ខេត្តសៀមរាប៖ព្រឹត្តិការណ៍អង្គរសង្ក្រាន្តឆ្នាំ២០២៣ បំបែកកំណត់ត្រាពិភពលោក គឺការរាំចង្វាក់ម៉ាឌីហ្សូន និងបត់រូបបេះដូងចំនួន…។
ថ្លែងនៅក្នុងសិក្ខាសាលាផ្សព្វផ្សាយ អំពីព្រឹត្តិការណ៍អង្គរសង្ក្រាន្តឆ្នាំ២០២៣ ក្នុងខេត្តសៀមរាប នៅពុធនេះ លោក សោម រតនា ប្រធានក្រុម ការងារផ្សព្វផ្សាយ និងទំនាក់ទំនងសាធារណៈនៃព្រឹត្តិការណ៍អង្គរសង្ក្រាន្តឆ្នាំ២០២៣ បានឱ្យដឹងថា ព្រឹត្តិការណ៍អង្គរសង្ក្រាន្ត នឹងវិលត្រឡប់មកសាជាថ្មី ស្របពេលខួប១០ឆ្នាំ នៃព្រឹត្តិការណ៍អង្គរសង្ក្រាន្ត ដែលនឹងនាំមកនូវទិដ្ឋភាពដ៏សប្បាយរីករាយ ក៏ដូចជា ការរំលឹកឡើងវិញនូវព្រឹត្តិការណ៍សំខាន់ៗ ដែលបានបំបែកកំណត់ត្រាជាប្រវត្តិសាស្ត្រ ដោយមានការទទួលស្គាល់ពីអន្តរជាតិនាពេលកន្លងមក ជាពិសេសវត្ថុយក្សនឹងមកជួបជុំ គ្នាម្តងទៀតនៅឆ្នាំនេះដូចជា នំអន្សមយក្ស និងមួកយក្សជាដើម។ ព្រឹត្តិការណ៍អង្គរសង្ក្រាន្ត តែងតែជារូបភាពដែលដក់ជាប់នៅក្នុងអារម្មណ៍បងប្អូនប្រជាពលរដ្ឋខ្មែរ នៅពេលរំលឹក ដល់ពិធីបុណ្យចូលឆ្នាំប្រពៃណីខ្មែរម្ដងៗ។
លោក សោម រតនា បានបន្តថា សម្រាប់ព្រឹត្តិការណ៍អង្គរសង្ក្រាន្តឆ្នាំ២០២៣នេះ បានធ្វើឡើងនៅ ចំនួន០៦ទីតាំង ទាំងនៅក្នុងតំបន់អង្គរ និងនៅតាមមាត់ស្ទឹងក្នុងក្រុងសៀមរាប ដែលមាន ៤៤កម្មវិធី ជាពិសេសនោះ គឺមានវិញ្ញាសាចំនួន២គឺ ការរាំចង្វាក់ម៉ាឌីហ្សូន និងបត់ក្រដាស ជារូបបេះដូង(Beyond the Games) នឹងត្រូវប្រារព្ធឡើងដើម្បីបំបែកកំណត់ត្រាពិភពលោក។ ដោយក្រុមយុវជនស្ម័គ្រចិត្តរបស់សហភាពសហព័ន្ធយុវជនកម្ពុជា បានត្រៀមខ្លួននៅក្នុងការ ចូលរួមបំបែកកំណត់ត្រាពិភពលោកទាំង២វិញ្ញាសានេះរួចហើយ។
លោកបានបន្តទៀតថា កាលពីឆ្នាំ២០១៥ កម្ពុជាបានបំបែកកំណត់ត្រាពិភពលោក លើការរាំចង្វាក់ម៉ាឌីហ្សូនម្តងរួចមកហើយ ដែលកាលនោះ មានយុវជនចំនួន២០១៥នាក់ បានស្ម័គ្រចូលរួមបំបែកកំណត់ត្រានេះ ហើយសម្រាប់ឆ្នាំនេះគេរំពឹងថា នឹងមានយុវជន ចំនួន៣ពាន់នាក់ចូលរួម។ ឯកឧត្តមបន្តថា សម្រាប់ការបត់រូបបេះដូង កម្ពុជារំពឹងថា នឹងមានអ្នកចូលរួមបត់រូបបេះដូងនេះចំនួន១លានបេះដូង។
បើតាមលោក សោម រតនា ព្រឹត្តិការណ៍អង្គរសង្ក្រាន្តឆ្នាំនេះជាគម្រប់ខួប១០ឆ្នាំ បានធ្វើឡើងក្រោមប្រធានបទ “ក្តីស្រមៃ និងក្តីសង្ឃឹម” ហើយព្រឹត្តិការណ៍នេះ មានគោលដៅ បង្កើនភាពសម្បាយរីករាយដល់មហាគ្រួសារខ្មែរ ដោយមិនប្រកាន់និន្នាការនយោបាយ ឬសាសនា ពណ៌សម្បុរអ្វីទាំងអស់។ ជាមួយគ្នានេះ ព្រឹត្តិការណ៍នេះ ក៏បានគាស់រំលើងនូវល្បែងល្បាំប្រជាប្រិយខ្មែរ នានាដែលធ្លាប់មានពីមុនមកឱ្យយុវជនជំនាន់គ្រោយបានស្គាល់។ ក្រៅពីនេះ ព្រឹត្តិការណ៍ អង្គរសង្ក្រាន្តក៏នឹងនាំចំណូលជូនបងប្អូនប្រជាពលរដ្ឋក្នុងខេត្តសៀមរាបផងដែរ។
សូមបញ្ជាក់ថា ព្រឹត្តិការណ៍អង្គរសង្ក្រាន្តឆ្នាំ២០១៨ បានចូលរួមចំណែកក្នុងវិស័យ ទេសចរណ៍ និងសេដ្ឋកិច្ច ដោយបាននាំមកនូវកំណើនភ្ញៀវទេសចររហូតដល់ជាង ១.៨ លាននាក់ និងបានជួយរកចំណូលសេដ្ឋកិច្ចជូនខេត្តសៀមរាប រហូតដល់ជាង ១០៨លានដុល្លារ៕SRP


អ្នកឧកញ្ញ៉ា ជឹង សុគន្ធារី ដែលជាអគ្គនាយិកាក្រុមហ៊ុនផលិតទឹកបរិសុទ្ធវីតាល់ និងក្រុមហ៊ុនផលិតមីជាតិ