Skip to content
Siem Reap Post
  • ព័ត៌មានជាតិ
  • ព័ត៌មានអន្តរជាតិ
  • ទូរស័ព្ទ: 069382925/ 0886737999
សម្ដេចធិបតី៖ កម្ពុជាមិនទទួលស្គាល់ដាច់ខាតការកែប្រែខ្សែបន្ទាត់ព្រំដែន ឬការកាន់កាប់ទឹកដីដោយខុសច្បាប់អន្តរជាតិ ឬតាមរយៈការប្រើប្រាស់កម្លាំង
អភិបាលខេត្តបាត់ដំបង អញ្ជើញបើកការដ្ឋានជួសជុលពង្រីកតួថ្នល់លើកំណាត់ផ្លូវជាតិលេខ៥ ដោយក្រាលកៅស៊ូDBSTប្រវែង២ ០០០ម៉ែត្រ ទទឹង១៧ម៉ែត្រ
ឯកឧត្តម អ៊ុន ចាន់ដា ជំរុញដល់សមត្ថកិច្ចពាក់ព័ន្ធ ពង្រឹងការអនុវត្តវិធានការរដ្ឋបាលចល័តជាប្រចាំ ទោះបីខេត្តកំពង់ចាមពុំមានស្តែមអនឡាញ Online Scams
រដ្ឋបាលខេត្តកំពង់ចាម ធ្វើតេស្តរកសារធាតុញៀន មន្ត្រីរាជការ មន្ត្រីជាប់កិច្ចសន្យា ឆ្នាំ២០២៦
អង្គភាពប្រឆាំងអំពើពុករលួយ បញ្ជូនមេក្លោង ០២នាក់ និងអ្នកស៊ីឈ្នួលប្រឡងជំនួសចូល សាលាពេទ្យ២នាក់ទៅតុលាការ
Avatar photo
សៀមរាប ប៉ុស្តិ៍
២៩ តុលា ២០២២

ខេត្តកំពង់ធំ៖សម្តេចតេជោ ហ៊ុន សែន បានថ្លែងអំណរគុណ ប្រជាពលរដ្ឋទាំងអស់ ដែលបានបោះឆ្នោតគាំទ្រ គណបក្សប្រជាជន ក្នុងពេលបោះឆ្នោតក្រុមប្រឹក្សាឃុំ-សង្កាត់ ហើយសម្តេចសង្ឃឹមថា បងប្អូនប្រជាពលរដ្ឋ នឹងបន្តបោះឆ្នោតជូនបក្សប្រជាជនកម្ពុជា ជាបន្តទៀតនៅឆ្នាំ២០២៣ខាងមុខ។

សម្តេចតេជោបានមានប្រសាសន៍ថា មន្ត្រីរបស់គណបក្សប្រជាជនកម្ពុជា តែងតែនៅជាប់ជាមួយប្រជាពលរដ្ឋជានិច្ច ជាពិសេសរាល់ពេលដែលពលរដ្ឋមានទុក្ខលំបាក។

សម្តេចតេជោនាយករដ្ឋមន្ត្រី ក៏បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះអាជ្ញាធរពាក់ព័ន្ធទាំងអស់ ដែលបានរួមគ្នា ដោះស្រាយបញ្ហារបស់ ប្រជាពលរដ្ឋ ពេលទឹកជំនន់ផងដែរ។

សម្តេចតេជោ ហ៊ុន សែន មានប្រសាសន៍យ៉ាងដូច្នេះ ក្នុងឱកាស អញ្ជើញផ្តល់ស្រូវពូជ និងស្បៀងអាហារ ជូនកសិករជិត៧ពាន់គ្រួសារ នៅខេត្តកំពង់ធំ ថ្ងៃសៅរ៍ នេះ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 500
Avatar photo
សៀមរាប ប៉ុស្តិ៍
២៩ តុលា ២០២២

ខេត្តបាត់ដំបង៖ក្នុងឱកាស ដឹកនាំកិច្ចប្រជុំបូកសរុបត្រួតពិនិត្យការងារប្រចាំខែ និងលើកទិសដៅការងារចាំបាច់មួយចំនួន នៅរសៀលថ្ងៃព្រហស្បតិ៍ ថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២២ លោក សុខ លូ អភិបាលខេត្តបាត់ដំបង បានលើកឡើងថា បញ្ហាគ្រឿងញៀន និងបញ្ហាល្បែងស៊ីសង ត្រូវតែបន្តខិតខំបង្រ្កាបឱ្យបាន មានប្រសិទ្ធិភាព ដើម្បីធានាថា នៅក្នុងមូលដ្ឋានរបស់ខ្លួនមិនមានបញ្ហាការជួញដូរគ្រឿងញៀន ការប្រើប្រាស់គ្រឿងញៀនផ្សេងៗ នៅក្នុងភូមិសាស្រ្ដរបស់ខ្លួន និងត្រូវធានាថា មិនមាន ករណីល្បែងស៊ីសងខុសច្បាប់ ព្រោះថាទង្វើទាំងអស់នេះ គឺជាទង្វើមួយដែលធ្វើឱ្យនៅតាមភូមិ ឃុំ សង្កាត់ មានភាពអសន្ដិសុខ បង្កភាពភ័យខ្លាច ដល់ប្រជាពលរដ្ឋក្នុងការរស់នៅ។

នៅក្នុងកិច្ចប្រជុំលោក សុខ លូ ក៏បានធ្វើការបន្តណែនាំដល់អភិបាលក្រុង ស្រុក មន្ទីរ អង្គភាពជុំវិញខេត្ត គួរតែមានអ្នកនាំពាក្យ នៅតាមអង្គភាពសាមី ដើម្បីធ្វើការទប់ស្កាត់ បញ្ហាការ ផ្សព្វផ្សាយបំពុលពីសំណាក់ជន មួយចំនួន ដោយត្រូវធ្វើការឆ្លើយតបភ្លាមៗ ចំពោះព័ត៌មានបំពុលទាំងនោះ ហើយត្រូវគ្រប់គ្រង អ្នកសារព័ត៌មាន ដែលមានអាជ្ញាប័ណ្ណ និងគ្មានអាជ្ញាប័ណ្ណ ត្រូវឧស្សាហ៍ ជួបសំណេះសំណាលជាមួយក្រុមអ្នកសារព័ត៌មាន ទាំងនោះ ដោយធ្វើការបង្ហាញពីច្បាប់ ឬសុជីវធម៌ ឬវិជ្ជាជីវៈរបស់អ្នកសារព័ត៌មាន ដើម្បីលុបបំបាត់ការផ្សព្វផ្សាយលក្ខណៈបំពុលសង្គម ធ្វើឱ្យសង្គម មានភាពរញ៉េរញ៉ៃ ផងដែរ។

លោក សុខ លូ ក៏បានមានប្រសាសន៍ណែនាំដល់អភិបាលក្រុងស្រុកទាំង១៤ ក៏ដូចជាមន្ទីរអង្គភាពជុំវិញខេត្ត ត្រូវបន្តខិតខំប្រឹងប្រែង បំពេញតួនាទីភារកិច្ចរបស់ខ្លួន ឱ្យកាន់តែល្អប្រសើរ ជាលំដាប់ ក្នុងន័យដើម្បីបម្រើ ផលប្រយោជន៍ដល់ប្រជាពលរដ្ឋផងដែរ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 600
Avatar photo
សៀមរាប ប៉ុស្តិ៍
២៧ តុលា ២០២២

