Skip to content
Siem Reap Post
  • ព័ត៌មានជាតិ
  • ព័ត៌មានអន្តរជាតិ
  • ទូរស័ព្ទ: 069382925/ 0886737999

ខេត្តសៀមរាប

Avatar photo
សៀមរាប ប៉ុស្តិ៍
២៧ មករា ២០២២

ខេត្តសៀមរាប៖បុរសម្នាក់ត្រូវបាន នគរបាលខេត្តសៀមរាប ធ្វើការឃាត់ខ្លួនពាក់ព័ន្ធករណីលួចម៉ូតូនៅខេត្តកំពត។

ការឃាត់ខ្លួនធ្វើឡើងនៅថ្ងៃទី២៥ ខែមករាឆ្នាំ២០២២ ដោយការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល ខេត្តសហការជាមួយកម្លាំងព្រហ្មទណ្ឌនគរបាលស្រុកស្វាយលើ។

ប្រភពបានបន្តថាជនសង្ស័យឈ្មោះ វុន រឿន អាយុ២១ឆ្នាំមានទីលំនៅភូមិទទឹងថ្ងៃ ឃុំឬស្សីលក ស្រុកជីក្រែង ខេត្តសៀមរាប។ ចំណែកជនរងគ្រោះឈ្មោះ យន ធារី ភេទប្រុស អាយុ២២ឆ្នាំ មានទីលំនៅភូមិរលួស សង្កាត់បឹងទូក ក្រុងបូកគោ ខេត្តកំពត។  ជនសង្ស័យបានកាច់សោករម៉ូតូ របស់ជនរងគ្រោះ នៅអគារក្បែរមន្ទីពេទ្យ ស្ថិតនៅភូមិរលួស សង្កាត់បឹងទូក ក្រុងបូកគោ ខេត្តកំពត ហើយបើកគេចមកខេត្តសៀមរាប។ ករណីនេះសមត្ថកិច្ចបាន ដកហូតវត្ថុតាងម៉ូតូ១គ្រឿង ម៉ាក HONDA-DREAM សេរីឆ្នាំ ២០១៦ ពណ៌ខ្មៅ កាំបន្ទះ ស្លាកលេខ កែប 1B-0581 លេខតួលេខម៉ាស៊ីន 9561243។ បុរសរូបនេះបានសារភាពថា ខ្លួនពិតជាបានលួចម៉ូតូរបស់ជនរងគ្រោះពិតប្រាកដមែន។ ក្រោយពីបានសាកសួររួច នគរបាលខេត្តសៀមរាប បានប្រគល់ជនសង្ស័យ និងវត្ថុតាង ឥ្យទៅសមត្ថកិច្ចខេត្តកំពតដេីម្បីអនុវត្តនីតិវិធីបន្ត៕SRP

Like 195
Comment 0
Share ចែកចាយ
Views 300
Avatar photo
សៀមរាប ប៉ុស្តិ៍
២៧ មករា ២០២២

ខេត្តសៀមរាប៖មនុស្សម្នាក់បានស្លាប់និងម្នាក់ទៀតបានរងរបួស ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍។

ហេតុការណ៍បានកើតឡើងនៅថ្ងៃព្រហស្បតិ៍ ថ្ងៃទី ២៧ ខែមករាឆ្នាំ ២០២២ វេលាម៉ោង២៤និង៣០នាទី លើផ្លូវជាតិលេខ៦ ត្រង់ចំណុច ខាងកើត មណ្ឌលសុខភាពព្រៃជ្រូក ចម្ងាយ ២៥០ ម៉ែត្រ ស្ថិតក្នុងភូមិព្រៃជ្រូក ឃុំព្រៃជ្រូក ស្រុកពួក ខេត្តសៀមរាប។

សមត្ថកិច្ចស្រុកពួកបានឲ្យដឹងថា ករណី គ្រោះថ្នាក់ចរាចរណ៍នេះ ទិសដៅស្របគ្នាពីលិចមកកើត រវាងគោយន្តកន្ត្រៃ និងរថយន្តម៉ាក ហ៊ីយាន់ដាយពណ៌ ក្រហមស ពាក់ផ្លាកលេខ ភ្នំពេញ 3B3293 សណ្តោងស៉ីរ៉ឺម៉កម៉កពាក់ផ្លាកលេខព្រះសីហនុ 4A 1105 បើកបរ ដោយជនមិនស្គាល់អត្តសញ្ញាណក្រោយពេលកើតហេតុរត់គេចខ្លួនបាត់ បានបុកគោយន្តកន្ត្រៃ ម៉ាគូបូតា ពណ៌ក្រហមុគ្មានផ្លាកលេខ បើកបរដោយ ឈ្មោះ វ៉ុន វៀង ភេទប្រុសអាយុ២៣ឆ្នាំនៅភូមិធ្វាស ឃុំត្រីញ័រ ស្រុកពួក ខេត្តសៀមរាប មុខរបរកសិករ របួសស្រាល ដឹកមនុស្សម្នាក់ឈ្មោះ មុំ អ៊ុន ភេទប្រុសអាយុ៦១ ឆ្នាំ រស់នៅភូមិធ្វាសឃុំត្រីញ័រ ស្រុកពួក ខេត្តសៀមរា មុខបរបរកសិករ ស្លាប់នៅកន្លែងកើតហេតុ។

ចំណែករថយន្តខូចខាតស្រាលនិងគោយន្តកន្ត្រៃខូចខាតធ្ងន់។ មូលហេតុ អ្នកបើកបររថយន្ត បើកបរ ក្នុងល្បឿនលឿនខ្វះការប្រុងប្រយ័ត្ន៕SRP

Like 195
Comment 0
Share ចែកចាយ
Views 0
Avatar photo
សៀមរាប ប៉ុស្តិ៍
២៦ មករា ២០២២

ខេត្តសៀមរាប៖ករណីបុរសម្នាក់បានដេកស្លាប់បង្កឲ្យមានការភ្ញាក់ផ្អើល សមត្ថកិច្ច បានអះអាងថា មូលហេតុ ជនរងគ្រោះស្លាប់ជាមនុស្សញៀនគ្រឿងញៀន បានដេកស្លាប់ដោយសារ(គាំងបេះដូង)។

របាយការណ៍របស់សមត្ថកិច្ចដែល សៀមរាប
ប៉ុស្ដិ៍ ទទួលបានបង្ហាញថានៅវេលាម៉ោង១៧ និង ៣០នាទី ទី២៥ ខែមករា ឆ្នាំ ២០២២ នៅចំណុច លើដីទំនេគេទុកចោលស្ថិតនៅភូមិមណ្ឌល៣ សង្កាត់ស្លក្រាម ក្រុងសៀមរាប មានករណីដេកស្លាប់ម្នាក់។

ជនរាងគ្រោះឈ្មោះ ឆេង រស្មីភេទប្រុអាយុ៣០ឆ្នាំមុខរបរ សាក់រូប នៅភូមិត្រពាំសេះសង្កាត់គោកចក ក្រុងសៀមរាប។

របាយការណ៍បន្តថា ការពិនិត្យសាកសព
– ផ្នែកក្បាល ពុំមានស្លាកស្នាមអ្វីទេ។
-ផ្នែកដងខ្លួន ពុំមានស្លាកស្នាមអ្វីគួរអោយគត់សំគាល់នោះទេ។
-ផ្នែក អវយវ: ពុំមានស្លាកស្នាមអ្វីទេ និងមិនពាក់ពន្ធ័ និង បទល្មើសព្រហ្មទណ្ឌនោះដែរ។
.សន្និដ្ឋានតាមការបំភ្លឺគ្រួសារសព តាមការពិនិត្យកន្លែងកើតហេតុ និង ផ្អែកតាមការសន្និដ្ឋានពីលោកគ្រូពេទ្យកោសល្យវិច្ឆ័យខេត្តសៀមរាប បានបញ្ជាក់ថា បានដេកស្លាប់ដោយសារ(គាំងបេះដូង)។ក្រោយពិនិត្យចប់បានប្រគល់សពឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕SRP

