ខេត្តបាត់ដំបង៖ក្រុមការងារអធិការកិច្ចមន្ទីរទេសចរណ៍ខេត្ត សហការជាមួយនគរបាលក្រុងបាត់ដំបងនៅយប់ថ្ងៃទី២៤និង២៥ ខែសីហា ឆ្នាំ២០២០ បានចុះពិនិត្យទីតាំងភោជនីយដ្ឋានចំនួនពីរកន្លែងទី១ស្ថិតនៅក្នុងសង្កាត់ព្រែកព្រះស្តេចយីហោ(ldol)ទី២ឡឺវេល (អតីតក្លិបឡឺវែល) ស្ថិតក្នុងភូមិរំចេក៤សង្កាត់រតនៈ ក្រុងបាត់ដំបង។
ជុំវិញការចុះពិនិត្យទីតាំងភោជនីយដ្ឋានខាងលើ លោក អ៊ុច អ៊ុភីនីស្សារ៉ា ប្រធានមន្ទីរទេសចរណ៍ខេត្តបានឲ្យដឹងថាទីតាំងអាជីវកម្មទាំងនេះ មិនមានការប្រមូលផ្តុំ ចាក់ភ្លេងរាំ ឬបើកភ្លើងញាក់ឡើយ។ តាមការត្រួតពិនិត្យជាក់ស្តែង ឃើញថាបុគ្គលិកពាក់ម៉ាស់ មានអ្នកចាំបាញ់អាល់កុល វាស់កម្តៅ គម្លាតសុវត្ថិភាព និងបិតស្លាកផ្សព្វផ្សាយពីកូវីដ១៩ និងបានបានកត់ត្រាឈ្មោះ និងវាស់កម្តៅ បុគ្គលិករាល់ម៉ោងចេញចូលផងដែរ។
លោកប្រធានមន្ទីរបន្តថា ក្រុមការងារក៏បានណែនាំអោយគាត់បិតគំនូសផ្លូវចេញចូល និងគំនូសគម្លាតសុវត្ថិភាពនៅកន្លែងរង់ចាំបន្ថែម ព្រមទាំងកាត់បន្ថយម៉ាស៊ីនត្រជាក់ក្នុងទីតាំងភោជនីយដ្ឋានទៀតផង។
បើតាមប្រធានមន្ទីរទេសចរណ៍ បានសង្កត់ធ្ងន់ថារាជរដ្ឋាភិបាល មិនទាន់អនុញ្ញាតអោយបើកដំណើរការខារ៉ាអូខេ ឬក្លិបកម្សាន្តនៅឡើយទេ។ ក្នុងករណីដែលអាជីវកម្មណាមួយបំពានខុសពីកិច្ចសន្យា ដែលបានធ្វើជាមួយមន្ទីរទេសចរណ៍ ត្រូវអនុវត្តតាមច្បាប់ជាធរមាន។ ជាមួយគ្នានេះដែរមន្ទីរទេសចរណ៍នឹងបន្តសហការជាមួយអាជ្ញាធរ និងសមត្ថកិច្ចពាក់ព័ន្ធដើម្បីចុះតាមដាន ពិនិត្យពីការអនុវត្តវិធានសុវត្ថិភាពតាមមណ្ឌលកម្សាន្តទេសចរណ៍នានាក្នុងខេត្តបាត់ដំបងបន្តទៀត។ ទោះយ៉ាងណាប្រធានមន្ទីរក៏បានស្នើសុំអោយប្រជាពលរដ្ឋ និងភ្ញៀវទេសចរសូមចូលរួមអនុវត្តអោយបានខ្ជាប់ខ្ជួនតាមការណែនាំរបស់រាជរដ្ឋាភិបាល និងក្រសួងទេសចរណ៍ ដើម្បីទប់ស្កាត់ការរីករាលដាលជំងឺកូវីដ១៩ទាំងអស់គ្នា៕SRP ដោយប៊ុនថេត