ភ្នំពេញ៖នគរបាលព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ សហការជាមួយនគរបាលខេត្តកោះកុង បានឃាត់ខ្លួនមន្រ្តីយោធាម្នាក់ តាមពាក្យបណ្តឹងរបស់លោកជំទាវ ហ៊ុន ស៊ីណាត ក្រោយយកឈ្មោះ លោកជំទាវ ទៅឆបោកយកប្រាក់ពីប្រជាពលរដ្ឋ ក្នុងភូមិសាស្ដ្រ ឃុំអណ្ដូងទឹក ស្រុកបូទុមសាគរ ខេត្តកោះកុង។

ការឃាត់ខ្លួននេះ បានធ្វើឡើង នៅថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២២ នៅខណ្ឌកំបូល រាជធានីភ្នំពេញ។

តាមដីកាបង្គាប់ឲ្យចាប់ខ្លួន របស់សាលាដំបូងខេត្តកោះកុង បានឲ្យដឹងថា បុរសដែលត្រូវឃាត់ខ្លួននេះ ឈ្មោះ ម៉ៅ អ៊ូច ឬឈ្មោះ ម៉ៅ អ៊ុច ភេទប្រុស អាយុ៤២ឆ្នាំ (ទាហានការពារនៅព្រំដែនជើងគៅក ប្រចាំខេត្ដកោះកុង នៅវរៈ៣០៣) មានទីលំនៅបច្ចុប្បន្ន ស្រុកមណ្ឌល ខេត្តកោះកុង។

ឃាត់ខ្លួននេះដោយសារឈ្មោះ ម៉ៅ អ៊ុច បានយកឈ្មោះ លោកស្រី ហ៊ុន ស៊ីណាត ដើម្បីឆបោកយកប្រាក់ពីប្រជាពលរដ្ឋ ក្នុងភូមិសាស្ដ្រឃុំអណ្ដូងទឹក ស្រុកបូទុមសាគរ ខេត្តកោះកុង ដោយរូបគេ បានអះអាងជាមួយប្រជាពលរដ្ឋថា យកប្រាក់នេះមកជូនលោកស្រី ហ៊ុន ស៊ីណាត ដើម្បីឲ្យស្នើសុំកាត់ឆ្វៀលដី នៅក្នុងស្រុកបូទុមសាគរ ខេត្តកោះកុង៕SRP

Like 195
Comment 0
Share ចែកចាយ
Views 1.2K
Sponsored
Sponsored
Avatar photo
សៀមរាប ប៉ុស្តិ៍
២៦ តុលា ២០២២

ខេត្តសៀមរាប៖សិស្សសាលា ចំនួនពីរនាក់ត្រូវបានរថយន្តដឹកដីមួយគ្រឿងបុកចំពេញទំហឹងបណ្ដាលឱ្យស្លាប់ម្នាក់របួសធ្ងន់ម្នាក់។

ហេតុការណ៍បានកាត់ឡើង នៅវេលាម៉ោង ១៦ និង ៣០នាទីថ្ងៃទី ២៥ ខែតុលា ឆ្នាំ២០២២ ត្រង់ចំណុចស្តុប សម្ដេចជាសុីម លើផ្លូវសម្ដេចជាសុីម ភូមិជន្លង់ សង្កាត់សាលាកំរើក ក្រុងសៀមរាម។

របាយការណ៍ របស់ការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប បានឱ្យដឹងថា ករណីគ្រោះថ្នាក់ចរាចរណ៍នេះ រវាង រថយន្ត នឹង ម៉ូតូ។ រថយន្តម៉ាក HYUNDAI ពណ៌ស ពាក់ស្លាកលេខ សៀមរាប3 A 3068 អ្នកបើកបរ មិនស្គាល់អត្តសញ្ញាណ ទិសដៅ ពីកើត បត់ឆ្វេងទៅត្បូងបុកជាមួយម៉ូតូម៉ាកហុងដា C 125 ខ្មៅ ផ្លាកលេខសៀមរាប 1AE 2230 បើកបរដោយឈ្មោះ ឡេង ប៊ុនគៀង ភេទ ប្រុសអាយុ19 បណ្ដាលឱ្យរបួសធ្ងន់អ្នករួមដំណើរឈ្មោះឡេង លីស្រ៑ាង ភេទប្រុសអាយុ 17ឆ្នាំ (ស្លាប់នៅពេលបញ្ជូនទៅដល់មន្ទីរពេទ្យ)។ អ្នកទាំងពីរ ជាសិស្សរៀននៅវិទ្យាល័យអង្គរ និងមានទីលំនៅភូមិខ្នាសង្កាត់ជ្រាវ ក្រុងខេត្តសៀមរាប ទិសដៅពីលិចទៅកើត។

របាយការណ៍បានបន្តថាគ្រោះថ្នាក់នេះ តាមការសាវជ្រាវបឋម របស់សមត្ថកិច្ច មូលហេតុរថយន្តបត់ឆ្វេងខ្វះការប្រុងប្រយ័ត្ន។ ករណីនេះកំលាំងជំនាញ កំពុងស្រាវជ្រាវនិងកសាងសំណុំរឿងតាមនិតិវិធីបញ្ជូនទៅតុលាការ។ ចំណែករថយន្ត និងម៉ូតូ បានយកមករក្សាទុកនៅការិយាល័យចរាចរណ៍ដើម្បីរង់ចាំការដោះស្រាយ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 100
Avatar photo
សៀមរាប ប៉ុស្តិ៍
២៦ តុលា ២០២២

ក្នុងឱកាសអញ្ជើញផ្តល់ស្រូវពូជ និងស្បៀងអាហារ ជូនកសិករជាង៣ពាន់គ្រួសារ នៅខេត្តកំពង់ឆ្នាំង នៅថ្ងៃពុធនេះ សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា នៅថ្ងៃម្សិលមិញ កម្ពុជាមិនមានការឆ្លងជំងឺកូវីដ-១៩ថ្មីនោះទេ។ នេះជាថ្ងៃទី៦ហើយ ដែលកម្ពុជាមិនមានការឆ្លងជំងឺកូវីដ-១៩ ករណីថ្មីទេ សូម្បីតែម្នាក់។

សម្តេចតេជោនាយករដ្ឋមន្ត្រីបានមានប្រសាសន៍ថា នៅសល់តែប៉ុន្មានថ្ងៃទៀតប៉ុណ្ណោះ ដល់គម្រប់៣ឆ្នាំនៃការឆ្លងជំងឺកូវីដ-១៩ នៅកម្ពុជា។

សម្តេចតេជោ បានមានប្រសាសន៍ថា ភាពជោគជ័យលើការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩នេះ មិនមែនពឹងតែលើកិច្ចប្រឹងប្រែងរបស់រាជរដ្ឋាភិបាលប៉ុណ្ណោះទេ តែក៏មានការចូលរួមយ៉ាងសស្រាក់សស្រាំពីប្រជាពលរដ្ឋកម្ពជាយើងផងដែរ។