Like 195
Comment 0
Share ចែកចាយ
Views 0
Avatar photo
សៀមរាប ប៉ុស្តិ៍
២៥ មករា ២០២២

ខេត្តសៀមរាប៖ចៅសង្កាត់រងទី ១សង្កាត់ជ្រាវ លោកគង់ ប៊ឹប  ដែលមហាជនបានស្គាល់ថា ជាថៅកែដីឡូតិ៍ដ៏ល្បីល្បាញ និងជាបុរសមានប្រជាប្រិយភាពក្នុងខេត្តសៀមរាប ផងនោះ ត្រូវប្រជាពលរដ្ឋ មួយក្រុមប្តឹងទៅតុលាការរឿងជំពាក់លុយជិត២០ម៉ឺនដុល្លារអាមេរិក ហើយគេចវេសមិនព្រមសង។

លោក ជា គីមឆែ ហៅស៊ីង ជាម្ចាស់បំណុលម្នាក់របស់លោក គង់ ប៊ឹប បានអះអាងថា កាលកាលពីថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០១៩ ខ្លួនបានចុះកិច្ចសន្យាចាក់ដីបង្វិលជាមួយកូនបំណុល ដើម្បីជីកស្រះនិងចាក់ដីបង្វិលក្នុងភូមិសាស្ត្រ សង្កាត់ជ្រាវ ក្រុងសៀមរាប ទំហំ៦ហិកតា និងស្រះនោះជម្រៅ៦ម៉ែត្រ ដែលមានតម្លៃសរុប ៤៦៨.០០០ដុល្លារ។ ក្នុងគ្រាដែលកំពុងដំណើរការ លោក គង់ ប៊ឹប បានទូទាត់ប្រាក់មួយចំនួនទៅមកឲ្យខ្លួន។ លោកបន្តថា លុះអំឡុងខែមេសាឆ្នាំ ២០១៩ លោក គង់ ប៊ឹប បានផ្អាកការងារប៉ុន្តែនៅជំពាក់លុយលោក ១៣៤.៦១៣.៧ដុល្លារ។

បើតាម លោក ជា គីមឆែ ដោយសារតែការមិនទទួលខុសត្រូវនេះ លោកបានដាក់ពាក្យប្តឹងរក្សាការពារមួយទៅតុលាការ ដើម្បីរឹបអូសដីរបស់លោកគង់ ប៊ឹប ជាបណ្តោះអាសន្ន។   យោងតាមដីកា សម្រេចរក្សាការពារ របស់សាលាដំបូងខេត្តសៀមរាបលេខ ២៧៨ឈ/២០១៩ចុះថ្ងៃទី២ ខែកក្កដាឆ្នាំ ២០១៩ ដែលចុះហត្ថលេខាដោយលោកមុយ សុភក្ត្រ័ ចៅក្រមសាលាដំបូង បានបង្ហាញថា ម្ចាស់បំណុលឈ្មោះជា គីមឆែ បានស្នើសុំអោយតុលាការចេញដីកាសម្រេច រឹបអូសជាបណ្តោះអាសន្ននូវដីមួយកន្លែងដែលមានទំហំ១.៨៥៦ម៉ែត្រក្រឡា ស្ថិតក្នុងភូមិខ្នារ សង្កាត់ជ្រាវ ក្រុងសៀមរាប។

ដីកាបង្ហាញទៀតថា កាលពីថ្ងៃទី២២ខែកុម្ភៈឆ្នាំ ២០១៩ ម្ចាស់បំណុលបានចុះកិច្ចសន្យាចាក់ដីបង្វិលជាមួយកូនបំណុល ដើម្បីជីកស្រះនិងចាក់ដីបង្វិលក្នុងភូមិសាស្ត្រ សង្កាត់ជ្រាវ ក្រុងសៀមរាប ៦ហិកតា និងស្រះនោះជម្រៅ៦ម៉ែត្រ ដែលមានតម្លៃសរុប ៤៦ ៨.០០០ដុល្លារ។ ក្នុងគ្រាដែលកំពុងដំណើរការ កូនបំណុលបានអោយប្រាក់មួយចំនួនទៅម្ចាស់បំណុល។ លុះអំឡុងខែមេសាឆ្នាំ២០១៩ កូនបំណុលបានផ្អាកការងាររបស់ខ្លួន ដោយនៅជំពាក់លុយម្ចាស់បំណុល ១៣៤.៦១៣.៧ដុល្លារ។

ក្នុងដីកាបញ្ជាក់ សម្រេចរឹបអូសជាបណ្តោះអាសន្នលើអចលនវត្ថុរបស់កូនបំណុលឈ្មោះគង់ ប៊ឹប ដីមួយកន្លែងក្នុងភូមិខ្នារ សង្កាត់ជ្រាវ ក្រុងសៀមរាបមានទំហំ ១៨៥៦ម៉ែត្រក្រឡា។

ជុំវិញករណីខាងលើនេះម្ចាស់បំណុលឈ្មោះជា គីម ឆែ ហៅ(ស៊ីង) បានអោយដឹងថា រឿងនេះខាងលោកបានប្តឹងទៅតុលាការចំនួន២ដងរួចមកហើយ ពេលនេះតុលាការ សម្រេចរឹបអូសដី តាមការស្នើសុំរបស់លោក។

លោកស៊ីង បន្តថា លោកគង់ ប៊ឹប ក្រៅពីជំពាក់បំណុលលោកជាង១៣ម៉ឺនដុល្លារ នៅជំពាក់ឈ្មោះថោង ឡង់ឌី៤ម៉ឺនដុល្លារ .ឈ្មោះថន ពៅ ១៨ ០០០ដុល្លារ. ឈ្មោះផល្លា២ម៉ឺនដុល្លារ.ឈ្មោះថោង សាវុធ ៧៥០០ដុល្លារ។ កាលចុះកិច្ចសន្យា លោកគង់ ប៊ឹប បាននិយាយថា បើភាគីខាងលោក(ស៊ីង) អនុវត្តមិន បានតាមកិច្ចសន្យាត្រូវតែប្រឈមតាមផ្លូវច្បាប់។  ប៉ុន្តែតាំពីឆ្នាំ២០១៩ មក ទល់ឆ្នាំ២០២២ ហើយលោកគង់ ប៊ឹប នៅមិនព្រមសងលុយទៀត។

យោងតាមការបញ្ជាក់របស់លោកស៊ីង បង្ហាញ ថា លោកគង់ ប៊ឹប នៅមានជំពាក់បំណុលមនុស្សច្រើននាក់ទៀត បើទោះបីពេលនេះលោកកំពុងបង្ហាញឡានទំនើប ឡិចស៊ីស៥៧០ដ៏មានតម្លៃ ដល់ក្រសែភ្នែកមហាជនរាប់លានគូរក៏ដោយ។

អះអាងប្រហាក់ប្រហែលនឹងលោក ជា គីមឆែ ហៅ ស៊ីង ដែរ ប្រជាពលរដ្ឋ ៣នាក់ផ្សេងទៀត ដែលជាអ្នក រកស៊ីដាក់គ្រឿងចក្រកាយដីជាមួយលោក គង់ ប៊ឹប ក៏បានលើកឡើងដែរថា លោកគង់ ប៊ឹប បានជំពាក់លុយពួកគាត់មានខ្លះ៤ម៉ឺនដុល្លារ ខ្លះ២ម៉ឺនដុល្លារ តាំងពីឆ្នាំ២០១៩មក ដោយលោក គង់ ប៊ឹប រកលេសដោះសារមិនព្រមសងលុយទាល់តែសោះ។

