីរនេះ ប្រព្រឹត្តទៅក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្រ្តីក្រសួងវប្បធម៌និងវិចិត្រសិល្បៈ និងជាប្រធានក្រុមប្រឹក្សាភិបាលនៃអាជ្ញាធរជាតិអប្សរា ក្នុងនាមតំណាងរាជរដ្ឋាភិបាលកម្ពុជា និងលោកជំទាវ Eva Nguyên-Binh ឯកអគ្គរដ្ឋទូតបារាំងប្រចាំនៅកម្ពុជា និងឯកឧត្តម Mikami Masahiro ឯកអគ្គរដ្ឋទូតជប៉ុនប្រចាំនៅកម្ពុជា ក្នុងនាមសហប្រធាននៃកិច្ចប្រជុំពេញអង្គ ។
ទន្ទឹមនឹងនេះ អ្នកជំនាញការអន្តរជាតិ ភ្ញៀវជាតិ និងក្រុមអ្នកជំនាញពាក់ព័ន្ធមួយចំនួនទៀត នឹងចូលរួមកិច្ចប្រជុំទាំងពីរ តាមរយៈ video conference ពីកិច្ចប្រជុំជាក់ស្តែងនាខេត្តសៀមរាប និងក្រៅប្រទេស។ កិច្ចប្រជុំនេះដែរ ក៏មានការចូលរួមពីអ្នកជំនាញអាដហុកថ្មី សម្រាប់ការងារអភិរក្សដែលទើបទទួលបានការតែងតាំងថ្មីគឺ លោកសាស្រ្តាចារ្យ Stefano De Caro អតីតអគ្គនាយកនៃវត្ថុបុរាណរបស់ប្រទេសអ៊ីតាលី និងជាអតីតអគ្គនាយកនៃICCROM ។
ប្រធានបទសំខាន់ៗនៃកិច្ចប្រជុំ គឺផ្តោតលើការអភិរក្សនិងអភិវឌ្ឍន៍ប្រកបដោយចីរភាពនៅក្នុងតំបន់អង្គរ ការតាមដានអំពីការអនុវត្តនូវរាល់អនុសាសន៍ដែលកិច្ចប្រជុំអាយស៊ីស៊ី-អង្គរបានសម្រេចនាពេលកន្លងមក ការពិភាក្សាផ្លាស់ប្តូរយោបល់រវាងអ្នកជំនាញអាដហុកអំពីកិច្ចការផ្សេងៗដែលកំពុងនិងត្រៀមអនុវត្តនាពេលអនាគត។ ក្នុងនោះដែរ កិច្ចប្រជុំក៏នឹងសម្រេចអនុម័តនូវអនុសាសន៍ថ្មីៗបន្ថែមដល់ក្រុមការងារជំនាញដើម្បីអនុវត្តស្របតាមផែនការអនុវត្តគម្រោងនីមួយៗ។
ចំពោះការចូលរួមដោយផ្ទាល់ពីអ្នកជំនាញជាតិ-អន្តរជាតិ នៅសណ្ឋាគារសូហ្វីតែល គឺប្រកាន់ខ្ជាប់នូវវិធានការអនាម័យ និងការរក្សាគម្លាតសង្គម ក្នុងនោះបានកំណត់ចំនួនអ្នកចូលរួមផ្ទាល់ ចំនួនតែ៧០នាក់ប៉ុណ្ណោះ៕SRP

ខេត្តសៀមរាប៖អាយស៊ីស៊ី អង្គរ – សំបូរព្រៃគុក ផ្ដើមបើក កិច្ចប្រជុំ នារសៀលថ្ងៃនេះ នៅខេត្តសៀមរាប ក្រោមវត្តមានលោកជំទាវបណ្ឌិតសភាចារ្យ គ្រឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌និងវិចិត្រសិល្បៈ និងជាប្រធានក្រុមប្រឹក្សាភិបាលនៃអាជ្ញាធរជាតិអប្សរា ក្នុង នាមតំណាងរាជរដ្ឋាភិបាលកម្ពុជា លោកជំទាវ Eva Nguyên-Binh ឯកអគ្គរដ្ឋទូតបារាំងប្រចាំនៅកម្ពុជា និងលោក Mikami Masahiro ឯកអគ្គរដ្ឋទូតជប៉ុនប្រចាំនៅកម្ពុជា ក្នុងនាមសហប្រធាននៃកិច្ចប្រជុំពេញអង្គ។
កិច្ចប្រជុំនេះធ្វើឡើងថ្ងៃទី ២៦-២៧ ខែមករា ឆ្នាំ២០២១ នៅសណ្ឋាគារសូហ្វីតែល ខេត្តសៀមរាប៕SRP