សម្តេចតេជោនៅតែបន្តអំពាវនាវប្រជាពលរដ្ឋបន្តចូលរួមទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ-១៩ជាបន្តទៀត តាមរយៈការអនុវត្តន៍វិធានការនានា ជាពិសេសការចាក់វ៉ាក់សាំង៕SRP

Like 195
Comment 0
Share ចែកចាយ
Views 400
Avatar photo
សៀមរាប ប៉ុស្តិ៍
២៦ តុលា ២០២២

ខេត្តកំពង់ឆ្នាំង៖ថ្លែងសារទាក់ទងទៅនឹងបញ្ហានយោបាយនៅកម្ពុជា នៅថ្ងៃនេះ សម្ដេចតេជោនាយករដ្ឋមន្ត្រី បានថ្លែងទៅកាន់សមាជិកក្រុមប្រឹក្សាឃុំ/សង្កាត់ មកពីបក្សភ្លើងទៀន កុំបារម្ភរឿងគេដេញចេញពីតំណែង ចំពោះការនិយាយថ្កោលទោស ជនក្បត់ជាតិ សម រង្ស៉ី រឿងប្រមាថព្រះមហាក្សត្រ។

សម្តេចតេជោ បញ្ជាក់ថា គ្មាននរណាអាចដកបានឡើយ បើគ្មានការឯកភាពពីសម្តេចក្រឡាហោម ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ។

សម្តេចតេជោ ក៏បានណែនាំឱ្យសមាជិកបក្សភ្លើងទៀន អាចចាកចេញពីបក្ស ទៅកាន់បក្សដទៃ ព្រោះបក្សនេះ អាចនឹងប្រឈមនឹងការរំលាយចោល ប្រសិននៅតែមានការពាក់ព័ន្ធ នឹងជនក្បត់ជាតិបីជំនាន់នោះ។

សម្តេចតេជោក៏បានអំពាវនាវដល់កម្លាំងប្រដាប់អាវុធ និងសមាជិកបក្សប្រជាជន ក៏ដូចជាបក្សដទៃទៀត រួមគ្នាការពាររបបរាជានិយម និងរាជបល្លង្កពីជនក្បត់ជាតិ៣ជំនាន់នេះឲ្យបាន។

សម្តេចតេជោ ហ៊ុន សែន មានប្រសាសន៍យ៉ាងដូច្នេះ ក្នុងឱកាស អញ្ជើញផ្តល់ស្រូវពូជ និងស្បៀងអាហារ ជូនកសិករជាង៣ពាន់គ្រួសារ នៅខេត្តកំពង់ឆ្នាំង នៅថ្ងៃពុធនេះ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 0
Sponsored
Sponsored
Avatar photo
សៀមរាប ប៉ុស្តិ៍
២៥ តុលា ២០២២

ខេត្តសៀមរាប៖មនុស្សចំនួន១១៦នាក់ នៅខេត្តសៀមរាប បានស្លាប់ និងរបួសធ្ងន់ស្រាលជាង១០០នាក់ ដោយសារគ្រោះថ្នាក់ចរាចណ៍ ត្រឹមតែ រយ:ពេល៩ខែប៉ុណ្ណោះ។

យោងតាមរបាយការណ៍ គ្រោះថា្នក់ចរាចរណ៍របស់ការិយាល័យនគរបាលចរណ៍ផ្លូវគោកខេត្តសៀមរាបបានឲ្យដឹងថា ករណីគ្រោះថ្នាក់ចរាចណ៍រយ:ពេល ៩ខែ ក្នុងឆ្នាំ២០២២ កើតមាន១២៤លើក កើនឡើង៨៥លើកក្នុងរយៈពេល ៩ខែបើធៀបនិងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២១ ដែលមានត្រឹមតែ ៣៩លើកតែប៉ុណ្ណោះ។

ករណីនេះបណ្ដាលឲ្យមនុស្សចំនួន១១៦នាក់ បានស្លាប់ និងរបួសធ្ងន់ស្រាលជាង១០០នាក់។ចំណែកការផាក ពិន័យប្រមាណជិត៦០០០គ្រឿង។

របាយការណ៍បង្ហាញថា មូលហេតុដែល បណ្តាលអោយមានគ្រោះថ្នាក់កើតឡើង ភាគច្រើន គឺបណ្តាលមកពីការបើកបរលើសល្បឿនកំណត់,មិនប្រកាន់ស្តាំ,ជែងក្នុងស្ថានភាពគ្រោះថ្នាក់,បត់ឆ្វេង ស្តាំខ្វះការប្រុងប្រយ័ត្ននិងបើកបរក្នុងស្ថានភាពស្រវឹងជាដើម។

អនុគណៈកម្មការសុវត្ថិភាពចរាចរណ៍ផ្លូវគោកខេត្តសៀមរាប បានសម្តែងការសោកស្តាយចំពោះករណីគ្រោះថ្នាក់ចរាចរណ៍ ក្នុងខេត្តដែលបណ្តាលឲ្យមនុស្សស្លាប់និងរបួសជាច្រើននាក់ ព្រមទាំងខូចខាតសម្ភារៈយ៉ាងច្រើនផងដែរ។

អនុគណៈកម្មការសុវត្ថិភាពចរាចរណ៍ផ្លូវគោកខេត្ត បានសំណូមពរឲ្យបងប្អូន ប្រជាពលរដ្ឋទាំងអស់មេត្តា បង្កើនការប្រុងប្រយ័ត្ន និងគោរពច្បាប់ចរាចរឲ្យបានខ្ចាប់ខ្ចួន ដើម្បីបញ្ចៀសករណីគ្រោះតទៅទៀត៕SRP

Like 195
Comment 0
Share ចែកចាយ
Views 0
Avatar photo
សៀមរាប ប៉ុស្តិ៍
២១ តុលា ២០២២

ខេត្តសៀមរាប៖អំពើចោរកម្ម ហាក់បីកំរើកឡើងវិញនូវភូមិសាស្រ្តក្រុងសៀមរាប តែករណីនេះត្រូវបានសមត្ថកិច្ចបង្ក្រាបទាន់ពេលវេលាជាបន្តបន្ទាប់។

ជនសង្ស័យចំនួន ៣ នាក់ត្រូវបាននគរបាលផ្នែកព្រហ្មទណ្ឌ​ នៃអធិការដ្ឋាននគរបាលក្រុងសៀមរាប​ ឃាត់ខ្លួនពាក់ព័ន្ធនិងករណីអំពើលួចមានស្ថានទម្ងន់ទោស ( កាច់សោ​ កម៉ូតូ ) និងហិង្សាដោយចេតនា​។ ការឃាត់ខ្លួននៅថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២២។

អធិការនគរបាលក្រុងសៀមរាបបានឲ្យដឹងថា ហេតុការណ៍លួចម៉ូតូបានកើតឡើងនៅថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២២ វេលាម៉ោង០៨ព្រឹក នៅចំណុចក្បែរបន្ទប់ជួលក្នុងភូមិវិហារចិន សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប។