ជុំវិញករណីនេះ លោកគង់ ប៊ឹប បានថ្លែងប្រាប់អ្នកសារព័ត៌មានថា រឿងខាងលើកំពុងដោះស្រាយតាមផ្លូវតុលាការហើយ។ ចំណែករឿងជីកដី ជាគម្រោងរបស់សម្តេចសង្ឃ។

សូមរម្លឹកថា កាលពីអំឡុងឆ្នាំ២០១៩ មានការជីកស្តារយកអាចម៍ដីចេញពីផ្ទៃដីដ៍ធំធេងមួយកន្លែងក្នុងសង្កាត់ជ្រាវ។ ដែលការជីកនោះត្រូវបានអះអាងថា ជីក ដើម្បីបង្កើតជាបារាយណ៍សិប្បនិមិត្ត សម្រាប់ធ្វើជាតំបន់ទេសចរណ៍។ គម្រោងជីកស្តារនោះ ព័ត៌មានបានទម្លាយថា លោកគង់ ប៊ឹប ចៅសង្កាត់រងទី១ សង្កាត់ជ្រាវ ជាអ្នកក្តោបក្តាប់សេដ្ឋកិច្ច(កាន់លុយ) តែត្រូវរលាយបាត់រូបទៅវិញ ហើយបន្សល់នូវរឿងអាស្រូវរាប់មិនអស់ រហូតដល់បច្ចុប្បន្ន៕SRP

Like 195
Comment 0
Share ចែកចាយ
Views 0
Avatar photo
សៀមរាប ប៉ុស្តិ៍
២៥ មករា ២០២២

ខេត្តសៀមរាប៖អគ្គនាយករងនៃអគ្គនាយកដ្ឋានសហគមន៍មូលដ្ឋាននៅក្រសួងបរិស្ថាន លោក ងួន សែប បានថ្លែងថា ព្រៃលិចទឹកក្នុងតំបន់៣ ដែលបានដកហូតពីប្រជាពលរដ្ឋ នាពេលកន្លងមក នៅទូទាំងខេត្ដសៀមរាប មានចំនួនជាង២ពាន់ហិកតា ប៉ុន្ដែត្រូវបានដាំដើមឈើសាកល្បងក្នុងបីដំណាក់កាល នៅលើផ្ទៃដី៤០ហិកតា ក្នុងនោះដំណាក់កាលទី១ លើផ្ទៃដីទំហំ៥ហិកតា មានជា២ពាន់ដើម , ដំណាក់កាលទី២ និងដំណាក់កាលទី៣ មានផ្ទៃដីទំហំ៣៥ហិកតា ស្មើនឹងកូនឈើព្រៃលិចទឹកចម្រុះជាង១ម៉ឺនដើម ដើម្បីស្ដារគម្របព្រៃលិចទឹកឡើងវិញ បង្កើតជំរកសម្រាប់មច្ឆជាតិពងកូន និងបង្កើននូវជីវចម្រុះ សម្រាប់តំបន់បឹងទន្លេសាប។

លោក ងួន សែប បន្តថា ក្រសួងបរិស្ថាន បានកំណត់ការដាំស្ដារព្រៃលិចទឹកសាកល្បងនេះជាជំហានៗ ហើយការដាំសាកល្បងជំហានទី១នេះ ក្រសួងបរិស្ថានបានកំណត់ដាំស្ដារសាកល្បងលើផ្ទៃដីព្រៃលិចទឹកក្នុងតំបន់៣ ចំនួន២០០ហិកតា ក្នុងនោះមាន ៖ខេត្តសៀមរាប ចំនួន៤០ហិកតា ក្នុងចំណោមផ្ទៃដីដកហូតសរុប ២.២៤៨,៦១ហិកតា , ខេត្តកំពង់ឆ្នាំង ដាំស្ដារសាកល្បងចំនួន៥០ហិកតា ក្នុងចំណោមផ្ទៃដីដកហូតសរុប ២៧.៨៣៨,១៤ហិកតា , ខេត្តបាត់ដំបងដាំសាកល្បងចំនួន៤០ ក្នុងចំណោមផ្ទៃដីដកហូតសរុប ៤.៣៤៧,១៥ហិកតា , ខេត្តបន្ទាយមានជ័យ ដាំសាកល្បងចំនួន២៥ហិកតា ក្នុងចំណោមផ្ទៃដីដកហូតសរុប ៣.៤៧១ហិកតា និងខេត្តកំពង់ធំ ដាំសាកល្បចំនួន៤៥ហិកតា ក្នុងចំណោមផ្ទៃដីដកហូតសរុបជាង៩ម៉ឺនហិកតា។

លោកថ្លែងបែបនេះក្នុងពិធីដាំស្ដារព្រៃលិចទឹកក្នុងតំបន់៣ នៃតំបន់ប្រើប្រាស់ច្រើនយ៉ាងក្នុងបឹងទន្លេសាប ក្នុងភូមិសាស្ត្រក្រុងសៀមរាប នៅព្រឹកមិញនេះ។

បើតាម លោក ងួន សែប យោងតាមប្រសាសន៍ណែនាំរបស់សម្តេចតេជោ ហ៊ុន សែន កាលពីថ្ងៃ២៨ ខែវិច្ឆិកា ឆ្នាំ២០២១កន្លងទៅនេះ ផ្ទៃដីព្រៃលិចទឹក ដែលត្រូវបានដកហូតពីការកាប់រុករាន រំលោភកាន់កាប់ខុសច្បាប់នោះ ត្រូវដាំឫស្សី និងកូនឈើព្រៃលិចទឹកជាច្រើនប្រភេទឡើងវិញ រួមមានឫស្សី ពឹងពុង ឬស្សីស្រុក ឫស្សីព្រៃ ដើមរាំងទឹក ដើមរំដេញ ដើមល្វា ដើមដង្កៀបក្តាមនិងដើមសណ្ដាន់ នៅលើផ្ទៃដីដកសរុប៤៧.០១៤,៦៩ហិកតា តាមបណ្តាខេត្ដជាប់នឹងបឹងទន្លេសាប៕SRP

Like 195
Comment 0
Share ចែកចាយ
Views 0
Sponsored
Avatar photo
សៀមរាប ប៉ុស្តិ៍
២២ មករា ២០២២

ខេត្តសៀមរាប៖អាជ្ញាធរស្រុកបន្ទាយស្រី បានប្រកាសទទួលពាក្យបណ្ដឹងរបស់ប្រជាពលរដ្ឋ ដែលកំពុងមានបញ្ហាទំនាស់ដីធ្លី។

លោកឃឹម ហ្វីណង់ អភិបាលស្រុកបន្ទាយស្រី បានឲ្យដឹងថា ក្នុងគោលបំណងធ្វើបច្ចុប្បន្នភាព ផ្តល់ភាពច្បាស់លាស់ និងគ្រប់គ្រងឱ្យបានទិន្នន័យជារួមនៅក្នុងតំបន់ដែលមានភូមិសាស្ត្រស្មុគស្មាញ ឯកសារជាន់គ្នា ព្រំប្រទល់មិនច្បាស់លាស់ និងសម្បូរទៅដោយវិវាទ រដ្ឋបាលស្រុកបន្ទាយស្រីសូមអញ្ជើញបងប្អូនប្រជាពលរដ្ឋដែលមានដីធ្លីនៅក្នុងតំបន់ដូចដែលមានបង្ហាញនៅក្នុងផែនទីខាងក្រោមនេះ ទោះបីគិតថាមាន ឬគ្មានវិវាទក៏ដោយ មេត្តារួសរាន់ផ្តល់ឯកសារពាក់ព័ន្ធនឹងការកាន់កាប់អាស្រ័យផលលើដីរបស់ខ្លួន ដើម្បីផ្តល់ជាមូលដ្ឋានឱ្យរដ្ឋបាលស្រុកមានទិន្នន័យពេញលេញជាលក្ខណៈប្រព័ន្ធ និងគ្រប់ជ្រុងជ្រោយ ក្នុងការដោះស្រាយបញ្ចប់វិវាទទាំងឡាយដែលបានអូសបន្លាយអស់ជាង១៥ឆ្នាំមកហើយនេះ។

