Skip to content
Siem Reap Post
  • ព័ត៌មានជាតិ
  • ព័ត៌មានអន្តរជាតិ
  • ទូរស័ព្ទ: 069382925/ 0886737999

ខេត្តសៀមរាប

Avatar photo
សៀមរាប ប៉ុស្តិ៍
៥ កុម្ភៈ ២០២២

ខេត្តសៀមរាប៖យុវតីជាសិស្សសាលាម្នាក់បានស្លាប់ភ្លាមៗខណៈជិះម៉ូតូធ្លាក់ចូលរថយន្តស៊ីទែន ដឹកកៅស៊ូធ្វើផ្លូវចំក្បាលខ្ទេច។

ហេតុការណ៍បានកើតឡើងវេលាម៉ោង០៦និង៥០នាទី ថ្ងៃទី០៥ ខែកុម្ភ: ឆ្នាំ២០២២ នៅចំណុចភូមិដូនហុង ឃុំដំដែក ស្រុកសូទ្រនិគម ខេត្តសៀមរាប លើកំណាត់ផ្លូវជាតិលេខ៦។

ករណីគ្រោះថ្នាក់ចរាចរណ៍នេះ បង្កដោយម៉ូតូម៉ាកC125 ហុងដាឌ្រីម ពណ៌ខ្មៅ ពាក់ស្លាកលេខសៀមរាប 1V.7876 បើកបរដោយឈ្មោះហឿម តុង ភេទប្រុសអាយុ១៦ឆ្នាំ ទីលំនៅភូមិខ្ចាស់ ឃុំខ្ចាស់ ស្រុកសូទ្រនិគម ខេត្តសៀមរាប (ជាសិស្សសាលា) បើកឌុបឈ្មោះហ៊ុន រត្នសុលីន ភេទស្រីអាយុ១៦ឆ្នាំ ទីលំនៅភូមិខ្ចាស់ ឃុំខ្ចាស់ ស្រុកសូទ្រនិគម ខេត្តសៀមរាប (ជាសិស្សសាលា ស្លាប់) មានទិសដៅពីលិច ទៅកើតហើយធ្លាក់ ចូលរថយន្តសុីទែនដឹកកៅស៊ូធ្វើផ្លូវ ពាក់ស្លាកលេខភ្នំពេញ3F3231មបើកពីកើតទៅលិច។ ចំណែកអ្នកបើកបររថយន្តឈ្មោះសាក់ សម្អាត ភេទប្រុស អាយុ៣៣ឆ្នាំ ទីលំនៅភូមិត្រពាំងសំរោង ឃុំលង្វែក ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង (បច្ចុប្បន្ន ត្រូវនគរបាលឃាត់ខ្លួន)។ ក្រោយកើតហេតុសមត្ថកិច្ចចុះធ្វើការវាស់វែងនិងប្រគល់សាកសពអោយឪពុកម្ដាយយកទៅធ្វីបុណ្យតាមប្រពៃណី។ ចំណែករថយន្ត និងម៉ូតូរក្សាទុកនៅអធិការនគរបាលស្រុក ដើម្បីចាត់ការតាមនីតិវិធី៕SRP

Like 195
Comment 0
Share ចែកចាយ
Views 200
Avatar photo
សៀមរាប ប៉ុស្តិ៍
៤ កុម្ភៈ ២០២២

ខេត្តសៀមរាប៖ប្រធានសហគមន៍នេសាទចុង ឃ្នៀស បានសម្រេចប្តឹងថៅកែ រណ្តៅដីពីបទហឹង្សាដោយចេតនានិងបទបទ ប៉ុនប៉ងមនុស្សឃាត ដោយទារសំណងជំងឺចិត្ត២ម៉ឺនដុល្លារ។

ការប្តឹងនេះគឺបន្ទាប់ ពីថៅកែរណ្តៅដីរូបនោះប្រើអំពើហិង្សាដោយវាយដំលើរូបគាត់បណ្តាលអោយរងរបួស កាលពីល្ងាចថ្ងៃទី២ខែកុម្ភ:ឆ្នាំ២០២២ នៅចំណុចកុង ត្រូលផ្លូវចូលបឹងពារាំង ក្នុងខណ:ឡានដឹកដីមិនបាញ់ទឹកបង្កការហុយខ្លាំង ហើយរូបគាត់សុំអាជ្ញាធរបិទផ្លូវបណ្តោះអាសន្ន(បិទកុងត្រូល)។

ប្រធានសហគមន៍នេសាទចុងឃ្នៀស ដែលជាដើមបណ្តឹង មានឈ្មោះហាប់ ដា ភេទប្រុស អាយុជាង៥០ ឆ្នាំ។ ចំណែកជនដៃដល់មានឈ្មោះ សាន្ត រដ្ឋស៊ីង ភេទប្រុស ជាថៅកែគ្រឿងចក្រជីករណ្តៅដីក្នុងបឹងពារាំង។

ជួបសម្ភាសន៍ផ្ទាល់នាព្រឹកថ្ងៃទី៤ខែកុម្ភ:ឆ្នាំ២០២២ នេះ លោកហាប់ ដា ប្រធានសហគមន៍នេសាទចុងឃ្នៀស បាននិយាយថា រូបលោកជាប្រធានសហគមន៍ ដែលទទួលស្គាល់ដោយអាជ្ញាធរក្រុង.ខេត្ត និងក្រសួងក្នុងការការពារព្រៃលិចទឹកក្នុងតំបន់។ ចំពោះការជីកដឹកជញ្ជូនដី ពីការជីកស្តារក្នុងបឹងពារាំងទៅកាន់បំបន់ផ្សេងមិនពាក់ពន្ធ័រូបលោកឡើយ។ ប៉ុន្តែក្នុងនាមសហគមន៍ អាជ្ញាធរបានផ្តល់សិទ្ធិអោយមើលខុសត្រូវផ្លូវ ក៏ដូចជាការប៉ះពាល់ដល់សុខមាលភាពការរស់នៅរបស់ប្រជាពលរដ្ឋ។ មុនកើតហេតុ៣ថ្ងៃក្រុមហ៊ុន សាន្ត រដ្ឋស៊ីង បានដឹកជញ្ជូនដីដោយមិនមានការបាញ់ទឹក លើផ្លូវបង្កការហុយខ្លាំង បើទោះបីខាងលោក តម្រូវអោយមានការបាញ់ទឹកជាមុនក៏មិនព្រម។ នៅថ្ងៃកើតហេតុ ការដឹកជញ្ជូនដីកាន់ តែបង្កការហុយខ្លាំងទើបខាងលោកសុំអោយមានការបាញ់ទឹក បើមិនដូច្នេះនឹងបញ្ឍប់សកម្មភាពដឹក។