ជនសង្ស័យឈ្មោះ​ សារឿន សំណាង ហៅជា ហៅរ៉ាន់ សល់ ហៅស្បែក បានធ្វើសកម្មភាពលួចម៉ូតូម៉ាកហុងដាឌ្រីម ស៊េរីឆ្នាំ២០០៨ ពណ៌ខ្មៅ បិទតែមប្រិ៍​ ស៊េរីឆ្នាំ២០២១ របស់ជនរងគ្រោះ រួចគេចខ្លួន។

ជនសង្ស័យបានឆ្លើយសារភាពថា ពិតជាបានលួចម៉ូតូពិតមែន និងបានលួចកាបូបប្រាក់ និងកំព្យូទ័រ របស់ប្រជាពលរដ្ឋ ព្រមទាំងធ្វើសកម្មភាពជាមួយបក្ខពួកឈ្មោះ​ សៀប កុសល់ ហៅតឿ និងឈ្មោះ ភន់ សុផល កាច់កលួចយកម៉ូតូក្នុងក្រុងសៀមរាប និងស្រុកសូទ្រនិគម ក្នុងពេលថ្មីៗនេះផងដែរ។

អធិការក្រុងសៀមរាបបានបន្តថា ករណីនេះសមត្ថកិច្ច
បន្ទាប់មកយើងបាននាំខ្លួនជនសង្ស័យឈ្មោះ ភន់ សុផល និងឈ្មោះសៀប កុសល់ ហៅតឿ មកសាកសួរ៖

ឈ្មោះ​ ភន់ សុផល បានឆ្លើយថា ខ្លួនពិតជាបានលួចកាច់សោ​ កម៉ូតូ ក្នុងក្រុងសៀមរាប ជាមួយបក្ខពួកឈ្មោះ​ សៀប កុសល់ ហៅតឿ និងឈ្មោះសារឿន សំណាង ហៅជា ហៅរាន់ សល់ ហៅស្បែក ចំណែកសោរកែច្នៃគឺរូបខ្លួនទិញពីមនុស្សប្រុសម្នាក់។

ឈ្មោះ​ សៀប កុសល់ ហៅតឿ បានឆ្លើយសារភាពថាៈខ្លួនពិតជាបានចូលរួមកាច់សោកលួចយកម៉ូតូ ដោយខ្ល្លួនជាអ្នកមើលផ្លូវ។​ ករណីនេះវត្ថុតាងដកហូតបានម៉ូតូ១គ្រឿង​។ បច្ចុប្បន្ន​ ជនសង្ស័យត្រូវបាន​បញ្ជូនទៅកាន់សាលាដំបូងខេត្តសៀមរាប​។ ចំណែក បក្សពួកដែលបានរត់គេចខ្លួន​ កម្លាំងកំពុងស្រាវជ្រាវតាមចាប់បន្ត​៕SRP

Like 195
Comment 0
Share ចែកចាយ
Views 0
Avatar photo
សៀមរាប ប៉ុស្តិ៍
២០ តុលា ២០២២

ភ្នំពេញ៖ឆ្លើយតបជាមួយអ្នកសារព័ត៌មាន ទាក់ទងទៅនឹងក្រុមប្រឆាំងជ្រុលនិយម សម្ដេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ចោទជាសំណួរថា តើអាចក្លាយជាអ្នកដឹកនាំប្រទេសយ៉ាងម៉េចទៅ? បើមិនទាន់កាន់អំណាចផង ខ្លួនហ៊ានចុះកិច្ចព្រមព្រៀងប្រគល់ឱ្យបរទេសនូវដែនដីកម្ពុជានោះ ? សម្តេចតេជោជំរុញឱ្យពលរដ្ឋត្រូវមើលឱ្យឃើញអំពីសារជាតិក្បត់ជាតិ របស់ទណ្ឌិត សម រង្ស៉ី។ សម្តេចតេជោ មានប្រសាសន៍ថា កុំថាឡើយអ្នកឯងមិនកាន់អំណាច សូម្បីតែសម្តេចកាន់អំណាច បើហ៊ានចុះហត្ថលេខាឱ្យទឹកដីទៅប្រទេសណាមួយ សម្តេចក៏នឹងជាប់ទោសធ្ងន់ធ្ងរដូចគ្នា។ ដូច្នេះ សម្តេចតេជោចាត់ទុកថា សាលក្រមកាត់ទោស បុគ្គលសម រង្ស៉ី មួយជីវិត គឺត្រឹមត្រូវបំផុត។ នៅថ្ងៃនេះ សម្តេចតេជោបានមានប្រសាសន៍បញ្ជាក់ច្បាស់ៗថា រឿងទណ្ឌិត សម រង្ស៊ី សម្តេចមិនត្រឹមតែមិនលើកលែងឱ្យនោះទេ ថែមទាំងដាក់ចេញចលនាកម្ចាត់ចោលនូវនយោបាយជ្រុលនិយមទៀតផង។

នៅថ្ងៃនេះ សម្តេចតេជោ ហ៊ុន សែន ថ្លែងអំណរគុណដល់ធនាគារជាតិ និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ដែលបានផ្តល់ការអនុគ្រោះដល់ប្រជាពលរដ្ឋ ដែលរងគ្រោះដោយទឹកជំនន់។

ទាក់ទងទៅនឹងសកម្មភាពសម្ដេចតេជោដែលនឹងអញ្ជើញធ្វើដំណើរទៅកាន់បណ្ដាខេត្តនានាជាប់បឹងទន្លេសាបនៅថ្ងៃស្អែកនេះ សម្តេចតេជោមិនខ្វល់អំពីការរិះគន់ពីក្រុមប្រឆាំងមួយចំនួនដែលថាសម្ដេចយកឱកាសឃោសនារកសំឡេងឆ្នោតនោះទេ ពីព្រោះការដោះស្រាយបញ្ហាជូនប្រជាពលរដ្ឋ ជាការងាររបស់នាយករដ្ឋមន្ត្រី។

សម្ដេចតេជោ ត្រូវតែទៅជួបបងប្អូនប្រជាពលរដ្ឋ ដើម្បីដោះស្រាយនូវការលំបាក និងបញ្ហាប្រឈមរបស់ប្រជាពលរដ្ឋដែលកំពុងរងគ្រោះដោយគ្រោះទឹកជំនន់និងការដោះស្រាយបញ្ហាប្រឈមផ្សេងៗមួយចំនួនទៀត។

សម្ដេចតេជោបានមានប្រសាសន៍ថា ក្នុងនាមជានាយករដ្ឋមន្ត្រីសម្ដេចមិនសម្ងំនៅផ្ទះនោះទេ ខណៈដែលប្រជាពលរដ្ឋរបស់សម្ដេចកំពុងជួបការលំបាកនោះ ដែលទាំងអស់នេះ គឺជាចរិតរបស់នាយករដ្ឋមន្ត្រីកម្ពុជា ដែលតែងតែផ្សារភ្ជាប់ ដឹងសុខទុក្ខប្រជាពលរដ្ឋគ្រប់ពេលវេលា និងគ្រប់ទីកន្លែងតាំងពីដើមរៀងមក។