លោកឃឹម ហ្វីណង់ បន្តថា ដីនៅក្នុងតំបន់ជាប់ព្រំប្រទល់រវាងឃុំខ្នារសណ្តាយ ឃុំរំចេក និងឃុំព្រះដាក់ ជាពិសេសតំបន់ចន្លោះផ្លូវជាតិលេខ៦៦ និងផ្លូវជាតិលេខ៦៧ សុទ្ធសឹងតែជាដីជាប់នៅក្នុងផែនទីគម្របព្រៃឈើឆ្នាំ២០០២នៅឡើយ ដែលត្រូវបានប្រជាពលរដ្ឋរស់នៅកាន់កាប់អាស្រ័យផលជិតម្ភៃឆ្នាំរួចមកហើយ ប៉ុន្តែក៏ជាតំបន់ដែលមានការទាមទារត្រួតសុីគ្នា រវាងប្រជាពលរដ្ឋ និងប្រជាពលរដ្ឋ ឬរវាងប្រជាពលរដ្ឋ និងក្រុមហ៊ុនដែលបានទិញដីបន្តពីប្រជាពលរដ្ឋ ដែលទាមទារឱ្យមានការត្រួតពិនិត្យជាប្រព័ន្ធ និងធ្វើការវិនិច្ឆ័យជារួមដំណាលគ្នាទើបសង្ឃឹមអាចរកច្រកចេញបាន។

បើតាមអភិបាលស្រុកបន្ទាយស្រី ម្ចាស់ដីទាំងអស់នៅក្នុងតំបន់ទាំងនេះនឹងត្រូវបានទុកពេលឱ្យរយៈពេល១ខែដើម្បីបង្ហាញឯកសារកាន់កាប់ដែលមានសុពលភាពនៅលើដីរបស់ខ្លួនមកកាន់ក្រុមការងាររបស់រដ្ឋបាលស្រុកដើម្បីធ្វើការផ្ទៀងផ្ទាត់ និងវាយតម្លៃ មុននឹងកំណត់ឱ្យច្បាស់ថាតំបន់ណាត្រួតជាន់គ្នាពិតប្រាកដ ហើយត្រូវដោះស្រាយបញ្ចប់ ដោយតម្រូវឱ្យម្ចាស់ដីពិតប្រាកដចេញមុខតវ៉ាដោះស្រាយដោយផ្ទាល់ និងមិនអនុញ្ញាតឱ្យតំណាងឬម្ចាស់ដីដើមចេញមុខតវ៉ាជំនួសឡើយ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 200
Avatar photo
សៀមរាប ប៉ុស្តិ៍
២២ មករា ២០២២

ខេត្តសៀមរាប៖នគរបាលព្រហ្មទណ្ឌកម្រិតស្រាលខេត្តសៀមរាប ប៉ុស្ដិ៍គោកចក សហការជាមួយនគរបាលព្រហ្មទណ្ឌកម្រិតស្រាលខេត្តបាត់ដំបង បានឃាត់ខ្លួនបុរសម្នាក់ ករណីរំលោភលើទំនុកចិត្ត យកម៉ូតូ។

ជនសង្ស័យឈ្មោះ ជា ពិសិដ្ឋអាយុ៣៦ឆ្នាំ មុខរបរ មិនពិតប្រាកដ ទីលំនៅសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

ការឃាត់ខ្លួនធ្វើឡើងនៅថ្ងៃទី១៩ ខែមករា ឆ្នាំ២០២២ ក្រោយពីបានឆែកឆេរផ្ទះជួលមួយកន្លែង ស្ថិតនៅភូមិទក្សិណត្បូង សង្កាត់គោកចក ក្រុងសៀមរាប របស់ឈ្មោះ ប៉ោះ សុឃឿន ភេទស្រី អាយុ២៦ឆ្នាំ មុខរបរនារីបម្រើការតាមហាង ដែលត្រូវជាប្រពន្ធរបស់ជនសង្ស័យ។

សមត្ថកិច្ចបញ្ជាក់ថា ក្នុងប្រតិបត្តិការចុះស្រាវជ្រាវនេះ បានរកឃេីញ និងដកហូតវត្ថុតាងរួមមាន៖ ១.ម៉ូតូ២គ្រឿង ម៉ាកហុងដាឌ្រីមពណ៌ខ្មៅ សេរីឆ្នាំ២០២២ គ្មានស្លាកលេខ លេខតួ+លេខម៉ាស៉ីន៦១៥៩៨៩០ (ជាម៉ូតូដែលជនសង្ស័យធ្វើសកម្មភាពបានយកមករក្សាទុកក្នុងផ្ទះខាងលើ) ម៉ាកហុងដាស្កុបពី ពណ៌ស សេរីឆ្នាំ២០២២ ពាក់ស្លាកលេខសៀមរាប១AK-២៤១៩ លេខតួ+លេខម៉ាស៉ីន៨៣០៤៩៤១(គ្មានឯកសារបញ្ជាក់)។
២.ស្លាកលេខម៉ូតូចំនួន០៨សន្លឹក។ ៣.ម៉ូទ័រស្វានសម្រាប់ដោះដាក់ស្លាកលេខ១។ ចំពោះសម្ភារវត្ថុតាងដែលដកហូតបានយកទៅបន្តនីតិវិធីនៅស្នងការដ្ឋាននគរបាលបាត់ដំបង ដេីម្បីអនុវត្តនីតិវិធីបន្ត៕SRP

Like 195
Comment 0
Share ចែកចាយ
Views 200
Avatar photo
សៀមរាប ប៉ុស្តិ៍
២១ មករា ២០២២

ខេត្តសៀមរាប៖បុរសម្នាក់ដែលបានធ្វើសកម្មភាព លួចម៉ូតូ ដែលម្ចាស់មិនបានដកសោរ ត្រូវបានឃាត់ខ្លួន។

ការឃាត់ខ្លួនធ្វើឡើងនៅថ្ងៃទី២០ ខែមករា ឆ្នាំ២០២២ ម្សិលមិញ នៅក្នុងក្រុងសៀមរាប ដោយប៉ូលិសក្រុងសៀមរាប។ ជនសង្ស័យឈ្មោះរ៉ា ធុង អាយុ១៨ឆ្នាំមុខរបរមិនពិតប្រាកដ មានស្រុកកំណើត និងទីលំនៅបច្ចុប្បន្ននៅភូមិអារញ្ញ សង្កាត់សៀមរាប ក្រុងសៀមរាប ពាក់ព័ន្ធនិងករណីអំពើលួច(លួចម៉ូតូ) និងប្រើប្រាស់នូវសារធាតុញៀន។