លោកបន្តថា ដោយក្រុមហ៊ុនខាងលើនៅតែបំពានមិនព្រមបាញ់ទឹក តាមស្មារតីអង្គប្រជុំនៅសង្កាត់ជ្រាវ ស្តីពីការបាញ់ស្រោចទឹកជាប្រចាំលើដងផ្លូវ រូបលោកក៏សុំការអនុញាត្តពីអាជ្ញាធរ បិទកុងត្រូលដើម្បីដោះស្រាយ។ ប៉ុន្តែក្នុងពេលកំពុងរកដំណោះស្រាយ ឈ្មោះសាន្ត រដ្ឋស៊ីង​ ជាថៅកែគ្រឿងចក្រនិងរណ្តៅដី បើករថយន្តមកដល់ ក៏វាយមកលើរូបលោកចំនួន២ដៃ បណ្តាលអោយរងរបួស ហើយគំរាមចាក់សម្លាប់ដោយកាំបិតស្រួច និងគម្រាមបើកគ្រឿងចក្រកិនសម្លាប់ថែមទៀត។ ករណីនេះហើយទើបរូបលោកប្តឹងទៅសមត្ថកិច្ចនគរបាល ពីបទហិង្សាដោយចេតនា និងបទប៉ុនប៉ងមនុស្សឃាត ដោយទារសំណង២ម៉ឺនដុល្លារ។

ប្រធានសហគមន៍នេសាទរូបនេះ បានបញ្ជាក់ថា ករណីហិង្សានិងប៉ុនប៉ងមនុស្សឃាត នេះ រូបលោកសុំអោយស្ថាប័នច្បាប់អនុវត្តតាមនិតិវិធី ដោយមិនមានការសម្របសម្រួលឡើយ។

ចំណែកលោកលោក សិន ណារិទ្ធ ក៏បានបញ្ជាក់ផងដែថា ក្រុមគ្រឿងចក្រជីករណ្តៅដី របស់លោក មិនមានរឿងជម្លោះជាមួយក្រុមហ៊ុន សាន្ត រដ្ឋស៊ីង ក៏ដូច ជាសហគមន៍នេសាទចុងឃ្នៀសនោះទេ ហើយរណ្តៅដីរបស់លោកនៅចម្ងាយជាង២គីឡូម៉ែត្រ ពីទីតាំងកើតហេតុ។ ដូច្នេះ នេះជារឿងសហគមន៍ និងក្រុម ហ៊ុន សាន្ត រដ្ឋស៊ីង ប៉ុណ្ណោះ។

ជុំវិញបណ្តឹងចោទប្រកាន់ពីបទហិង្សាដោយចេតនានិងបទប៉ុនប៉ងមនុស្សឃាត ពីប្រធានសហគមន៍ចុងឃ្នៀសនេះ យើងមិនអាចស្វែងរកជួបលោកសាន្ត រដ្ឋស៊ីង ថៅកែក្រុមហ៊ុនជីកដី សាន្ត រដ្ឋស៊ីង ដោយផ្ទាល់ដើម្បីសុំការបំភ្លឺបានទេ។ ចំណែកលេខទូរសព្ទ័សម្រាប់ទំនាក់ទំនង ក៏មេការគ្រប់រណ្តៅដីមិនហ៊ានផ្តល់អោយដែរ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 200
Avatar photo
សៀមរាប ប៉ុស្តិ៍
៤ កុម្ភៈ ២០២២

ខេត្តសៀមរាប៖ក្នុងកិច្ចប្រជុំរបស់រដ្ឋបាលខេត្តសៀមរាបសាមញ្ញលើកទី៣៣ របស់ក្រុមប្រឹក្សាខេត្តសៀមរាប អាណត្តិទី៣ ម្សិលមិញ បានពិភាក្សាផ្តោតសំខាន់ទៅលើបញ្ហា ផ្លូវនៅតាមជនបទ និង នៅក្នុងតំបន់អាជ្ញាធរជាតិ អប្សរាគ្រប់គ្រង ក្នុងឃុំព្រះដាក់ ស្រុកបន្ទាយស្រី ព្រមទាំងបញ្ហាមែកឈើងាប់នៅតាមដងផ្លូវ។ ម្យ៉ាងទៀតក៏បានលើកនូវសំណូមពររបស់អាជ្ញាធរស្រុក ដោយលើកឡើងអំពីបច្ចេកទេសរបស់មន្ទីរជំនាញពាក់ព័ន្ធបញ្ហាខូចផ្លូវមួយខ្សែពីស្រុកអង្គរធំទៅដល់ឃុំស្វាយសរ ស្រុកវ៉ារិនប្រវែង៤៨គីឡូម៉ែត្រ និង ផលប៉ះពាល់ផ្លូវពីស្រុកពួក ទៅស្រុកអង្គរជុំ ដែលបង្កឡើងដោយរថយន្តធំៗដឹកជញ្ជូនលើសទម្ងន់ខុសពីបទដ្ឋានផ្លូវជនបទផងដែរ។