សូមបញ្ជាក់ថានៅថ្ងៃព្រហស្បតិ៍​ នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញប្តូរព័ត៌មានថ្ងៃខែឆ្នាំកំណើតក្នុងបញ្ជីឈ្មោះបោះឆ្នោត ទៅសាលាសង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្ដាល ដោយប្តូរពីថ្ងៃទី០៤ ខែមេសា ឆ្នាំ១៩៥១ ទៅថ្ងៃទី០៥ ខែសីហា ឆ្នាំ១៩៥២ វិញ។

កន្លងទៅនេះ សម្តេចតេជោ ហ៊ុន សែន បានយកថ្ងៃទី០៤ ខែមេសា ឆ្នាំ១៩៥១ ប្រើប្រាស់ជាថ្ងៃខែឆ្នាំកំណើតក្នុងឯកសារផ្សេងៗចាប់តាំងពីក្រោយថ្ងៃរំដោះប្រទេសចេញពីរបបប្រល័យពូជសាសន៍ ប៉ុល ពត។ ថ្ងៃទី៤ ខែមេសា ជាថ្ងៃដែលសម្តេចចូលព្រៃតស៊ូវាយផ្តួលរបបសាធារណរដ្ឋខ្មែរ តាមការអំពាវនាវរបស់សម្តេច នរោត្តម សីហនុ។ ឆ្នាំ២០២២នេះ សម្តេចតេជោ ហ៊ុន សែន បានស្នើទៅតុលាការ ដើម្បីផ្លាស់ប្តូរថ្ងៃខែឆ្នាំកំណត់ មកថ្ងៃខែឆ្នាំកំណើតពិតវិញ គឺថ្ងៃទី០៥ ខែសីហា ឆ្នាំ១៩៥២។

បន្ទាប់ពីអញ្ជើញប្ដូរថ្ងៃ ខែ ឆ្នាំកំណើត ទៅតាមនីតិវិធីបែបរដ្ឋបាលរួចមក សម្ដេចតេជោនាយករដ្ឋមន្ត្រី ក៏បានអញ្ជើញថ្លែងសារ ក៏ដូចជាឆ្លើយតបទៅកាន់បងប្អូនអ្នកសារព័ត៌មាននៅក្នុងខ្លឹមសារសំខាន់ៗដូចខាងក្រោម៖ សម្តេចតេជោ ហ៊ុន សែន បានយកឱកាសនេះ អំពាវនាវឲ្យបងប្អូនប្រជាពលរដ្ឋ ជាពិសេសយុវជនដែលគ្រប់អាយុត្រូវបោះឆ្នោត សូមអញ្ជើញមកចុះឈ្មោះបោះឆ្នោត ចាប់ពីថ្ងៃទី ២០ ខែតុលា ឆ្នាំ២០២២ នេះ តទៅ រហូតដល់ថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២២ ដែលមានរយៈពេល៥០ថ្ងៃ។ សម្តេចតេជោ ក៏បានឲ្យអាជ្ញាធរពាក់ព័ន្ធបង្កលក្ខណៈងាយស្រួល ឱ្យបងប្អូនប្រជាពលរដ្ឋបានមកចុះឈ្មោះបោះឆ្នោត ដើម្បីមានឈ្មោះក្នុងបញ្ជីបោះឆ្នោតនាឆ្នាំ២០២៣ខាងមុខ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 0
Sponsored
Sponsored
Avatar photo
សៀមរាប ប៉ុស្តិ៍
២០ តុលា ២០២២

ខេត្តបាត់ដំបង៖អាជ្ញាធរខេត្តបាត់ដំបងនិងខេត្តប៉ៃលិន
បានធ្វើការពិភាក្សារួចមក រដ្ឋបាលខេត្តទាំង២ បានឯកភាពកែសម្រួលផ្ទៃដីជាង១ម៉ឺនហិកតា ស្ថិតក្នុងភូមិសាស្រ្តស្រុកសំឡូត និងស្រុកកំរៀង ខេត្តបាត់ដំបង ឱ្យស្ថិតនៅក្រោមការគ្រប់គ្រង របស់រដ្ឋបាលខេត្តប៉ៃលិនវិញ។ ដោយក្នុងនោះ ព្រំប្រទល់ដែលខេត្តប៉ៃលិនស្នើសុំកែសម្រួលត្រង់ចំណុចភូមិឡាក់ហុកពីរ និងភូមិបឹងអូរជាង ឃុំកំរៀង ចូលព្រំដីនៅក្នុងខេត្តបាត់ដំបង មានទំហំ ១,៣៧៦ហិកតា ព្រំប្រទល់ដែលខេត្តប៉ៃលិន ស្នើសុំកែសម្រួលត្រង់ចំណុចភូមិកំពង់ចម្លងក្រោម ឃុំតាក្រី ចូលព្រំដី ក្នុងខេត្តបាត់ដំបង មានទំហំ ៣,៦១៨ហិកតា ព្រំប្រទល់ដែលខេត្តប៉ៃលិនស្នើសុំកែសម្រួលតាមគោលធម្មជាតិ(ស្ទឹង) ត្រង់ចំណុចភ្នំដំបង និងអូរស្លេវ ឃុំមានជ័យ ស្រុកសំឡូត ចូលព្រំដីក្នុងខេត្តបាត់ដំបង មានទំហំ ៦,៦៨៥ហិកតា។

នៅក្នុងកិច្ចប្រជុំ លោក សក់ សេដ្ឋា រដ្ឋលេខាធិការប្រចាំការក្រសួងមហាផ្ទៃ បានមានប្រសាសន៍លើកឡើងថា ការកែសម្រួលព្រំប្រទល់រដ្ឋបាល រវាងខេត្តបាត់ដំបង និងខេត្តប៉ៃលិន គឺដើម្បីប្រសិទ្ធភាពក្នុងការគ្រប់គ្រងសន្តិសុខ សណ្ដាប់ធ្នាប់ ការផ្ដល់សេវារដ្ឋបាល សេវាសាធារណៈ និងការអភិវឌ្ឍមូលដ្ឋានរបស់ខ្លួននីមួយៗ ហើយចំពោះនីតិវិធីនៃការកែសម្រួលព្រំប្រទល់នេះ គឺត្រូវធ្វើឡើងដោយព្រះរាជក្រឹត្យ ស្របតាមច្បាប់កំណត់ និងយកគោលធម្មជាតិដែលមានស្ទឹងសង្កែ និងស្ទឹងមង្គលបូរី ក្នុងការកំណត់ជាព្រំប្រទល់រដ្ឋបាល រវាងខេត្តបាត់ដំបង និងខេត្តប៉ៃលិននេះ។

លោកក៏បានធ្វើការណែនាំដល់រដ្ឋបាលខេត្តទាំងពីរ ទាំងរដ្ឋបាលស្រុក-ក្រុង ឃុំ-សង្កាត់ និងភូមិ ត្រូវយកចិត្តទុកដាក់ អនុវត្តន៍នូវការងារនេះ ឱ្យបានល្អ និងបានណែនាំឱ្យមានការឯកភាពស្រុះស្រួលគ្នា រវាងអាជ្ញាធរនិងអាជ្ញាធរ ប្រជាពលរដ្ឋនិងប្រជាពលរដ្ឋ នៅទីនោះផងដែរ។