ស្នងការរងទទួលផែនព្រហ្មទណ្ឌ លោកភឹង ចិន្តារ៉េត បានឲ្យដឹងថា៖ នៅថ្ងៃទី៧ ខែមករា ឆ្នាំ២០២២ វេលាម៉ោង២៣ និង៣០នាទី ស្ថិតនៅចំណុចក្រុមទី៤ ក្នុងភូមិស្ពានជ្រាវ សង្កាត់សៀមរាប ក្រុងសៀមរាប មានករណីអំពើលួច(លួចម៉ូតូ)បង្កឡើងដោយជនសង្ស័យមិនស្គាល់អត្តសញ្ញាណ បានលួចម៉ូតូម៉ាកហុងដាឌ្រីមពណ៌ខ្មៅ សេរីឆ្នាំ២០១៤ ពាក់ស្លាកលេខបាត់ដំបង១R-៣១១៧ លេខតួ.លេខម៉ាស៊ីន៩០៤៧៦៧៤ របស់ជនរងគ្រោះឈ្មោះសាំង ធី ភេទប្រុស អាយុ ៥៦ឆ្នាំ ដែលទុកម៉ូតូចោលនៅមុខផ្ទះហើយមិនបានដកសោរទុក។ ក្រោយពីសាកសួរបុរសរូបនេះឆ្លើយសារភាពថា ខ្លួនពិតជាបានលួចម៉ូតូរបស់ជនរងគ្រោះពិតមែន ។

បច្ចុប្បន្ន ជនសង្ស័យរួមទាំងវត្ថុតាងត្រូវបានសមត្ថកិច្ចកសាងសំណុំរឿង បញ្ជូនទៅសាលាដំបូងខេត្តអនុវត្តតាមផ្លូវច្បាប់បន្ត៕SRP

Like 195
Comment 0
Share ចែកចាយ
Views 0
Avatar photo
សៀមរាប ប៉ុស្តិ៍
១៩ មករា ២០២២

ខេត្តសៀមរាប៖ក្រុមមន្ត្រីប៉ុស្តិ៍នគរបាលសង្កាត់ជ្រាវក្រុងសៀមរាប រកមិនឃើញទីតាំងបនល្បែងជល់មាន់ ក្រោយពីមានបណ្ដាញសង្គម facebook បានចុះផ្សាយថាទឹកដីសង្កាត់ជ្រាវ មានល្បែងជល់មាន់និងអាប៉ោង។

អ្នកនាំពាក្យ ស្នងការដ្ឋាននគរបាលខេត្តសៀមរាប បានឲ្យដឹងថា៖កន្លងទៅថ្មីៗនេះមានសារព័ត៌មាន សុរ៉ា សារព័ត៌មាន បានសរសេរបង្ហោះនៅតាមបណ្ដាទំនាក់ទំនងសង្គមដែលមានខ្លឺមសារថា៖ មានការបើកល្បែងស៊ីសងខុសច្បាប់ដូចជា ជល់មាន់ និងអាប៉ោង នៅភូមិក្រសាំង សង្កាត់ជ្រាវ ក្រុងសៀមរាប ខេត្តសៀមរាប។

អ្នកនាំពាក្យបានបន្ថែមថា ក្រោយពីបានទទួលព័ត៌មាន លោកតេង ច័ន្ទណាត ស្នងការខេត្តសៀមរាប បានដាក់បទបញ្ជាឲ្យចុះស្រាវជ្រាវជាបន្ទាន់។

បើតាមអ្នកនាំពាក្យបានបញ្ជាក់ថា ជាក់ស្ដែង នៅថ្ងៃទី១៧ ខែមករា ឆ្នាំ២០២២ កម្លាំងប៉ុស្ដិ៍នគរបាលរដ្ឋបាលជ្រាវ ដឹកនាំនិងបញ្ជារផ្ទាល់ដោយអធិការនគរបាលក្រុងសៀមរាប លោកដា ចំរើន បានចុះស្រាវជ្រាវទៅដល់ទីតាំងដែល សុរ៉ា សារព័ត៌មាន បានសរសេរបង្ហោះនៅក្នុង Facebook ពិនិត្យឃើញថា ៖ នៅក្នុងភូមិសាស្រ្ដនេះគឺពុំមានការលេងល្បែងស៊ីសងខុសច្បាប់ ដូចជា ជល់មាន់ លេងបៀ អាប៉ោង ដូចសារព័ត៌មានខាងលើ បានចុះផ្សាយនោះទេ។

ទន្ទឹមនឹងនេះដែរ ស្នងការដ្ឋាននគរបាលខេត្តសៀមរាប សូមថ្លែងអំណរគុណយ៉ាងអនេកចំពោះបងប្អូនប្រជាពលរដ្ឋ អ្នកសារព័ត៌មាន អ្នកនិយមតាមដានព័ត៌មានតាមបណ្ដាញទំនាក់ទំនងសង្គម ដែលតែងតែចូលរួមផ្ដល់ព័ត៌មាន ពាក់ព័ន្ធសកម្មភាពល្មើសច្បាប់ បទល្មើសគ្រប់ប្រភេទ ដែលកើតមានឡើងនៅតាមមូលដ្ឋានក្នុងន័យដើម្បីចូលរួមចំណែក ក្នុងការអនុវត្តគោលនយោបាយ ភូមិ-ឃុំ-សង្កាត់ មានសុវត្ថិភាពរបស់រាជរដ្ឋាភិបាលកម្ពុជា។

អាស្រ័យហេតុនេះ សូមអ្នកសារព័ត៌មាន បណ្ដាអ្នកនិយមតាមដានព័ត៌មាន នៅតាមបណ្ដាញFacebook និងសាធារណជន មេត្តាជ្រាបជាព័ត៌មាន៕SRP

Like 195
Comment 0
Share ចែកចាយ
Views 0
Avatar photo
សៀមរាប ប៉ុស្តិ៍
១៩ មករា ២០២២

ខេត្តសៀមរាប៖ករណីគ្រោះថ្នាក់ចរាចរណ៍ បាន សម្លា..ប់មនុស្ស៦៣នាក់ និងរបួសធ្ងន់ស្រាល៦២នាក់ រយៈពេលមួយឆ្នាំ២០២១ ក្នុងខេត្តសៀមរាប។

ស្នងការខេត្តលោកតេង ច័ន្ទណាត បានឲ្យដឹងថា នៅឆ្នាំ២០២១ ទូទាំងខេត្តសៀមរាបមានគ្រោះថ្នាក់ចរាចរណ៍ កើតឡើងចំនួន៧០លើក ថយចុះ៤លើក បើប្រៀបធៀបទៅនឹងឆ្នាំ២០២០ មាន៧៤លើក។

លោកថា ក្នុងចំណោមករណីគ្រោះថ្នាក់ចរាចរទាំង ៧០លើកនោះ បានបណ្តាលឱ្យមនុស្សស្លាប់ ៦៣នាក់ ស្រី១០នាក់ របួសធ្ងន់ ៣២នាក់ ស្រី ៤នាក់ របួសស្រាល៣០នាក់ ស្រី៥នាក់ ខូចម៉ូតូ៤៨គ្រឿង រថយន្ត៣៧គ្រឿង គោយន្ត៣គ្រឿង កង់៤គ្រឿង និងបានកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្ត ៧២ករណី និងមនុស្ស៥នាក់។ ចំពោះមូលហេតុដែលបានឲ្យកើតគ្រោះថ្នាក់ចរាចរណ៍ មានដូចជា៖ បើកបរក្នុងល្បឿនលឿន៣៣លើក  បើកបរមិនប្រកាន់ស្តាំ១១លើក បើកជែងក្នុងស្ថានភាពគ្រោះថ្នាក់៦លើក បែកកង់និងរេចង្កូតទៅបុកម៉ូតូ១លើក បត់ខ្វះការប្រុងប្រយ័ត្ន២លើក បើកបរឆ្លងផ្លូវខ្វះការប្រយ័ត្ន៧លើក បើកបរគ្រោះថ្នាក់ដោយខ្លួនឯង៣លើក គោយន្តគ្មានភ្លើងបំភ្លឺ២លើក បើកបរក្នុងស្ថានភាពស្រវឹង១លើក បើកក្នុងស្ថានភាពងងុយដេក១លើក ដើរឆ្លងផ្លូវខ្វះការប្រុងប្រយ័ត្ន២លើក ចតលើផ្លូវគ្មានស្លាកសញ្ញា១លើក សរុបទៅ៧០លើក។