លោកទៀ សីហា អភិបាលខេត្តសៀមរាប បានថ្លែងប្រាប់ថ្នាក់ដឹកនាំមន្ទីរ អាជ្ញាធរក្រុង ស្រុក គ្រប់លំដាប់ថ្នាក់ ត្រូវបន្តអនុត្តនូវគោលនយោបាយរបស់រាជរដ្ឋាភិបាល និង ទិសដៅរបស់រដ្ឋបាលខេត្ត សម្រេចឲ្យបានជោគជ័យ កត្តាសំខាន់ដែលត្រូវអនុវត្តជាប្រចាំនោះ គឺការប្រយុទ្ធប្រឆាំងទប់ស្កាត់ និង កាត់ផ្តាច់ខ្សែចម្លងវីរុសកូវីដ-១៩ ដោយបន្តអនុវត្តនូវ វិធានការ ៣កុំ ៣ការពារ និង ការណែនាំរបស់ក្រសួងសុខាភិបាល នូវវីរុសបម្លែងថ្មី (អូមីក្រុង) ដែលបានដើរទន្ទឹមគ្នា ក្នុងពេលការបើកឡើងវិញនូវវិស័យទេសចរណ៍។

លោកបានបន្តទៀតថា ក្រោយពេលការបើកដំណើរការហោះហើរឡើងវិញ ខេត្តសៀមរាបបានធ្វើឲ្យសន្ទុះភ្ញៀវទេសចរបរទេសដំណើរការឡើងបានជាបង្គួរ។ លោកក៏បានលើកពីបញ្ហាសហជីពមួយចំនួន ដែលមិនទាន់យល់ពីការបង់ពន្ធ ការចុះបញ្ជី និង ការសុំអាជ្ញាប័ណ្ណ និង ច្បាប់សំណង់ ហើយរដ្ឋបាលខេត្តនៅតែបន្តធ្វើការណែនាំ និង ឈានទៅធ្វើការផាកពិន័យផងដែរ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 200
Avatar photo
សៀមរាប ប៉ុស្តិ៍
៣ កុម្ភៈ ២០២២

ខេត្តសៀមរាប៖អាជ្ញាធរក្រុងសៀមរាប បានសម្រេចុះបិទការដ្ឋានកាយដីចំនួន២នកន្លែង ក្នុងតំបន់អភិក្សត្រីមេពូជ បឹងពារាំង។

ការចុះបិទនេះនៅថ្ងៃទី៣ ខែកុម្ភៈឆ្នាំ២០២២ ព្រឹកមិញនេះ ក្រោយម្ចាស់ការដ្ឋានទាំង២
ផ្ទុះហិង្សាបង្កជារបួសស្នាម។

តំណាងរដ្ឋបាលក្រុងសៀមរាប លោក ហាយ យង់ ដែលដឹកនាំកម្លាំងចុះបិទផ្ទាល់បានឲ្យដឹងថា ការបិទការដ្ឋានកាយរណ្តៅដីក្នុងបឹងពារាំងទាំងពីរកន្លែង គឺធ្វើទៅតាមបញ្ជាថ្នាក់លើ។

លោកហាយ យង់ បន្តថា ក្រុមហ៊ុនជីកដីខាងលើទី១ ស្ថិតក្រោមការគ្រប់គ្រងដោយសហគមន៍បឹងពារាំង និងមាន ឈ្មោះសាន្ត រដ្ឋស៊ីង ជាម្ចាស់គ្រឿងចក្រ. ទី២ក្រោមគ្រប់គ្រងរបស់សហគមន៍នេសាទចុងឃ្នៀសដែលមានឈ្មោះ ហាប់ ដា ម្ចាស់គ្រឿងចក្រ។ ការឈានទៅដល់បិទការដ្ឋាននេះមូលហេតុក្រុមហ៊ុនជីកដីទាំងពីរ ធ្វើការមិនសហការគ្នា បង្កភាពអនាធិបតេយ្យ ដឹងជញ្ជូនមិនបាញ់ទឹក បង្កការហុយ ធ្វើឲ្យប៉ះពាល់ដល់ការរស់នៅរបស់ ប្រជាពលរដ្ឋ ហើយឈានដល់ប្រើហិង្សាបង្កជារបួសស្នាម។

លោកហាយ យង់ បន្ថែមថាក្នុងកិច្ចសន្យាក្រុមហ៊ុន ខាងលើ ត្រូវបំពេញកត្តព្វកិច្ចរបស់ខ្លួន ប៉ុន្តែពួកគេបំពានកិច្ចសន្យា ហើយបង្កជារបួសស្នាមថែមទៀត។ អីចឹងហើយទើបថ្នាក់លើសម្រេចបិទអាជីវកម្មបែបនេះ។ ទោះបីយ៉ាងណា លោកហាយ យង់ សុំមិនធ្វើអធិប្បាយចំពោះរឿងបង្ករបួសស្នាមនោះទេ ដោយលោកបញ្ជាក់ថា បទល្មើសព្រហ្មទណ្ឌ ទុកអោយសមត្ថកិច្ចជំនាញអនុវត្តតាមនិតិវិធី។ ប៉ុន្តែលោកបញ្ជាក់ថាចំពោះ ការបិទការដ្ឋានជីកដីក្នុងបឹងពារាំង គឺមិនមានថ្ងៃ កំណត់ឡើយ ប្រសិនបើគ្មានបញ្ជាពីថ្នាក់លើ។
សូមបញ្ជាក់ថា បឹងពារាំងជាតំបន់អភិរក្សត្រីមេពូជ ដ៏សំខាន់មួយក្នុងខេត្តសៀមរាប។ បឹងនេះត្រូវបានអនុញ្ញាតអោយមានការជីកស្តារដើម្បីរក្សាទឹកសម្រាប់សង្គ្រោះត្រីនិងសត្វស្លាបនារដូវប្រាំង។ ប៉ុន្តែដោយការដណ្តើមប្រយោជន៍គ្នា ក្រុមហ៊ុនជីកដីទាំងពីរខាងលើមិនគោរពកិច្ចសន្យា ហើយឈានដល់បង្ករបួសស្នាមទើបអាជ្ញាធរសម្រេចបិទអាជីវកម្មជីកស្តារបែបនេះ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 200
Avatar photo
សៀមរាប ប៉ុស្តិ៍
២ កុម្ភៈ ២០២២