លោក សក់ សេដ្ឋា ព្រមទាំងប្រតិភូរដ្ឋបាលខេត្តបាត់ដំបង និងខេត្តប៉ៃលិន ក៏បានអញ្ជើញចុះទៅពិនិត្យមើលនៅចំណុចទីតាំងដែលត្រូវកែសម្រួលព្រំប្រទល់រដ្ឋបាល រវាង រដ្ឋបាលខេត្តទាំង២ ផ្ទាល់ផងដែរដោយបានណែនាំបន្ថែមថា បន្ទាប់ពីព្រះរាជក្រឹត្យចូលជាធរមាន រដ្ឋបាលខេត្តទាំងពីរ ត្រូវខិតខំពិនិត្យនូវឯកសារការផ្ទេរដីធ្លី អត្រានុកូលដ្ឋាន ឯកសារស្នាក់នៅ សៀវភៅគ្រួសារ ឱ្យបានឆាប់រហ័ស និងមានប្រសិទ្ធភាព ជូនប្រជាពលរដ្ឋ ចំពោះការថែរក្សាសន្តិសុខសណ្ដាប់ធ្នាប់ និងការគ្រប់គ្រងប្រជាពលរដ្ឋ ត្រូវធ្វើការគ្រប់គ្រងឱ្យបានល្អ តាមស្ថានភាពជាក់ស្ដែងដើម្បីចៀសវាងក្នុងរយៈ ពេលអន្តរកាលនេះ មានការចូលទន្រ្ទាន កាប់បំផ្លាញព្រៃឈើ ហើយចំពោះកងកម្លាំងទាំង៣ ក៏ត្រូវសហការគ្នាទាំងខេត្តបាត់ដំបង និងខេត្តប៉ៃលិន ដើម្បីពិនិត្យផ្ទេររវាង រដ្ឋបាលខេត្តទាំងពីរ ទាំងសន្តិសុខ សណ្ដាប់ធ្នាប់និងការគ្រប់គ្រងប្រជាពលរដ្ឋ ឱ្យបានទាន់ពេលវេលា និងមានភាពច្បាស់លាស់ម៉ត់ចត់ផងដែរ។

សូមជម្រាបថា រដ្ឋបាលខេត្តបាត់ដំបង ថ្ងៃទី១៩ ខែតុលា ម្សិលមិញ បានរៀបចំកិច្ចប្រជុំពិភាក្សាការងារ លើសំណើសុំការកែសម្រួល ព្រំប្រទល់រដ្ឋបាល រវាងខេត្តបាត់ដំបង និងខេត្តប៉ៃលិន ក្រោមអធិបតីភាព លោក សក់ សេដ្ឋា រដ្ឋលេខាធិការប្រចាំការក្រសួងមហាផ្ទៃ និងមានការអញ្ជើញចូលរួមពីប្រតិភូខេត្តបាត់ដំបង ដឹកនាំដោយលោម សុខ លូ អភិបាលខេត្តបាត់ដំបង និងប្រតិភូខេត្តប៉ៃលិន ដឹកនាំដោយលោកជំទាវ បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន។

សូមបញ្ជាក់ថា កិច្ចប្រជុំតាមបទបញ្ជាដ៏ខ្ពង់ខ្ពស់របស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា ក្នុងការកែសម្រួលព្រំប្រទល់រដ្ឋបាល រវាងខេត្តបាត់ដំបង និងខេត្តប៉ៃលិន ឲ្យបានត្រឹមត្រូវសម្រាប់បម្រើដល់ផលប្រយោជន៍របស់ប្រជាពលរដ្ឋនៃខេត្តបាត់ដំបង និងខេត្តប៉ៃលិន៕SRP

Like 195
Comment 0
Share ចែកចាយ
Views 100
Avatar photo
សៀមរាប ប៉ុស្តិ៍
១៨ តុលា ២០២២

ធនាគារ ស៊ិនហាន ខេមបូឌា កាលពីថ្ងៃទី១៧ ខែតុលា បានបើកសាខាថ្មីនៅខេត្តសៀមរាប ដើម្បីពង្រីកសេវាហិរញ្ញវត្ថុទៅកាន់បណ្តាខេត្តនានានៅក្នុងព្រះរាជាណាចក្រកម្ពុជា។

នៅក្នុងឱកាសសម្ពោធដ៏ពិសេសនោះ ទទួលបានការអញ្ជើញជាភ្ញៀវកិតិ្តយសពីលោកបណ្ឌិត ឡាយ  សំអៀន ប្រធានសាខាធនាគារជាតិនៃកម្ពុជា ខេត្តសៀមរាប និងអគ្គកុងស៊ុលកូរ៉េខាងត្បូង លោក Park Do Kwon។

មន្ត្រី ធនាគារ ស៊ិនហាន ខេមបូឌា ថ្លែងថា៖ «យើងមានសេចក្តីសោមនស្សរីករាយ ក្នុងការផ្តល់នូវសេវាហិរញ្ញវត្ថុដ៏ងាយស្រួលដល់អតិថិជនដែលរស់នៅក្នុងខេត្តសៀមរាប តាមរយៈការបើកសាខាខេត្តសៀមរាប ហើយយើងនឹងខិតខំប្រឹងប្រែង ឱ្យអស់ពីសមត្ថភាពដើម្បីអភិវឌ្ឍសហគមន៍មូលដ្ឋាន»។

ដើម្បីអបអរសាទរការបើកសាខានេះ រួមជាមួយស្មារតីរួមចំណែកដល់សង្គម ធនាគារ ស៊ិនហាន ខេមបូឌា បានបរិច្ចាគនិងចែករំលែកអាហារដល់មន្ទីរពេទ្យកុមារអង្គរ ជាមន្ទីរពេទ្យកុមារដ៏ធំនៅក្នុងខេត្តសៀមរាបដែលមិនស្វែងរកប្រាក់ចំណេញ។

ធនាគារ ស៊ិនហាន ខេមបូឌា ត្រូវបានបង្កើតឡើងនៅក្នុងទីក្រុងភ្នំពេញក្នុងឆ្នាំ២០០៧ ជាបុត្រសម្ព័ន្ធរបស់ធនាគារ Shinhan Bank ដែលជាធនាគារធំជាងគេនៅក្នុងប្រទេសកូរ៉េខាងត្បូង។ 

បច្ចុប្បន្ន ធនគារប្រតិបត្តិការជាមួយសាខាចំនួន១២ នៅរាជធានីភ្នំពេញ និង១សាខានៅក្រុងតាខ្មៅ ហើយតាម  រយៈការបើកសាខាខេត្តសៀមរាប ធនាគារ ស៊ិនហាន ខេមបូឌា នឹងមានបណ្តាញសាខាសរុបចំនួន១៤ នៅក្នុងប្រទេសកម្ពុជា។ 