បើតាមតេង ច័ន្ទណាត បានបង្ហាញនូវក្តីបាម្ភផងដែរពីកត្តាប្រឈមចំពោះឥរិយាបទ របស់បងប្អូនមួយចំនួនក្នុងការបើកបរលើទ្រូងផ្លូវ ពួកគាត់ខ្លះបើកបរក្នុងស្ថានភាពស្រវឹង ខ្វះការយោគយល់ មិនគោរពស្លាកសញ្ញា ភ្លើងសញ្ញាចរាចរណ៍ជាដើម ដែលទាំងនេះជាហានិភ័យនិងជាហេតុអាចបង្កគ្រោះថ្នាក់ចរាចរណ៍ គ្រប់ពេលវេលា៕SRP

Like 195
Comment 0
Share ចែកចាយ
Views 400
Sponsored
Avatar photo
សៀមរាប ប៉ុស្តិ៍
១៨ មករា ២០២២

ខេត្តសៀមរាប៖អាជ្ញាធបានអះអាងថាខ្លួនគ្រោងរៀបចំ ចំព្រឹត្តិការណ៍សង្ក្រាន្តសៀមរាប ដើម្បីបង្ហាញមោទកភាពលើសមិទ្ធផលថ្មី( ហេដ្ឋារចនាសម្ព័ន្ធផ្លូវ៣៨ខ្សែ ) ដើម្បីទាក់ទាញភ្ញៀវទេសចរផ្ទៃក្នុងជាតិ និងអន្តរជាតិ។ ទន្ទឹមនឹងមានការត្រៀមខ្លួនរួចជាស្រេច ឆ្លងកាត់វិញ្ញាសារសាកល្បង ដកខ្លួនចេញពីវិបត្តិកូវីដ-១៩ នាថ្ងៃបុណ្យចូលឆ្នាំចិន-វៀតណាម ខាងមុខនេះ។

ថ្លែងក្នុងកិច្ចប្រជុំ នៅថ្ងៃទី ១៧ ខែ មករា ម្សិលមិញ ឆ្នាំ២០២២នេះ នៅសាលប្រជុំសាលាខេត្ត លោក ទៀ សីហា ប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត បានដាក់ចេញឲ្យពង្រឹងអនុវត្តវិធានការគ្រប់គ្រង ដោះស្រាយបញ្ហាដីព្រៃលិចទឹក នៅក្នុងតំបន់៣បឹងទន្លេសាប  ប្រតិបត្តិការបង្ក្រាបគ្រឿងញៀន និង ក្តីកង្វល់អំពីបញ្ហាកើនឡើងនៃគ្រោះថ្នាក់ចរាចរណ៍ជាដើម។

លោកទៀ សីហា បានថ្លែងថា  ជាមួយនឹងការបើកទំព័រថ្មី នៃសេដ្ឋកិច្ចសង្គមលើគ្រប់វិស័យ វិញ្ញាសារសាកល្បងធំៗ ដើម្បីពិសោធន៍លើកម្លាំងរើបម្រះចេញពីវិបត្តិកូវីដ-១៩នោះ គឺពិធីឆ្លងឆ្នាំសកលបានកន្លងផុត និង កំពុងត្រៀមការសាកល្បងបុណ្យចូលឆ្នាំចិន-វៀតណាមនាពេលខាងមុខនេះ។ 

លោកទៀ សីហា សង្ឃឹមថា យ៉ាងណាក៏ដោយ នៅក្នុងអំឡុងខែកុម្ភៈ ឬខែមីនា ឆ្នាំ២០២២ខាងមុខនេះ ខេត្តសៀមរាបនឹងអាចឆ្លងកាត់ពីធីកាត់ខ្សែបូរ សម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ ហេដ្ឋារចនានាសម្ព័ន្ធផ្លូវ៣៨ខ្សែ ក្រោមវត្តមានដ៏ខ្ពង់ខ្ពស់នៃសម្តេចតេជោ ហ៊ុន សែន។ ដូច្នោះហើយគោលដៅខាងមុខ បុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ នឹងត្រូវបានរៀបចំឲ្យមានជាព្រឹត្តិការណ៍សង្ក្រាន្តសៀមរាប ដើម្បីទាក់ទាញភ្ញៀវទេសចរជាតិ និង ទេសចរអន្តរជាតិផងដែរ។ 

លោកបន្តថាបញ្ហាផ្លូវ៣៨ខ្សែនេះ គឺជាការងារអាទិភាពមួយដ៏ខាន់ ដែលត្រូវចាប់ផ្តើមចេញពីការជួបជុំនៃអ្នកជំនាញពាក់ព័ន្ធទាំងអស់ រួមទាំងអាជ្ញាធរក្រុងផងដែរ លើការរៀបចំសណ្តាប់ធ្នាប់ ចរាចរណ៍ ការប្រើប្រាស់ចំណីផ្លូវ ការរៀបចំកន្លែងលក់ដូររបស់ប្រជាពលរដ្ឋជាដើម។ បរិស្ថាន អនាម័យស្អាត និងសេចក្តីថ្លៃថ្នូរ គឺត្រូវទាមទារឲ្យមានការចូលរួមពីសំណាក់អ្នកពាក់ព័ន្ធទាំងអស់  ក្នុងនោះជនគំរូបំផុត គឺបងប្អូនប្រជាពលរដ្ឋ ទាំងការចូលរួមផ្សព្វផ្សាយ និងទាំងការចូលរួមអនុវត្ត។  លោកមានប្រសាសន៍ថា  អ្វីដែលចង់ឃើញសម្រាប់ថ្ងៃអនាគត គឺការរីកចម្រើនទៅមុខជានិច្ច៕SRP

Like 195
Comment 0
Share ចែកចាយ
Views 100
Avatar photo
សៀមរាប ប៉ុស្តិ៍
១៨ មករា ២០២២

ខេត្តសៀមរាប៖ក្រុមប្រជាពលរដ្ឋជាច្រើននាក់បាននាំគ្នាតវ៉ាមិនឲ្យមានការចាក់អាចម៌ដី ដែលពួកគាត់បានអះអាងថា ជាដីរបស់ឈ្មោះ ប៉ែត ហាច។

ប្រជាពលរដ្ឋ រស់នៅភូមិបឹង ឃុំឬស្សីលក ស្រុកជីក្រែង ខេត្តសៀមរាប បានលើកឡើងថា ទីតាំងដែលមានគេកំពុងចាក់អាចម៍ដីនោះ ដីដែលកំពុងមានទំនាស់ និងជាដីរបស់ ឈ្មោះ ប៉ែត ហាច អាយុ២៥ឆ្នាំ ភេទស្រី អាស័យដ្ឋាននៅភូមិស្ពានតូច ឃុំឬស្សីលក ស្រុកជីក្រែង ខេត្តសៀមរាប ជាម្ចាស់ដីនៅទីតាំងខាងលើ ស្ថិតក្នុងភូមិបឹង ឃុំឬស្សីលក ស្រុកជីក្រែង ខេត្តសៀមរាប ជាដើមបណ្ដឹង។ ចំណែកចុងបណ្ដឹងឈ្មោះ ឈ្មោះ លៀស ហាប់ ជាម្ដាយបង្កើត របស់ឈ្មោះ ប៉ែត ហាច។