ខេត្តសៀមរាប៖បុរសជាងម៉ាស៊ីនត្រជាក់ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន នៅរសៀលថ្ងៃទី១ ខែកុម្ភៈម្សិលមិញ ស្ថិតក្នុងសង្កាត់សៀមរាប ក្រុងសៀមរាប ករណី ប៉ុនប៉ងរំលោភសេពសន្ថវះលើក្មួយស្រីបង្កើត។ ជនសង្ស័យ ឈ្មោះ កុល សាម៉ៃ អាយុ២៨ឆ្នាំ មុខរបរជាងម៉ាស៊ីនត្រជាក់ រស់នៅភូមិឃុំខាងលើ។ ចំណែកជនរងគ្រោះឈ្មោះ ច.ណ ភេទស្រី អាយុ ១៤ឆ្នាំ។

ប្រភពពីសមត្ថកិច្ចបានឲ្យដឹងថានៅវេលាម៉ោង១៧ និង៣០នាទីថ្ងៃទី៣០ ខែមករា ឆ្នាំ២០២២ ខណៈជនរងគ្រោះកំពុងនៅផ្ទះម្នាក់ឯង ដោយម្តាយ និងបងស្រីបានចេញទៅក្រៅអស់ ជនសង្ស័យ ពាក់អាវភ្លៀង និងពាក់មួកក្រណាត់គ្របមុខជិតសល់តែគ្រាប់ភ្នែក បានដើរចូលមកចាប់ជនរងគ្រោះប៉ុនប៉ងរំលោភ ដោយដាល់ពោះជនរងគ្រោះចំនួន២ដៃបណ្តាលឲ្យដួល។ ជនសង្ស័យក៏ចាប់ស្រាតខោក្នុងរបស់ជនរងគ្រោះ ពេលនោះជនរងគ្រោះបានរើបំរាស់។ ជនសង្ស័យបានយកម្ជុលចាក់មកលើជនរងគ្រោះ២ម្ជុល( ដៃស្តាំ១ម្ជុលនិងស្មាស្តាំ១ម្ជុល) ជនរងគ្រោះបានសុំអង្វរដោយដឹងថាជនសង្ស័យ គឺជាពូរបស់ខ្លួន ទើបជនសង្ស័យឈប់ធ្វើសកម្មភាពគេចខ្លួនតែម្តង។

បុរសរូបនេះបានឆ្លើយសារភាពថា ខ្លួនពិតជាបានធ្វើសកម្មភាពពិតប្រាកដមែន ប៉ុន្តែរូបខ្លួនមិនបានយកម្ជុលចាក់ជនរងគ្រោះនោះទេ គ្រាន់តែប្រើហិង្សាប៉ុនប៉ងរំលោភ ដោយឃើញក្មួយសុំអង្វរទើបឈប់តែម្ដង។ ក្នុងនោះកន្លងមករូបគេក៏ធ្លាប់ប្រើប្រាស់សារធាតុញៀនទើបតែឈប់ប្រើផងដែរ។ ក្រោយពីបានសាកសួរសមត្ថកិច្ចកសាងសំណុំរឿងបញ្ជូនទៅកាន់សាលាដំបូងខេត្ត ដើម្បីចាត់ការតាមផ្លូវច្បាប់៕SRP

Like 195
Comment 0
Share ចែកចាយ
Views 0
Sponsored
Avatar photo
សៀមរាប ប៉ុស្តិ៍
៣០ មករា ២០២២

ខេត្តសៀមរាប៖ចោរបានគាស់តូបលក់ខោអាវមួយកន្លែង ដោយយកទ្រព្យសម្បត្តិ ជាង១ម៉ឺនដុល្លារ រួចគេចខ្លួនដោយសុវត្ថិភាព។

ហេតុការណ៍ភ្ញាក់ផ្អើលនៅព្រឹក ថ្ងៃទី៣០ ខែមករា ឆ្នាំ២០២២ ស្ថិតនៅផ្សារសសរស្ដម្ភ ក្នុងភូមិឃុំសសរស្ដម្ភ ស្រុកពួក ខេត្តសៀមរាប។

ប្រភពពីសមត្ថកិច្ចបានអោយដឹងថា ជនរងគ្រោះជាម្ចាស់តូប មានឈ្មោះ ត្រិច សុថាច ភេទស្រី អាយុ៥១ឆ្នាំ រស់នៅ ភូមិឃុំកើតហេតុខាងលើ មុខរបរអាជីវករលក់ខោអាវ បានប្ដឹងរាយការណ៍ថានៅថ្ងៃទី២៩ ខែមករា ឆ្នាំ២០២២ ពេលព្រឹកគាត់បានបើកតូបលក់ នៅក្នុងផ្សារសសរស្ដម្ភ ដូចសព្វដង ហើយម៉ោង២រសៀលកូនឈ្នួលគាត់ឈ្មោះ ឈន់ ស្រីហាច ភេទស្រី អាយុ២៣ឆ្នាំ ផ្ទះនៅភូមិស្វាយ ឃុំសសរស្តម្ភ ស្រុកពួក ខេត្តសៀមរាប បានបិទតូបរៀបទុកដាក់ខោអាវ និងចាក់សោទ្វារតូបត្រឹមត្រូវ ហើយត្រឡប់ទៅដេកផ្ទះរៀងៗខ្លួន លុះរំលង១យប់នៅម៉ោង៥និង០០នាទីព្រឹក ថ្ងៃទី៣០ ខែមករា ឆ្នាំ២០២២ ឈ្មោះឈន់ ស្រីហាច បានមកបើកតូបលក់ ដោយចាក់សោទ្វារមុខបានឃើញខោអាវ ក្នុងតូបរាយប៉ាយនិងបាត់ខោអាវ រ៉ូប សារ៉ុងអស់មួយចំនួន នៅសល់ខោអាវតម្លៃថោកមួយចំនួន និងពិនិត្យឃើញទ្វារតូបផ្នែកចំហៀង បិទធម្មតា តែបាត់មេសោ ពេលនោះដឹងថាតូបត្រូវបានចោរ(ជនមិនស្គាល់មុខ) ធ្វើសកម្មភាពលួច ហើយបានតេទូរស័ព្ទប្រាប់ថៅកែ និងប្ដឹងសមត្ថកិច្ចឲ្យជួយស្រាវជ្រាវតែម្ដង។