ធនាគារ ស៊ិនហាន ខេមបូឌា ផ្តល់នូវផលិតផល និងសេវាកម្មហិរញ្ញវត្ថុជាច្រើនប្រភេទដូចជា កម្ចីអត្រាការប្រាក់ប្រកួតប្រជែង អត្រាការប្រាក់ខ្ពស់រហូតដល់ ៨.៨% ក្នុងមួយឆ្នាំ, កម្មវិធីធនាគារចល័តងាយស្រួល, ផ្ទេរប្រាក់បាគង KHQR ផ្ទេរប្រាក់ក្រៅប្រទេស និងកាត Visa ។

ជាពិសេសធនាគារក៏ផ្តល់សេវាកម្ម «គោលការណ៍ថ្លៃសូន្យ» (Zero Fee Policy) ត្រូវបានអនុវត្តសម្រាប់ប្រតិបត្តិការធនាគារ និងអេធីអឹម។ ធនាគារ ស៊ិនហាន ខេមបូឌា រំពឹងថាការធ្វើទំនើបកម្មឌីជីថលនឹងបង្កើនភាពងាយស្រួលផ្នែកហិរញ្ញវត្ថុកាន់តែខ្លាំងសម្រាប់អតិថិជនរបស់ខ្លួននៅក្នុងខេត្តសៀមរាប។

ក្រៅពីសាខាខេត្តសៀមរាប ធនាគារ ស៊ិនហាន ខេមបូឌា គ្រោងនឹងបើកសាខាខេត្តបន្ថែមនៅក្នុងតំបន់សំខាន់ៗនៃប្រទេសកម្ពុជា ដើម្បីផ្តល់សេវាកម្មហិរញ្ញវត្ថុគុណភាពខ្ពស់ដល់ប្រជាជនកម្ពុជា ក៏ដូចជាបង្កើនការពេញចិត្តរបស់អតិថិជនផងដែរ។

សូមបញ្ជាក់ថា ធនាគារ ស៊ិនហាន ខេមបូឌា សាខាថ្មីនៅខេត្តសៀមរាបនេះ មានទីតាំងស្ថិតនៅជិតផ្លូវបំបែកផ្លូវជាតិលេខ៦ និងមហាវិថីស៊ីវុត្ថា៕

Like 195
Comment 0
Share ចែកចាយ
Views 200
Avatar photo
សៀមរាប ប៉ុស្តិ៍
១៧ តុលា ២០២២

ភ្នំពេញ៖សម្តេចតេជោ ហ៊ុន សែន នៅថ្ងៃចន្ទ ទី១៧ ខែតុលា ឆ្នាំ២០២២នេះ បានអញ្ជើញជាអធិបតីក្នុងពិធីប្រគល់សញ្ញាបត្រ ជូននិស្សិតសាកលវិទ្យាល័យជាតិគ្រប់គ្រង (NUM) ចំនួន ៦,៤១១នាក់ នារី ៣,៥៦០នាក់ បន្ទាប់ពីបានបញ្ចប់ការសិក្សាដោយជោគជ័យ។

និស្សិតដែលទទួលសញ្ញាបត្រនៅថ្ងៃនេះ រួមមាន៖ និស្សិតថ្នាក់បរិញ្ញាបត្រ បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត។ និស្សិតជ័យលាភីទាំងអស់នេះ សុទ្ធតែមានការងារធ្វើ និងប្រមាណ ១០% នៃនិស្សិតថ្នាក់បរិញ្ញាបត្រ មានអាជីវកម្មខ្លួនឯងផងដែរ។

នៅថ្ងៃនេះ មុននឹងថ្លែងទៅនិស្សិត សម្តេច​តេជោ ហ៊ុន សែន បានស្នើដល់អ្នកចូលរួមក្នុងពិធីចែកសញ្ញាបត្រទាំងអស់ ក្រោកឈរស្មឹងស្មាធិ៍ គោរពវិញ្ញាណក្ខន្ធដល់កុមារា កុមារី ដែលបានស្លាប់បាត់បង់ជីវិតដោយសារការលិចទូក នៅស្រុកលើកដែក ខេត្តកណ្ដាលថ្មីៗនេះ។

សម្តេចតេជោនាយករដ្ឋមន្ត្រីបានសម្តែងនូវការសោកស្តាយ និងចូលរួមរំលែកនូវមរណទុក្ខដ៏ក្រៀមក្រំបំផុតជាមួយគ្រួសារសព។
សម្តេចតេជោ ក៏បានថ្លែងអំណរព្រះគុណយ៉ាងជ្រាលជ្រៅថ្វាយព្រះមហាក្សត្រ និងព្រះមហាក្សត្រី ដែលបានប្រោសព្រះរាជទានព្រះរាជទ្រព្យរំលែកមរណទុក្ខជាមួយគ្រួសារសព។ សម្តេចតេជោក៏បានមានប្រសាសន៍កោតសរសើរដល់កម្លាំងប្រដាប់អាវុធ និងអាជ្ញាធរ ដែលបានប្រឹងប្រែងរួមគ្នាជួយដល់សង្គ្រោះ និងរុករកសពជនរងគ្រោះ។

សម្តេចតេជោ ហ៊ុន សែន បានអបអរសាទរចំពោះនិស្សិតដែលទទួលបានជ័យលាភី និងបានវាយតម្លៃខ្ពស់ចំពោះថ្នាក់ដឹកនាំសាកលវិទ្យាល័យជាតិគ្រប់គ្រង ចំពោះការប្រឹងប្រែងអភិវឌ្ឍន៍ និងពង្រឹងគុណភាពអប់រំឱ្យទទួលបាននូវភាពជោគជ័យជាបន្តបន្ទាប់។ សម្តេចតេជោ បានមានប្រសាសន៍រំលឹក ថា ក្រោយថ្ងៃរំដោះឆ្នាំ១៩៧៩ កម្ពុជាពិតជាខ្វះខាតធនធានមនុស្សខ្លាំងណាស់ តែបច្ចុប្បន្នកម្ពុជាបានបណ្តុះបណ្តាលបានធនធានមនុស្សជាច្រើន។ ការអភិវឌ្ឍជាតិ ត្រូវការជាចាំបាច់នូវធនធានមនុស្ស ដែលមិនអាចមើលរំលងបាននោះទេ។

សម្តេចតេជោ ហ៊ុន សែន បានប្រកាសថា នៅថ្ងៃទី២០ ខែតុលា ខាងមុខនេះ សម្តេចនឹងអញ្ជើញទៅកែព័ត៌មានអត្តសញ្ញាណបណ្ណ ក្នុងបញ្ជីឈ្មោះបោះឆ្នោត ហើយសម្តេច ក៏បានអំពាវនាវដល់យុវជនដែលត្រូវដល់អាយុបោះឆ្នោត សូមនាំគ្នាទៅចុះឈ្មោះបោះឆ្នោត។ នៅថ្ងៃនេះ សម្តេចតេជោ ហ៊ុន សែន ក៏បានណែនាំឱ្យអភិបាលខេត្តបាត់ដំបង និងខេត្តប៉ៃលិន ពន្លឿននីតិវិធីបែងចែកភូមិសាស្ត្រព្រំប្រទល់រវាងខេត្តទាំងពីរឲ្យបានឆាប់។