រឿងក្ដីដីធ្លី កូននិងម្ដាយបង្កើត ភាគីខាងកូនឈ្មោះ ប៉ែត ហាច ដែលជាដើមបណ្ដឹងនិងប្រជាពលរដ្ឋ រួមទាំងសាក្សីជាច្រើននាក់ផងនោះ បានសុំសំណូមពរឲ្យថ្នាក់ដឹកនាំជួយរកចិត្តធម៌ ជូនដល់គ្រួសារពួកគាត់ផង ត្បិតរឿងនេះពួកគាត់អះអាងថាដីចំណុចដែលគេកំពុងចាក់អាចម៍ដីនោះ ដីដែលកំពុងមានទំនាស់ និងជាដីរបស់ ឈ្មោះ ប៉ែត ហាច ដែលបច្ចុប្ប្ន មានអាយុ២៨ឆ្នាំហើយ។

យោងតាមលិខិតរបស់ការិយាល័យមេធាវីនាគព័ន្ធ ចុះថ្ងៃទី ៣ ខែមីនាឆ្នាំ ២០២១ ដោយលោក ភុំ ប៊ុនធេន ដែលការពារក្ដីឱ្យដើមចោទឈ្មោះ ប៉ែត ហាច បានបញ្ជាក់ថាការទាមទារថា៖ កាលពីអំឡុងឆ្នាំ១៩៩៤-ឈ្មោះ ប៉ែត ហាច បានកើតពីម្តាយឈ្មោះ លៀស ហាប់ ប្រហែល៨ខែ ក៏ឈ្មោះ លៀស ហាប់ បានចុះចោលពីផ្ទះ និងទុកកូនចោលឈ្មោះ ប៉ែត ហាច ពេលនោះ ឈ្មោះ ឆេង ប៉ែត ក៏បានទទួលឈ្មោះ ប៉ែត ហាច ចិញ្ចឹម និងបានធ្វើសំបុត្របញ្ជាក់ លេខ១៧២ ចុះថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០០២។ ចាប់តាំងពីពេលនោះមក មានរយៈពេលជាង២០ ដែលចុងចម្លើយមិនដែលបានអើរពើ និងទទួលខុសត្រូវលើកូននោះទេ។ ក្នុងស្ថានភាពនេះឈ្មោះ យាយ វឹង ដែលជាយាយរបស់ឈ្មោះ ប៉ែត ហាច និងជាម្ដាយរបស់ឈ្មោះ លៀស ហាប់ បានសម្រេចប្រគល់ដីមរតកមានទំហំប្រហែល២៩៨៥ម៉ែត្រការ៉េ ស្ថិតនៅភូមិបឹង ឃុំឬស្សីលក ស្រុកជីក្រែង ខេត្តសៀមរាប ដែលមានព្រំប្រទល់ជាប់និង៖

ខាងលិចជាប់និងថ្នល់ជាតិ

–អាងកើតជាប់និងផ្លូវរទេះ

ខាងជើងជាប់និងផ្លូវរទេះ

-ខាងត្បូងជាប់និង ខា សុខនី

មកឲ្យដើមចោទដោយឲ្យឈោ្មះ ឆេង ប៉ែត ជាអ្នកមើលការខុសត្រូវរហូតដល់ដើមចោទធំ ដឹងក្តី ទើបប្រគល់ឲ្យ។ អំឡុងពេលដែលបានប្រគល់ដីខាងលើមានអ៊ុំៗ ឈោ្មះ លៀស ហំ, លៀស ឡង , លៀស ហាន់, លៀស ស៊ិញ ដឹងឮផងដែរ។

អង្គហេតុដែលជាមូលហេតុនៃការទាមទារចំណុចនីមួយៗ៖ ដីមរតក ខាងលើត្រូវបានឈ្មោះ ឆេង ប៉ែត គ្រប់គ្រងនិងអាស្រ័យផលជាង២០ឆ្នាំ ហើយ តែអំឡុងឆ្នាំ២០១៥ ឈ្មោះ ប៉ែត ហាច ត្រូវបានរៀបការនិងមានប្តីសី ក៏សម្រេចប្រគល់ដីខាងលើ មកឲ្យឈ្មោះ ប៉ែត ហាច គ្រប់គ្រងនិងធ្វើស្រែ បានចំនួន២ឆាំ្ន ក៏ឈ្មោះ លៀស ហាប់ បានធ្វើដែរ ហើយឥឡូវមិនបានប្រគល់ដីឲ្យមកប៉ែត ហាច ទេ ថែមទាំងចាក់ដីនិងធ្វើរបងទៀតផង។

លិខិតរបស់ការិយាល័យមេធាវីនាគព័ន្ធ ចុះនៅថ្ងៃទី ២២ ខែមិថុនាឆ្នាំ ២០២១ ដែលចុះហត្ថលេខាដោយមេធាវី ភុំ ប៊ុនធេន សូមជម្រាបជូន លោកស្រី ចៅក្រមមេត្តាជ្រាបថា៖ ក្នុងសំណុំរឿងដីការក្សាការពារខាងលើ ខ្ញុំបាទសូមបញ្ចូលនូវភស្តុតាងមួយ ចំនួនដែលជាប្រយោជន៍ដល់កូនក្តីខ្ញុំដូចខាងក្រោម៖ ភស្តុតាងជាសាក្សី

១៖ ឆេង – ប៉ែត ភេទប្រុស មានអាសយដ្ឋានបច្ចុប្បន្ននៅភូមិស្ពានតូច ឃុំឬស្សីលក ស្រុកជីក្រែងខេត្តសៀមរាប។ ២/ឈ្មោះ លៀស ហាន់ អាយុ៥២ឆ្នាំ ភេទស្រី មានអាសយដ្ឋានបច្ចុប្បន្ននៅភូមិស្ពានតូច ឃុំឬស្សីលក ស្រុកជីក្រែង ខេត្តសៀមរាប។ ៣/ឈ្មោះលៀស ឡេង អយុ៥១ឆ្នាំ ភេទប្រុស មានអាសយដ្ឋានបច្ចុប្បន្នភូមិស្ពានតូច ឃុំ ឬស្សីលក ស្រុកជីក្រែង ខេត្តសៀមរាប។ ៤/ឈ្មោះ ហួត យ៉ាន អាយុ៦៣ឆ្នាំ ភេទស្រី មានអាសយដ្ឋានបច្ចុប្បន្នភូមិស្ពានតូច ឃុំ ឬស្សីលក ស្រុកជីក្រែង ខេត្តសៀមរាប។ ៥) ឈ្មោះ ថន ដន អាយុ៦១ឆ្នាំ មានអាស័យដ្ឋានបច្ចុប្បន្ននៅភូមិស្ថានតូច ឃុំឬស្សីលក ស្រុកជីក្រែង ខេត្តសៀមរាប។ ៦ឈ្មោះ ឆែម មួន អាយុ៧៦ឆ្នាំ ភេទស្រី មានអាស័យដ្ឋានបច្ចុប្បន្ននៅភូមិស្ថានតូច ឃុំឬស្សីលក ស្រុកជីក្រែង ខេត្តសៀមរាប។ ៧/ឈ្មោះ ឆេង បូង អាយុ៦៥ឆ្នាំ មានអាសយដ្ឋានបច្ចុប្បន្ននៅភូមិស្ពានតូច ឃុំឬស្សីលក ស្រុកជីក្រែង ខេត្តសៀមរាប។ ៨/ឈ្មោះ លៀស ហំ អាយុ៥៣ឆ្នាំ មានអាសយដ្ឋានបច្ចុប្បន្ននៅភូមិស្ពានតូច ឃុំឬស្សីលក ស្រុកជីក្រែង ខេត្តសៀមរាប។

លិខិតដដែលបន្តថាគោលបំណងៈ សាក្សីខាងលើមានគោលបំណងបញ្ជាក់ថា ដីដែលជាកម្មវត្ថុនៃបណ្ដឹង គឺជាដី របស់យាយ វឹង មុនពេលយាយ វឹង ស្លាប់ គាត់ពិតជាបានប្រគល់ដីខាងលើ មកឲ្យចៅស្រីឈោ្មះ ប៉ែត ហាច ពិតប្រាកដមែន។