ករណីនេះកម្លាំងសមត្ថកិច្ច បានចុះស្រាវជ្រាវឃើញថា ចំណុចទ្វារ (បាត់មេសោ) គ្មានស្លាកស្នាមគាស់ឬកាត់នោះទេ គ្មានស្លាកស្នាមវត្ថុតាងបន្សល់ទុក ហើយគ្មានសាក្សីដឹងព័ត៌មានតម្រុយ នូវសកម្មភាព ជនសង្ស័យប្រព្រឹត្តិ ហើយតូបកើតហេតុមានកាមេរ៉ាសុវត្ថិភាព ប៉ុន្តែកាមេរ៉ាខូចឈប់ប្រើ។

តាមការបញ្ជាក់ពីម្ចាស់តូបគាត់បាត់បង់អស់ដូចជាប្រភេទ ខោខៅបោយ តម្លៃពី ៣៥០០០៛ , ៤៥០០០៛, ប្រភេទខោសាច់ក្រណាត់តម្លៃពី ២៥០០០៛ ទៅ ៤៥០០០៛, ប្រភេទអាវរាង អាវប្រអប់តម្លៃពី ១៥០០០៛ ទៅ ៣៥០០០៛ , រ៉ូបតម្លៃពី ១៥ដុល្លារ , ២០ដុល្លារ , ២៥ដុល្លារ , ឈុតសម្លៀកបំពាក់ប្រពៃណីខ្មែរតម្លៃពី ៣០ដុល្លារ, ៤០ដុល្លារ , សារ៉ុង តម្លៃពី ១០០០០៛ ទៅ ៤០០០០៛ ។ ប្រភេទខោអាវក្មេង មនុស្សធំ បុរស-ស្រ្តី ផលិតផល ថៃ ហុងកុង ភ្នំពេញ។ សរុបជាទឹកប្រាក់ប្រហែល ១០០០០ដុល្លារ(មួយម៉ឺន)ដុល្លារអាមេរិក។

ទោះជាយ៉ាងណាពាក់ព័ន្ធទៅនឹងករណីនេះកម្លាំងសមត្ថកិច្ចកំពុងបើកការស្រាវជ្រាវដើម្បីចាប់ជនប្រព្រឹត្តយកមកផ្ដន្ទាទោសតាមផ្លូវច្បាប់ផងដែរ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 100
Avatar photo
សៀមរាប ប៉ុស្តិ៍
២៩ មករា ២០២២

ខេត្តសៀមរាប៖ពលរដ្ឋស្រុកបន្ទាយស្រីភាគច្រើន ឈប់ចោលសំរាមពាសវាលពាស កាលទៀតហើយ ហើយសំរាមក៏លែងសូវមានទៀតដែរ។

លោក ឃឹម ហ្វីណង់ អភិបាលស្រុកបន្ទាយស្រី បានលើកឡើងថា៖ និយាយតាមត្រង់ អ្នកបន្ទាយស្រី ភាគច្រើនឈប់ចោលសំរាមពាសវាលពាស កាលទៀតហើយ ហើយសំរាមក៏លែងសូវមានទៀតដែរ តែអ្នកភូមិតែងលួចត្អួញត្អែរថា « ពិបាកតែអ្នកចម្ងាយ អ្នកធ្វើដំណើរឆ្លងកាត់ និងអ្នកទេសចរទេ ហើយភាគច្រើនគឺសង្កេតឃើញមាននៅតាមដងផ្លូវសាធារណៈ ទីវាលដីទំនេរ ដែលអាចឈប់ចតឡាន រុឺម៉ក គោយន្ត ហូបចុករួចហើយពង្រាយស្បោងប្លាស្ទិក ដបទឹកសុទ្ធ និងកញ្ចប់ប្រអប់ស្នោទុកចោលនៅទីនោះដោយឥតសណ្តាប់ធ្នាប់»។

លោកឃឹម ហ្វីណង់ បន្តថា៖ ទម្លាប់ល្អមួយរបស់អ្នកស្រុកបន្ទាយស្រី នៅរៀងរាល់មុនពេលបុណ្យទានម្តងៗ ដើម្បីត្រៀមខ្លួនទទួលស្វាគមន៍អ្នកទេសចរ មកទស្សនា ដើរលេងកម្សាន្តនៅក្នុងស្រុក!

លោកថា៖ ខ្ញុំពិតជាចង់សុំការយោគយល់លើរឿងនេះមួយពីសំណាក់ ភ្ញៀវទេសចរ ក្នុងស្រុកទាំងអស់ដែលមកលេង ឬឆ្លងកាត់ស្រុកបន្ទាយស្រី ព្រោះកន្លែងទាំងនេះមិនមែនជាកន្លែងចោលសំរាមនោះទេ បើទោះជាគ្មានម្ចាស់នៅនឹងកន្លែងក៏ដោយ។ គួរអាណិតដល់គ្នាអ្នករើស និងផ្តល់ការគោរព ទៅដល់ទម្លាប់ស្អាតរបស់អ្នកបន្ទាយស្រីផង ជាពិសេសពេលមកលេងបន្ទាយស្រី ក្នុងឱកាសបុណ្យចូលឆ្នាំចិន ខាងមុខនេះ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 100
Avatar photo
សៀមរាប ប៉ុស្តិ៍
២៨ មករា ២០២២