ខេត្តព្រះវិហារ៖គណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយ និងសមាគមអតីតយុទ្ធជន នៅព្រឹក ថ្ងៃអង្គារ ទី២៦ ខែមករា ឆ្នាំ ២០២១ បានបើកកិច្ចប្រជុំបូកសរុបលទ្ធផលការងារ ឆ្នាំ២០២០ និងទិសដៅអនុវត្តន៍ ឆ្នាំ២០២១។
កកិច្ចប្រជុំនេះក្រោមវត្តមានលោកគន់ គីម ទេសរដ្ឋមន្ត្រី ទទួលបន្ទុកបេសកកម្មពិសេស និងជាអនុប្រធានទី១ នៃគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ និងជាអគ្គលេខាធិការសមាគមអតីត យុទ្ធជនកម្ពុជា ដោយមាន ការអញ្ជើញ ចូលរួមពី លោកប្រាក់ សុវណ្ណ អភិបាលខេត្តព្រះវិហារ នឹងមន្ត្រីពាក់ព័ន្ធជាច្រើនរូបទៀត៕SRP
ខេត្តកំពង់ចាម៖សមត្ថកិច្ចបានចាប់ខ្លួន ជនដៃដល់ ដែលបានកាប់សម្លាប់គ្នា ជាប្អូនជីដូនមួយ។
ករណីឃាតកម្មនេះ កើតឡើងនៅយប់ថ្ងៃទី២៣ ខែមករា ឆ្នាំ២០២១ ចំណុចភូមិតាំងជ្រៃ ឃុំសណ្ដែក ស្រុកបាធាយ ខេត្តកំពង់ចាម។
ជនរងគ្រោះឈ្មោះ ឌឿន តូច អាយុ៣១ឆ្នាំ មានទីលំនៅនៅភូមិ-ឃុំកើតហេតុខាងលើ។ ចំណែកជនដៃដល់ ឈ្មោះ តឿន ទុំ អាយុ១៩ឆ្នាំ រស់នៅភូមិ-ឃុំ ជាមួយគ្នា។
សមត្ថកិច្ខនគរបាលស្រុកបាធាយបានឲ្យដឹងថា
ការកាប់ប្រហារ ទៅលើជនរងគ្រោះ នេះ បន្ទាប់ពីជនរងគ្រោះ ដើរចេញពីរោងការ មួយកន្លែងទៅយកម៉ូតូ ដែលផ្ញើទុកនៅនឹងផ្ទះពលរដ្ឋ នៅខាងត្បូងរោងការ ដោយដើរតាមផ្លូវលំបានប្រហែល៧០ម៉ែត្រ បម្រុងទៅយកម៉ូតូត្រឡប់ ទៅផ្ទះវិញ ក៏ត្រូវជនល្មើស លបកាប់នឹងកាំបិតបណ្ដាលឲ្យរងរបួសផ្នែកមុខ ជាច្រើន ត្រូវកំភួនដៃ និងដាច់កដៃខាងឆ្វេង។
ក្រោយធ្វើសកម្មភាព ជនដៃដល់ បានរត់គេចខ្លួនបាត់។
ដោយមានការស្រាវជ្រាវ និងយកចិត្តទុកដាក់ នៅវេលាម៉ោង៨និង៣០នាទី យប់ ថ្ងៃទី២៥ មករា ២០២១ កម្លាំងជំនាញបានឃាត់ខ្លួនជនដៃដល់បានជោគជ័យ។
ជនដៃដល់បានឆ្លើយសារភាពថា ខ្លួនពិតជាបានធ្វើសកម្មភាព យកដាវ កាប់ទៅលើ ជនរងគ្រោះ ដែលត្រូវជាបងជីដូនមួយ នេះ ពិតប្រាកដមែន។
មូលហេតុកាប់ច្រឡំ រឿងគំនុំពីថ្ងៃ ជាមួយភ្ញៀវខាងកូនកំលោះ។ ករណីនជំនាញដកហូតបាន ដាវចំនួន០១ ជាវត្ថុតាង។
បច្ចុប្បន្ន អធិការដ្ឋាននគរបាល ស្រុកបាធាយ កសាងសំណុំរឿងតាមនីតិវិធី៕SRP

ភ្នំពេញ៖សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ នៅទី២៦ ខែមករា ឆ្នាំ២០២១នេះ បានអញ្ជើញជាអធិបតីពិធីប្រកាសផ្សព្វផ្សាយរបាយការណ៍ជាតិ ស្ដីពីលទ្ធផលចុងក្រោយជំរឿនទូទៅប្រជាជននៅព្រះរាជាណាចក្រកម្ពុជា ឆ្នាំ២០១៩ ។
ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ឆាយ ថន ទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងផែនការ បានធ្វើរបាយការណ៍ជូនសម្ដេចក្រឡាហោម ព្រមទាំងអង្គពិធីថា កាលពីឆ្នាំ២០១៩កន្លងទៅ កម្ពុជាបានអនុវត្តការធ្វើជំរឿនប្រជាជនទូទាំងប្រទេស ដែលជាព្រឹត្តិការណ៍ប្រវត្តិសាស្រ្តថ្មីមួយទៀតក្នុងរយៈពេល១០ឆ្នាំម្ដង បន្ទាប់ពីកម្ពុជាបានធ្វើជំរឿនប្រជាជនលើកដំបូងកាលពីឆ្នាំ១៩៦២ និងខកខានអស់រយៈពេលជាង៣ទសវត្សរ៍ ដោយសារវិបត្តិផ្ទៃក្នុង រហូតដល់ឆ្នាំ១៩៩៨ ទើបជំរឿនលើកទី២ត្រូវបានធ្វើឡើងជាថ្មីទៀត ។
ឯកឧត្តមបានរំលឹកថានៅឆ្នាំ២០០៨ កម្ពុជាមានផែនការធ្វើជំរឿនលើកទី៣ ប៉ុន្តែការងារនេះត្រូវបានខកខានទៅវិញ ដោយសារពេលនោះកម្ពុជាត្រូវរៀបចំការបោះឆ្នោតជាតិ ទើបមានការសម្រេចលើកពេលមកធ្វើនៅឆ្នាំ២០១៩វិញ ដោយប្រើប្រាស់ថវិកាជាតិ ចំណាយអស់ថវិកាប្រមាណ៩លាន ៩សែនដុល្លារអាមេរិក ។ ឯកឧត្តមក៏បានថ្លែងអំរណរគុណដៃគូជាតិ និងអន្តរជាតិដែលតែងតែបានចូលរួមសហការ និងគាំទ្រក្នុងការងារធ្វើជំរឿននេះដែរ ។
ឯកឧត្តមទេសរដ្ឋមន្រ្តីបានបន្តថា ជំរឿនឆ្នាំ២០១៩ មានវិសាលភាពគ្របដណ្ដប់លើគ្រួសារប្រជាជនសរុបចំនួន ៣,៥លានគ្រួសារ ស្ថិតក្នុងតំបន់ផ្សេងៗគ្នាទូទាំងប្រទេស ទាំងអ្នករស់ក្នុងលំនៅដ្ឋាន ស្ថាប័ន ផ្ទះសំណាក់ វត្តអារាម មន្ទីរពេទ្យ ពន្ធនាគារ ជាដើម លើកលែងតែប្រជាជនធ្វើការ រៀនសូត្រ ឬរស់នៅក្រៅប្រទេស គ្រួសារអង្គទូតក្រៅប្រទេសប៉ុណ្ណោះ។
អញ្ជើញថ្លែងសុន្ទរកថានាឱកាសនោះ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី បានចាត់ទុកពិធីប្រកាសផ្សព្វផ្សាយ របាយការណ៍ជាតិនៃលទ្ធផលចុងក្រោយ ជំរឿនទូទៅប្រជាជននៅកម្ពុជាឆ្នាំ២០១៩នេះ ថា ជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រដ៏សំខាន់ ដែលបានប្រព្រឹត្តទៅប្រកបដោយជោគជ័យ និងស្របតាមច្បាប់ជាធរមាន និងបានសម្ដែងការកោតសរសើរចំពោះគណៈកម្មការជំរឿន ក្រសួងផែនការ វិទ្យាស្ថានជាតិស្ថិតិ ព្រមទាំងមន្ត្រីជំរឿនរាប់ ម៉ឺននាក់ និងប្រជាជនកម្ពុជាដែលបានបំពេញកិច្ចការនេះប្រកបដោយជោគជ័យ ។
ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា សម្ដេចក៏បានថ្លែងអំណរគុណអង្គការមូលនិធិសហប្រជាជាតិ សម្រាប់ ប្រជាជន (UNFPA) និងភ្នាក់ងារអភិវឌ្ឍន៍អន្តរជាតិ អាល្លឺម៉ង់ (GIZ) ព្រមទាំងអង្គការ Sida ដែលបាន ផ្តល់ជំនួយថវិកា និងបច្ចេកទេសគាំទ្រ និងរដ្ឋាភិបាលចិន ដែលបានផ្តល់ឧបករណ៍សម្រាប់ការងារជំរឿនយ៉ាងច្រើនសន្ធឹកសន្ធាប់ ដូចជា រថយន្ត ម៉ូតូ និងឧបករណ៍អេឡិចត្រូនិចដូចជា ម៉ាស៊ីនសឺវ៉ើ កុំព្យួទ័រ ព្រីនធ័រ និង Tablets និងម៉ាស៊ីន បញ្ចាំងស្លាយ (LCD Projector) ជាដើម ។
សម្ដេចបានបន្ថែមថាជំរឿនប្រជាជន គឺជាប្រភពព័ត៌មានតែមួយគត់ស្តីអំពីចំនួន និងចរិត លក្ខណៈប្រជាជន ។ ជំរឿនប្រជាជនមាន វិសាលភាពរឹងមាំ ល្អិតល្អន់ និងអាចផ្តល់អោយនូវចំនួនប្រជាជនក្នុង តំបន់រហូតដល់ថ្នាក់តូចៗថែមទៀត ដែលប្រភពទិន្នន័យផ្សេងៗទៀតមិនមានឡើយ ។ ជំរឿនក៏ផ្តល់ជូនផងដែរ នូវក្របខ័ណ្ឌជ្រើសរើសគំរូ ក៏ដូចជាមូលដ្ឋាន នៃការធ្វើចំណោល ឬព្យាករណ៍ប្រជាជន ដែលជាកត្តាសំខាន់សម្រាប់ ការងារផែនការរយៈពេលវែង ។
នៅក្នុងឱកាសនោះដែរ សម្ដេចក្រឡាហោម ក៏បានចែករំលែកជាមួយអង្គពិធីនូវមតិយោបល់មួយចំនួន អំពីតួនាទី និងអត្ថប្រយោជន៍ក្នុងការរៀបចំគោលនយោបាយរបស់ទិន្នន័យស្ថិតិ ពិសេសជំរឿនប្រជាជន ក្នុង ការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមកិច្ច ដែលរាជរដ្ឋាភិបាលកម្ពុជាយល់ឃើញថា ជាកិច្ចការសំខាន់មានអាទិភាព ខ្ពស់សម្រាប់ទទួលនូវហិរញ្ញប្បទានពីរាជរដ្ឋាភិបាល និងដៃគូអភិវឌ្ឍន៍ផងដែរ ។
ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា សម្ដេចបានផ្ដល់អនុសាសន៍ឱ្យប្រើប្រាស់ទិន្នន័យជំរឿននេះ ជាទិន្នន័យមានគុណភាពល្អ គួរជឿទុកចិត្តបានឱ្យបានទូលំទូលាយក្នុងការរៀបចំគោលនយោបាយ និងគាំទ្រការអភិវឌ្ឍប្រកបដោយចីរភាពឆ្នាំ២០៣០ និងកម្មវិធីផ្សេងទៀត ដោយត្រូវខិតខំវិភាគទិន្នន័យជំរឿននេះឱ្យបានគ្រប់ជ្រុងជ្រោយ ដើម្បីធានាការប្រើប្រាស់ និងតម្រូវការទិន្នន័យទាំងនៅថ្នាក់ជាតិ និងក្រោមជាតិ ព្រមទាំងខិតខំកៀគរដៃគូសហការធ្វើជំរឿនសេដ្ឋកិច្ច និងជំរឿនកសិកម្ម ។
សម្ដេចបានណែនាំឱ្យយកចិត្តទុកដាក់បណ្ដុះបណ្ដាល និងកសាងធនធានមនុស្សឱ្យមានប្រសិទ្ធភាពលើការងារធ្វើជំរឿន និងអង្កេត ពីព្រោះកិច្ចការនេះគឺជាកិច្ចការស្មុគស្មាញ និងជាពហុវិស័យ ។ សម្ដេចក៏បានណែនាំឱ្យមានការផ្សព្វផ្សាយទិន្នន័យជំរឿននេះឱ្យបានទូលំទូលាយ ដើម្បីបង្កើនការយល់ដឹង និងប្រើប្រាស់ស្ថិតិបានត្រឹមត្រូវ ។ សម្ដេចបានណែនាំឱ្យខិតខំពង្រឹងប្រព័ន្ធស្ថិតិជាតិ តាមរយៈការពង្រឹងបទបញ្ញត្តិ និងយន្តការនានាឱ្យស្របតាមច្បាប់ និងយុទ្ធសាស្រ្តជាតិ ចៀសវាងភាពជាន់គ្នាក្នុងការអង្កេត និងភាពប្រទាំងប្រទិសក្នុងការផ្សព្វផ្សាយលទ្ធផល ។
