ខេត្តកំពង់ចាម៖លោកអ៊ុន ចាន់ដា បានផ្តាំផ្ញើ ចំពោះ លោកអភិបាលស្រុកព្រៃឈរ ដែលទើបបានប្រកាសតែងតាំងថ្មីនេះ ត្រូវមានការសាមគ្គីភាពផ្ទៃក្នុង នៅក្នុងអង្គភាព រវាងថ្នាក់លើ និងថ្នាក់ក្រោម ព្រមទាំងមានគំនិតផ្តួចផ្តើម មនសិការការងារខ្ពស់ ប្រកបដោយតម្លាភាព និងគណនេយ្យភាព ក្នុងការ បម្រើប្រជាពលរដ្ឋ។
លោកក៏បានណែនាំអោយអភិបាល ថ្មី យកចិត្តទុកដាក់ខ្ពស់ លើការសម្របសម្រួល ការដោះស្រាយបញ្ហាការងារ ប្រកបដោយភាពឈ្លាសវៃ និងមានគំនិតច្នៃប្រឌិត មានចក្ខុវិស័យ លើកជាទិសដៅ ដាក់ចេញនូវផែនការអនុវត្តឲ្យបានច្បាស់លាស់ ព្រមទាំងខិតខំបញ្ចេញឲ្យអស់ពីសមត្ថភាព និងទេពកោសល្យ ក្នុងស្មារតីយកចិត្តទុកដាក់ និងការទទួលខុសត្រូវខ្ពស់ ចំពោះ មុខថ្នាក់ដឹកនាំ ក្រសួងមហាផ្ទៃ និងចំពោះមុខគណៈអភិបាលខេត្ត រដ្ឋបាលខេត្ត លើវិស័យការងារ ដែលខ្លួនកំពុងបំពេញតួនាទី ជាពិសេសនោះ គឺត្រូវប្រែក្លាយការប្ដេជ្ញាចិត្ត នាពេលនេះ ទៅជាឆន្ទៈក្នុងការអនុវត្តជាក់ស្ដែង ឲ្យទទួលបានប្រសិទ្ធភាពខ្ពស់ ទៅពេលអនាគត ផងដែរ។
ក្នុងពិធីប្រកាសចូលកាន់មុខតំណែងអភិបាលស្រុកព្រៃឈរ ខណៈលោកឡោ ចាន់លី ត្រូវទទួលតំណែងជាអភិបាលរងខេត្តកំពង់ចាម នៅថ្ងៃព្រហស្បតិ៍នេះ
លោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម ក៏បានផ្តាំផ្ញេីដល់លោក ខេង ម៉េងឈុន ត្រូវប្រែក្លាយការប្ដេជ្ញាចិត្ត ពេលចូលកាន់តំណែងជាអភិបាលស្រុកព្រៃឈរ ទៅជាឆន្ទៈក្នុងការអនុវត្តជាក់ស្ដែង ឲ្យទទួលបានប្រសិទ្ធភាពខ្ពស់ ទៅពេលអនាគត។
លោកអ៊ុន ចាន់ដា ក៏បានថ្លែងនូវការកោតសរសើរ ចំពោះ វឌ្ឍនភាពនៃការអភិវឌ្ឍរីកចំរើន លើគ្រប់វិស័យ ក្រោមការដឹកនាំ របស់ក្រុមប្រឹក្សា គណៈអភិបាល និងមន្ត្រីសាលាស្រុកព្រៃឈរ ទាំងអស់ ដែលបានចូលរួមចំណែក ដោះស្រាយកិច្ចការ នៅក្នុងអង្គភាព និងការផ្តល់សេវាសាធារណៈ សេវារដ្ឋបាល ជូនប្រជាពលរដ្ឋ ដោយទទួលបានលទ្ធផល យ៉ាងល្អប្រសើរ នាពេលកន្លងមក៕SRP
ខេត្តសៀមរាប៖ប្រជាពលរដ្ឋ ដែលរស់នៅក្នុងតំបន់រមណីយដ្ឋានអង្គរប្រមាណជាង៦០០ គ្រួសារ បានស្ម័គ្រចិត្តទៅរស់នៅតំបន់ធម្មជាតិរុនតែឯង ស្រុកបន្ទាយស្រី ខេត្តសៀមរាប។