ខេត្តសៀមរាប៖សិស្សសាលាម្នាក់បានស្លាប់បាត់បង់ជីវិតនិងម្នាក់ទៀតបានរងរបួសធ្ងន់ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍។

ហេតុការណ៍បានកើតនៅថ្ងៃ សុក្រ ទី ២៨ ខែ មករា ឆ្នាំ២០២២ វេលាម៉ោង ១២ និង០០នាទី នៅលើផ្លូវក្រាលកៅស៊ូ 2SR2 ស្ថិតនៅក្នុងភូមិសណ្ដាន់ ឃុំពាក់ស្នែង ស្រុកអង្គរធំ ខេត្តសៀមរាប។

អធិការនគរបាលស្រុកអង្គរធំ លោកឆាយ ហាក់ឡុង បានឲ្យដឹងថាគ្រោះថ្នាក់ចរាចរណ៍នេះរវាង គោយន្តកែច្នៃដឹកដី បើកបរក្នុងល្បឿនលឿនដោយខ្វះការប្រុងប្រយ័ត្ន ដែលមានទិសដៅពីជើង ទៅទិសខាងត្បូង បានបុកជាមួយម៉ូតូ ១គ្រឿង ម៉ាកហុងដាទ្រីម ពណ៌ខ្មៅ ផលិតឆ្នាំ២០១៥ ពាក់ស្លាកលេខសៀមរាប 1R 9002 អ្នកបើកបរឈ្មោះ ឡុង ស្រីលិញ ភេទស្រី អាយុ១៦ឆ្នាំ មុខរបរសិស្សរស់នៅភូមិពាក់ស្នែងចាស់ ឃុំពាក់ស្នែង ស្រុកអង្គរធំ ខេត្តសៀមរាប (ស្លាប់)និងអ្នករួមដំណើរម្នាក់ទៀត ឈ្មោះ នន់ ស្រីណែត ភេទ ស្រី អាយុ១៦ឆ្នាំ មុខរបរសិស្ស រស់នៅភូមិពាក់ស្នែងថ្មី ឃុំពាក់ស្នែង ស្រុកអង្គរធំ ខេត្តសៀមរាប របួសធ្ងន់ ក្នុងទិសដៅពីត្បូងទៅជើង។ ក្នុងនោះខូតខាតម៉ូតូ១ គ្រឿងធ្ងន់។

អធិការបន្តថាក្រោយពេលបុករួចអ្នកបើកបរបានបើកគោយន្តរត់គេចខ្លួនបាត់។ បញ្ជាក់ជនរងគ្រោះបានស្លាប់ក្រោយពេលបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែកខេត្តសៀមរាប និងម្នាក់ទៀតកំពុងសង្គ្រោះបន្ទាន់នៅគ្លីនិកសុខភាព។ ចំណែកវត្ថុតាងត្រូវបានយកមក រក្សាទុកបណ្តោះអាសន្ននៅប៉ុស្ដិ៍នគរបាលរដ្ឋបាលពាក់ស្នែង ។

កម្លាំងជំនាញអធិការដ្ឋានសហការជាមួយនិង កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលកំពុងស្រាវជ្រាវរកអ្នកបើកបររថយន្តអោយចូលខ្លួនមកដោះស្រាយតាមនីតិវិធីច្បាប់៕SRP

Like 195
Comment 0
Share ចែកចាយ
Views 200
Avatar photo
សៀមរាប ប៉ុស្តិ៍
២៨ មករា ២០២២

ខេត្តសៀមរាប៖បុរសម្នាក់ត្រូវបានសមត្ថកិច្ចស្រុកជីក្រែងធ្វើការឃាត់ខ្លួន ករណីឃាតកម្មគិតទុកមុន។

ជនសង្ស័យឈ្មោះ ញ៉ូវ ទីន ភេទប្រុស អាយុ ៣៣ឆ្នាំ មុខរបរ កសិករ ស្រុកកំណើតភូមិខ្វាវ  ឃុំខ្វាវ ស្រុកជីក្រែង ខេត្តសៀមរាប។ ទីលំនៅបច្ចុប្បន្ន ភូមិក្រាំង ឃុំខ្វាវ ស្រុកជីក្រែង ខេត្តសៀមរាប។

ករណីឃាតកម្មនេះបានកើតឡើងនៅថ្ងៃទី២៧ ខែមករា ឆ្នាំ២០២២ វេលាម៉ោង ២១ និង២០នាទី នៅក្នុងកម្មវិធី បង្កក់កូន  របស់ឈ្មោះស៊ាន ខន ភេទប្រុស នៅភូមិក្រាំង ឃុំខ្វាវ ស្រុកជីក្រែង ខេត្តសៀមរាប។

សមត្ថកិច្ចស្រុកជីក្រែងបានឲ្យដឹងថានៅថ្ងៃទី២៧ ខែមករា ឆ្នាំ២០២២ វេលាម៉ោង ១៧:០០ ល្ងាច នៅផ្ទះឈ្មោះ ស៊ាន ខន

ភេទប្រុស  នៅភូមិខាងលើ មានកម្មវិធី ជប់លៀង បង្កក់កូន មានភ្ញៀវចូលរួមច្រើនផឹកស៊ី  រហូតដល់ម៉ោង ៩ និង២០នាទីយប់ ជនសង្ស័យ ស្រវឹងស្រា បានយកកាំបិតខ្វែវ ទៅកាប់ជនរងគ្រោះឈ្មោះ សយ បូរំ ភេទប្រុស អាយុ៤៧ឆ្នាំស្រុកកំណើត និងទីលំនៅសព្វថ្ងៃ ភូមិខ្វាវ ឃុំខ្វាវ ស្រុកជីក្រែង ដែលកំពុងផឹកស៊ីក្នុងកម្មវិធីបង្កក់កូន ដែរនោះ ត្រូវត្រង់ដើមទ្រូងឆ្វេង១ខ្វែវ និងត្រង់ស្មាខាងស្តាំ១ខ្វែវ បណ្តាលឲ្យរងបួសធ្ងន់  ពេលនោះត្រូវបានបងប្អូនដឹកតាមរថយន្តមកពេទ្យ ដល់ពាក់កណ្តាលផ្លូវ ជនរងគ្រោះក៏ដាច់ខ្យល់ស្លាប់តែម្តង។

