ភ្នំពេញ៖សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៅព្រឹកនេះបានប្រាប់ប្រជាពលរដ្ឋតាមផេកហ្វេសប៊ុកផ្លូវការរបស់សម្ដេចថា៖ខ្ញុំសូមផ្ញើសាររំលឹកអំពីការចូលរួមទប់ស្កាត់ជំងឺឆ្លងរលាកផ្លូវដង្ហើមកូវីដ១៩ ជាពិសេសនៅថ្ងៃចុងសប្តាហ៍ដែលអាចមានបងប្អូនប្រជាពលរដ្ឋមួយចំនួនធ្វើដំណើរកំសាន្តនៅតាមតំបន់រមណីយដ្ឋាននានាដែលអាចជួបជុំក្រុមមនុស្សច្រើន ឬក៏មានក្រុមគ្រួសារខ្លះនាំកូនចៅទៅទទួលទានអាហារនៅតាមភោជនីយដ្ឋាន និងដើរកំសាន្តនៅតាមផ្សារទំនើបតូចធំជាដើម។ នៅតាមផ្សារ ភោជនីយដ្ឋាន ជាពិសេសមន្ទីរពេទ្យត្រូវមានម៉ាស និងមានទឹកអាល់កុល ឬចឹលប្រើប្រាស់អោយបានត្រឹមត្រូវនិងគ្រប់គ្រាន់ដេីម្បីទប់ស្កាត់ការការឆ្លងរោគ។
សម្ដេចតេជោហ៊ុន សែន បន្តថាចំពោះបងប្អូនប្រជាពលរដ្ឋត្រូវមានម៉ាស ទឹកអាល់កុល ឬចឹលដាក់ជាប់តាមខ្លួនជាប្រចាំ។ ព្រោះជំងឺនេះងាយឆ្លងណាស់។ កុំធ្វេសប្រហែសអោយសោះ ឬគិតលេងៗថាមិនអីទេ ប្រទេសយើងមិនឆ្លងទេ នោះគឺកំពុងប្រថុយនឹងគ្រោះថ្នាក់ធំហើយ។ ជំងឺកូវីដ១៩ដ៏កាចសាហាវនេះកំពុងឆ្លងរាតត្បាតនៅពាសពេញពិភពលោក ដែលមិនទាន់មានថ្នាំព្យាបាលនៅឡើយទេ។ ដូច្នេះគ្រប់គ្នាត្រូវប្រុងប្រយ័ត្នការពារសុខភាព។ បេីមានចម្ងល់ឬបញ្ហាអ្វីមិនច្បាស់អំពីជំងឺកូវីដ១៩ (Covid-19) សូមទូរស័ព្វទៅលេខ ១១៥។សូមជូនពរបងប្អូនជនរួមជាតិធ្វើដំណើរមានសុខសុវត្ថិភាព និងចៀសផុតពីជំងឺឆ្លងកូវីដ១៩ ទាំងអស់គ្នា៕SRP
សៀមរាប ប៉ុស្តិ៍
៧ មិថុនា ២០២០

