ខេត្តកំពង់ចាម៖រដ្ឋមន្ត្រីក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទ លោក វេង សាខុន បានអះអាងថា ខេត្តកំពង់ចាម ជាខេត្តមួយ ដែលប្រជាជនយើងភាគច្រើនបានដឹង និងទទួលស្គាល់ថា ជាខេត្តដែលមានសក្តានុពលក្នុងការដាំដុះដំណាំឧស្សាហកម្ម ប៉ុន្តែនាពេលបច្ចុប្បន្នខេត្តមួយនេះ បាននិងកំពុងក្លាយទៅជាខេត្តមួយដែលបាននិងកំពុងផ្គត់ផ្គង់ត្រីសាច់ចូលក្នុងទីផ្សារកម្ពុជា ប្រមាណពី ២០ ទៅ ៣០ តោន ក្នុងមួយថ្ងៃ បើទោះបីការធ្វើវារីវប្បកម្ម នៅកម្ពុជាជាទូទៅ នៅមានជួបប្រទះនឹងបញ្ហាប្រឈមមួយចំនួន ទាក់ទងទៅនឹងមធ្យោបាយផលិត និងការប្រកួតប្រជែងជាមួយការនាំចូលផលិតផលត្រីរបស់ប្រទេសជិតខាងយ៉ាងណាក៏ដោយ។
នេះបើយោងតាមការបញ្ជាក់របស់លោក វេង សាខុន ដែលបានបង្ហោះនៅលើទំព័រហ្វេសប៊ុកផ្លូវការនៅព្រឹកថ្ងៃទី ១២ ខែមិថុនានេះ។
រដ្ឋមន្ត្រីកសិកម្មបន្តថាជាក់ស្តែង នៅថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២១ នេះបរិមាណផលចាប់ត្រីចិញ្ចឹមតាមស្រះនិងបែនៅខេត្តកំពង់ចាម ដែលវារីវប្បករចាប់លក់មានចំនួនសរុប ៣៤ ៨៤៨ គក្រក្នុងនោះ៖
+ត្រីឆ្តោ = ១៤ ៤៨៤គក្រ
+ត្រីប្រា = ១៧ ៤៣០គក្រ
+ត្រីពោ = ២ ៩៣៤គក្រ ៕SRP