ជនសង្ស័យ បានសារភាពថា ខ្លួនពិតជាបានកាប់ជនរងគ្រោះ និងខ្វែវពិតមែន  មូលហេតុ  មានកំហឹងនិងជនរងគ្រោះ ដែលបានវាយប្អូន

ខ្លួនកាលពីឆ្នាំទៅ។ ក្រោយកើតហេតុ សមត្ថកិច្ចបានឃាត់ខ្លួនរួមជាមួយវត្ថុតាង កាំបិតខ្វែវ បញ្ជូនទៅសាលាដំបូងខេត្ត ដេីម្បីអនុវត្តតាមផ្លូវច្បាប់៕SRP

Like 195
Comment 0
Share ចែកចាយ
Views 0
Avatar photo
សៀមរាប ប៉ុស្តិ៍
២៨ មករា ២០២២

ខេត្តសៀមរាប៖អ្នកដឹកទឹកលក់ម្នាក់ ត្រូវស៊ីទែនទឹកបាក់សង្កត់ពីលើបណ្តាលឱ្យស្លាប់។

ហេតុការណ៍នេះ កើតឡើងនៅម៉ោង០១និង៣០នាទី រសៀលថ្ងៃទី២៧ មករា ២០២២ ស្ថិតនៅចំណុចរោងចែកចាយបណ្តាញប្រព័ន្ធទឹកជូនអាជីវករលក់ដូរពេលរសៀលតាមដងផ្លូវ អង្គរឃ្យុងយូ (ផ្លូវ៦០ម៉ែត្រ) ក្នុងក្រុមទី៩ ភូមិបឹងដូនប៉ា សង្កាត់ស្លក្រាម ក្រុងសៀមរាប។

បើយោងតាមសមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះមានឈ្មោះ ណម សុនឿន អាយុ៤២ ឆ្នាំជនជាតិខ្មែរ ជាកម្មករដឹកទឹកលក់ តាមផ្សាររាត្រីអង្គរឃ្យុងយូ មានទីលំនៅភូមិត្នាតពង ឃុំរុនតាឯក ស្រុកបន្ទាយស្រី ខេត្តសៀមរាប។

ប្រភពបានបញ្ជាក់ថា បើតាមការបំភ្លឺពីឈ្មោះ ប្លង់ មុំ ភេទស្រីអាយុ៤៣ឆ្នាំ ជាអ្នកលក់ស៊ុបនៅជិតនិងកន្លែងកើតហេតុបានឱ្យដឹងថា គាត់បានស្គាល់ឈ្មោះ ណម សុនឿន គាត់ជាកម្មករលក់ទឹកឱ្យអាជីវករលក់ដូរតាមដង ផ្លូវ៦០ម៉ែត្រចាប់ តាំងពីនាងលក់ស៊ុបដំបូងម៉្លេះ ហើយគាត់បានដំឡើងស៊ីទែនទឹកធំៗចំនួន២ ស៊ីទែន ដាក់នៅជាប់និងកន្លែងនាងខ្ញំលក់ស៊ុប។ ក្រោយពីកើតហេតុសមត្ថកិច្ចបានចុះត្រួតពិនិត្យនិងប្រគល់សាកសពឲ្យគ្រួសារយកធ្វើបុណ្យតាមប្រពៃណី៕SRP

Like 195
Comment 0
Share ចែកចាយ
Views 100
Sponsored
Avatar photo
សៀមរាប ប៉ុស្តិ៍
២៨ មករា ២០២២

ខេត្តសៀមរាប៖បុរសជាអ្នកបើកម៉ូតូត្រូវបានរថយន្តដឹកទំនិញបុកចំពេញទំហឹងបណ្ដាលឲ្យស្លាប់នៅកន្លែងកើតហេតុ។

ហេតុការណ៍បានកើតឡើងវេលាម៉ោង២២និង៣០ ថ្ងៃទី២៧ ខែមករា ឆ្នាំ២០២២ នៅចំណុចភូមិលលៃ ឃុំបាគង ស្រុកប្រាសាទបាគង ខេត្តសៀមរាប តាមបណ្ដោយផ្លូវជាតិលេខ៦។

សមត្ថកិច្ចស្រុកប្រាសាទបាគងបានឲ្យដឹងថាករណីគ្រោះថ្នាក់ចរាចរណ៍នេះ រវាងរថយន្តដឹកទំនិញធុនធំ ម៉ាកអុីណូ ពណ៌ស ផ្លាកលេខកំពង់ចាម3A-1053 បានបុកជាមួយម៉ូតូហុងដាC125ឆ្នាំ2019 ពណ៌ខ្មៅ គ្មានស្លាកលេខ។ អ្នកបើកម៉ូតូឈ្មោះ សុងភេទ ប្រុសអាយុ ២១ឆ្នាំ នៅភូមិជ្រៃ ឃុំកណ្ដែក ស្រុកប្រាសាទបាគង ខេត្តសៀមរាប ឲ្យស្លាប់ភ្លាមៗ
ចំណែកអ្នកបើកបរថយន្តមិនស្គាល់អត្ដសញ្ញាណ បានរត់គេចខ្លួនបាត់ក្រោយបង្កហេតុ។

សមត្ថកិច្ចបន្តថាគ្រោះថ្នាក់ចរាចរណ៍នេះបណ្ដាលឲ្យស្លាប់មនុស្សម្នាក់ ខូចខាតរថយន្ត១ គ្រឿង និងម៉ូតូ១គ្រឿង។ មូលហេតុភាគីខាងរថយន្តបើកមិនប្រកាន់ស្ដាំ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 400
Avatar photo
សៀមរាប ប៉ុស្តិ៍
២៨ មករា ២០២២