សម្តេចតេជោបានទម្លាយថា ការមិនអាចកំណត់ព្រំប្រទល់ដែនខេត្តទាំងពីរ ដោយសារមានអ្នកធំមានដីនៅកន្លែងនោះ មិនចង់ឱ្យមានការកាត់ទៅខេត្តប៉ៃលិន ហើយព្យាយាមបង្កការរាំងស្ទះ ដូច្នេះសម្ដេចសូមឲ្យខេត្តទាំងពីរពន្លឿនការងារនេះឲ្យបានឆាប់។

នៅថ្ងៃនេះ ពាក់ព័ន្ធទៅនឹងគ្រោះមហន្តរាយដោយទឹកជំនន់ សម្តេចតេជោនាយករដ្ឋមន្ត្រី បានមានប្រសាសន៍ប្រាប់ដល់អ្នកពាក់ព័ន្ធអោយពន្លឿនការងារវាយតម្លៃផលប៉ះពាល់ និងផ្តល់ពូជស្រូវជូនកសិករឲ្យបានឆាប់បំផុត។ ហើយសម្តេចតេជោក៏បានផ្តាំដល់មន្ត្រីកសិកម្មទាំងអស់ សូមកុំជិះសេះមើលផ្កា ត្រូវគិតគូរពីការលំបាករបស់ប្រជាកសិករជាធំ ជាពិសេសអំឡុងពេលនៃគ្រោះធម្មជាតិទឹកជំនន់ ដែលប៉ះពាល់ដល់ផលដំណាំរបស់ពួកគាត់នេះ។

សម្តេចតេជោក៏បានថ្លែងអំណរគុណដល់សប្បុរសជន និងកាកបាទក្រហមកម្ពុជា ដែលបាននាំជំនួយស្បៀងអាហារជូនពលរដ្ឋរងគ្រោះដោយទឹកជំនន់ ជាបន្តបន្ទាប់រយៈពេលថ្មីៗនេះ។ សម្តេចតេជោក៏បានណែនាំឱ្យសិក្សាស្ថិតិប្រជាពលរដ្ឋរងគ្រោះដោយទឹកជំនន់ ហើយផ្តល់ការឧបត្ថម្ភរយៈពេល៣ខែ ដែលអាចចំណាយទឹកប្រាក់ជាង ២លានដុល្លារ។ សម្តេចតេជោក៏បានអំពាវនាវដល់គ្រឹះស្ថានហិរញ្ញវត្ថុទាំងអស់ អោយមានការយោគយល់ និងអនុគ្រោះដល់ជនរងគ្រោះដោយទឹកជំនន់ផង៕SRP

Like 195
Comment 0
Share ចែកចាយ
Views 300
Sponsored
Sponsored
Older posts
Newer posts
← Previous Page1 … Page212 Page213 Page214 … Page643 Next →
តាមដានព័ត៌មាន
  • Telegram
  • Facebook
ព័ត៌មានថ្មីៗ
សម្ដេចធិបតី៖ កម្ពុជាមិនទទួលស្គាល់ដាច់ខាតការកែប្រែខ្សែបន្ទាត់ព្រំដែន ឬការកាន់កាប់ទឹកដីដោយខុសច្បាប់អន្តរជាតិ ឬតាមរយៈការប្រើប្រាស់កម្លាំង សម្ដេចធិបតី៖ កម្ពុជាមិនទទួលស្គាល់ដាច់ខាតការកែប្រែខ្សែបន្ទាត់ព្រំដែន ឬការកាន់កាប់ទឹកដីដោយខុសច្បាប់អន្តរជាតិ ឬតាមរយៈការប្រើប្រាស់កម្លាំង ចុះផ្សាយថ្ងៃទី ១០ កុម្ភៈ ២០២៦
អភិបាលខេត្តបាត់ដំបង អញ្ជើញបើកការដ្ឋានជួសជុលពង្រីកតួថ្នល់លើកំណាត់ផ្លូវជាតិលេខ៥ ដោយក្រាលកៅស៊ូDBSTប្រវែង២ ០០០ម៉ែត្រ ទទឹង១៧ម៉ែត្រ អភិបាលខេត្តបាត់ដំបង អញ្ជើញបើកការដ្ឋានជួសជុលពង្រីកតួថ្នល់លើកំណាត់ផ្លូវជាតិលេខ៥ ដោយក្រាលកៅស៊ូDBSTប្រវែង២ ០០០ម៉ែត្រ ទទឹង១៧ម៉ែត្រ ចុះផ្សាយថ្ងៃទី ១០ កុម្ភៈ ២០២៦
ឯកឧត្តម អ៊ុន ចាន់ដា ជំរុញដល់សមត្ថកិច្ចពាក់ព័ន្ធ ពង្រឹងការអនុវត្តវិធានការរដ្ឋបាលចល័តជាប្រចាំ ទោះបីខេត្តកំពង់ចាមពុំមានស្តែមអនឡាញ Online Scams ឯកឧត្តម អ៊ុន ចាន់ដា ជំរុញដល់សមត្ថកិច្ចពាក់ព័ន្ធ ពង្រឹងការអនុវត្តវិធានការរដ្ឋបាលចល័តជាប្រចាំ ទោះបីខេត្តកំពង់ចាមពុំមានស្តែមអនឡាញ Online Scams ចុះផ្សាយថ្ងៃទី ១០ កុម្ភៈ ២០២៦
ព័ត៌មានអ្នកទស្សនាច្រើន
ពិតជាប្រសើរណាស់! ដីធ្លីភូមិទាំង១១៤ ក្នុងតំបន់អង្គរ ត្រូវបានមន្ត្រីជំរុញឱ្យក្រុមការងារចុះផ្ទៀងផ្ទាត់ទិន្នន័យប្រើប្រាស់ ពិតជាប្រសើរណាស់! ដីធ្លីភូមិទាំង១១៤ ក្នុងតំបន់អង្គរ ត្រូវបានមន្ត្រីជំរុញឱ្យក្រុមការងារចុះផ្ទៀងផ្ទាត់ទិន្នន័យប្រើប្រាស់ ចុះផ្សាយថ្ងៃទី ៤ កុម្ភៈ ២០២៦
ឆេះផ្ទះពលរដ្ឋអស់ ០២ខ្នង រួមនឹងទ្រព្យសម្បត្តិមួយចំនួនទៀត ឆេះផ្ទះពលរដ្ឋអស់ ០២ខ្នង រួមនឹងទ្រព្យសម្បត្តិមួយចំនួនទៀត ចុះផ្សាយថ្ងៃទី ២៤ មករា ២០២៦
ក្រសួងរ៉ែចេញអាជ្ញាប័ណ្ណឲ្យមានការកាយភ្នំនៅឃុំខ្វាវ ស្រុកជីក្រែង ខេត្តសៀមរាប ក្រសួងរ៉ែចេញអាជ្ញាប័ណ្ណឲ្យមានការកាយភ្នំនៅឃុំខ្វាវ ស្រុកជីក្រែង ខេត្តសៀមរាប ចុះផ្សាយថ្ងៃទី ២២ មករា ២០២៦
ទីស្នាក់ការនិពន្ធ 069382925 Telegram
×