នៅក្នុងពេលប្រជាពលរដ្ឋនាំគ្នាតវ៉ាមិនឲ្យមានការចាក់អាចម៍ដី ទៅលើដីរបស់ឈ្មោះ ប៉ែត ហាច ដែលជាដើមបណ្ដឹង នោះ មានបុរសម្នាក់បាននិយាយថា គេជាម្ចាស់ដី ពួកគេមានប្លង់កាន់កាប់គ្រប់គ្រាន់ ក្នុងការគ្រប់គ្រងលើដីដែលកំពុងចាក់អាចម៌ដីបំពេញនេះ។ ដោយបុរសរូបនោះមិនបានបំភ្លឺប្រាប់អ្នកសារព័ត៌មាននោះ ប៉ុន្តែឲ្យលិខិតបញ្ជាក់ការចូលជាស្ថាពរនៃដីកាសម្រេច របស់លោកញ៉ែម ពិតណ្ណា ក្រឡាបញ្ជីសាលាដំបូងខេត្តសៀមរាប ចុះថ្ងៃទី៣១ ខែសីហា ឆ្នាំ ២០២១។

បានឃើញ ពាក្យសុំ ចុះថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២១ របស់ឈ្មោះ ឃឹង សុជាថា មេធាវីតំណាង ដោយអណត្តិឲ្យឈ្មោះ លៀស ហាប់ ភាគីម្ខាងទៀត ដែលមានខ្លឹមសារសុំលិខិតបញ្ជាក់ការចូលជាស្ថាពរ នៃដីកាសម្រេចលេខ: ៤៣៧/២០២១ ចុះថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០២១ របស់សាលាដំបូងខេត្តសៀមរាប។

បញ្ជាក់ថា : ១. ដីកាសម្រេចលេខ : ៤៣៧/២១០២១ ចុះថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០២១ របស់សាលាដំបូងខេត្ត សៀមរាប បានចូលជាស្ថាពរនៅថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២១ រួចហើយ ។ ២. លិខិតបញ្ជាក់ការចូលជាស្ថាពរនៃដីកាសម្រេចនេះចេញឲ្យសាម៉ីខ្លួនដើម្បីយកទៅប្រើប្រាស់តាមផ្លូវច្បាប់។

យោងតាមប្រភពបានលើកឡើងថា រឿងក្ដី ប្ដឹងផ្ដល់គ្នាទំនាស់ដីធ្លី វាងម្ដាយនិងកូនបង្កើត នេះកើតឡើងតាំងពីឆ្នាំ២០១៩ ដោយភាគីទាំងសងខាងម្ដាយ និងកូន រួមទាំងសាក្សីដឹងឮ បានជួបគ្នាដោះស្រាយ សម្របសម្រួលគ្នា នៅសាលាឃុំឬស្សីលក ស្រុកជីក្រែង ខេត្តសៀមរាប ដោយភាគីខាងម្ដាយសុំយកដីពាក់កណ្ដាល ប៉ុន្តែភាគីកូនមិនព្រមក៏ដោះស្រាយមិនចេញ ក៏មានការប្ដឹងផ្ដល់គ្នាដល់តុលាការខេត្តសៀមរាប។  ដីចំណុចមានទំនាស់ខាងលើ ស្ត្រីចុងចម្លើយជាម្ដាយឈ្មោះ លៀស ហាប់ ដែលមានអាសយដ្ឋាននៅ ភូមិព្រះត្រពាំង ឃុំដំដែក ស្រុកសូទ្រនិគម ខេត្តសៀមរាប បានលក់ដីនោះឱ្យទៅជនទីបីរួចហើយ ទើបជនទីបី ហ៊ានចាក់អាចម៌ដីបំពេញលើដីខាងលើនោះដោយមិនមានការភ័យខ្លាចអ្វីទាំងអស់។ ទោះជាយ៉ាងណាក្រុមប្រជាពលរដ្ឋដែលឈរតវ៉ា នៅចំណុចខាងលើនោះ បានលើកដៃសំពះសំណូមពរដល់អាជ្ញាធរខេត្តសៀមរាប លោកទៀ សីហា អភិបាលខេត្ត សូមជួយដោះស្រាយរឿងដីខាងលើនេះជូនពួកគាត់ផង ខណៈពួកគាត់លើកស្រែកអះអាងថាដីខាងលើពិតជារបស់ឈ្មោះប៉ែត ហាច ពិតប្រាកដមែន៕SRP

Like 195
Comment 0
Share ចែកចាយ
Views 0
Older posts
Newer posts
← Previous Page1 … Page97 Page98 Page99 … Page236 Next →
តាមដានព័ត៌មាន
  • Telegram
  • Facebook
ព័ត៌មានថ្មីៗ
ជំនាញព្រលែងកូនត្រីចម្រុះទម្ងន់ ២២គីឡូក្រាម ចូលបឹងធម្មជាតិវិញ ជំនាញព្រលែងកូនត្រីចម្រុះទម្ងន់ ២២គីឡូក្រាម ចូលបឹងធម្មជាតិវិញ ចុះផ្សាយថ្ងៃទី ២៥ មករា ២០២៦
ឆេះផ្ទះពលរដ្ឋអស់ ០២ខ្នង រួមនឹងទ្រព្យសម្បត្តិមួយចំនួនទៀត ឆេះផ្ទះពលរដ្ឋអស់ ០២ខ្នង រួមនឹងទ្រព្យសម្បត្តិមួយចំនួនទៀត ចុះផ្សាយថ្ងៃទី ២៤ មករា ២០២៦
អភិបាលខេត្តតាកែវឆ្លើយប្រាប់អ្នកកាសែតនោះថា លោកប្អូនផឹកចុះខ្ញុំនៅឆ្ងាយណាស់!!! អភិបាលខេត្តតាកែវឆ្លើយប្រាប់អ្នកកាសែតនោះថា លោកប្អូនផឹកចុះខ្ញុំនៅឆ្ងាយណាស់!!! ចុះផ្សាយថ្ងៃទី ២៤ មករា ២០២៦
ព័ត៌មានអ្នកទស្សនាច្រើន
ក្រសួងរ៉ែចេញអាជ្ញាប័ណ្ណឲ្យមានការកាយភ្នំនៅឃុំខ្វាវ ស្រុកជីក្រែង ខេត្តសៀមរាប ក្រសួងរ៉ែចេញអាជ្ញាប័ណ្ណឲ្យមានការកាយភ្នំនៅឃុំខ្វាវ ស្រុកជីក្រែង ខេត្តសៀមរាប ចុះផ្សាយថ្ងៃទី ២២ មករា ២០២៦
ឆេះផ្ទះពលរដ្ឋអស់ ០២ខ្នង រួមនឹងទ្រព្យសម្បត្តិមួយចំនួនទៀត ឆេះផ្ទះពលរដ្ឋអស់ ០២ខ្នង រួមនឹងទ្រព្យសម្បត្តិមួយចំនួនទៀត ចុះផ្សាយថ្ងៃទី ២៤ មករា ២០២៦
អភិបាលខេត្តតាកែវឆ្លើយប្រាប់អ្នកកាសែតនោះថា លោកប្អូនផឹកចុះខ្ញុំនៅឆ្ងាយណាស់!!! អភិបាលខេត្តតាកែវឆ្លើយប្រាប់អ្នកកាសែតនោះថា លោកប្អូនផឹកចុះខ្ញុំនៅឆ្ងាយណាស់!!! ចុះផ្សាយថ្ងៃទី ២៤ មករា ២០២៦
ទីស្នាក់ការនិពន្ធ 069382925 Telegram
×