ខេត្តសៀមរាប៖ក្នុងពិធីខួបកំណើតមួយនៅទីជនបទ ភ្ញៀវម្នាក់ត្រូវបានជនដៃដល់លួចកាប់សម្លាប់បណ្ដាលឲ្យស្លាប់នៅថ្លុកឈាម។

ហេតុការណ៍បានកើតឡើងភូមិក្រាំង ឃុំខ្វាវ ស្រុកជីក្រែង ខេត្តសៀមរាប នៅវេលាម៉ោង០៩និង២០នាទីយប់ ថ្ងៃ២៧ ខែមករា ឆ្នាំ២០២២។

សេចក្ដីរាយការណ៍ព័ត៌មានបឋមបានឲ្យដឹងថាជនរងគ្រោះ មានឈ្មោះ សយ បូរំ អាយុ៤៧ ឆ្នាំមុខបរធ្វើតុកៅអី មានទីលំនៅភូមិខ្វាវ ឃុំខ្វាវ ស្រុកជីក្រែង ខេត្តសៀមរាប។ ចំណែកជនដៃដល់មានឈ្មោះ ញូវ ទីន អាយុ៣៣ឆ្នាំ រស់នៅភូមិក្រាំង ឃុំខ្វាវ ស្រុកជីក្រែង ខេត្តសៀមរាប។

ប្រភពបានបន្តថាខណៈជនរងគ្រោះកំពុងតែចូលរួមក្នុងកម្មវិធីខួបកំណើត ត្រូវបានជនដៃដល់លួចកាប់នឹងកាំបិតខ្វែវបណ្ដាលឲ្យស្លាប់នៅក្នុងថ្លុកឈាមតែម្តង។

ទោះជាយ៉ាងណាជនដៃដល់ត្រូវបានកម្លាំងប្រជាការពារនិងប្រជាពលរដ្ឋ នៅទីតាំងកើតហេតុបានឃាត់ខ្លួនបានភ្លាមៗផងដែរ។

ជុំវិញករណីនេះ សៀមរាប ប៉ុស្ដិ៍ នៅពុំទាន់ទទួលបានការបំភ្លឺព័ត៌មានលម្អិតពីអធិការនគរបាលស្រុកជីក្រែង ករណីខាងលើផ្ដើមចេញពីមូលហេតុអ្វីនៅឡើយទេ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 0
Older posts
Newer posts
← Previous Page1 … Page96 Page97 Page98 … Page236 Next →
តាមដានព័ត៌មាន
  • Telegram
  • Facebook
ព័ត៌មានថ្មីៗ
ឆេះផ្ទះពលរដ្ឋអស់ ០២ខ្នង រួមនឹងទ្រព្យសម្បត្តិមួយចំនួនទៀត ឆេះផ្ទះពលរដ្ឋអស់ ០២ខ្នង រួមនឹងទ្រព្យសម្បត្តិមួយចំនួនទៀត ចុះផ្សាយថ្ងៃទី ២៤ មករា ២០២៦
អភិបាលខេត្តតាកែវឆ្លើយប្រាប់អ្នកកាសែតនោះថា លោកប្អូនផឹកចុះខ្ញុំនៅឆ្ងាយណាស់!!! អភិបាលខេត្តតាកែវឆ្លើយប្រាប់អ្នកកាសែតនោះថា លោកប្អូនផឹកចុះខ្ញុំនៅឆ្ងាយណាស់!!! ចុះផ្សាយថ្ងៃទី ២៤ មករា ២០២៦
ដីរបស់រដ្ឋមួយចំនួននៅក្នុងភូមិសាស្ត្រស្រុកជីក្រែង ត្រូវបានគេយកចែកគ្នាធ្វើជាកម្មសិទ្ធផ្ទាល់ខ្លួន ដីរបស់រដ្ឋមួយចំនួននៅក្នុងភូមិសាស្ត្រស្រុកជីក្រែង ត្រូវបានគេយកចែកគ្នាធ្វើជាកម្មសិទ្ធផ្ទាល់ខ្លួន ចុះផ្សាយថ្ងៃទី ២៤ មករា ២០២៦
ព័ត៌មានអ្នកទស្សនាច្រើន
ក្រសួងរ៉ែចេញអាជ្ញាប័ណ្ណឲ្យមានការកាយភ្នំនៅឃុំខ្វាវ ស្រុកជីក្រែង ខេត្តសៀមរាប ក្រសួងរ៉ែចេញអាជ្ញាប័ណ្ណឲ្យមានការកាយភ្នំនៅឃុំខ្វាវ ស្រុកជីក្រែង ខេត្តសៀមរាប ចុះផ្សាយថ្ងៃទី ២២ មករា ២០២៦
ឆេះផ្ទះពលរដ្ឋអស់ ០២ខ្នង រួមនឹងទ្រព្យសម្បត្តិមួយចំនួនទៀត ឆេះផ្ទះពលរដ្ឋអស់ ០២ខ្នង រួមនឹងទ្រព្យសម្បត្តិមួយចំនួនទៀត ចុះផ្សាយថ្ងៃទី ២៤ មករា ២០២៦
អភិបាលខេត្តតាកែវឆ្លើយប្រាប់អ្នកកាសែតនោះថា លោកប្អូនផឹកចុះខ្ញុំនៅឆ្ងាយណាស់!!! អភិបាលខេត្តតាកែវឆ្លើយប្រាប់អ្នកកាសែតនោះថា លោកប្អូនផឹកចុះខ្ញុំនៅឆ្ងាយណាស់!!! ចុះផ្សាយថ្ងៃទី ២៤ មករា ២០២៦
ទីស្នាក់ការនិពន្ធ 069382925 Telegram
×