មុននឹងបញ្ចប់ពិធីប្រកាសផ្សព្វផ្សាយរបាយការណ៍ជាតិ ស្ដីពី លទ្ធផលចុងក្រោយជំរឿនទូទៅប្រជាជននៅព្រះរាជាណាចក្រកម្ពុជា ឆ្នាំ២០១៩ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានអញ្ជើញបំពាក់គ្រឿងឥស្សរិយសជូនថ្នាក់ដឹកនាំ មន្រ្តី និងដៃគូសហប្រតិបត្តិការនានា ដែលមានស្នាដៃក្នុងការចូលរួមអនុវត្ត និងគាំទ្រ ធ្វើឱ្យសម្រេចបានជោគជ័យការធ្វើជំរឿនទូទៅប្រជាជនឆ្នាំ២០១៩ រហូតមានការប្រកាសជាផ្លូវការនៅថ្ងៃនេះ៕SRP
ខេត្តកំពង់ចាម៖ថ្លែងក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២០ និងលើកទិសដៅបន្ត ឆ្នាំ២០២១ របស់សាខាសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ ខេត្តកំពង់ចាម កាលពីរសៀលថ្ងៃទី២៥ ខែមករា ម្សិលមិញ លោកស្រី ញូង ចរិយា អ៊ុន ចាន់ដា បានសាទរ លទ្ធផលរបស់សាខាសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ខេត្តកំពង់ចាម សម្រចបានទាំងអស់ គឺបានឆ្លុះបញ្ចាំងអំពីការចូលរួមចំណែកគាំទ្រ គោលនយោបាយ របស់រាជរដ្ឋាភិបាល។
លោកស្រីញូង ចរិយា អ៊ុន ចាន់ដា ប្រធានកិត្តិយសសាខាសមាគមនារីកម្ពុជាដើម្បីសន្តិភាព និងអភិវឌ្ឍន៍ខេត្ត បានថ្លែងនូវការកោតសរសើរចំពោះថ្នាក់ដឹកនាំសាខា ដែលបានដឹកនាំ និងខិតខំប្រឹងប្រែង ជម្នះពុះពារបំពេញភារកិច្ចបានយ៉ាងល្អ ក្នុងការសម្រួលទុក្ខលំបាករបស់ស្រ្តី និងជនងាយរងគ្រោះ ក្នុងខេត្តកំពង់ចាម។ លទ្ធផលទាំងអស់នេះ គឺឆ្លុះបញ្ចាំងអំពីការចូលរួមចំណែកគាំទ្រគោលនយោបាយ របស់រាជរដ្ឋាភិបាល ក៏ដូចជាគណបក្សប្រជាជនកម្ពុជា ផងដែរ។
លោកស្រី ក៏បានសំណូមពរ ដល់ថ្នាក់ដឹកនាំ សមាជិកាសាខា សមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ ខេត្តកំពង់ចាម ឲ្យយកចិត្តទុកដាក់ ផ្តោតលើការងារសំខាន់ៗ គឺត្រូវចេះការពារខ្លួន និងធ្វើអនាម័យជាប្រចាំ ដើម្បីចៀសផុតពីជម្ងឺគ្រប់ប្រភេទ ពិសេសជម្ងឺ COVID-19 នឹង ត្រូវបន្តអនុវត្តឲ្យបានជោគជ័យនូវទិសដៅការងារឆ្នាំ២០២១ របស់សាខា និងពង្រឹងរចនាសម្ព័ន្ធ រក្សាស្មារតី សាមគ្គីភាព ឯកភាពផ្ទៃក្នុងឲ្យកាន់តែរឹងមាំ ព្រមទាំងរួមគ្នាថែរក្សា សុខសន្តិភាព និងទប់ស្កាត់ឲ្យបាននូវមហិច្ឆតាអាក្រក់ទាំងឡាយ ដែលប៉ុនប៉ងបង្កចលាចល បំផ្លាញសន្តិសុខសណ្តាប់ធ្នាប់សង្គម៕SRP


