ខេត្តត្បូងឃ្មុំ៖លោក ជាម ច័ន្ទសោភ័ណ អភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការសាខាកាកក្រហមខេត្តត្បូងឃ្មុំ នៅថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២២ នេះ បាននាំយកអំណោយមនុស្សធម៌ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ចែកជូនដល់ប្រជាពលរដ្ឋ ងាយរងគ្រោះ ចំនួន១៤១គ្រួសារ និងប្រគល់ផ្ទះ២ខ្នង ស្ថិតក្នុងឃុំកក់ ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ។
លោក ជាម ច័ន្ទសោភ័ណ បានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ត្រូវជឿជាក់មកលើការដឹកនាំរបស់ រាជរដ្ឋាភិបាល ដែលមាន សម្ដេចតេជោ ហ៊ុន សែន ជាប្រមុខ តែងតែខិតខំលះបង់កំលាំងកាយចិត្តតស៊ូនាំយកសន្តិភាព ថែរក្សាសន្តិភាព និងបន្តអភិវឌ្ឍន៍រីកចម្រើនរហូតដល់សព្វថ្ងៃនេះជាបន្តទៀត ដោយត្រូវទៅបោះឆ្នោតសកលខាងមុខនេះឲ្យបានគ្រប់ៗគ្នា គាំទ្រសម្តេចជានាយករដ្ឋមន្ត្រីគ្រប់ៗអាណត្តិ។
លោក ជាម ច័ន្ទសោភ័ណ ក៏បានលើកឡើងពីយុទ្ធសាស្ត្រស្រោចវ៉ាក់សាំងបានយ៉ាងល្អ របស់សម្តេចតេជោ ដែលធ្វើឲ្យកម្ពុជាជោគជ័យលើការងារប្រយុទ្ធប្រឆាំងជាមួយកូវីដ១៩ បើប្រៀបធៀបទៅនឹងប្រទេសមួយចំនួនធំ។ ព្រមទាំងបានអំពាវនាវដល់បងប្អូន ប្រជាពលរដ្ឋ ឲ្យទៅចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ ដូសជំរុញដោយឥតគិតថ្លៃ អោយបានគ្រប់ៗគ្នា ដើម្បីបង្ការទប់ស្កាត់ការឆ្លងរីករាលដាល និងឈានទៅលុបបំបាត់ជំងឺនេះផងដែរ។
គូសបញ្ជាក់ថា ៖ អំណោយមុស្សធម៍ដែលប្រគល់ជូនដល់ប្រជាពលរដ្ឋ ងាយរងគ្រោះចំនួន១៤១គ្រួសារ ដោយក្នុង១គ្រួសារៗទទួលបាន អង្ករ២៥គីឡូក្រាម ទឹកស៊ីអ៊ីវ១យួរ ទឹកត្រី១យួរ ត្រីខ១យួរ មី១កេស និងថវិកាមួយចំនួន ដែលបានធ្វើឡើងនៅចំនួន៣ទីតាំងផ្សេងគ្នា រួមមាន ៖ នៅបរិវេណវត្តមុនីរង្សជីមាន់ ក្នុងឃុំកក់ ចំនួន១១១គ្រួសារ នៅភូមិកន្សោមសត្វ ក្នុងឃុំកក់ ចំនួន២០គ្រួសារ និងនៅភូមិត្រពាំងស្ទៀង ឃុំកក់ ស្រុកពញាក្រែក មានចំនួន១០គ្រួសារផងដែរ៕SRP


